rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក បច្ចេកវិទ្យា អាកាសធាតុ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ណាសា បាញ់​បង្ហោះ ឧបករណ៍ ទៅ​ស្ទង់ ភាពរញ្ជួយ​លើ​ភពព្រះអង្គារ

media
រ៉ូបូ​ InSight ដែល​ទីភ្នាក់ងារ​អវកាស​NASAបញ្ជូន​ទៅ​ភព​ព្រះអង្គារ​នៅថ្ងៃ​សៅរ៍ទី ៥​ឧសភា​២០១៨ ©NASA

ទីភ្នាក់ងារ​អវកាស​ណាសា នៅ​ថ្ងៃ​សៅរ៍ទី​៥​ឧសភា​នឹង​បាញ់​បញ្ជូន រ៉ូបូ ទៅ​សិក្សា​ស្រទាប់ដី និង​អាកាសធាតុ នៅ​ភព​អង្គារ។ អង្គការ​ណាសា ដែល​គ្រោង​នឹង​បញ្ជូន​មនុស្ស ទៅ​កាន់​ភព​ក្រហម នៅ​ឆ្នាំ ២០៣០ ធ្លាប់​បាន​បញ្ជូន ៧ផង​មកហើយ ឧបករណ៍​ទៅ​ស្ទង់​សិក្សា ភព​អង្គារ។


យានអវកាស​របស់​ទីភ្នាក់ងារ​អវកាស ណាសា ដែល​មាន​ផ្ទុករ៉ូបូ ឈ្មោះ InSight ត្រូវ​បាញ់​បង្ហោះ​ចេញ ពី​មូលដ្ឋានទ័ព​អាកាស​របស់​អាមេរិក នៅ​រដ្ឋកាលីហ្វនីញ៉ា។ គម្រោង​របស់​ណាសា ដែល​តម្លៃ​៩៩៣​លាន​ដុល្លារ មាន​គោលដៅ ប្រមូល​យក​ទិន្នន័យ​ស្តីពី​គ្រោះរញ្ជួយដី ហើយ​និង​លក្ខខ័ណ្ឌ​អាកាសធាតុ​នៅ​លើ​ភពព្រះអង្គារ។

ស្វែងយល់​លំអិត​ពី​អាកាសធាតុ នៅលើ​ភពព្រះអង្គារ គឺ​ជា​រឿងសំខាន់​ណាស់ សម្រាប់​ណាសា ដែល​គ្រោង​នឹង​បញ្ជូន​មនុស្ស​ទៅសិក្សា នៅ​ភពព្រះអង្គារ នៅ​រវាង​ឆ្នាំ ២០៣០។ នេះ​បើតាម​ប្រធាន​ក្រុមអ្នកវិទ្យាសាស្រ្ត​របស់​ណាសា លោក​Jim Green។ ណាសា ធ្លាប់​បាន​រកឃើញថា សីតុណ្ហភាព នៅ​ភពព្រះអង្គារ នៅ​ត្រង់​ខ្សែរ​អេក្វាទ័រ មាន​ប្រមាណ ២០អង្សារសេ នៅពេល​ថ្ងៃ ប៉ុន្តែ អាកាសធាតុ​បាន​ចុះត្រជាក់ខ្លាំង នៅពេល​យប់ រហូត​ដល់​ដក ៧៣អង្សារសេ។ ទិន្នន័យ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅលើ​ភពព្រះអង្គារ​នឹង​ជួយ​ឲ្យ​ណាសា​អាច​ប្រុងប្រៀប ត្រៀម ឧបករណ៍​សម្រាប់​បេសកកម្ម​បញ្ជូន​មនុស្ស​ទៅ​ភពព្រះអង្គារ។

ណាសា​បាន​វាយតម្លៃថា បើសិន​អ្វីៗ​ប្រព្រឹត្ត​ទៅតាម​ការគ្រោងទុក យានអវកាស ដែល​ដឹក​រ៉ូបូ InSight នឹង​ទៅដល់​ភពព្រះអង្គារ នៅ​ខែ​វិច្ឆិកា​ចុងឆ្នាំនេះ។ នៅ​លើ​ភពព្រះអង្គារ យានរ៉ូបូ ដែលដើរ​ដោយ​ថាមពល បាន​មកពី​កំដៅ​ព្រះអាទិត្យ នឹង​បុកគ្រឹះ ចូល​ក្នុង​ដី ដើម្បី វាស់ស្ទង់​ពី​កម្រិត​រញ្ជួយដី​របស់​ភព។ ណាសា ដែល​ដឹងថា ភពព្រះអង្គារ​ធ្លាប់​រងដោយ​ការរញ្ជួយដី ឬ​អាចម៏ផ្កាយ សង្ឃឹមថា នឹង​អាច​ស្ទង់​រក​ឃើញ គ្រោះរញ្ជួយដី​ជាង​១០០​ នៅក្នុងបេសកកម្ម រយៈពេល ២​ឆ្នាំ របស់​រ៉ូបូ InSight៕