អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​​​ទស្សនៈកិច្ជ​​​​របស់​​​​ប្រធានាធិបតី​​​នី​ហ្សេរីយ៉ា​​​​ Muhammadu Buhari ​​​​នៅ​​​​សហរដ្ឋ​អាមេរិក​​​​មាន​​​​គោលដៅ​​​​អ្វី​​ខ្លះ?​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ថ្ងៃ​ច័ន្ទ​ ទី​៣០​ មេសា​កន្លង​ទៅ​នេះ​ លោក​ Muhammu Huhari ប្រធានាធិបតី​នីហ្សេរីយ៉ា​ ​បាន​ធ្វើ​ទស្សនកិច្ច​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក។​ នា​ឯ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ បាន​ទទួល​ស្វាគមន៍​ប្រមុខ​ដឹក​​នាំ​​នីហ្សេរីយ៉ា។​ នា​ជំនួប​ផ្លូវការ​នោះ​ សមភាគី​ទាំង​ពីរ​បាន​ជជែក​ទល់​មុខ​គ្នា​មុន​នឹង​បង្ហាញ​​មុខ​ជាសាធារណៈ​នា​ឱកាស​សន្និសីទ​កាសែត​មួយ។ នេះ​ដំណើរ​ទស្សនកិច្ច​លើក​តំបូង​នៅ​លើ​ទឹកដី​អាមេរិក​របស់​ប្រធានាធិបតី​មក​ពី​ទ្វីប​អាហ្វ្រិក​សំរាប់​រដ្ឋការ​​លោក​ ដូណាល់​ ត្រាំ​។​​ ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះ​ រដ្ឋាភិបាល​អាមេរិក​ពុំ​បាន​ប្រកាស​ដំណឹង​នេះ​ឲ្យ​បាន​ទូលំ​ទូលាយ​ដល់​សារព័ត៌មាន​ឡើយ។​ តើ​ទស្សនកិច្ច​មាន​គោលដៅ​អ្វី​ខ្លះ?​

Nigerian President Muhammadu Buhari 2018-05-03
Nigerian President Muhammadu Buhari 2018-05-03 NAN
ផ្សាយពាណិជ្ជកម្ម

១៥​ ខែ​ក្រោយ​ពី​លោក​ ដូណាល់​ ត្រាំ បាន​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ នេះ​ជា​លើក​តំបូង​ហើយ​ដែល​មាន​ប្រមុខ​រដ្ឋ​ម្នាក់​មក​ពី​ទ្វីប​អាហ្វ្រិក​បាន​មក​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​លើ​ទឹកដី​អាមេរិក។​ ហើយ​នេះ​មិន​មែន​ជា​ការ​ចៃដន្យ​ឡើយ​ ដែល​លោក​ Muhammu Huhari ប្រធានាធិបតី​នីហ្សេរីយ៉ា​បាន​មក​ជួប​លោក​ប្រធានាធិបតី​អាមេរិក។​ ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​គេ​យល់​ថា​អាចជា​ច្រក​ទំលាយ​ភាព​តាន​តឹង​រវាង​រដ្ឋាភិបាល​អាមេរិក​ និង​អាហ្វ្រិក។​

តាម​ពិត​ទៅ​ រយៈ​ពេល​កន្លង​មក​នេះ​ សំដី​ចម្រូង​ចម្រាស​របស់​លោក​ ដូណាល់​ ត្រាំ​ បាន​បង្ក​ភាព​រកាំ​រកូស​ដល់​​បណ្តា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក។​ នា​អង្គ​ប្រជុំ​មួយនៅ​សេតវិមាន​ លោក​ ត្រាំ ទំនង​ជា​បាន​និយាយ​​ដោយ​បាន​ចាត់​ទុក​ប្រទេស​អាហ្វ្រិក​ថា​ក្រុម​ «ប្រទេស​លាមក»។​ មែន​ទែន​ទៅ​ លោក​ប្រធានាធិបតី​អាមេរិក​បាន​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​នេះ​ដោយ​ចង់​សំដៅ​ទៅ​លើ​បណ្តា​ជន​អន្តោ​ប្រវេសន៍​មាន​ដើម​កំណើត​មក​ពី​ប្រទេសហៃទី​ និង​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន​ដែល​កំពុង​រស់​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​។ ​ក្នុង​ន័យ​នេះ​ លោក​ ត្រាំ ចង់​ភ្ជាប់​បញ្ហា​សង្គម​អាមេរិក​ទាំង​ឡាយ​ដែល​បង្ក​ឡើង​ដោយ​មនុស្ស​ចេញ​មក​ពី​សហគមន៍​ជនជាតិ​នោះ។

ដោយ​ឡែក​ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​អាច​ជាតម្រុយ​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ទ្វីប​អាហ្វ្រិក​ផង​ដែរ។​ ចាប់​តាំង​ពី​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​មក​ មជ្ឈដ្ឋាន​ទូទៅ​បាន​កត់​សំគាល់​ឃើញ​ថា​ នយោបាយ​ការ​បរទេស​នៃ​រដ្ឋាភិបាល​លោក​ ដូណាល់​ ត្រាំ​ ពុំ​សូវ​ជា​ចាប់​អារម្មណ៍​នឹង​ទ្វីប​អាហ្វ្រិក​ប៉ុន្មាន​ឡើយ។​ ជាក់​ស្តែង​ គេ​ត្រូវ​រង់ចាំ​ពេល​មួយ​ឆ្នាំ​ទើប​​លោក​ Rex Tillerson អតីតៈ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​បាន​ទៅ​ទស្សនកិច្ច​នៅ​ទ្វីប​អាហ្វ្រិក។​ លើស​ពី​នេះ​ ​អតីតៈ​រដ្ឋ​មន្រ្តី​ការ​បរទេស​រូប​នេះ​ត្រូវ​បាន​​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ ​ដក​តំណែង​ ខណៈ​ពេល​ដែល​កំពុង​ពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នីហ្សេរីយ៉ា​ទៀត​ផង។​ សំរាប់​មជ្ឈដ្ឋាន​អ្នក​វិភាគ​ទូទៅ​ គេ​បាន​ចាត់​ទុក​កាយ​វិការ​បែប​នេះ​ថា​ជា​ការ​មិន​ផ្តល់​តំលៃ​ដល់​ទ្វីប​អាហ្វ្រិក។​ ជាក់​ស្តែង​ជាង​នេះ​ទៅ​ទៀត​ ចំណែក​តំណែង​ជាន់​ខ្ពស់​មួយ​ចំនួន​ធំ​នៅ​ក្រសួង​ការ​បរទេស​អាមេរិក​ត្រូវ​បាន​គេ​ទុក​ចោល​ឲ្យ​នៅ​ទំនេរ​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ។​​ តំណែងទាំង​នោះ​ គឺ​សំរាប់​​មន្រ្តី​ជាន់​ខ្ពស់​​គ្រប់​គ្រងសំណុំ​រឿងពាក់​ព័ន្ធ​នឹង​​ទ្វីប​អាហ្វ្រិក​។

បើ​តាម​ការ​វិភាគ​របស់​លោក​ John Campbell អតីតៈ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​នីហ្សេរីយ៉ា​ចន្លោះ​ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០០៧​ បាន​ឲ្យ​ដឹង​ថា​ ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​នីហ្សេរីយ៉ា​នៅ​លើ​ទឹកដី​អាមេរិក​អាច​ជា​ឱកាស​ឲ្យ​រដ្ឋាភិបាល​លោក​ ដូណាល់​ ត្រាំ ផ្លាស់​ប្តូរ​ជំហរការ​បរទេស​ចំពោះ​ទ្វីប​អាហ្វ្រិក។ លើស​ពី​នេះ​ទៅ​ទៀត​ បើ​និយាយ​បែប​ភាសា​សាមញ្ញ​ នីហ្សេរីយ៉ា​ជា​ប្រទេស​មាន​ទម្ងន់​ផែ្នក​ការ​ទូត​។​ មាន​ទម្ងន់​ក៏​ដោយ​សារ​តែ​ប្រទេស​នេះ​មាន​ប្រជាជន​ច្រើង​ជាង​គេ​បង្អស់​នៅ​ទ្វីប​អាហ្វ្រិក។​ ពោល​ គឺ​នីហ្សេរីយ៉ា​មាន​ប្រជាជន​ជាង​ ១៩០​ លាន​នាក់។ ទស្សនកិច្ច​ផ្លូវ​ការ​នេះ​ក៏​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ស្មារតី​រឹត​ចំណង​មិត្ត​ភាព​រវាងនីហ្សេរីយ៉ា​ និង​សហរដ្ឋ​អាមេរិក​ផង​ដែរ។​ ជាពិសេស​ គឺ​ពង្រឹង​ទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​-​អាហ្វ្រិក​តែ​ម្តង។

បើ​តាម​ព័ត៌មាន​ផ្សព្វ​ផ្សាយ​ដោយ​ផែ្នក​ទំនាក់​ទំនង​សារធារណៈ​ប្រចាំ​​សេតវិមាន​បាន​ឲ្យ​ដឹង​ថា​ ជំនួប​ពិភាក្សា​រវាង​ប្រមុខ​រដ្ឋ​ទាំង​ពីរ​ គឺ​ផ្តោត​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវនិយម,​ ការ​អភិវឌ្ឈន៍​សេដ្ឋកិច្ច​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា។​ សូម​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​នេះ​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ខាង​មុខ​នេះ។​ លោក​ Muhammu Huhari ​បាន​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​នីហ្សេរីយ៉ា​កាលពី​ឆ្នាំ​២០១៥​។​ បច្ចុប្បន្ន​ អ្នក​នយោបាយ​រូប​នេះ​កំពុង​ស្វែង​រក​ការ​គាំទ្រ​ដើម្បី​បន្ត​អាណត្តិ​ប្រធានាធិបតី​រយៈ​ពេល​ ៤ ឆ្នាំ​ទៀត។​

រយៈ​ពេល​ចុង​ក្រោយ​នេះ​​ ទំនាក់​ទំនង​រវាង​ប្រទេស​នីហ្សេរីយ៉ា​ និង​សហរដ្ឋ​អាមេរិក​ហាក់​បាន​ប្រសើរ​ជាង​មុន។​ កាលពី​លោក​ Muhammu Huhari ទើប​តែ​បាន​ចូល​កាន់​តំណែង​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០១៥​ គាត់​បាន​បន្ទោស​លោក​អតីតៈ​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់​​ អូបាម៉ា​ ចំពោះ​ការ​បដិសេធ​មិន​ព្រម​លក់​អាវុធ​ឲ្យ​នីហ្សេរីយ៉ា។​ កាលនោះ​ នីហ្សេរីយ៉ា​ត្រូវ​ការ​សព្វាវុធ​ទំនើប​​សំរាប់ដឹកនាំ​​ប្រតិបត្តិការ​បោស​សំអាត់​ក្រុម ​​Boko Haram។ ប៉ុន្តែ​ ឥឡូវ​នេះ​​ រដ្ឋាភិបាល​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ដូណាល់​ ត្រាំ បាន​ផ្លាស់​ប្តូរ​គោល​ជំហរ​ស្រឡះ​តែ​ម្តង។​ ថ្មីៗ​នេះ សហរដ្ឋ​អាមេរិក​បាន​អនុញ្ញាតិ​ឲ្យ​លក់គ្រឿង​សព្វាវុធ​យោធា​ជា​ច្រើន​បែប​ទៅ​ឲ្យ​ប្រទេស​នីហ្សេរីយ៉ា។​ ក្នុង​នោះ​មាន​ដូចជា៖ យន្តហោះ​យោធា​ចម្បាំង​ប្រភេទ​ Super Tucano ​ប្រមាណ​ជាង​ ១០ ​គ្រឿង​ក្នុង​តម្លៃ​ ៥០០ លាន​ដុល្លារ។​ នេះ​ជា​ប្រភេទ​យន្តហោះ​អាច​​ឈ្លបការណ៍ផង​​ និង​បាញ់​គ្រាប់​មីស៊ីល​ផង​។​ យន្តហោះ​យោធា​ទាំង​នោះ​នឹង​ត្រូវ​ផលិត​រួចរាល់​ ហើយ​ប្រគល់​ឲ្យ​ប្រទេស​នីហ្សេរីយ៉ា​នា​ឆ្នាំ​២០២០​ខាង​មុខ​នេះ។

សូម​រំលឹក​ផង​ដែរ​ថា អស់​រយៈ​ ៩ ឆ្នាំ​ហើយ​ ដែល​ប្រទេស​នីហ្សេរីយ៉ា​កំពុង​ជាប់​ដៃ​បើក​ប្រតិបត្តិការ​យោធា​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរនិយម​ ​Boko Haram។ ក្រុម​ជីហាត​ឥស្លាម​ជ្រុម​និយមនេះ​តែង​បង្ក​ហឹង្សា​លើ​ប្រជាជន​ស្លូត​ត្រង់​នៅ​តំបន់​ភាគ​ឥសាន្ត​ប្រទេស​នីហ្សេរីយ៉ា។​​ រហូត​មក​ដល់​ពេល​នេះ​ ជម្លោះ​ប្រដាប់​អាវុធ​នេះ​បាន​បង្ក​ឲ្យ​មាន​ជន​ស៊ីវិល​ចំនួន​​ ២ ម៉ឺន​នាក់​បាន​ស្លាប់​បាត់​បង់​អាយុ​ជីវិត។​ លើស​ពី​នេះ​ទៅ​ទៀត​ មាន​ជន​ស៊ីវិល​រាប់​សែន​បាន​ធ្វើ​បំលាស់​ទី​ចាក​ចោល​ផ្ទះ​សំបែង។​ វិនាស​កម្ម​នេះ​ក៏​បាន​រីករាល​ដាល​ដល់​ប្រទេស​ជិត​ខាង​ផង​ដែរ​មាន​ជា​អាទិ៖​ ប្រទេស​ឆាដ​ កាមឺរ៉ូន​ និង​នីហ្សេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ