អានតួអត្ថបទ
អាមេរិក-សេដ្ឋកិច្ច

អត្រា​កំណើន​សេដ្ឋកិច្ចរបស់​អាមេរិក​បាន​ស្ទុះ​ដល់ ៣% នៅ​ចុង​ឆ្នាំ ២០១៧

នៅ​សហរដ្ឋអាមេរិក កំណើន​សេដ្ឋកិច្ច​ក្នុង​ត្រីមាសទី៤ ឆ្នាំ ២០១៧ បាន​ស្ទុះ​ឡើង​លើស​ពី​ការ​ប្រមើល​ទុក​របស់​ក្រុម​អ្នកវិភាគ។ តាម​តួលេខ​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​នា​ថ្ងៃ​ពុធ ទី២៨ មីនា អត្រា​កំណើន​សេដ្ឋកិច្ច​នា​ដំណាច់​ឆ្នាំ ២០១៧ អាច​មាន​ក្នុង​រង្វង់ ៣% ពោល​ច្រើន​ជាង​ការ​រំពឹង​ទុក​ដែល​អាច​មាន​តែ ២,៥% ឬ ២,៦% ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី និង​បើ​គិត​ពេញ​មួយ​ឆ្នាំ ២០១៧ អត្រា​កំណើន​សេដ្ឋកិច្ច​មាន​តែ​ក្នុង​រង្វង់ ២,៣%។

លោក Wilbur Ross រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក
លោក Wilbur Ross រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល ២ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ ២០១៧ អាមេរិក​ទទួល​បាន​អត្រា​កំណើន​សេដ្ឋកិច្ច​លើស​ពី​ការ​រំពឹង​ទុក តែ​បើ​បូក​ពេញ​មួយ​ឆ្នាំ ២០១៧ គឺ​ស្ថិត​ក្នុង​រង្វង់ ២,៦% ពោល​គ្រាន់​បើ​ជាង​ឆ្នាំ ២០១៦ ដែល​មាន​តែ ១,៥% តែ​អន់​ជាង​ឆ្នាំ ២០១៥ ដែល​មាន​ដល់​ទៅ ២,៩%។ សន្ទុះ​នៃ​កំណើន​សេដ្ឋកិច្ច​នា​ដំណច់​ឆ្នាំ ២០១៧ បាន​មក​ពី​កំណើន​នៃ​ការ​ចាយវាយ​របស់​ពលរដ្ឋ​អាមេរិក ហើយ​ការ​ដែល​ពលរដ្ឋ​អាមេរិក​មាន​លុយ​ចាយ​បន្ថែម​ក៏​ដោយសារ​តែ​រដ្ឋ​បាន​បញ្ចុះ​ពន្ធ​ពី​ពួក​គេ។

នៅ​ក្នុង​ត្រីមាស​ទី៤ ឆ្នាំ ២០១៧ ការ​ចំណាយ​ទូទៅ​របស់​ពលរដ្ឋ​ក្នុង​ស្រុក​ដែល​ជា​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​អាមេរិក​បាន​កើន​ឡើង​ចំនួន ៤%។ បន្ទាប់​មក ការ​វិនិយោគ​របស់​រោងចក្រ សហគ្រាស​ក៏​មាន​ការ​ស្ទុះ​ឡើង​លើស​ពី​ការ​ប្រមើល​ទុក។ បន្ទាប់​មក​ទៀត អត្រា​នៃ​ការ​នាំ​ចេញ​នៅ​ក្នុង​ត្រីមាសទី៤ ឆ្នាំ ២០១៧ ក៏​មាន​ការ​កើន​ឡើង​ចំនួន ៧% ទល់​នឹង ២,១% ក្នុង​ត្រីមាស​ទី៣ ឆ្នាំ​ដដែល។ តែ​អត្រា​នាំ​ចេញ​នេះ​នៅ​មាន​កម្រិត​ទាប​ឆ្ងាយ​ណាស់​បើ​ធៀប​នឹង​អត្រា​នៃ​ការ​នាំ​ចូល​ដែល​មាន​ដល់​ទៅ ១៤,១% ដែល​កម្រិត​មួយ​កើន​ឡើង​ខ្លាំង​គិត​តាំង​ពី ៧ឆ្នាំ​កន្លង​ទៅ។

ទន្ទឹម​គ្នា​នេះ ការ​ចំណាយ​របស់​រដ្ឋ​ក៏​បាន​រួម​ចំណែក​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដែរ។ ក្នុង​ត្រីមាស​ទី៤ ឆ្នាំ ២០១៧ ការ​ចំណាយ​របស់​រដ្ឋ​អាច​កើន​ដល់ ៣% ដែល​ជា​កម្រិត​មួយ​មិន​ធ្លាប់​មាន​គិត​តាំង​ពី​ឆ្នាំ ២០១៥ ដោយ​ផ្តោត​ខ្លាំង​លើ​ការ​វិនិយោគ​ក្នុង​វិស័យ​ការពារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ