អង្គការសហប្រជាជាតិបើកកិច្ចចរចាស្វែងរកកិច្ចព្រមព្រៀងអន្តោប្រវេសន៍ពិភពលោក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០៦
ប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ លើកលែងតែសហរដ្ឋអាមេរិកមួយចេញ បានចាប់ផ្តើមបើកកិច្ចចរចា ចាប់ពីថ្ងៃអង្គារ ទី ២០ កុម្ភៈ២០១៨នេះទៅ ដើម្បីសម្រេចស្វែងរកឱ្យឃើញកិច្ចព្រមព្រៀងពិភពលោកស្តីអំពីអន្តោប្រវេសន៍ នៅខែធ្នូចុងឆ្នាំ។ ជាដំណើរចរចាដ៏វែងអន្លាយ ឯវិបត្តិអន្តប្រវេសន៍ត្រូវបានចាត់ទុកជាវិញ្ញាសាដ៏ចំបងរបស់មនុស្សជាតិ។
កិច្ចចរចាត្រូវចាប់ផ្តើមពីថ្ងៃអង្គារនេះទៅ នៅទីក្រុងញូវយ៉ក និងជារៀងរាល់ខែ ចំនួន៦វគ្គ មួយខែម្តងៗរហូតទល់នឹងខែកក្កដា ដើម្បីធ្វើយ៉ាងណាស្វែងរកឱ្យឃើញនូវកិច្ចព្រមព្រៀងពិភពលោកមួយ អាចចុះហត្ថលេខាបាន នៅថ្ងៃទី១០-១១ ធ្នូ ២០១៨ ក្នុងជំនួបកំពូលនៅប្រទេសម៉ារ៉ុក។
កម្មវត្ថុនៃការចរចាបង្កើតកិច្ចព្រមព្រៀងនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ស្តីអំពីអន្តោប្រវេសន៍ កំរិតអន្តរជាតិ/ពិភពលោក និងក្នុងគ្រប់សណ្ឋាន។ អន្តោប្រវេសន៍ បានក្លាយជាវិបត្តិប្រឈមដ៏ធំធេងរបស់ភពផែនដី ទាំងមូល មិនមែនជាបញ្ហាត្រូវដោះស្រាយដោយចំពោះតែប្រទេសណាមួយទេ។ បច្ចុប្បន្ននេះ ចំនួនជនអន្តោប្រវេសន៍បានកើនឡើងដល់ប្រមាណ ២៥៨លាននាក់ ពោលគឺស្មើប្រមាណ៣,៤%នៃប្រជាជនសរុបលើភពផែនដី។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរំលឹកថា ក្រៅអំពីចលនាភៀសខ្លួនគេចពីសង្គ្រាម ពីជម្លោះ នឹងមានចលនាអន្តោប្រវេសន៍ទ្រង់ទ្រាយធំផ្សេងៗដែលបង្កឡើងដោយការឡើងកម្តៅនៃភពផែនដី។ ហេតុដូច្នេះហើយបានជាយើងគ្រប់គ្នា “ប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់” ត្រូវត្រៀមខ្លួនប្រឈមនិងចាត់ចែងលំហូរអន្តោប្រវេសន៍ ដោយគិតគូរចរចាបង្កើតជាកិច្ចព្រមព្រៀងអន្តោប្រវេសន៍ពិភពលោក ដើម្បីផ្តល់ទស្សនៈវិស័យវិជ្ជមានដល់អន្តោប្រវេសន៍ ទប់ស្កាត់គំនិតការស្អប់ខ្ពើមនិងរើងអើងគ្នា។
កិច្ចព្រមព្រៀងពិភពលោកស្តីអំពីអន្តោប្រវេសន៍ បានធ្វើឱ្យនឹកឃើញនិងអាចប្រៀបប្រដូចបានទៅនឹងកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុដែរ។ កិច្ចព្រមព្រៀងនេះនឹងក្លាយជាឯកសារយោងសម្រាប់ពិភពលោកទាំងមូល ធ្វើការរួមគ្នា ដើម្បីធានាឱ្យអន្តោប្រវេសន៍អន្តរជាតិមានសុវត្ថិភាព មានសណ្តាប់ធ្នាប់ និងស្របច្បាប់ ប៉ុន្តែគ្មានលក្ខណៈ ចាប់បង្ខំឱ្យគោរពទេ។
គម្រោងកិច្ចព្រមព្រៀង មានលម្អិតវិធានការចំនួន ២២ចំណុច ជាក់ស្តែងទៀត ដូចជា ប្រមូលនិន្នន័យ ផ្តល់អត្តសញ្ញាណប័ណ្ណដល់អន្តោប្រវេសន៍ ផ្តល់សេវាសុខភាពពិសេសដល់ស្ត្រីនិងកុមារ ផ្តល់ឱកាសឱ្យជនអន្តោប្រវេសន៍អាចស្វែងរកសេវាកម្មសង្គម ឬទប់ស្កាត់កុំឱ្យមានការរើងអើង។
និយាយជារួម គម្រោងកិច្ចព្រមព្រៀង ចង់បង្កើតឱ្យមានការយោគយល់គ្នាទៅវិញទៅមក ចំពោះបាតុភូតអន្តោប្រវេសន៍ និងចង់បញ្ជាក់ឱ្យដឹងអំពីភាពចាំបាច់នៃការចែករំលែកទំនួលខុសត្រូវគ្នា និងចេះរួបរួមគ្នា។ សម្រាប់ប្រទេសខ្លះ ប្រធានបទនេះជាបញ្ហាដ៏សែនរសើប ! ដូច្នេះការចរចាទំនងជានឹងមានភាពស្មុគស្មាញខ្លាំងមែនទែន។ នេះបើតាមការព្យាករណ៍របស់អ្នកការទូត។
ឯចំណែកសហរដ្ឋអាមេរិក ដែលមានវិបត្តិដ៏តានតឹងជាមួយប្រទេសម៉ិចស៊ិកជិតខាង ក្នុងសំណុំរឿងអន្តោប្រវេសន៍ មិនចូលរួមទេ។ រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ បានប្រកាស កាលពីចុងឆ្នាំ២០១៧ ដកខ្លួនចេញ ពីរៀបចំបង្កើតកិច្ចព្រមព្រៀង ដោយពន្យល់ថា ចំណាត់ការចែងក្នុងគម្រោងកិច្ចព្រមព្រៀង មានលក្ខណៈផ្ទុយនឹងនយោបាយអន្តោប្រវេសន៍របស់ប្រធានាធិបតី។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ មិនបានបន្ទោសសហរដ្ឋអាមេរិកដោយចំឈ្មោះទេ តែបានព្រមានថា អាជ្ញាធរ ដែលធ្វើរនាំងទប់អន្តោប្រវេសន៍ ឬចាត់វិធានការតឹងតែងបិទឱកាសការងារដល់ជនអន្តោប្រវេសន៍ កំពុងបង្ខូចផលប្រយោជន៍សេដ្ឋកិច្ចជាតិឯងដោយឥតប្រយោជន៍ និងកំពុងលើកទឹកចិត្ត ដោយអចេតនា ឱ្យមានអន្តោប្រវេសន៍ខុសច្បាប់កាន់តែច្រើន។
ប៉ុន្តែទន្ទឹមនឹងពាក្យរិះគន់ ទ្វារក៏នៅចំហជានិច្ចចាំទទួលអាមេរិក ! នេះបើតាមប្រភពការទូត ដែលគូសបញ្ជាក់យ៉ាងច្បាស់ថា អវត្តមានរបស់វ៉ាស៊ីនតោន មិនមែនជាឧសបគ្គរារាំង នៃការបង្កើតកិច្ចព្រមព្រៀងឱ្យចេញជារូបរាងឡើង។
ដំបូងឡើយ ហុងគ្រី ដែលមាននយោបាយតឹងរឹងខ្លាំងចំពោះបញ្ហាអន្តោប្រវេសន៍ ជាងគេនៅអឺរ៉ុប ក៏ចង់ដកខ្លួនចេញ ដោយយកគំរូតាមសហរដ្ឋអាមេរិក។ តែទីបំផុតក៏បានប្តូរចិត្តវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ