rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

យេម៉ែន អារ៉ាប៊ីសាអូឌីត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អារ៉ាប៊ីសាអូឌីត​ចរចា​ដោយ​សម្ងាត់​ជាមួយ​ពួក​ឧទ្ទាម​ហ៊ូទី​ដើម្បី​សន្តិភាព​យេម៉ែន

media
​​យេម៉ែន​រង​ការទម្លាក់​គ្រាប់បែក​ពី​សំណាក់​កងសម្ព័ន្ធ​យោធា​អារ៉ាប ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត។​រូបថត​ថ្ងៃទី ៦មករា២០១៨ REUTERS/Naif Rahma TPX IMAGES OF THE DAY

សម្រាប់​អារ៉ាប៊ីសាអូឌីត ចលនា​ឈីអ៊ីត​យេម៉ែន​​បាន​ទទួល​ការ​គាំទ្រ​ពី​អ៊ីរ៉ង់ ដែល​ជា​សត្រូវ ! ប៉ុន្តែ​ពេលនេះ អារ៉ាប៊ីសាអូឌីត និង​ចលនា​ឧទ្ទាម​ហ៊ូទី បាន​និ​ងកំពុង​ចរចាគ្នា​​ដោយ​សម្ងាត់ ដើម្បី​ស្វែង​រក​សន្តិភាព​ ឱ្យ​យេម៉ែន បិទ​បញ្ចប់​សង្គ្រាម​ដែល​អូស​បន្លាយ​រយៈពេល​បី​ឆ្នាំ​មកហើយ និង​ដែល​​បាន​បង្ក​វិបត្តិ​មនុស្សធម៌យ៉ាង​​ធ្ងន់ធ្ងរ។ នេះ​បើ​ប្រភព​ការទូត​និង​អ្នក​នយោបាយ​​។


ដោយ​ចង់​ខ្ទប់​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់ អារ៉ាប៊ីសាអូឌីតបាន​ដឹក​នាំ​កង​សម្ព័ន្ធ​យោធា​អារ៉ាប​​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ចលនា​ហ៊ូទី​យេម៉ែន ប៉ុន្តែ​ទោះ​បី​ប្រើ​កម្លាំង​យ៉ាង​សន្ធឹក​សន្ធាប់​ ទម្លាក់​គ្រាប់បែកខ្លាំង​យ៉ាងណា​ក៏​មិន​អាចយក​ឈ្នះ និង​​នាំ​ប្រធានាធិបតី​យេម៉ែន​និរទេស​ខ្លួន​ឱ្យ​ត្រលប់​ចូល​ប្រទេស​វិញ​បាន​ទៀត។ ដូច្នេះ​មាន​តែ​ប្តូរ​យុទ្ធសាស្ត្រ !

បើ​តាម​ប្រភព​អ្នក​ការទូត​ពីររូប​និង​អ្នក​ទទួល​ខុស​ត្រូវ​រដ្ឋាភិបាល​យេម៉ែន​ពីរ​រូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​អ្នក​ទទួល​ខុស​ត្រូវ​អារ៉ាប៊ីសាអូឌីតបាន​ចាប់​ផ្តើម​ចរចា​ដោយ​ផ្ទាល់​ជាមួយ ​ចលនា​ហ៊ូទី​ នៅក្នុង​ប្រទេស​អូម៉ង់​ តាំងពី​ពីរ​​ខែ​មក​ហើយ ដើម្បី​សាកល្បង​ស្វែង​រក​ដំណោះ​ស្រាយ​​ឱ្យ​វិបត្តិ​យេម៉ែន។

ការ​ពិគ្រោះ​គ្នា​នេះ ធ្វើ​ឡើង​ដោយ​គ្មានភាគី​ជា​តំណាង​រដ្ឋាភិបាល​យេម៉ែន​ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​ទេ ! នេះ​បើ​ប្រភព​អ្នក​ការទូត​រូប​នោះ​ដដែល ដែល​បាន​​បញ្ជាក់ទៀត​ថា ចលនា​ឧទ្ទាម​ហ៊ូទីនិង​សម្ព័ន្ធ​យោធា​អារ៉ាប​​ មាន​ឆន្ទៈ​ចង់​រក​ឱ្យ​ឃើញ​កិច្ចព្រមព្រៀង​គ្នា​ជា​ប្រាកដ។

ភាគី​ទាំង​ពីរ​សង្ឃឹម​ថា​នឹងអាច​ស្នើ​គម្រោង​កិច្ចព្រមព្រៀង​ដោះស្រាយ​វិបត្តិ​យេម៉ែន ជូន​អន្តរការី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​យេម៉ែន ដែល​នឹង​មក​ដល់ក្រុង​អាដេន នៅ​ថ្ងៃអាទិត្យ​​ខាង​មុខ​នេះ។

ប៉ុន្តែ​គ្មានតំណាង​ជាន់​ខ្ពស់​​​ណា​ម្នាក់​ហ៊ាន​អះអាង​អំពី​ដំណើរ​វិវឌ្ឍន៍​នៃ​កិច្ច​ចរចា​ដោយ​សម្ងាត់​នេះ​ឡើយ។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​បញ្ជូន​មក​ភ្នាក់ងារ​Reuters អ្នក​ទទួល​ខុស​ត្រូវ​សម្ព័ន្ធ​យោធា​អារ៉ាប​ បាន​បដិសេធ​ដំណឹង​ដែល​ថា​អារ៉ាប៊ីសាអូឌីត​ទៅ​ចរចា​ជាមួយ​ចលនា​ឧទ្ទាម​ហ៊ូទី និង​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​បន្ថែម​ទាំង​អស់។ សម្រាប់​អាមេរិក​ដែល​ជាគាំទ្រ​សម្ព័ន្ធ​យោធា​អារ៉ាប​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត ការ​ចរចា​ដោយ​សម្ងាត់​ឬ​មិន​សម្ងាត់​ មិន​មែន​ជា​បញ្ហា​ទេ ! សំខាន់​គឺការ​សម្រេច​លទ្ធផល​ឈាន​ទៅ​សម្រេច​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា ការ​ចរចា​ជា​ផ្លូវការ​ ចុង​ក្រោយ​ រវាង​រដ្ឋាភិបាល​យេម៉ែន និង​ចលនា​ឧទ្ទាម​ហ៊ូទី ​ក្រោម​ការ​ដឹកនាំ​​របស់​អង្គការ​សហប្រជាជាតិ ធ្លាប់​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ប្រទេស​កូវ៉ែត កាលពី​ខែ​សីហា ឆ្នាំ​២០១៦៕