rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក ពាណិជ្ជកម្ម កាណាដា ចិន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាមេរិក​ចោទ​កាណាដា ចិន និង​ឥណ្ឌាថា​មិន​ចេះ​ការពារ​កម្មសិទ្ធិ​បញ្ញា

media
រូបភាព​តំណាង​​ការ​ការពារ​កម្មសិទ្ធិបញ្ញា Getty Images/Caroline Purser

មិនមែន​មាន​តែ​ចិន​មួយ​ទេ ដែល​សហរដ្ឋ​អាមេរិក​បាន​បន្ទោស ! នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ វ៉ាស៊ីនតោន បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ចោទ​ចិន កាណាដា និង​ឥណ្ឌា ​មិន​ចេះ​ការពារកម្មសិទ្ធិ​បញ្ញា និងទប់​ស្កាត់​​បាន​គ្រប់គ្រាន់​ ការ​ចម្លង​ធ្វើ​របស់​ក្លែងក្លាយ។ វត្តមាន​របស់​កាណាដា ដែល​ជា​សមាជិក​ម្នាក់​នៃ​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើង (អាមេរិក​ កាណាដា ម៉ិចស៊ិក) នៅ​ក្នុង​បញ្ជី​ខ្មៅអាមេរិក ជា​តំណាង​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។


​កម្មសិទ្ធិ​បញ្ញា​​ ​ដែលជា​ដើម​ហេតុ​មួយនាំ​ឱ្យ​​​អាមេរិក​​ខឹងចិន ​ស្ទើរ​ក្លាយ​ជា​សង្គ្រាម​ពាណិជ្ជកម្មនោះ កំពុង​បង្ក​ការ​ភ្ញាក់ផ្អើល​ថ្មី​មួយ​ទៀត ! នៅក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ ស្តី​ពីការ​រំលោភ​កម្មសិទ្ធិ​បញ្ញា ចេញ​ផ្សាយ​នៅថ្ងៃសុក្រទី ២៧ មេសា រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ បាន​បញ្ជូល​ឈ្មោះ​ប្រទេស​កាណាដា ទៅ​ក្នុង​បញ្ជី ជាមួយ​ចិន​និង​ឥណ្ឌា ជា​​ប្រទេស​ត្រូវ​តាម​ដាន​ជា​អាទិភាព និង​តាមដាន​ដោយ​ប្រយ័ត្ន​ប្រយែង​ជាងគេ។

ចិន​ បាន​ជាប់​ឈ្មោះ​អាក្រក់ តាំងពី​១៤​ឆ្នាំ​មក​ហើយ។ ឥណ្ឌា​បាន​បញ្ជូល​ក្នុង​បញ្ជី​ខ្មៅ​​នេះ តាំងពី​ឆ្នាំ​មុនមក ប៉ុន្តែ​​នេះ​ជា​លើក​ទីមួយបង្អស់​ សម្រាប់​​កាណាដា។ បើ​តាម​សេចក្តី​ថ្លែងការណ៍​អាមេរិក ​​ កាណាដា រង​ការ​បន្ទោស​មក​ពី​​មិន​ចេះ​ការពារ​កម្មសិទ្ធិបញ្ញា និង​ការពារម៉ាក (​ចម្លង​ធ្វើ​របស់​ក្លែងកា្លយ) ព្រមទាំង​ប៉ាតង់ ដោយ​ណ្តែត​​បណ្តោយពេលវេលា ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​​​ឱ្យ​គ្រប់គ្រាន់ និង​មាន​ប្រសិទ្ធភាព ការពារ​កម្មសិទ្ធិ​បញ្ញា​ផង ទប់​ស្កាត់​ការ​ផលិត​ ការ​ធ្វើ​ចរចា​របស់​ក្លែងក្លាយ​ផង។

ជា​សរុប​មាន​១២​ប្រទេស​ដែល​ជាប់​ក្នុង​បញ្ជី​ខ្មៅ ត្រូវ​តាមដាន​ជាអាទិភាព និង​២៤​ប្រទេស​ ត្រឹម​តាមដាន​ជា​ធម្មតា។ ម៉ិចស៊ិក​ដែល​ជា​ដៃគូ​ទី​បី​នៃ​កិច្ចព្រមព្រៀង​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើង ជាប់​ក្នុង​បញ្ជី​ខ្មៅ​តាមដានជា​ធម្មតា​ទេ។

​របាយការណ៍​ស្តី​អំពី​ការ​រំលោភ​កម្មសិទ្ធិ​បញ្ញា​នេះ​ ជា​សារ​បញ្ជាក់​ ទៅ​កាន់​ដៃ​គូ​ពាណិជ្ជកម្ម​ទាំ​ងអស់ ថា​រដ្ឋបាល​របស់​លោក​ត្រាំ ផ្តល់​អាទិភាព​យ៉ាង​ចម្បង​ដល់​ច្បាប់​ការពារ​កម្មសិទ្ធិបញ្ញា​។ នេះ​បើ​តាម​ការ​អះអាង​របស់​តំណាង​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក។​ ហើយ​​បញ្ជី​ខ្មៅនេះ​​មិនមែន​ជា​គន្លឹះ​ចុច​យន្តការ​ដាក់​ទណ្ឌកម្ម​ជា​ស្វ័យ​ប្រវត្តិ​ទេ។

ប៉ុន្តែ​ការ​ចេញ​របាយការណ៍​នេះ ធ្លាក់​មកក្នុង​បរិបទ​ដែល​អាមេរិក​ទើប​សម្រេច​ដាក់​ទណ្ឌកម្ម​​ចិន​ ក្នុង​ទំហំ​៥០ពាន់​លាន​ដុល្លារ​ ដោយដំឡើង​ពន្ធ​​នាំ​ចូល​ផលិតផល​ពី​ចិន​មក​អាមេរិក ដើម្បី​ជា​តប​ស្នង​ទៅ​នឹង​ទង្វើ​រំលោភបំពាន​កម្មសិទ្ធិ​បញ្ញារបស់​ប៉េកាំង និង​ចំ​ពេល​ដែល​ក្រុម​អ្នក​ចរចា​​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើង​កំពុង​​ជួប​ប្រជុំ​គ្នា​ នៅ​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​សើរើ​មើល​កិច្ចព្រមព្រៀង​ឡើង​វិញ។ តំណាង​ក្រសួងពាណិជ្ជកម្ម​អាមេរិក​មិន​បាន​បញ្ជាក់​ថា​តើ​ ប្រធានបទ​ “រំលោភ​កម្មសិទ្ធិបញ្ញា” របស់​កាណាដា នឹង​លើក​មក​ជជែក​ដែរឬក៏​អត់​ទេ៕