rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

នៅ​តំបន់​ដើមបូព៌ា ប្រមុខ​ការទូត​អាមេរិក​បង្ហាញ​ពី​ជំហរ​ម៉ឹងម៉ាត់​របស់​អាមេរិក​ចំពោះ​អ៊ីរ៉ង់

ដោយ គួច គន្ធារ៉ា

លោក​ប្រមុខ​ការទូត​អាមេរិក Mike Pompeo កំពុង​បន្ត​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​តំបន់​ដើមបូព៌ា។ លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ ៣ប្រទេស គឺ​អារ៉ាប៊ីសាអូឌីត អ៊ីស្រាអែល និង​ប្រទេស​ហ្សកដានី។ ហ្សកដានី​ដែល​លោក Pompeo បាន​ទៅ​ដល់​នា​ថ្ងៃ​ចន្ទ ទី៣០ មេសា។ នៅ​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត ក៏​ដូច​ជា​នៅ​ក្នុង​ទឹកដី​អ៊ីស្រាអែល ប្រមុខ​ការទូត​អាមេរិក​ដែល​ទើប​ចូល​កាន់​តំណែង​ជា​ផ្លូវការ​នា​ថ្ងៃទី២៦ មេសា​បាន​បង្ហាញ​ពី​ជំហរ​តឹងរឹង​របស់​អាមេរិក​ចំពោះ​ប្រទេស​អ៊ីរ៉ង់ ពិសេស​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​នា​ពាក់​កណ្តាល​ខែ​កក្កដា ឆ្នាំ ២០១៥។

ទន្ទឹម​គ្នា​នេះ លោក Pompeo ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ឯកភាព​នៃ​ក្រុម​ប្រទេស​នៅ​ក្នុងតំបន់​ឈូងសមុទ្រពែក្ស។

នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​ថ្នាក់ដឹកនាំ​អារ៉ាប៊ីសាអូឌីត​ក៏​ដូច​ជា​ជាមួយ​ថ្នាក់ដឹកនាំ​អ៊ីស្រាអែល លោក​ប្រមុខ​ការទូត​អាមេរិក​ថ្មី Mike Pompeo បាន​និយាយ​ផ្តោត​សំខាន់​តេ​លើ​ប្រទេស​អ៊ីរ៉ង់ ពិសេស​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​សហគមន៍​អន្តរជាតិ មាន​ទាំង​ភាគី​អាមេរិក​ផង​បាន​ចុះ​ហត្ថលេខា​ជាមួយ​អ៊ីរ៉ង់​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា ឆ្នាំ ២០១៥។ ពិត​ជា​មិន​ចែដន្យ​ទេ​ដែល​លោក Pompeo បាន​លើក​យក​សំណុំរឿង​អ៊ីរ៉ង់​ទៅ​ជា​ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​អ៊ីស្រាអែល និង​ថ្នាក់ដឹកនាំ​អារ៉ាប៊ីសាអូឌីត។ មិន​ចៃដន្យ​ព្រោះ​អ៊ីស្រាអែល និង​អាមរ៉ាប៊ីសាអូឌីត​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច​របស់​អាមេរិក និង​ជា​សត្រូវ​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់ ហើយ​គឺ​ប្រទេស​ទាំង​ពីរ​នេះ​ឯង​ដែល​កំពុង​បន្ត​ចេញ​មុខ​ប្រឆាំង​នឹង​អ៊ីរ៉ង់

អ្វី​ដែល​ថ្នាក់ដឹកនាំ​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​ចង់​ស្តាប់ និង​ចង់​ឮ​ពី​បបូរមាត់​លោក Pompeo គឺ​ជំហរ​តឹងរឹង និង​ម៉ឺងម៉ាត់​របស់​រដ្ឋបាល​អាមេរិក​ចំពោះ​ប្រទេស​អ៊ីរ៉ង់ និយាយ​ជា​រួម និង​ចំពោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និយាយ​ដោយ​ឡែក។ ដូច​ដែល​បាន​សង្ឃឹម​ទុក លោក Pompeo បាន​ថ្លែង​ច្បាស់ៗ​នៅ​ក្រោយ​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​នា​ថ្ងៃ​អាទិត្យ ទី២៩ មេសា​ថា មហិច្ឆតា​របស់​អ៊ីរ៉ង់​កំពុង​បន្ត​គ្របដណ្តប់​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ ចំណែក​លោក​នេតាន់យ៉ាហ៊ូ​បាន​ឆ្លៀត​ចោទ​អ៊ីរ៉ង់​ពេញ​មាត់​ថា​ជា​ប្រទេស​គាំទ្រ​ភេរវនិយម​ខ្លាំង​ជាង​គេ​ក្នុង​លោក ជា​ប្រទេស​លើក់​អាវុធ​ឲ្យ​ពួក​ឧទ្ទាម​ហ៊ូទីស​នៅ​ក្នុង​ប្រទេស​យ៉េម៉ែន ជា​ប្រទេស​គាំទ្រ​របប​ផ្តាច់ការ​នៅ​ស៊ីរី និង​ជា​ប្រទេស​មាន​ឆន្ទៈ​ទន្ទ្រាន​លេប​ត្របាក់​ប្រទេស​ម្តង​មួយៗ​នៅ​ក្នុង​តំបន់។

ខុស​ពី​អ៊ីស្រាអែល ថ្នាក់ដឹកនាំ​អារ៉ាប៊ីសាអូឌីត​ហាក់​មិន​សូវ​វាយប្រហារ​ខ្លាំងៗ​លើ​អ៊ីរ៉ង់​ទេ។ នៅ​ក្នុង​ជំនួប​ជាមួយ​សមភាគី​អាមេរិក លោក​ប្រមុខ​ការទូត​អារ៉ាប៊ីសាអូឌីត Adel al-Jubeir បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​អ៊ីរ៉ង់ និង​បាន​ថ្លែង​ត្រឹម​គាំទ្រ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាមេរិក​ដែល​ចង់​ឲ្យ​មាន​ការ​សើរើ កែប្រែ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​មាន​ស្រាប់។ ចំណែក​លោក Pompeo បាន​បញ្ចាក់​ច្បាស់ៗ​ដោយ​ព្រមាន​ថា បើ​គ្មាន​ការ​កែប្រែ​ណា​មួយ​លើ​កិច្ចព្រមព្រៀង​នោះ​ទេ អាមេរិក​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ។ សូម​ជម្រាប​ជូន​ថា គឺ​នៅ​ថ្ងៃទី១២ ឧសភា​ខាង​មុខ​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ត្រូវ​ប្រកាស​ដក ឬ​មិន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​ចុះ​ហត្ថលេខា​ក្នុង​ជំនាន់​លោក​បារ៉ាក់ អូបាម៉ា។

យ៉ាង​ណា​ក៏​ដោយ លោក Pompeo បាន​ធានា​ថា​ចាប់​ពី​ពេល​នេះ​ទៅ​ដល់​ថ្ងៃទី១២ ឧសភា រដ្ឋបាល​អាមរិក​នឹង​បន្ត​ធ្វើ​ការងារ​ជាមួយ​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង ពិសេស​ក្រុម​ប្រទេស​អឺរ៉ុប​ក្នុង​ការ​ពិនិត្យមើល​ឡើង​វិញ​លើ​ចំណុច​ដែល​ត្រូវ​កែប្រែ ឬ​ត្រូវ​បន្ថែម​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ដើម្បី​អនុម័ត​ចេញ​នូវ​កិច្ចព្រមព្រៀង​ថ្មី។ តែ​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី​បាន​ព្រមាន​ជា​ថ្មី​ថា កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ជា​កិច្ចព្រមព្រៀង​ដែល​មិន​អាច​ចរចា​ឡើង​វិញ​បាន​ទេ។ ការ​ព្រមាន​របស់​លោក​រ៉ូហានី​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​បារាំង​លោក​ម៉ាក្រុង។

លោក​ម៉ាក្រុង​ដែល​បាន​បញ្ជាក់​ជា​ថ្មី​ពី​បំណង​ចង់​ឲ្យ​រក្សា​ទុក​នូវ​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ តែ​ចង់​ឲ្យ​មាន​កិច្ចចរចា​ថ្មី​ជាមួយ​អ៊ីរ៉ង់​ទាក់ទង​នឹង​សំណុំរឿង​សំខាន់ ៣ ទី១ ការ​ត្រួតពិនិត្យ​លើ​សកម្មភាព​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​ក្រោយ​ឆ្នាំ ២០២៥ ទី២ កម្មវិធី​គ្រាប់មីស៊ីល​បាលីស្ទិក​អ៊ីរ៉ង់ និង​ទី៣ វិបត្តិធំៗ​នៅ​ក្នុង​តំបន់​ដែល​អ៊ីរ៉ង់​មាន​ជាប់​ពាក់ព័ន្ធ។ សំណុំរឿង​សំខាន់​ទាំង ៣ នេះ​ក៏​ជា​ប្រធានបទ​នៃ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ក្នុង​ថ្ងៃ​អាទិត្យ ទី២៩ មេសា​រវាង​លោក​ម៉ាក្រុង​ជាមួយ​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស Theresa May និង​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​អង់ហ្កឺឡា មែរកិល​ដែរ។

ក្រៅ​ពី​សំណុំរឿង​អ៊ីរ៉ង់ ប្រមុខ​ការទូត​អាមេរិក​ថ្មី​មិន​ភ្លេច​ទេ​ពី​ជម្លោះ​ប្រចាំ​សតវត្ស​នៅ​ក្នុង​តំបន់​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន រួម​ទាំង​វិបត្តិ​ការទូត​ជិត ១ឆ្នាំ​កន្លង​ទៅ​រវាង​ប្រទេស​កាតា​ជាមួយ​នឹង​ក្រុម​ប្រទេស​ក្នុង​ឈូងសមុទ្រពែក្ស។ នៅ​ក្នុង​ន័យ​នេះ លោក Pompeo ក៏​ឆ្លៀត​បញ្ចូល​រឿង​អ៊ីរ៉ង់​ដោយ​អំពាវនាវ​ពួក​គេ​ឲ្យ​មាន​ការ​ឯកភាព​គ្នា​ក្នុង​ការ​រួម​កម្លាំង​ប្រឈម​ទប់​នឹង​ឥទ្ធិពល​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់។ ទាក់ទង​នឹង​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន លោក Pompeo ហាក់​មិន​បាន​និយាយ​ច្រើន​ប៉ុន្មាន​ទេ ដោយ​បាន​ត្រឹម​អំពាវនាវ​ដល់​ភាគី​ទាំង​ពីរ​ឲ្យ​ផ្តើម​កិច្ចចរចា​សន្តិភាព​រវាង​គ្នា​ឡើង​វិញ។ « អ្វី​ដែល​អាមេរិក​ចង់​បាន គឺ​សន្តិភាព​មួយ​ពេញលេញ និង​យូរអង្វែង​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន » ​នេះ​ជា​ការ​ថ្លែង​របស់​លោក Pompeo ដោយ​មិន​បាន​និយាយ​បន្ថែម​ឲ្យ​លើស​ពី​នេះ​ទេ។

គឺ​ខុស​ពី​វត្តមាន​របស់​ប្រមុខ​ការទូត​អាមេរិក​មុនៗ​ក្នុង​តំបន់​ដើមបូព៌ា​ដែល​ហាក់​បាន​ឈ្មុសឈ្មុល​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ វា​ពិត​ជា​រឿង​ល្អ​ណាស់​ដែល​អាមេរិក​បាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​ឥទ្ធិពល​អ៊ីរ៉ង់ និង​សកម្មភាព​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់។ តែ​សំណួរ​ដែល​កំពុង​ចោទ​គឺ​ថា តើ​អ៊ីរ៉ង់​ពិត​ជា​ប្រទេស​គ្រោះថ្នាក់ និង​កំពុង​ធ្វើ​ឲ្យ​ប្រទេស​ផ្សេង​ក្នុង​តំបន់ ដូច​យ៉ាង​អ៊ីស្រាអែល ឬ​អារ៉ាប៊ីសាអូឌីត​ភ័យខ្លាច​ដូច​ដែល​អាមេរិក​បាន​គិត​ដែរ ឬ​ទេ?។ ចម្លើយ​គឺ​ប្រហែល​ជា​គ្មាន​ទេ។ តែ​អ្វី​ដែល​អ៊ីស្រាអែល ពិសេស​អារ៉ាប៊ីសាអូឌីត​ចង់​បាន​ពី​អាមេរិក គឺ​ការ​សង្កត់ ក អ៊ីរ៉ង់​ដើម្បី​ឲ្យ​ខ្លួន​ក្លាយ​ជា​មេក្លោង​ផ្តាច់​មុខ​នៅ​ក្នុង​តំបន់។

ដូច្នេះ រូបភាព​នៃ​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​តំបន់​ដើមបូព៌ា​លើក​ទី១ របស់​លោក​ប្រមុខ​ការទូត​អាមេរិក Mike Pompeo ពេល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​រូបភាព​នៃ​ការ​ញុះញង់ រុញច្រាន​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ឲ្យ​ប្រឈម​មុខ​ដាក់​គ្នា​កាន់​តែ​ខ្លាំង​ថែម​ទៀត​នៅ​ក្នុង​តំបន់​មួយ​ដែល​កំពុង​គ្របដណ្តប់​ដោយ​បញ្ហា​គ្រប់​ជំពូក​រាប់​មិន​អស់​៕

តើជួង ដែល​អាមេរិក​ព្រម​ប្រគល់​ឱ្យ​ហ្វីលីពីន​វិញ មាន​ប្រវត្តិ​យ៉ាងណា ?

Brexit៖​ចុះ​បើ​ប្រទេស​អង់គ្លេស​សម្រេចចិត្ត​បន្ត​​រួម​សុខ រួមទុក្ខ​ជាមួយ​សហភាពអឺរ៉ុប​​វិញ?

បារាំង៖អនាគត និង​ភាព​ដែល​មិន​អាច​ទៅ​រួច​ក្នុង​កំណែទម្រង់​សង្គម​សេដ្ឋកិច្ច

បារាំង៖ ស្វែងយល់​ពី​ប្រភព និង​កំហឹង​នៃ “ចលនា​អាវកាក់​ពណ៌​លឿង”

ធ្យូងថ្ម៖ នៅពេលប្រយោជន៍​​សេដ្ឋកិច្ច និង​នយោបាយ​សំខាន់​ជាង​ រឿងផែនដី​ឡើងកំដៅ

អ៊ីស្រាអែល៖​លោកនេតាន់យ៉ាហ៊ូ​កំពុង​ប្រឈម​នឹង​ធ្លាក់​ពី​អំណាច​ដោយ​រឿងអាស្រូវ​ពុករលួយ?

កំណែ​​​ទម្រង់​រយៈ​​​ពេល​​​វែង​​​និង​​​ប្រជាប្រិយភាព​​​របស់​​​ប្រធានាធិបតី​​​បារាំង​​​

តើរដ្ឋាភិបាលកុងហ្គោ មានអ្វីលាក់លៀម នៅពីក្រោយឃាតកម្ម មន្ត្រីរបស់UNទាំង២នាក់?

ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​​បារាំង​ចោទ​ចលនា​ស្តាំនិយមជ្រុល​ជា​អ្នក​បង្ក​អំពើហិង្សា​នៅ​លើ​មហាវិថី​ហ្សង់អេលីហ្សេ?

រាជទាយាទ​អេមីរ៉ាតអារ៉ាប់រួម មិន​សូវ​ចេញ​មុខ តែ​មានអំណាច​​​ខ្លាំង

របាយការណ៍៖ អាមេរិក​អាចនឹង​ចាញ់ បើសិន​ធ្វើ​សង្រ្គាម​ជាមួយ ចិន ឬ​រុស្ស៊ី

តើ​ប្រទេសចិន​ ពិតជា​ចោរ​លួច​បច្ចេកវិទ្យា​ពី​សហរដ្ឋអាមេរិក​មែន​ឬយ៉ាងណា​?

សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស ​(H.D.I) និង​​ កង្វះខាត​​របស់​ ផលិតផល​ក្នុងស្រុក​សរុប​ (G.D.P)​

បណ្តាញ​ភេរវជន​ហើយ​និង​ស្មាតហ្វូន

លីប៊ី ៖ ដំណើរ​ការ​ចរចា​សន្តិភាព រាំងស្ទះ​ដោយ​ភាព​មិន​ស្របគ្នា រវាង​ប្រទេស​ពាក់ព័ន្ធ

ក្រោយ​ដណ្តើម​កាន់កាប់​រដ្ឋសភា ​តើ​គណបក្ស​ប្រជាធិបតេយ្យ​អាច​ធ្វើអ្វី​លោកដូណាល់ ត្រាំ​បាន?

ខ្យល់ពុលបរិយាកាស​កំពុង​ក្លាយ​ជា​ជម្ងឺដ៏រ៉ាំរ៉ៃ​របស់​រដ្ឋធានី​ញូវដេលី

អ្វី​ទៅ​ជា​គោលដៅ​ពិត​នៃ​ទណ្ឌកម្ម​អាមេរិក​លើ​អ៊ីរ៉ង់ និង​ថាតើ​អ្នក​ណា​ដែល​កំពុង​​រងគ្រោះ​ខ្លាំង​ជាង​គេ​ពី​ទណ្ឌកម្ម​នេះ?

នៅ​ប្រទេស​ក្រីក្រ ​អត្រាអ្នក​អត់​ការងារ​ទាប​ ព្រោះ​មនុស្ស​មិន​អាច​មិន​ធ្វើការ​

គ្រិស្តសាសនា​អ័រថូដុក្​សពិភពលោក​ត្រូវ​បែកបាក់​ជាពីរ​ដោយសារតែ​វិបត្តិ​អ៊ុយក្រែន