អានតួអត្ថបទ

You Tube ជួបហេតុការណ៍​​បាញ់រះ ក្នុង​​ទីស្នាក់ការ​​ធំ នៅ​​សាន់ហ្វាន់ស៊ីស្កូ

ការ​បាញ់​រះ​មួយ បាន​លាន់​ឮ​ឡើងនា ថ្ងៃទី ៣ មេសា ២០១៨ នៅ​ក្នុង​ទីស្នាក់ការ​ធំ​របស់​ក្រុមហ៊ុន​ You Tube នៅ​សាន់ហ្វាន់ស៊ីស្កូ។ បើតាម​ប៉ូលិស ហេតុការណ៍​បាញ់​រះ​បាន​បង្ក​ឱ្យ​មនុស្ស​បី​នាក់រង​របួស ក្នុង​នោះ​ម្នាក់​ជា​របួស​ធ្ងន់ខ្លាំង។​ ចំណែក​​ខ្មាន់កាំភ្លើង​ភេទ​​ស្ត្រី​ បាន​បាញ់សម្លាប់​ខ្លួន​ឯង​នៅនឹង​កន្លែង។

ប្រតិបត្តិការ​ប៉ូលិស នៅ​ទីស្នាក់ការ​You Tube ក្រោយ​ឮ​ស្នូ​ផ្ទុះ​អាវុធ
ប្រតិបត្តិការ​ប៉ូលិស នៅ​ទីស្នាក់ការ​You Tube ក្រោយ​ឮ​ស្នូ​ផ្ទុះ​អាវុធ ©Reuters
ផ្សាយពាណិជ្ជកម្ម

បើតាម​ប៉ូលិស ខ្មាន់កាំភ្លើងមាន​ភេទ​​ស្រី មាន​អាយុ​៣៩​ឆ្នាំ ឈ្មោះ​ថា Nasim Najafi Afhdam កើត​នៅ​​សង់ខ្យាហ្កោ នៃ​រដ្ឋកាលីហ្វនីញ៉ា។ មូលហេតុនៃ​ការ​ទង្វើ​បាញ់​រះ​ កំពុង​ស្ថិត​នៅ​ក្រោម​ការ​អង្កេត​នៅ​ឡើយ ប៉ុន្តែ​បើ​តាម​ប្រភពសារព័ត៌មាន​ ​San Francisco Chronicle ការ​បាញ់​រះ​នៃ​កកើតចេញ​ពី​ជម្លោះ​​ឯកជន ! ខ្មាន់​កាំភ្លើង​ទំនង​ជា​ក្តៅ​ក្រហាយ​នឹង​ក្រុមហ៊ុន​យូថូប ដែល​បិទ​ខ្ទប់រូបភាព​វីដេអូ​របស់​ខ្លួន មិន​ឱ្យ​បង្ហោះ​ផ្សាយ​ក្នុង​​វិបសៃត៍យូថូប។ រូបភាព​វីដេអូ​ដែល​ខ្លះ​និយាយ​អំពីការ​ធ្វើ​បាប​សត្វ និ​ងអាក្រក់​មើល​ខ្លាំងណាស់។ ឪពុក​របស់​នាង​ខ្មាន់​កាំភ្លើង បាន​បញ្ជាក់​ថា​នាង​ស្អប់​យូថូប​ខ្លាំង​ណាស់។ នេះបើ​តាម​​សារព័ត៌មានMercury Newsមួយ​ផ្សេង​​ទៀត។

ដោយ​កំហឹង ឬ​ដោយ​ចង់​សង​សឹក ហេតុការណ៍​បាញ់​រះ បាន​បង្ក​ភាព​ស្លន់​ស្លោ​យ៉ាង​ខ្លាំង នៅ​ទីស្នាក់ការ​ធំ​​របស់​ក្រុមហ៊ុន​យូថូប សាខា​របស់​ក្រុមហ៊ុន​Google ក្នុង​សង្កាត់​​​​ដ៏​ល្បីល្បាញដែល​មាន​ក្រុមហ៊ុន​យក្ស​​ផ្នែក​បច្ចេកវិទ្យា​ល្បី​ផ្តុំ​នៅ។ បើ​តាម​សាក្សី​ ខ្មាន់​កាំភ្លើង​បាន​​ចូល​ទៅ​ក្នុង​​ទីធ្លា​ស្ថាប័ន​ នៅ​ពេល​វេលា​ថ្ងៃ​ត្រង់ ពេលបុគ្គលិក​យ៉ាង​ច្រើន​កំពុង​ទទួល​ទាន​អាហារ​ថ្ងៃ​​ ហើយ​ដកកាំភ្លើង​​ចេញ​កាបូប​ដៃ លើក​​​បាញ់​​​តំរង់​ជន​ណា​ម្នាក់​ជាពិសេសតែ​ម្តង​ មិនមែន​ជា​ការ​បាញ់​រះ​​សំដៅ​លើ​ហ្វូង​មនុស្ស​ចង់ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ច្រើន​ទេ ! នេះ​បើ​តាម​ការ​រៀប​រាប់​របស់​សាក្សី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។ ជា​សរុប​មាន​ការ​បាញ់​ប្រមាណ​ជាជាង​១០​គ្រាប់។ នៅ​ពេល​ប៉ូលិស​ផ្តើម​ធ្វើ​ប្រតិបត្តិការ ការ​បាញ់​ត្រូវ​បាន​បញ្ចប់ ដោយ​ខ្មាន់​កាំភ្លើង​ទំនង​ជា​បាញ់​សម្លាប់​ខ្លួនឯង។

បុគ្គលិក​ជាង​១១០០​នាក់ ត្រូវ​បាន​ជម្លៀស​​ចេញ​ពី​ទីស្នាក់ការ​។ រូបភាព​ ​ក្នុង​កញ្ចក់​ទូរទស្សន៍ បាន​បង្ហាញឱ្យ​ឃើញ​​អំពី​សកម្មភាព​រត់​ចេញ​របស់​បុគ្គលិក ដាក់​ដៃ​លើ​ក្បាលឱ្យ​ប៉ូលិស​​ឆែក​ស្ទាប។ រថយន្ត​ប៉ូលិស​ ព្រម​ទាំង​រថយន្ត​ពន្លត់​អគ្គីភ័យ​ជា​ច្រើន បើកឆ្វែងឆ្វាត់​ជុំ​វិញ​កន្លែង​កើត​ហេតុ។ ​ នៅក្នុង​​​សារផ្ញើ​​ជូន​បុគ្គលិក​ថៅកែក្រុមហ៊ុន​Google បាន​ចាត់​ទុក​ហេតុការណ៍​នេះ​ថា​ជា​ សោកនាដកម្ម​ដែល​មិន​​អាច​នឹកគិតដល់។

ការ​បាញ់​រះ​ដោយ​ខ្មាន់​កាំភ្លើង​ភេទ​ស្រី ជា​ការ​កម្រ​បំផុត​ ! បើ​តាមការ​សិក្សា​របស់​FBI នៅ​ក្នុង​ហេតុការណ៍​បាញ់​រះ​ចំនួន ១៦០​ករណី រវាងពី​​ឆ្នាំ​២០០០-២០១៣ មាន​តែ​៦​ករណី​ប៉ុណ្ណោះ​ជា​ស្នាដៃ​ស្ត្រី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ