rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ស៊ីរី សហរដ្ឋអាមេរិក អាវុធ​គីមី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ស៊ីរី ៖ វ៉ាស៊ីនតោន​បរិហារ​ថា​ទំនង​មាន​ការវាយប្រហារ​ដោយ​អាវុធគីមី​នៅហ្គូតា​

media
ការ​សង្គ្រោះ​ជនស៊ីវិល ក្រោយ​ការ​វាយប្រហារ​លើ​តំបន់​ហ្គូតា​ ថ្ងៃទី ៧មេសា ២០១៨ STRINGER / AFP / SANA

កងទ័ព​របស់​រដ្ឋាភិបាល​ស៊ីរី ដែល​កំពុង​សម្រុក​វាយប្រហារ​យក​ទីតាំង​ចុងក្រោយ​របស់ពួក​ឧទ្ទាម​នៅ​តំបន់​ហ្គូតា ជាយ​ក្រុង​ដាម៉ាស ទំនង​ជាមាន​​ប្រើ​អាវុធ​គីមី​ផង។ នេះ​បើ​តាម​ការ​បរិហារ​របស់​សហរដ្ឋ​អាមេរិក ដែល​យល់​ថា ប្រសិន​បើ​ជា​ការពិត នោះ​​រុស្ស៊ី​គួរ​តែ​មាន​ចំណែកទទួល​ខុស​ត្រូវនៅក្នុង​ការ​ប្រើប្រាស់​អាវុធគីមីនេះ។


ក្រុម​មួក​ស ក្រុម​អ្នក​សង្គ្រោះ​​នៅ​តំបន់​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម បាន​បរិហារ​អំពី​ការ​ប្រើប្រាស់​អាវុធ​គីមី ជា​ឧស្ម័ន​ហ្កាស​ក្លរ​ដ៏​សែន​ពុល កាលពី​ថ្ងៃ​សៅរ៍ នៅ​តំបន់​ហ្កូតា ខាង​កើត។ ប្រសិន​បើ​ព័ត៌មាន​ទាក់ទង​នឹង​ការ​ប្រើប្រាស់​អាវុធ​គីមី នៅ​ហ្គូតា ពិត​ត្រូវ​បាន​បញ្ជាក់​មែន នោះ​សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ផ្តល់​ចម្លើយ​តប​ឱ្យ​បាន​ទាន់ហន់ ! នេះ​បើ​តាម​ការ​អះអាងរបស់​អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​អាមេរិក នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ ព្រឹក​មិញ ដោយ​បាន​គូសបញ្ជាក់​ទៀត​ថា រដ្ឋាភិបាលរបស់​លោក​អាសាទ និង​រុស្ស៊ី ត្រូវ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រើប្រាស់​អាវុធ​គីមី​។ សម្រាប់​អាមេរិក រុស្ស៊ី​ការពារ​របប​ក្រុង​ដាម៉ាស​ខ្លាំងណាស់ តែ​មិន​អាច​ទប់​ស្កាត់​មិន​ឱ្យ​មាន​ការ​ប្រើប្រាស់​អាវុធ​គីមីនៅ​ស៊ីរីទេ ​! នេះ​បរាជ័យ​ដែល​អាច​ធ្វើ​ឱ្យ​​វិបត្តិ​ស៊ីរី​មិន​អាច​ដោះស្រាយ​ចេញ។

ប៉ុន្តែ​ភ្លាម​មួយ​រំពេច នៅ​ក្នុង​ថ្ងៃ​អាទិត្យ​នេះ​ដដែល សារព័ត៌មាន​រដ្ឋ​ស៊ីរី និង​តំណាង​រុស្ស៊ី​ បាន​ច្រាន​ចោល​​ យ៉ាង​ដាច់​អហង្កា ការ​បរិហារ​នេះ ដោយបាន​អះអាង​ថា​គ្មាន​ការ​ប្រើប្រាស់​អាវុធ​គីមី​នៅ​ក្នុង​ការ​វាយប្រហារ​នៅហ្គូតា​ ដូច​ដែល​អាមេរិក​សង្ស័យ​ឡើយ។

សម្រាប់​ពេល​នេះ គេ​គ្មាន​អ្វី​សម្រាប់​ផ្ទៀង​ផ្ទាត់​​​ព័ត៌មាន​ទេ។ ​ខាង​ក្រុម​អ្នក​អង្កេត​ការណ៍​សិទ្ធិមនុស្ស​នៅ​ស៊ីរី ដែល​មាន​បណ្តាញ​ឆ្វែង​ឆ្វាត់​នៅ​ស៊ីរី បាន​អះអាង​ថា​គ្មាន​សមត្ថភាព​បញ្ជាក់ ឬ​បដិសេធ​ នូវ​រាល់​ពាក្យ​ចោទ​ប្រកាន់​​ស្តី​ពី​ការ​ប្រើប្រាស់​អាវុធគីមី​នៅ​ហ្គូតា​បាន​ទេ។ អង្គការ​បាន​ត្រឹម​​​ជូន​ដំណឹង​ថាមានជនស៊ីវិល​​រងគ្រោះ​ផ្លូវ​​ដង្ហើម​​ និងថប់​ដង្ហើម ដល់​ទៅ​ប្រមាណ​ជាង៧០​ករណី ក្នុង​នោះ​១១​នាក់​បាន​​​ស្លាប់​ ដោយ​ស្រូប​ខ្យល់​ពុល ​ថប់​​ក្នុង​កន្លែង​លាក់​ខ្លួន​យូរពេក។ សូម​បញ្ជាក់​ថា ក្រោយ​ពី​ស្ងប់ស្ងាត់​មួយ​រយៈ​ខ្លី កងទ័ព​រដ្ឋាភិបាល​ក្រុងដាម៉ាស បាន​បើក​យុទ្ធនាការ​​​វាយប្រហារ​ផ្លូវ​អាកាស​យ៉ាង​សន្ធាប់​ជា​ថ្មី លើ​ទីតាំង​ចុង​ក្រោយ​បង្អស់​របស់​ពួក​ឧទ្ទាម នៅ​តំបន់​ហ្គូតា ខាងកើត នារយៈ​ពេល​២៤​ម៉ោង​ចុងក្រោយ​នេះ ដើម្បី​បង្ខំ​ពួក​គេ​ឱ្យ​ចុះ​ចាញ់ និង​ព្រម​ចរចា។

របប​ក្រុង​ដាម៉ាស បាន​ជាប់​ចោទ​ជា​ច្រើន​លើក​ច្រើន​សា​មកហើយ ថា​បាន​ប្រើ​អាវុធ​គីមី ​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​ តាំង​ពី​សង្គ្រាម​ចាប់​ផ្តើម​ភ្លាម។ អង្គការ​សហប្រជាជាតិ​យល់​ថា​ស៊ីរី​បាន​ប្រើ​អាវុធ​គីមី សារាំង ​នៅក្នុង​ការ​វាយប្រហារ​កាលពីខែ​មេសា ២០១៧ លើ​ភូមិ​មួយ​ដែល​គ្រប់គ្រង​ដោយ​ពួក​ប្រឆាំង៕