rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីស្រាអែល អាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលទុករឿងអាស្រូវមួយឡែក ហើយត្រៀមខ្លួនជួបលោកត្រាំ

media
លោក នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល REUTERS/Abir Sultan/Pool

មួយរយៈ​ពេល​ចុងក្រោយ​នេះ លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ ​កំពុងរួតរឹត​ ដោយរឿងអាស្រូវ​ជាច្រើន ​ទាក់ទងនឹង ​បទប្រព្រឹត្ត​ពុក​រលួយ​ ការ​កេង​បន្លំ​និង​ការ​រំលោភ​លើសេចក្តី​​ទុកចិត្ត។​ក៏ប៉ុន្តែ​លោក​បាន​ទុក​បញ្ហា​ទាំងអស់​នោះ​មួយឡែកសិន​ ដើម្បី​ត្រៀមខ្លួន​ជួប​ជាមួយ​នឹង​ដៃគូ​ចាក់ទឹក​មិនលិច​របស់​លោក ​គឺ​ ប្រធានាធិបតី​អាមេរិក​ លោក​ដូណាល់ត្រាំ ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃចន្ទនេះ​។


នៅ​តែ​ប៉ុន្មានថ្ងៃ​មុននឹង​ជួប​ពិភាក្សា​ជាមួយ​លោកត្រាំ​នៅ​ថ្ងៃនេះ​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ នេតាន់យ៉ាហ៊ូ​ ត្រូវ​បាន​ប៉ូលីស ​ធ្វើការ​សាកសួរ​រយៈពេល​៥ម៉ោង ​លើ​សំណុំរឿង​ពីរ​ផ្សេងគ្នា​រួមមាន​ ការប្រព្រឹត្ត​អំពើ​ពុក​រលួយ​ការ​កេង​បន្លំ ​ព្រមទាំង​ការ​រំលោភ​លើសេចក្តី​ទុកចិត្ត​របស់​ប្រពលរដ្ឋ​និង​វិបត្តិរដ្ឋាភិបាល​ដែល​អាច​ជុំរុញ​ឲ្យ​មាន​បោះឆ្នោត​មុន​កាលកំណត់​។

ទោះ​ជា​កំពុង​មាន​បញ្ហា​យ៉ាងណាក្តី​លោក​នេតាន់យ៉ាហ៊ូ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​សម្ព័ន្ឋមិត្ត​ដ៍ល្អ​របស់​ខ្លួន​គឺ​លោក​ដូណាល់ត្រាំ​។ គេ​ជឿថា ​ក្នុង​ជំនួប​រវាង​គ្នា​នេះ​ លោក ត្រាំ​ និង​លោក​ នេតាន់យ៉ាហ៊ូ​ ច្បាស់​ជា​ពិភាក្សា​គ្នា​អំពី​ការទទួលស្គាល់​របស់​លោកតាំ្រ​ថា​ ក្រុង ហ្សេរុយ​សាឡិម​ជាកម្មសិទ្ឋិ​របស់អ៊ីស្រាអែល​។ ជា​ការ​ទទួល​ស្គាល់​មួយ​ ដែល​ត្រូវបាន​ស្វាគមន៍​ពីភាគី​អ៊ីស្រាអែល​តែត្រូវបាន​ប៉ាឡេស្ទីន​និង​សហគមន៍​អន្តរជាតិ​រិះគន់​ជាខ្លាំង​។

សូម​រឮក​ថា​​កន្លង​ទៅថ្មីៗនេះ​ អាមេរិក​បានប្រកាសថា ​ខ្លួន​នឹងប្តូរ​ទីតាំង​ស្ថានទូតអាមេរិក​ដែលសព្វថ្ងៃ​ស្ថិតក្នុង​ទីក្រុង​ Tel Aviv ​នៃ​ប្រទេសអ៊ីស្រាអែល​ ទៅ​កាន់​ទី​ក្រុង​ហ្សេរុយសាឡិម ​ដែល​ជា​ក្រុង​មានជម្លោះ​ដណ្តើមគ្នា ​រវាង​អ៊ីស្រាអែល ​និង ​ប៉ាឡេស្ទីន ​រាប់​សិនឆ្នាំ​ទៅ​ហើយ​នោះ​។ សហរដ្ឋ​ អាមេរិក​ គ្រោង​នឹង​បើក​សម្ពោធ​ស្ថានទូត​អាមេរិកថ្មី​របស់ខ្លួន​ នៅថ្ងៃ​១៤ ​ខែឧសភា​ខាងមុខ​នេះ​ ចំ​ពេល​ការ​ប្រារព្ឋ​ធ្វើខួប​នៃ​ការបង្កើត​រដ្ឋអ៊ីស្រាអែល​គំរប់​៧០ឆ្នាំ​។

លោក​នាយករដ្ឋមន្ត្រី​ នេតាន់យ៉ាហ៊ូ ​ចាត់ទុក​ជំហរ​របស់​អាមេរិក​ថា ជា​ការ​សម្រេច​ចិត្ត​ប្រវត្តិសាស្ត្រ​មួយ​ ដ៏គួរ​ឲ្យ​គោរព​ ហើយ​លោក​រំពឹង​ថា​ លោកដូណាល់ត្រាំ​នឹង​ចូលរួម​ ក្នុង​ពិធី​បុណ្យ​គំរប់ខួប៧០​ឆ្នាំ​របស់​អ៊ីស្រាអែល​នា​ពេល​ខាង​មុខ​។

សូម​ជម្រាប​ថា​ក្រៅ​ពី​ជនួប​ជាមួយ ​លោក​ត្រាំ​ លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ​នេតាន់យ៉ាហ៊ូ​ ក៏នឹង​ចូលរួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ របស់​គណៈ​កម្មាធិការ​កិច្ចការសាធារណៈ​អ៊ីស្រាអែល ​អាមេរិក ​ទៀត​ផង​។ ក្នុង​កិច្ចប្រជុំនេះ ​គេ​រំពឹងថា ​លោក​នឹង​លើក​យក​បញ្ហា​ទាក់ទង​នឹង​អ៊ីរ៉ង់ ​ដែល​ជា​គូរ​សត្រូវ​របស់​ខ្លួន​មក​និយាយ​ផងដែរ​។ ហើយ​បញ្ហា​ទាំងនោះ​រួមមាន ​ការបញ្ឃប់​មហិច្ឆិតា​របស់​អ៊ីរ៉ង​ក្នុង​ការ​ផលិត​អាវុធនុយក្លេអ៊ែរ​ និង​ការ​ជ្រៀតជ្រៀក​របស់​អ៊ីរ៉ង់​ក្នុង​ប្រទេសស៊ីរី ​ដែល​អ៊ីស្រាអែល​គិតថា ជាការប៉ុនប៉ង​របស់​អ៊ីរ៉ង​ក្នុងការ​ដាក់​ពង្រាយ​កងទ័ព​ នៅជិត​ប្រទេសខ្លួន​៕