rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អ.ស.ប. លើក​ពេល​អនុម័ត​សេចក្តី​សម្រេច​ទាមទារ​បទ​ឈប់បាញ់​នៅ​ស៊ីរី

ដោយ អៀង សុខម៉ិញ

ភាពចម្រូងចម្រាស​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប ជុំវិញ​បទឈប់បាញ់​នៅ​ស៊ីរី។ ដោយសារ​តែ​​​ចរចា​មិន​ត្រូវគ្នា ជាពិសេស​​ដោយសារ​តែ​មាន​ការ​ជំទាស់​ពី​សំណាក់​រុស្ស៊ី ការ​បោះឆ្នោត​អនុម័ត​លើ​សេចក្តីសម្រេច​ទាមទារ​ឲ្យ​មាន​បទឈប់បាញ់ នៅស៊ីរី ​ត្រូវ​បាន​លើកពេល​ជាច្រើន​លើក កាល​ពីថ្ងៃ​សុក្រ ហើយ​ចុងក្រោយ​ត្រូវ​លើកពេល​មក​ដល់​ថ្ងៃ​សៅរ៍​នេះ។

​ក្រុមប្រឹក្សា​សន្តិសុខ​អង្គកា​រសហប្រជាជាតិ​ ចង់​​ឱ្យ​មាន​កា​របោះឆ្នោត​អនុម័ត​​សេចក្តី​សម្រេច​ទាមទារ​​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​ស៊ីរី នៅ​ថ្ងៃ​ម្សិលមិញ​។ ប៉ុន្តែ​រុស្ស៊ី បាន​បន្ត​ប្រឆាំង​ រហូត។ ​កាលពី​ថ្ងៃ​សុក្រ​ រុស្ស៊ី​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​ធានា​រ៉ាប់​រង​​ថា​បទឈប់​បាញ់​នេះ​នឹង​ត្រូវ​គោរព​បាន​​យ៉ាង​ហ្មត់​ចត់​ពី​សំណាក់​ពួក​ឧទ្ទាម​ស៊ីរី ជា​ពិសេស​ក្រុម​ឧទ្ទាម​នៅ​តំបន់​ហ្គូតា ដែល​មាន​ជន​ស៊ីវិល​ប្រមាណ​៤០​ម៉ឺន​នាក់​កំពុង​ជាប់​អន្ទាក់​ជា​ចំណាប់​ថ្នូរ​នៃ​ការ​ប្រយុទ្ធ​គ្នា។ ជាពិសេស​ រុស្ស៊ី​ប្រឆាំង​នឹងការ​ប្រើ​​ភាសា​ដែល​មាន​សរសេរ​ចែង​ក្នុង​គម្រោង​សេចក្តី​សម្រេច។ គ្រាន់​តែ​ជា​ពាក្យ​មួយ​ម៉ាត់​ទេ តែ​ជាពាក្យ​​គន្លឹះ​​​​នៃ​ការ​ចាប់​ផ្តើម​បទ​ឈប់​បាញ់។

សូម​អាន ៖ ក្រុមប្រឹក្សា​សន្តិសុខ​បរាជ័យ​ក្នុង​ការ​ស្វែង​រក​បទ​ឈប់​បាញ់​ដើម្បីមនុស្សធម៌​នៅស៊ីរី

គម្រោង​សេចក្តី​សម្រេច​ដើម បានកំណត់​យ៉ាង​ច្បាស់​លាស់​​អំពី​វេលាដែល​​​​បទ​ឈប់​បាញ់​ ត្រូវ​ចូល​ធរមាន ថា​ត្រូវចាប់ផ្តើម​​នៅ​រវាង​ ៧២​ម៉ោង ក្រោយ​​ការ​បោះឆ្នោត​អនុម័ត នៅ​ក្រុម​ប្រឹក្សា​សន្តិសុខរួច។ ប៉ុន្តែ​រុស្ស៊ី មិន​ត្រូវ​ការ​​​ឱ្យ​មានការ​កំណត់​រយៈ​ពេលអ្វី​ទាំង​អស់​ ដើម្បី​ការពារ​របប​ស៊ីរី​ របស់​លោក​ បាស្ហារអាល់អាសាទ ដែលចង់​យក​ឈ្នះ​តាម​ផ្លូវ​យោធា និង​​កំពុង​ធ្វើ​ប្រតិបត្តិការ​​ទម្លាក់​គ្រាប់បែក​យ៉ាង​សន្ធឹក​សន្ធាប់​លើ​តំបន់​ហ្គូតា ភាគ​ខាង​កើ​ត​ក្រុង​ដាម៉ាស។

លើកពេល​ដើម្បីមើលចិត្ត

ក្រុម​អ្នក​ការ​ទូត​ នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​ ក៏​បាន​ព្រមបន្ទន់​ឥរិយាបថ តាម​សំណើ​រុស្ស៊ី ដោយ​បាន​បញ្ជាក់​ថា គម្រោង​សេចក្តី​សម្រេច​អង្គការ​សហប្រជាជាតិ​ កែ​ហើយជា​ចុងក្រោយនេះ នឹង​គ្មាន​បញ្ជាក់​កាល​បរិច្ឆេទ​នៃ​ការ​ចាប់​ផ្តើម​​បទ​ឈប់​បាញ់​ទេ។ គ្មាន​ការ​កំណត់​ពេល​វេលា មាន​ន័យ​ថាគេ​អាច​បក​ប្រែ​ពន្លាត់​អត្ថន័យ​បាន​ស្រេច​នឹង​ចិត្ត។

ភាព​តាន​តឹង​ កំពុង​គ្របដណ្តប់​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ខ្លាំង​ណាស់ ! បើ​តាម​អ្នក​ការទូត​ម្នាក់ ​គេ​នឹងបាន​​ដឹង​ការ​ពិត ! ការ​ពិតថា​តើ​​​រុស្ស៊ីមាន​នយោបាយ​និង​​ជំហរ​ ​ច្បាស់​លាស់​យ៉ាងណានៅ​ក្នុង​ការ​ចរចានេះ ឬ​ក៏​គ្រាន់​តែជា​លេស​​​ សម្រាប់​ចំណេញ​ពេល​វេលា​ឱ្យ​របប​ក្រុង​ដាម៉ាស​បាន​ចាត់ការលើ​សមរភូមិ។

​ម្យ៉ាង​ទៀត ការ​ចរចា​ជាមួយ​រុស្ស៊ីលើ​កំណែចុងក្រោយ​មិន​អាច​បញ្ចប់​បាន​ទាន់​ពេល​វេលា។ តាម​ទម្លាប់​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នៅ​ពេល​ណា​ដែល​អត្ថបទ​ច្បាប់ ឬ​សេចក្តី​សម្រេច​ណា​មួយ​ បានតាក់តែង​ កែសម្រួល​​ និង​សរសេរ​ចប់​ហើយ អង្គការ​តែង​ទុក​ពេលឱ្យ​រំលង​មួយ​ថ្ងៃ​​យ៉ាង​ហោច មុន​នឹង​ចាប់​ផ្តើម​រៀប​ចំ​ការ​បោះឆ្នោត​អនុម័ត។

នៅយប់​មិញ ម៉ោង ២២ ម៉ោង​សកល​ទៅ​ហើយ​ ទើប​គេ​ឃើញ​លោក​ប្រមុខ​ការ​ទូត​ កូវ៉ែត ប្រធាន​ផ្លាស់​វេន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ប្រកាស​ថា នឹង​ធ្វើ​ការ​បោះឆ្នោត​​ លើ​សេចក្តី​សម្រេច​ទាមទារ​បទ​ឈប់​បាញ់​នៅ​ស៊ីរី នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​វេលាម៉ោង​ ១៧ ម៉ោង​សកល ត្រូវ​នឹង​ម៉ោង ៥ភ្លឺ​ថ្ងៃ​អាទិត្យ​ ម៉ោង​នៅ​ប្រទេ​សកម្ពុជា និង​បាន​បញ្ជាក់​ថា​ “ជិត​សម្រេច​បំណង​មែនទែន​ហើយ។ ប៉ុន្តែ​យើង​បន្ត​ចរចា​ទៀត​ ...”

ទិដ្ឋភាព​តំបន់ហ្គូតា ជាយក្រុង​ដាម៉ាស ក្រោយ​ការ​ទម្លាក់​គ្រាប់បែក REUTERS/Bassam Khabieh

អ.ស.ប. ចង់​បញ្ចៀស​វ៉េតូ​រុស្ស៊ីឱ្យបាន

ការ​ចរចា​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការ​ទាមទារ​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​ស៊ីរី បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី ៩ កុម្ភៈ​២០១៨ មក ជាមួយ​កម្មវត្ថុប​ញ្ចៀស​ឱ្យ​បាន​វ៉េតូ​រុស្ស៊ី។ ដើម្បី​អនុម័ត​គម្រោង​សេចក្តី​សម្រេច​​អង្គការ​សហប្រជាជាតិមួយ គម្រោង​នោះ​ត្រូវ​ការ​សំឡេង​គាំទ្រ​៩ លើ​១៥​សំឡេង​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អចិន្ត្រៃយ៍​និង​មិន​អចិន្ត្រៃយ៍ ហើយ​គ្មាន​ការ​ប្រឆាំង​វ៉េតូ​​សោះ​ពី​សមាជិក​អចិន្ត្រៃយ៍ ទាំង​៥ គឺ សហរដ្ឋ​អាមេរិក បារាំង អង់គ្លេស ចិន​និង​រុស្ស៊ី។ តាំង​ពី​សង្គ្រាម​ស៊ីរី​បាន​ផ្ទុះ​ឡើង​ ហើយ​ពេល​នេះ​បាន​ឈាន​ចូល​ដល់​ឆ្នាំ​ទី ៨ និ​ងបាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង ៣៤​ម៉ឺន​នាក់​មក រុស្ស៊ី​ដែល​បាន​ចូល​ធ្វើ​អន្តរាគមន៍​យោធា​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ដាម៉ាស នៅ​ឆ្នាំ​២០១៥ បាន​ប្រើ​សិទ្ធិ​វ៉េតូ​​ចំនួន​១១​ដងប្រឆាំង​នឹង​គម្រោង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​។

​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បន្ត​ការ​ចរចា​ទៀត​ជាមួយ​រុស្ស៊ី ព្រោះ​អង្គការ​ចង់​បញ្ចៀស​ឱ្យ​បាន សេណារីយោ​រុស្ស៊ី​បោះឆ្នោត​ប្រឆាំង​វ៉េតូ នៅ​លើកនេះ។

បើតាម​ប្រភព​ការទូត​ម្នាក់ ការចរចា​ ប្រព្រឹត្ត​ទៅ​ជា​សំខាន់​រវាង​ម្ខាង​ជា​ភាគី​រុស្ស៊ី និង​ម្ខាង​ទៀត​ គឺ​កូវ៉ែត និង​ស៊ុយអែត ដែល​ជា​ប្រទេស​ហត្ថលេខី​​និង​​​ផ្តួច​ផ្តើម​តាក់តែង​គម្រោង​សេចក្តី​សម្រេច​​ដំបូងគេ។ ចំណែក​បារាំង​បាន​​ដើរ​តួ​ជាអន្តរការី។

ស្រប​ពេល​នឹង​សេចក្តី​ប្រកាសរបស់​ប្រមុខការ​ទូត​​កូវ៉ែត​ប្រធាន​ផ្លាស់​វេន​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​ប្រជាជាតិ​ លោកប្រធានាធិបតី​បារាំង ព្រមទាំង​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​ថែម​ទាំង​សរសេរ​លិខិត​មួយ​រួម​គ្នា ​ផ្ញើ​ជូន​ទៅ​កាន់​លោក​ប្រធានាធិបតី​រុស្ស៊ី​ផ្ទាល់​តែ​ម្តង ដើម្បី​ស្នើ​ឱ្យ​រុស្ស៊ី​ព្រម​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​​ទាមទារ​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​ស៊ីរី៕

ជប៉ុន​នឹង​​អាច​​ក្លាយ​​ជា​ជន​រងគ្រោះ​នៃ​​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក ដែរ​ឬ ?

កិច្ចសន្យារ៉ាហ្វាល់បារាំង-ឥណ្ឌា ក្លាយ​​ជា​រឿង​អាស្រូវ​នយោបាយ ?

អឺរ៉ុប​ដែល​នៅខ្វែងគំនិត ក្នុង​រឿងអន្តោប្រវេសន៍ ចង់​ផ្តល់សន្ទុះ​ដល់​ការចរចា​Brexit

តើ​លទ្ធផល​នៃ​ជំនួប​រវាង​កូរ៉េ​ទាំងពីរ​អាច​ជួយ​ផ្តល់​សន្ទុះ​កិច្ចចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដែរ​ឬ​ទេ?

លោកដូណាល់ ត្រាំ ដំឡើងពន្ធ​១០ភាគរយ លើ​ពាក់កណ្តាល​នៃ​ទំនិញចិន នាំចូល​អាមេរិក

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ទៅ​ម៉ាសេដ្វាន ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​រុស្ស៊ី

ប្រធាន​ក្រុមហ៊ុន​សាំស៊ុង និង​ហ៊ីយុនដាយ នឹង​អមដំណើរ​លោក​មូនចៃអ៊ីន ទៅ​ព្យុងយ៉ាង

សង្គ្រាមពាណិជ្ជកម្ម​ ​តម្រូវ​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ត្រូវ​​ធ្វើ​​កំណែទម្រង់

តើ​ក្នុង​លក្ខខណ្ឌ និង​កំហុសឆ្គង​បែប​ណា​ដែល​ជំរុញ​អឺរ៉ុប​ឲ្យ​ប្រើ​មាត្រាទី៧ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​សមាជិក?

កិច្ចប្រជុំស្តីពីអាកាសធាតុ ប្រឈម​នឹង​ការ​ខ្វះ​ឆន្ទៈនយោបាយ​និង​ថវិកា

រុស្ស៊ី​បាន​បង្ហាញ​អានុភាព​យោធា​តាម​រយៈ​មហាសមយុទ្ធ​មិន​ធ្លាប់​មាន​ចាប់ពី​ក្រោយ​សង្រ្គាមត្រជាក់

សំណុំរឿងអ៊ុយហ្គួរ៖ អង្គការក្រៅរដ្ឋាភិបាល អំពាវនាវឲ្យ សហគមន៍អន្តរជាតិ មានចាត់ការចិន

បោះឆ្នោត​សភា​នៅ​ស៊ុយអែត៖​ហេតុអ្វី​បាន​ជា​គណបក្ស​ស្តាំនិយមជ្រុល​កំពុង​ឡើង​សម្លេង​ខ្លាំង?

កម្ពុជា​ជា​ប្រទេសកិត្តិយស​ក្នុង​មហោស្រព​ខ្លែង​អន្តរជាតិ

សង្រ្គាម​នៅ​ស៊ីរី៖​ជោគវាសនា​ទីក្រុង​អ៊ីដឡិប​កំពុង​ស្ថិត​លើ​កិច្ចប្រជុំ​ក្នុង​ទីក្រុង​តេហេរ៉ង់ និង​ទីក្រុង​ញូយ៉ក

ឥណ្ឌា៖ តុលាការកំពូល​លុបចោល​ទោស​ព្រហ្មទណ្ឌ លើ​ទំនាក់ទំនង​ផ្លូវភេទ​រវាង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា

ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងត្បូងទៅព្យុងយ៉ាង​ដើម្បី​ផ្តល់​​សន្ទុះថ្មី​ដល់​កា​រចរចា

បី​ឆ្នាំក្រោយមក កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​មានតែនៅលើ​ក្រដាស

វេទិកា​នៃ​កិច្ចសហប្រតិបត្តិការ​​ចិន​-អាហ្វ្រិក​​ចាប់​បើក​នៅ​ប៉េកាំង

ប្រធានាធិបតីហ្វីលីពីន ឌុយទែរតឺ ​បំពេញ​ទស្សនកិច្ច​លើក​ដំបូង នៅ​អ៊ីស្រាអែល