rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

តើប្រាជ្ញាសប្បនិមិត្ត (Intelligence artificielle) អាចដោះស្រាយរាល់បញ្ហាទាំងអស់របស់ Facebook បានដែរឬទេ?

ដោយ បូលីន ដាវីដ

ក្រោយ​ពី​ការ​ផ្ទុះ​រឿង​អាស្រូវ​ទាញ​យក​ទិន្ន​ន័យ​ផ្ទុក​ព័ត៌មាន​អ្នក​ប្រើ​ប្រាស់​សំណាក់​ក្រុមហ៊ុន​ Cambridge Analytica ​លោក​ Mark Zuckerberg ស្ថាបនិក​ និង​ជា​ប្រធាន​ក្រុមហ៊ុន​ Facebook ​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តប​តាម​ការ​កោះហៅ​ពី​សមាជិក​សភា​អាមេរិក​ទាំង​ពីរ​ថ្នាក់។​ សក្ខីកម្ម​​នៅ​ចំពោះ​គណៈកម្មាធិការ​ជំនាញ​សភា​នេះ​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​ គឺ​ថ្ងៃ​អង្គារ​ ទី​១០ និង​ថ្ងៃ​ពុធ​ ទី​១១ ខែ​មេសា។​ ក្រោយ​ពី​ការ​ចូល​បំភ្លឺ​នោះ ក្រុម​អ្នក​វិភាគ​បាន​សង្កេត​ឃើញ​ថា​ ម្ចាស់​ក្រុមហ៊ុន​ Facebook បាន​លើក​យក​ពាក្យ​ ​ប្រាជ្ញា​និមិត្ត​ មក​ធ្វើ​អំណះ​អំណាង​ដោះស្រាយ​រាល់​បញ្ហា​ទាំង​ឡាយ​ ដែល​កំពុង​តែ​កើត​ឡើង​លើ​បណ្តាញ​សង្គម។ តើ​ប្រាជ្ញា​សប្បនិមិត្ត​អាច​ឆ្លើយ​តប​គ្រប់​បញ្ហា​ទាំង​អស់​បាន​ដែរ​ឬទេ?​

មិន​តិច​ជាង​ ៣០ ​ដងឡើយ​ដែល​ស្ថាបនិក​ក្រុមហ៊ុន​ Facebook ​បាន​លើក​យក​ពាក្យ​ប្រាជ្ញា​សប្បនិមិត្ត​មក​និយាយ​ពន្យល់​សមាជិក​គណៈកម្មាធិការ​ជំនាញ​សភា​អាមរិក។ ដើម្បី​ងាយ​ស្រួល​យល់​ យើង​អាច​និយាយ​សំរាយ​​​បែប​សាមញ្ញ​ថា​ ប្រាជ្ញា​សប្បនិមិត្ត​ គឺជា​បណ្តុំ​ទ្រឹស្តី​ និង​បច្ចេកវិទ្យា​ ​​ដែល​គេ​យក​ទៅ​បំពាក់​លើ​ម៉ាស៊ីន​ឲ្យ​មាន​សមត្ថភាព​វិភាគ​ ឬ​ពិចារណា​ស្រដៀង​មនុស្ស។ តាម​រយៈ​នេះ​ មហា​សេដ្ឋី​វ័យ​ក្មេង​ Mark Zuckerberg បានលើក​ឧទាហរណ៍​មួយ​​ពន្យល់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ថា​ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ក្រុមហ៊ុន​ Facebook បាន​វិនិយោគ​ប្រាក់ដ៏​ច្រើន​​សន្ធឹក​សន្ធាប់​ស្រាវជ្រាវ​លើ​ការ​បង្កើត​ប្រាជ្ញា​សប្បនិមិត្ត​។​ ឧបករណ៍​នេះ​អាច​ត្រួត​ពិនិត្យ​ខ្លឹមសារ​ផ្សព្វផ្សាយ​ ទាំងការ​សរសេរ​ ឬ​និយាយ​នៅ​លើ​បណ្តាញ​សង្គម។​

សព្វ​ថ្ងៃ​នេះ មាន​បញ្ហា​ធំៗ​ជាច្រើន​ដែល​កំពុង​តែ​ចោទ​​នៅ​លើ​បណ្តាញ​សង្គម។​ មាន​ជាអាទិ៍​ដូចជា​ ខ្លឹមសារ​ផ្សព្វផ្សាយ​របស់​ពួក​ជីហាត​ឥស្លាម​ជ្រុល​និយម​ សំដី​រើស​អើង​ពូជសាសន៍​ ឬ​សំដី​ប្រមាថ​មើលងាយ​ ការ​ឃោសនា​ពាណិជ្ជកម្ម​បែប​រើស​អើង​ ការ​បន្លំ​អត្តសញ្ញាណ​អ្នក​ប្រើប្រាស់​ ការ​បង្កើត​គណនី​ក្លែង​ក្លាយ​ពីសំណាក់​ក្រុមហ៊ុន​ឃោសនា​បំរើ​ប្រយោធន៍​ឲ្យ​រដ្ឋាភិបាល​​រុស្សី​ជាដើម។ ម្ចាស់​ក្រុមហ៊ុន​ Facebook បាន​អួត​សរសើរ​ថា​ កន្លង​មក​ បច្ចេកវិទ្យា​ប្រាជ្ញា​សប្បនិមិត្ត​បំពាក់​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​នេះ​មាន​ប្រសិទ្ធិ​ភាព​។​ ឧទាហរណ៍​ជាក់​ស្តែង​ បច្ចេកវិទ្យា​នេះ​អាច​ទប់​ស្កាត់​ខ្លឹម​សារ​ផ្សព្វផ្សាយ​ណា​ ដែល​មាន​ទំនោរ​គាំទ្រ​បណ្តាញ​ភេរវនិយម​ដូចជា​ អង្គការ​រដ្ឋ​ឥស្លាម​ ឬ​ក្រុម​អាល់​កៃដា។​ បើ​តាម​ការ​អះអាង​ ៩៩%​ នៃ​ខ្លឹមសារ​គាំទ្រ​មនោគមន៍​វិជ្ជា​ពួក​ភេរវនិយម​ទាំង​នោះ​ត្រូវ​បាន​ស្ទាក់​ចាប់​ដោយ​បច្ចេកវិទ្យានេះ។​ សរុប​ ខ្លឹមសារ​ទាំង​នោះ​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឡើយ។ ប៉ុន្តែ ការ​ជោគជ័យ​នេះ​ គឺនៅ​មាន​កំរិត។

សំរាប់​ថ្ងៃ​អនាគត​ ម្ចាស់​ក្រុមហ៊ុន​ Facebook គ្រោង​នឹង​បង្កើត​យន្តការ​ថ្មី​មួយ​​។ ជា​បឋម​ ក្រុមវិស្វករ​ក្រុមហ៊ុន​នឹង​បន្ត​អភិវឌ្ឍ​សរសេរ​កូដ​កម្មវិធីបង្កើត​​ប្រាជ្ញា​សប្បនិមិត្ត​នេះ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព​ខ្លាំង​ថែម​ទៀត។​ គោល​ដៅ​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ឧបករណ៍​នេះ​អាច​ត្រួត​ពិនិត្យ​ ឬ​តាម​ដាន​ខ្លឹមសារ​សរសេរ​ ឬ​និយាយ​ណា​ ដែល​មាន​ចរិត​គ្រោះ​ថ្នាក់​ និង​ដែល​ត្រូវ​បាន​ចាត់​ទុក​ថារំលោភ​បំពាន​គោលការណ៍​ប្រើប្រាស់​លើ​បណ្តាញ​សង្គម។​ បន្ទាប់​មក​ ក្នុង​ករណីសង្ស័យ​លើ​ការ​​បង្ហោះ​ខ្លឹមសារ​ណា​មួយ​ពី​សំណាក់​អ្នកប្រើប្រាស់​ កម្មវិធី​ប្រាជ្ញា​សប្បនិមិត្ត​របស់​ Facebook នឹង​ផ្តល់​ព័ត៌មាន​ជា​បន្ទាន់​សុំ​អន្តរាគមន៍​ពី​មនុស្ស។​ ពោល​ គឺ​បាន​ន័យ​ថា​សុំ​អន្តរាគមន៍​ពី​បុគ្គលិក​ប្រចាំការ​​ត្រួត​ពិនិត្យខ្លឹមសារ​។

ប៉ុន្តែ សំណួរ​សួរ​ថា​ តើប្រព័ន្ធ​​ប្រាជ្ញាសប្បនិមិត្ត​អាច​ស្ទាក់​ចាប់​រាល់​ខ្លឹមសារ​ទាំង​អស់​លើ​បណ្តាញ​សង្គម​ Facebook បាន​ដែរ​ឬទេ?​ ត្រង់​ចំណុច​នេះ​ ស្ថាបនិក​បណ្តាញ​សង្គម​នេះ​ហាក់​មិន​ហ៊ាន​ធានា​ច្បាស់​លាស់​ឡើយ។​ លោក​គ្រាន់​តែ​បាន​ពន្យល់​ថា​ បច្ចេកវិទ្យា​ប្រាជ្ញា​សប្បនិមិត្ត​អាច​ដោះស្រាយ​បានបញ្ហា​ខ្លះ។​ បញ្ហា​ស្មុគ​ស្មាញ​ដែល​បច្ចេកវិទ្យា​នេះកំពុង​ប្រឈម​ គឺ​សំដី​បែប​រើសអើង​ ឬ​ប្រមាថ​មើល​ងាយ​។​ វាជា​ការ​លំបាក​ណាស់​ក្នុង​កំណត់​ឲ្យ​បច្ចេកវិទ្យា​អាច​វិភាគ​លើ​សំណេរ​ ឬ​សំដី​ណាមួយ ​ដែល​មាន​ចរិត​លក្ខណៈ​បែប​នេះ។​ មូលហេតុ​ដែល​គេ​ពិបាក​កំណត់​ ព្រោះបញ្ហា​នេះ​​ពាក់​ព័ន្ធ​នឹង​កត្តា​ជា​ច្រើន។​ ជាពិសេស​ គឺ​​ក្បួន​ច្បាប់​ក្នុង​ភាសា​វិទ្យា។

ក្នុង​បរិបថ​នៃការ​វិភាគ​ភាសា​វិទ្យា​ គេ​ឃើញ​ថា ​បច្ចេកវិទ្យា​ប្រាជ្ញា​សប្បនិមិត្ត​នៅ​មិន​ទាន់​ជឿន​លឿន​ទៅ​មុខ​នៅ​ឡើយ​ទេ​។​ នៅ​ក្នុង​ន័យ​នេះ​ ដើម្បី​អាច​ត្រួត​ពិនិត្យ​សំណេរ​ ឬ​សំដី​បែប​រើស​អើង​ បច្ចេកវិទ្យា​នេះ​ត្រូវ​ការ​យល់​កត្តា​មួយ​ចំនួន។​ មាន​ជា​អាទិ​វា​ត្រូវ​យល់​សំដី​សរសេរ ឬ​និយាយ​ យល់​បរិបថ យល់​ន័យ​ធៀប​ យល់​អត្ថន័យ​ជ្រៅ​ ឬ​យល់​ពី​បំណង​របស់​អ្នក​សរសេរ​ ឬ​និយាយ​។ ពាក់​ព័ន្ធ​នឹង​​ចំណុច​ទាំង​អស់​នេះ​ គេ​ឃើញ​ថា​ប្រព័ន្ធ​ប្រាជ្ញា​សប្បនិមិត្ត​ពុំ​មាន​លទ្ធភាព​អាច​វិភាគ​ស្វែង​យល់​បាន​សព្វ​ជ្រង់​ជ្រោយ​ឡើយ។​

លោក​ Jean-Gabriel Ganascia សាស្រ្តាចារ្យ​ដឹកនាំការ​ស្រាវជ្រាវ​ផែ្នក​ព័ត៌មាន​វិទ្យា​ប្រចាំ​សាកលវិទ្យាល័យ​បារីស​ទី​៦​បាន​ឲ្យ​ដឹង​ថា​ វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ​ ដែល​ឲ្យ​ម៉ាស៊ីន​មាន​ប្រាជ្ញា​ដូច​មនុស្ស។​ ប្រាជ្ញា​ម៉ាស៊ីន​មិន​អាចយល់​​អត្ថន័យ​នៃ​ការ​លេង​ពាក្យសំដី​​ ឬពាក្យ​កំប្លុក​កំប្លែង​​ក្នុង​ឃ្លា​ប្រយោគ​ដែល​មាន​ពាក្យ​អវិជ្ជមាន​ឡើយ។​ តួយ៉ាង​ដូចជា​កម្មវិធី​កុំព្យូទ័រមួយ​ឈ្មោះ​ថា Perspective ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ Google។ កម្មវិធី​នេះ​មាន​គោលដៅ​​ស្ទាក់​ចាប់​ពាក្យ​ពេចន៍​ណា​ដែល​មាន​លក្ខណៈ​មិន​សមរម្យ​ ឬ​អាសអាភា​ជាដើម។ ប៉ុន្តែ ជាក់​ស្តែង​ ក្នុង​ករណី​ពិសេស​​មួយ​ចំនួន​ កម្មវិធី​នេះ​បរាជ័យ​ពុំ​ចេះ​បែង​ចែក​អត្ថន័យ​ឡើយ​។

លោក​ Yann LeCun នាយក​ដឹកនាំ​មន្ទីរពិសោធន៍​អភិវឌ្ឈន៍​ប្រាជ្ញា​សប្បនិមិត្ត​នៅ​ប្រទេស​បារាំង​បាន​យល់​ឃើញ​ថា​ ពេល​កំពុង​អួត​សរសើរ​បច្ចេកវិទ្យា​ប្រាជ្ញា​សប្បនិមិត្ត​ ម្ចាស់​ក្រុមហ៊ុន​ Facebook ខ្លួន​ឯង​ភ្លេចគិត​​ហើយ​ថា​ បច្ចេកវិទ្យា​​នេះ​ហើយ​ជា​ដើម​ចម​​បង្កើត​បញ្ហា​មួយ​ចំនួននៅ​លើ​បណ្តាញ​សង្គម។​ ជាពិសេស​ គឺ​ការ​សាយ​ភាយ​ព័ត៌មាន​ក្លែង​ក្លាយ​ពាសពេញ​បណ្តាញ​សង្គម​ Facebook ក្នុង​កំឡុង​ពេល​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក។​ អ្នក​ជំនាញ​រូប​នេះ​បាន​វិភាគ​ថា​ អ្វី​ដែល​ស្ថាបនិក​ Facebook បាន​អះអាង​ថា​ជា​ដំណោះ​ស្រាយ​នោះ​ គឺ​គ្រាន់​តែ​ជា​ការ​និយាយ​លួង​ចិត្ត​សមាជិក​សភា​អាមេរិក​តែ​ប៉ុណ្ណោះ។

ទន្ទឹម​គ្នា​នោះ​ផង​ដែរ​ នៅ​ក្នុង​អត្ថបទ​វិភាគ​មួយ​ចុះ​ផ្សាយ​លើ​វេបសាយ៍​បច្ចេកវិទ្យា​ The Vierge ​ លោក​ស្រី​ Sarah Jeong បានថ្លែង​រិះគន់​​ចំពោះ​ម្ចាស់​ក្រុមហ៊ុន​ Facebook​។ បើ​តាម​លោកស្រី​ ការ​លើក​យក​ប្រាជ្ញា​សប្បនិមិត្ត​ជា​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ គឺ​​​​​គ្រាន់​តែ​ជា​លេស​ទុក​បណ្តែត​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​ Facebook បន្ត​ធ្វើ​អ្វី​ប៉ាត​ណា​ប៉ាត​ណី​តែ​ប៉ុណ្ណោះ។ បើតាម​លោកស្រី​ ប្រាជ្ញា​សប្បនិមិត្ត​មិន​អាច​កំណត់​ដឹង​ទឹកចិត្ត​ អាកប្បកិរិយា​ ឬ​ផ្នត់​គំនិត​មនុស្ស​ម្នាក់​បាន​ឡើយ។ ព្រោះ​គំនិត​មនុស្ស​ ឬ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ប្រែប្រួល​ជានិច្ច។​ វា​ប្រែប្រួល​ទៅ​តាម​កាលទេសៈ​ បរិបទ​ ឬអារម្មណ៍ជាដើម។​ ហើយ​​គ្មាន​ថ្ងៃ​ណា​មួយ​ឡើយ​ ដែល​បច្ចេកវិទ្យា​នេះ​អាច​ធ្វើ​អ្វី​ៗជំនួស​មនុស្ស​៕

ការ​​ប្រកួត​ World Cup - 2018 ​នៅ​រុស្ស៊ី​បន្ត​ទៅ​៨ថ្ងៃ​ហើយទាំង​ហែរហម​ដោយ​ចំណុច​ខ្លះ​គួរ​អោយ​ភ្ញាក់​ផ្អើល​

​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​កំពុង​បន្ត​អនុវត្តន៍​នយោបាយ​ឯកតោភាគីនិយម និង​ឯកោនិយម?

តួកគី៖​ហេតុអ្វី​បាន​ជា​លោក​អ៊ែរដូហ្កាន​ហាក់​បាន​ធ្លាក់​កូដ​នៅ​ក្នុង​យុទ្ធនាការ​សម្រាប់​ការ​បោះឆ្នោត​ថ្ងៃទី២៤ មិថុនា?

បាល់ទាត់ពិភពលោកឆ្នាំ២០២៦ ៖ កាណាដា ម៉ិចសិក និងសហរដ្ឋអាមេរិកបានទទួលសិទ្ធិរួមគ្នាធ្វើជាម្ចាស់ផ្ទះក្នុងបរិបថជម្លោះពាណិជ្ជកម្ម

បទវិភាគ៖​សម្រាប់​លោកពូទីន World Cup ២០១៨ជា​មុខមាត់​ប្រទេស​រុស្ស៊ី

វិបត្តិ​ជនភៀស​ខ្លួន​តាម​ទូក​កំពុង​ធ្វើឱ្យ​អ៊ីតាលី​និង​បារាំង មើលមុខ​គ្នា​មិន​ចំ

គីម ជុងអ៊ុន ពី​មេដឹកនាំ​ផ្តាច់ការ ក្លាយ​ជា​ប្រមុខរដ្ឋ ស្មើមុខ​​នឹង​ប្រធានាធិបតី​អាមេរិក

ទំនាក់ទំនង​រវាង​អាមេរិក និង​កូរ៉េខាងជើង និង​បុគ្គលិកលក្ខណៈ​របស់​លោកត្រាំ និង​លោកគីម!

អង្គការ​​សហប្រជាជាតិ​​ស្តី​បន្ទោស​​នយោបាយ​​ប្រឆាំង​​អន្តោប្រវេសន៍​​របស់​​សហរដ្ឋ​អាមេរិក​

កំណែ​ទម្រង់​ច្បាប់​អន្តោប្រវេសន៍​អឺរ៉ុប បន្ត​ជាប់​គាំង

ទិវាបរិស្ថាន៖ កាកសំណល់ប្លាស្ទិក ជាហានិភ័យខ្ពស់សម្រាប់មនុស្សជាតិ

ហ្សកដានី៖​អ្វី​ទៅ​ជា​ប្រភព​នៃ​ការ​ផ្ទុះ​កំហឹង​របស់​ប្រជាជន​រហូត​ទម្លាក់​រដ្ឋាភិបាល​លោក​ហានី មុលគី?

កំណើន​អត្រា​មរណភាព​បណ្តាល​មក​ពី​សារជាតិ​អូពីយូអីត​ (opioïde) កំពុង​ក្លាយ​ជា​វិបត្តិ​នៅ​ក្នុង​សង្គម​អាមេរិក​

ប៊ុលហ្ការី​ភ្ញាក់​រលឹក​ចង់​ស្តារ​ឡើងវិញ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ពិសេស​ក្នុង​វិស័យ​ថាមពល

បារាំង​បញ្ចូល​ជំនួញ​គ្រឿងញៀន ក្នុង​ការគណនា​ផលិតផល​សរុប​ជាតិ PIB

វត្តមាន និង​ប្រយោជន៍​នៃ​សន្និសីទ​អន្តរជាតិ​ស្តីពី​ការ​រំសាយ​គ្រឿងសពា្វវុធ​កំពុង​ចោទ​ជា​បញ្ហា!

បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៨៖​ស្ថានីយ៍ទូរទស្សន៍​អាមេរិក Fox Sports កំពុង​ប្រមូល ADN មនុស្ស​ដើម្បី​ស្វែង​រក​អ្នកទស្សនា​ការផ្សាយ​បន្តផ្ទាល់

បារាំង ៖ តំបន់ជាយក្រុង ជាតំបន់ក្រីក្រ ស្តារ​មិនរួចឬ ?

ហេតុអ្វី​បាន​ជា​ប្រជាជន​ប៉ាឡេស្ទីន​បារម្ភ​​ខ្លាំង​ពី​ស្ថានភាព​សុខភាព​របស់​លោក​ម៉ាមូដ អាបាស់?

ហេតុអ្វី​បាន​ជា​ប្រទេស​ក្វាតេម៉ាឡា​ផ្ទេរ​ស្ថានទូត​ទៅ​កាន់​ទីក្រុង​ហ៊្សេរុយសាឡិម​ដូច​សហរដ្ឋអាមេរិក?