rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

គុយបា បោះឆ្នោត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

គុយបា បោះឆ្នោតសភា ត្រៀមប្តូរ​ប្រធានាធិបតី​ថ្មី បន្តពី​ត្រកូល​កាស្ត្រូ

media
លោក រ៉ាអ៊ូល កាស្រ្តូ ប្រធានាធិបតី​គុយបា Omara Garcia Mederos/ACN/via REUTERS

នៅ​ថ្ងៃអាទិត្យ​នេះ គុយបា​មាន​រៀប​ចំ​បោះឆ្នោត​សភា​ថ្មី​ ដែល​មាន​បន្ទុក​រៀប​ចំ​ដំណើរ​ចាក​ចេញ​របស់​លោក ប្រធានាធិបតី​ រ៉ាអ៊ូល កាស្ត្រូ ជា​ប្អូន​ប្រុស​បិតា​បដិវត្ត​គុយបា ហ្វីដែល​កាស្ត្រូ និង​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ នៅ​ខែ​ក្រោយ។ ការ​បោះឆ្នោត​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​របត់​នយោបាយ​ថ្មី​របស់​កោះ​កុម្មុយនិស្ត​គុយបា។


ដំណើរការ​បោះឆ្នោត​សភា​គុយបា តែង​តែ​ប្រព្រឹត្ត​ឡើង​ជា​រៀង​រាល់​៥​ឆ្នាំ​ម្តង ! ប្រជាពលរដ្ឋ​គុយបា ជាង​៨​លាន​នាក់ ដែល​អាយុ​ចាប់​ពី​១៦​ឆ្នាំ​ឡើង​ទៅ​និង​មាន​សិទ្ធិ​បោះឆ្នោត ត្រូវបានអញ្ជើញ​ឱ្យ​ចូល​រួម​​ជ្រើសរើស​តំណាង​រាស្ត្រ​ចំនួន​៦០៥​នាក់​។ ការ​បោះឆ្នោត​នៅ​ថ្ងៃ​នេះ ​​ក៏​ជា​ការ​ជ្រើស​រើសប្រតិភូ​ខេត្ត​ចំនួន ១២៦៥​នាក់​ផង​ដែរ។

នេះ​​ជា​ការ​បោះ​ឆ្នោត​ទូទៅ​ដំបូង​គេ​បង្អស់ គិត​ចាប់​តាំង​ពី​បិតា​បដិវត្ត​គុយបា ហ្វីដែល​កាស្ត្រូ បាន​ទទួល​មរណភាព​ នៅ​ឆ្នាំ​២០១៦​មក និង​ការ​បោះឆ្នោត​ដែល​​មាន​បង្កប់​នូវ​​លក្ខណៈ​ពិសេស​​​មួយ​ទៀត សម្រាប់​ក្រសែ​ភ្នែក​ពលរដ្ឋ​គុយបា ព្រោះ​ជា​ដំណាក់កាល​ដ៏​សំខាន់​ឈាន​ឆ្ពោះ​ទៅ​បិទ​បញ្ចប់​សករាជ​​នៃ​ការ​ដឹកនាំ​ប្រទេស​រយៈ​ពេល​ជិត​៦០​ឆ្នាំ ដោយ​គ្រួសារ​ត្រកូល​កាស្ត្រូ។

នៅ​ថ្ងៃ​ទី ១៦​មេសា សមាជិក​សភា​ជាប់​ឆ្នោត​នៅ​ថ្ងៃ​នេះ នឹង​មាន​ភារកិច្ច​ជ្រើស​តាំង​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ ដែល​ជា​ស្ថាប័ន​កាន់​អំណាច​កំពូល​នៅ​គុយប៉ា និង​ដែល​ជា​អ្នក​ជ្រើស​តាំង​ប្រធានាធិបតី​គុយបា​ថ្មី មក​ជំនួស​លោក រ៉ាអ៊ូល កាស្ត្រូ។ គេ​សំឡឹង​ឃើញ​ថា លោកវិស្វករ Miguel Diaz-Canel អាយុ​៥៧​ឆ្នាំកើត​ក្រោយ​សម័យ​បដិវត្ត បច្ចុប្បន្ន​ជា​អនុប្រធានាធិបតី​ និង​ជា​មនុស្ស​ខ្លាំង​ទីពីរ​របស់​រដ្ឋាភិបាល ទំនង​ជា​នឹង​អាច​មាន​សំណាង​ច្រើន​បាន​ទទួល​តំណែង​កំពូល​របស់​រដ្ឋ។

ប៉ុន្តែថ្វី​បើ​​លោក​ រ៉ាអ៊ូល កាស្ត្រូ ដែល​បាន​ឡើង​កាន់​អំណាច​បន្ត​ពី​បង​ប្រុស​ បាន​សម្រេច​មិន​បន្ត​​តំណែង​ជា​ប្រមុខ​រដ្ឋ​ទៀតក៏​ដោយ​ ក៏​លោក​អាច​នៅ​បន្ត​រក្សា​ឥទ្ធិពល​លើ​គុយបា​​ដដែល​ព្រោះ​លោក​នៅ​រក្សា​តួនាទី​ជា​ប្រធានបក្ស​កុម្មុយនិស្ត​ដ៏​មានអំណាច​ដដែល​រហូតមាន​សមាជ​បក្ស​ថ្មី នៅ​​ឆ្នាំ​២០២១ ដែល​លោក​នឹង​មាន​អាយុ​៩០​ឆ្នាំ៕