អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​​នរណា​​គេ​​នៅ​​ពី​ក្រោយ​​ខ្នង​​ក្រុមហ៊ុន​​ Cambridge Analystica?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

រយៈ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ការ​រិះ​គន់​ជុំវិញ​ការ​លួច​យក​ទិន្នន័យ​អ្នក​ប្រើប្រាស់​ហ្វេស​ប៊ុក​ប្រមាណ​​ ៥០ លាន​នាក់​ពី​សំណាក់​ក្រុមហ៊ុនអង់គ្លេស​​ Cambridge Analytica កំពុង​តែ​កក្រើក​ជុំវិញ​ពិភព​លោក។​ គេ​សង្ស័យ​ថា​ ក្រុមហ៊ុន​នេះ​បាន​ប្រើប្រាស់​ទិន្នន័យ​ទាំង​នោះ​ដោយ​ខុស​ច្បាប់​ ពោល​ គឺ​ដោយ​ពុំ​មាន​ការ​យល់​ព្រម​ពី​ម្ចាស់​គណនី​ហ្វេសប៊ុក​ម្នាក់ៗឡើយ។​ ហើយ​ទិន្នន័យ​ទាំង​នោះ​ត្រូវ​បាន​យក​ទៅ​លក់​បន្ត ​សំរាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ ក៏​ដូចជា​ការ​ស្ទង់​មតិ​នៅ​អង់គ្លេស។ ក្រោយ​ពី​ផ្ទុះ​រឿង​អាស្រូវ​នេះ​ អាជ្ញាធរ​អង់គ្លេស​​កំពុង​តែ​បើក​ការ​ស៊ើប​អង្កេត​។​ ចំណែក​តំលៃ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ដាំ​ក្បាល​ធ្លាក់​ចុះយ៉ាង​កំហុក។ ប៉ុន្តែ គេ​នៅមាន​ចំងល់​ថា​ តើ​នរណា​គេ​ស្ថិត​នៅ​ពី​ក្រោយ​ការ​​​​បង្កើត​ក្រុមហ៊ុន​ Cambridge Analytica នេះ?

អគារ​នៃ​ក្រុមហ៊ុន Cambridge Analytica នៅ​កណ្តាល​ទីក្រុង​ London ប្រទេស​អង់គ្លេស​ថ្ងៃ​២៣​មីនា ២០១៨​ REUTERS
អគារ​នៃ​ក្រុមហ៊ុន Cambridge Analytica នៅ​កណ្តាល​ទីក្រុង​ London ប្រទេស​អង់គ្លេស​ថ្ងៃ​២៣​មីនា ២០១៨​ REUTERS REUTERS/Hannah McKay
ផ្សាយពាណិជ្ជកម្ម

បើ​យោង​តាម​អត្ថបទ​ស៊ើប​អង្កេត​មួយ​​របស់​សារព័ត៌មាន​អង់គ្លេស The Guardian ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ ខែ​មិនា​បាន​ឲ្យ​ដឹង​ថា​ រឿង​រ៉ាវ​បែក​ធ្លាយ​ការ​លួយ​ទិន្ន​ន័យ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ពី​សំណាក់​ក្រុមហ៊ុន​ Cambridge Analytica នេះ​ គឺ​ដោយ​សារ​តែ​មាន​អ្នក​លួច​ផ្តល់​ព័ត៌មាន​ម្នាក់​។​ បុគ្គល​នោះ​មាន​ឈ្មោះ​ថា Christopher Wylie ជា​ជនជាតិ​កាណាដា​។​ ហើយ​រូប​គេ​ធ្លាប់​បំរើ​ការងារ​ឲ្យ​​ក្រុមហ៊ុនអង់គ្លេស​នេះ​ ក្នុង​ឋានៈ​ជា​វិស្វករ​សរសេរ​កូដ​កម្មវិធី​កុំ​ព្យូទ័រ។ បច្ចុប្បន្ន​មាន​អាយុ​ ២៨ ឆ្នាំ​​ តំបូង​ឡើយ​ កាលពី​ឆ្នាំ​២០១៣ យុវជន​កាណាដារូប​នេះ​បាន​ជួប​លោក​ Steve Bannon។​ កាលនោះ​ Steve Bannon នៅ​​ជា​និពន្ធ​នាយក​ប​វេបសាយ៍​ Breitbart News នៅ​ឡើយ​ទេ​ មុន​នឹង​ទៅ​ប្រឡូក​ខ្លួន​ក្នុង​នយោបាយ​ជួយ​ដឹកនាំ​យុទ្ធនាការ​ឃោសនា​ស្វែង​រក​សំលេង​ឆ្នោត​ឲ្យ​លោក​ ដូណាល់​ ត្រាំ។​

ខ្លឹមសារ​សន្ទនា​ក្នុង​ជំនួប​នោះ​ធ្វើ​ឲ្យយុវជន​ Christopher Wylie មាន​ភក្តី​ភាព​គោរព​ស្រលាញ់​គំនិត​ស្តាំ​និយម និង​អភិរក្ស​និយម​របស់​ Steve Bannon។​ ក្រោយ​មក​ Steve Bannon បាន​ណែនាំ​ឲ្យ​ Christopher Wylie ជួ​​​ប​គ្រួសារ​មហា​សេដ្ឋី​អាមេរិក​ត្រកូល​ Mercer។​ គ្រួសារ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អ្នកមាន​​គំនិត​ដ៏​មហា​អភិរក្ស​និយម​។​ ហើយពួកគេ​តែង​ជួយ​ឧបត្ថម្ភ​ដល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​គាំទ្រ​បេក្ខជន​ក្នុង​ជួរ​គណបក្សសាធារណរដ្ឋ។​ នៅ​ក្នុង​គ្រួសារ​មហាសេដ្ឋី​ត្រកូល​ Mercer នេះ​មាន​បុគ្គល​ពីរ​រូប​សំខាន់។​

បុគ្គល​ទីមួយ​ គឺ​ឪពុក​ឈ្មោះ​ Robert Mercer មាន​អាយុ​ ៧២ ឆ្នាំ​។ ជា​អ្នក​មាន​ជំនាញ​ផែ្នក​គណិត​វិទ្យា​ តំបូង​ឡើយ​ លោក​ Robert Mercer បាន​បំរើ​ការ​ឲ្យ​ក្រុមហ៊ុន​ព័ត៌មាន​វិទ្យា​អាមេរិក​ IBM។ គាត់​បានក្លាយ​ទៅ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​មហាសាល​ ដោយសារ​តែ​បាន​ចូលរួម​បង្កើត​ក្រុមហ៊ុន​ហិរញ្ញ​វត្ថុ​មួយ​ឈ្មោះ​ Renaissance Technologies។ ក្រុមហ៊ុន​នេះ​រក​ស៊ី​កេង​​ចំណេញ​ការ​ប្រាក់​នៅ​លើ​ផ្សារ​ភាគ​ហ៊ុន។​ គេ​បាន​ប៉ាន់​ប្រមាណ​ថា​ ក្រុមហ៊ុន​នេះ​បាន​គ្រប់​គ្រង​ទឹកប្រាក់​ប្រមាណ​ ៥​ ពាន់​លាន​ដុល្លារ​ក្នុង​កា​ដោះដូរ​លើ​ទីផ្សារ​ភាគ​ហ៊ុន។

ជា​មនុស្ស​ស្ងៀម​ស្ងាត់​ពុំ​សូវ​ចេញ​មុខ​ជា​សាធារណៈ​ ឬ​ផ្តល់​បទ​សម្ភាសន៍ដល់​​អ្នក​សារព័ត៌មាន​ ក៏ដូច​ជា​អ្នក​ថត​រូប​ លោក​ Robert Mercer ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​អ្នក​សាធារណរដ្ឋ​និយម​ដ៏​មហា​អភិរក្ស​បំផុត​​ម្នាក់។​ ជា​អ្នក​មាន​​និន្នាការ​ស្តាំ​និយម​ និង​មាន​ទស្សនៈ​ប្រឆាំង​នឹង​ទ្រឹស្តី​បម្រែ​បម្រួល​អាកាស​ធាតុ​ មហាសេដ្ឋី​រូប​នេះ​តែង​បង្ហាញ​ទស្សនៈ​ចង់​ស្តារ​​គណបក្ស​សាធារណរដ្ឋ​ឡើង​វិញ​ ដើម្បី​ឲ្យ​គណបក្ស​នេះ​រក្សា​គំនិត​អភិរក្ស​និយម​ឲ្យ​កាន់​តែ​​តឹង​រ៉ឹង។

ចំណែក​បុគ្គល​ទីពីរ​លេច​ធ្លោ​ដូច​ឪពុក​ដែរ​នៅ​ក្នុង​គ្រួសារ​នេះ​ គឺ​លោកស្រី​ Rebekah Mercer មហាសេដ្ឋី​ក្នុង​វ័យ​ ៤៥ ឆ្នាំ។​ ខុស​ពី​ឪពុក​ ស្រ្តី​រូប​នេះលេច​ធ្លោ​​សកម្ម​ណាស់​នៅ​លើ​ឆាក​សង្គម​ ក៏ដូច​ជា​នយោបាយ​អាមេរិក។​ សព្វ​ថ្ងៃ​នេះ​ មហាសេដ្ឋី​ស្រី​រូប​នេះ​ជា​ប្រធាន​មូលនិធិ​ Mercer Family Foundation។​ ហើយ​ ស្រ្តី​ម្នាក់​នេះ​ក៏​មាន​មុខងារ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ Heritage Foundation ផង​ដែរ។ មាន​មូលដ្ឋាន​​នៅ​រដ្ឋធានី​វ៉ាស៊ីង​តោន​ មូលនិធិ​នេះ​ គឺ​ជា​ស្ថាប័ន​ឃ្លាំង​ (think tank) គំនិត​ដើរ​តួនាទី​ពិចារណា​សិក្សា​បង្កើត​កម្មវិធីនយោបាយ​​ និង​យុទ្ធ​សាស្រ្ត​នយោបាយ​ឲ្យ​ក្រុម​អភិរក្ស​និយម​ប្រចាំ​គណបក្ស​សាធារណរដ្ឋ។​ ទាំង​ឪពុក​​ ទាំង​​កូនស្រី​ គ្រួសារ​មហាសដ្ឋី​ Mercer តែង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​បណ្តា​ស្ថាប័ន​សារព័ត៌មាន​ ក៏ដូចជា​បណ្តា​អង្គការ​​ ឬ​សមាគមនានា​ ដែល​ជា​ឃ្លាំង​គំនិត​សំរាប់​ផ្សព្វផ្សាយ​បណ្តុះ​មនោគមន៍​វិជ្ជា​មហា​អភិរក្ស​និយម​នៅ​សហរដ្ឋ​អាមេរិក។

គួរ​ឲ្យ​កត់​សំគាល់​ជាង​នេះ​ទៅ​ទៀត​ គ្រួសារ​នេះ​ថែម​ទាំង​បាន​ជ្រោម​ជ្រែង​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​វេបសាយ៍ព័ត៌មាន​​​ Breitbart News។​ នៅ​សហរដ្ឋ​អាមេរិក​ វេបសាយ៍នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​មនោគមន៏​វិជ្ជា​អភិរក្ស​និយមគាំទ្រ​ចលនា​​ស្តាំ​និយម​ជ្រុល។​ ជាទូទៅ​ វេបសាយ៍​ព័ត៌មាន​នេះ​ផ្សព្វផ្សាយ​ដំណឹង​ក្នុង​ន័យ​បណ្តុះ​គំនិតបែប​ជាតិ​និយម​ជ្រុល​ ការ​រើស​អើង​ពូជ​សាសន៍​ និង​លើក​តម្កើង​​តំលៃ​​ពួក​ស្បែក​-ស។​ ហើយ​បុគ្គល​ដែល​នៅ​ពី​ក្រោយ​ចលនា​នេះ​ និង​ជា​និពន្ធ​នាយក​វេបសាយ៍​នេះ​ គឺ​ Steve Bannon។

ក្រោយ​ពី​ជំនួប​រវាង​វិស្វករ​កាណាដា​​ Christopher Wylie,  Steve Bannon និង​ គ្រួសារ​ Mercer មហាសេដ្ឋី​ឪពុក​ និង​កូន​ស្រី​​បាន​ដាក់​លុយចំនួន​ ១៥ លាន​ដុល្លារ​​វិនិយោគ​បង្កើត​ក្រុមហ៊ុន​ Cambridge Analytica។ ក្រុមហ៊ុន​នេះ​ផ្តល់​សេវាកម្ម​ផែ្នកទំនាក់​ទំនង​​យុទ្ធសាស្រ្ត​ ​ ដោយ​ប្រមូល​​​ទិន្នន័យ​ដើម្បី​វិភាគ​ចិត្ត​សាស្រ្ត​មនុស្ស​ និង​ដើម្បី​បង្កើត​សារ​នយោបាយឲ្យ​ចំ​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​មនុស្ស។​ នៅ​ក្នុង​ឆ្នាំ​២០១៤ ក្រុមហ៊ុន​នេះ​បាន​ផ្តល់​សេវាកម្ម​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្នុង​តំបន់​ចំនួន​ ៤៤ លើក​នៅ​សហរដ្ឋ​អាមេរិក។ បន្ទាប់​មក​នៅ ឆ្នាំ​២០១៦ តាម​រយៈ​ក្រុមហ៊ុន​នេះ​ គ្រួសារ​ Mercer បាន​ចំណាយ​លុយ​ប្រមាណ​ជាង​ ១១ លាន​ដុល្លារ​ជួយ​គាំទ្រ​បេក្ខភាព​លោក​ Ted Cruz ក្នុង​យុទ្ធនាការ​បោះឆ្នោត​បឋម​ជ្រើស​រើស​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ។ ​ប៉ុន្តែ ជា​អកុសល​ លោក​ Ted Cruz ពុំ​មាន​អ្នក​​គាំទ្រ​ច្រើន​​ឡើយ​ដោយបាន​ទទួល​បរាជ័យ​​ចាញ់​លោក​ ដូណាល់​ ត្រាំ។ ឃើញ​ស្ថានភាព​បែប​នេះ​ គ្រួសារ​ Mercer បាន​ងាក​ទៅ​គាំទ្រ​លោក​ ដូណាល់​ ត្រាំ​ វិញ។ គេ​មិន​ដឹង​ថា ក្រុម​គ្រួសារ​ Mercer នេះ​នៅ​បន្ត​មាន​ឥទ្ធិពល​លើ​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ យ៉ាង​ណា​ទៀត​ឡើយ ព្រោះ​មនុស្ស​ជំនិត​ម្នាក់​របស់​គ្រួសារ​ គឺ​ Steve Bannon ​ត្រូវ​បាន​លោក​ ដូណាល់​ ត្រាំ បណ្តេញ​ចេញ​ពី​តំណែង​ក្នុង​ឋានៈ​ជា​ទីប្រឹក្សា​ផែ្នក​យុទ្ធសាស្រ្ត​ប្រចាំ​សេតវិមាន។ ប៉ុន្តែ​ អ្វី​ដែល​គេ​បាន​ដឹង​ គឺ​លោកស្រី​ Rebe​​kah Mercer ធ្លាប់​ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​ការងារ​ផ្ទេរ​តំណែង​ ដើម្បី​ជួយ​បង្កើត​​ខុទ្ទកាលល័យ​ឲ្យ​​លោក ដូណាល់​ ត្រាំ​។ ហើយ​គ្រួសារ​​​ Mercer ក៏​ជា​នៅ​ក្រោយ​ការ​​ជ្រើសតាំង​​ទីប្រឹក្សា​ ក៏ដូចជា​រដ្ឋ​មន្រ្តី​មួយ​ចំនួន​ជុំវិញ​លោក​ ដូណាល់​ ត្រាំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ