rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាមេនី អារ៉ាប៊ីសាអូឌីត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​​​ដូណាល់ ត្រាំ​​ ​​ទទួល​ជួប​​​​រាជទាយាទ​​​អារ៉ាប៊ី​​​សាអូឌីត​​ បិន​ សាលម៉ាន​​​

media
រាជទាយាទ​អារ៉ាប៊ីសាអូឌីត ​Mohammed ben Salmane និង​លោក​ដូណាល់ ត្រាំ REUTERS/Kevin Lamarque/File Photo

ថ្ងៃអង្គារ​ម្សិលមិញ ប្រធានាធិបតីអាមេរិក​ដូណាល់ ត្រាំ បាន​រាក់ទាក់​ទទួលជួប​រាជទាយាទ​អារ៉ាប៊ី សាអូឌីត ម៉ូហាមេដ ​បិន សាលម៉ាន នៅ​សេតវិមាន។ ទស្សនកិច្ច​រាជទាយាទ​ ​​បិន សាលម៉ាន​ ជាង​២សប្តាហ៍​នៅ​សហរដ្ឋ​​អាមេរិក​​មានទិសដៅ​ស្វែងរក​ការវិនិយោគ​​សម្រាប់​អារ៉ាប៊ីសាអូឌីត ជាជាង​​បង្ក​ភាពតានតឹង​ជាមួយ​អាមេរិក។


ពេលទទួលជួប​រាជទាយាទអារ៉ាប៊ី​សាអូឌីត ​​ម៉ូហាមេដ បិន​ សាលម៉ាន លោក​ដូណាល់ ត្រាំ មិនបាន​បង្ហាញ​ភាពតានតឹង​រវាងអាមេរិក​និងអារ៉ាប៊ីសាអូឌីត​ នៅ​ចំពោះ​មុខ​អ្នកសារព័ត៌មានទេ។ ​​លោក​ត្រាំ​​លើកឡើង​ថា ប្រទេស​ទាំង២​ក្លាយជា​មិត្ត​ល្អ​នឹងគ្នា​ ក្នុង​រយៈ​ពេលខ្លីបំផុត ហើយ​លោកសង្ឃឹមថា ទំនាក់ទំនង​​នេះ​នឹងប្រសើរ​ឡើង​ថែមទៀត។ ​លោកត្រាំ​ត្រេកអរព្រោះ​​អារ៉ាប៊ី​សាអូឌីត​ទិញសម្ភារយោធា​​អាមេរិក​យក​ទៅប្រើប្រាស់។ ប្រធានាធិបតី​អាមេរិក​​សង្ឃឹមថា ការទិញអាវុធពីអាមេរិក​នឹងជួយ​ដល់​ការងារ និង​​​​សេដ្ឋកិច្ច​អាមេរិក។

រាជទាយាទ​អារ៉ាប៊ីសាអូឌីតធ្លាប់​ជួប​លោ​កដូណាល់ ត្រាំ ​ម្តងហើយ​កាលពី​ឆ្នាំ​២០១៧ នៅ​អារ៉ាប៊ីសាអូឌីត។ កាលនោះ ​អាមេរិក​និង​អារ៉ាប៊ីសាអូឌីត ​បាន​ចុះហត្ថលេខា​លើ​កុងត្រា​តម្លៃ​៣៨០ពាន់លាន​ដុល្លារ ក្នុង​នោះ​មាន​កុងត្រាអាវុធ​១១០ពាន់​លានដុល្លារ។ ប្រហែល​​ដោយសារ​តែ​ប្រយោជន៍​សេដ្ឋកិច្ច​មួយនេះ​ហើយ ទើប​ម្សិលមិញ ព្រឹទ្ធសភា​អាមេរិក​បាន​ទាត់ចោល​សេចក្តីសម្រេច​​មួយ​ដែល​ចង់បិទបញ្ចប់​ជំនួយ​យោធា​អាមេរិក​ចំពោះ​សម្ព័ន្ធមិត្ត​ដឺកនាំ​ដោយ​​អារ៉ាប៊ីសាអូឌីត នៅ​យេម៉ែន។ ក្រុមអ្នកនយោបាយ​មួយចំនួន​​មិនពេញចិត្ត​នឹង​ក្រុងរីយ៉ាត​ដែល​បើក​ការវាយប្រហារ​ទំលាក់គ្រាប់បែក​នៅយេម៉ែន​ ធ្វើអោយ​ស្លាប់​ជនស៊ីវិល​សន្ធឹកសន្ធាប់​ទេ។ ​ប៉ុន្តែ ជួប​នឹ​ងព្រះអង្គម្ចាស់ បិនសាលម៉ាន ​លោក​ដូណាល់ ត្រាំ ត្រូវ​ទុករឿងនេះ​មួយអន្លើ​សិន។ ​ ​ ​

ម្យ៉ាងទៀត ​ទស្សនកិច្ច​​រាជទាយាទ​បិន សាលម៉ាន នៅ​សហរដ្ឋ​អាមេរិក​​ នេះ គឺ​ដើម្បី​ស្វែងរក​ការវិនិយោគ​ និង​ការគាំទ្រ​​សម្រាប់​ប្រទេសព្រះអង្គ។ ​​រាជបុត្រ​ម៉ូហាមេត ​បិន​ សាលម៉ាន​ ត្រូវ​ជួប​ថ្នាក់ដឹកនាំ​ហិរញ្ញវត្ថុ​ និង​សហគ្រាស​អាមេរិក​ជាច្រើន ហើយ​ក៏ជួប​អគ្គលេខាធិការអង្គការ​សហ​ប្រជាជាតិ​ លោក​ហ្គូតេរ៉េស​ផងដែរ។ ​​​មុន​មកដល់​អាមេរិក ​ព្រះអង្គម្ចាស់ ​បិន សាលម៉ាន បាន​​អួតសរសើរ​​ពី​សមភាព​បុរសស្ត្រី ​ការគោរព​សិទ្ធិមនុស្ស និង​ការ​គោរព​ច្បាប់​​នៅ​អារ៉ាប៊ីសាអូឌីត។ ប៉ុន្តែ គេ​​​ចោទសួរ​ពី​សមត្ថភាព​ព្រះអង្គ​ ដោយសារ​តែ​មួយរយៈ​ចុងក្រោ​យនេះ ​អារ៉ាប៊ីសាអូឌីត​បាន​បោស​សម្អាត​អំពើ​ពុករលួយ​​​​ ដកតំណែង​មន្ត្រី​យោធាជំនិត​នឹង​ព្រះអង្គ​​ ​​បាន​ទាំង​​​ឃាត់ខ្លួន​ញាតិវង្សជាច្រើន​នាក់ ​ក្នុង​សណ្ឋាគារ​​ប្រណីត​មួយកន្លែងទៀតផង៕   ​