អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

ក្រោយការបាញ់រះនៅFlorida មានតែក្តីរន្ធត់និងសំណួរជាច្រើន គ្មានចម្លើយ

សហរដ្ឋ​អាមេរិក បាន​ជួប​ហេតុការណ៍​បាញ់​រះ​នៅ​សាលារៀន​ ជា​ថ្មី​ទៀត កាលពី​ថ្ងៃពុធ។ គឺ​ជា​ករណី​ទី ១៨ សម្រាប់​ឆ្នាំ​២០១៨ ដែល​ទើប​ចាប់​ផ្តើម​មិន​ទាន់​បាន​ពីរ​ខែ​ផង។ ខ្មាន់​កាំភ្លើង​ជា​យុវជន​អាយុ​ ១៩​ឆ្នាំ​ បាន​ទទួល​សារភាព។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ទាំង​មូល​កំពុង​មាន​ចម្ងល់​និ​ងចោទ​សួរ​ថា​តើ​ហេតុ​អ្វី​បាន​ជា​យុវជន​មាន​ជំនក់​ចិត្ត​នឹង​អាវុធ មាន​សតិ​មិន​ត្រឹម​ត្រូវ​ និង​មាន​ចំណង​ជាមួយ​ក្រុម​ស្តាំ​ជ្រុល​និយម​ អាច​គេច​ពី​ភ្នែក​ច្រមុះ​របស់​​ប៉ូលិស​ ហើយ​មក​ប្រព្រឹត្ត​សកម្មភាព​​បាញ់​ប្រហារ​នៅ​សាលារៀន​បាន ?!

បាតុករ​ប្រឆាំង​នឹង​កា​រប្រើប្រាស់​អាវុធ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ
បាតុករ​ប្រឆាំង​នឹង​កា​រប្រើប្រាស់​អាវុធ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ REUTERS
ផ្សាយពាណិជ្ជកម្ម

ខ្មាន់​កាំភ្លើង Nicolas Cruz បាន​ទទួល​សារភាព និង​បាន​សម្តែង​វិប្បដិសារី ចំពោះ​ទង្វើ​បាញ់​រះ​សម្លាប់លើ​សិស្សសាលាអស់​១៧​នាក់​​ កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​បាន​ប៉ូលិស​ចាប់​ចោទ​សួរ​អស់​មួយ​យប់។ ​Nicolas Cruz បាន​រងការ​ចោទ​ប្រកាន់ ពី​បទ​​ធ្វើ​ឃាត​មនុស្ស​១៧​នាក់​​​​ ដោយ​ចេតនា​និងត្រូវ​​កាត់​ទោស​ ក្នុង​ពេល​ឆាប់ៗ។ ប៉ុន្តែបណ្តា​ជន​អាមេរិក​នៅ​តែ​មិន​អស់​មិន​ហើយ ថាតើ​នេះជា​ការ​ធ្វេស​ប្រហែស​របស់​FBIឬយ៉ាងណា​ ?

​តាមការ​ពិត​ ប៉ូលិស​សហព័ន្ធ FBI បានទទួល​ស្គាល់​មាន​សញ្ញា​អាសន្ន​តាំង​ពី​ខែ​កញ្ញា​២០១៧ ​ថា​ មាន​​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​You Tubeបាន បង្ហោះ​សារ​ចង់ក្លាយ​ជា​ ខ្មាន់​កាំភ្លើង​ប្រកប​ដោយ​វិជ្ជាជីវៈ​​នៅ​សាលារៀនមែន ?! ប៉ុន្តែ​ប៉ូលិស​គ្មាន​ព័ត៌មាន​អ្វី​​ដែល​អាច​បញ្ជាក់​ពីពេលវេលា កន្លែង​ និង​អត្តសញ្ញាណ​​របស់​បង្ហោះសារខំម៉ិន​នោះ​ឡើយ។ ចំណែក​ទំនាក់ទំនង​​របស់​ខ្មាន់​កាំភ្លើង​ជាមួយ​នឹង​ក្រុម​ជ្រុលនិយម​ស្បែក​ស​ គឺ​ជា​សម្មតិកម្ម​ដែល​លើក​ឡើង​ដោយ​សហព័ន្ធ​ប្រឆាំង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មានមិនពិត​។​ បើ​តាម​អង្គការ​ដែល​សិក្សា​ចលនា​ជាតិ​និយម​ជ្រុល​នៅ​អាមេរិក​ នីកូឡា គ្រូស បាន​ចូល​រួម​ប្រជុំជា​ញឹកញយ​ និង​ហាត់​រៀន​បាញ់កាំភ្លើង​​ ជាមួយ​ក្រុម​នេះ។

យ៉ាងណាក៏​ដោយ ក៏​សោកនាដកម្ម​នេះ​ បាន​ធ្វើ​ការ​តស៊ូ​មតិស្តី​ពី​ការ​ប្រើប្រាស់​អាវុធ​​មា​សន្ទុះ​ឡើង​វិញ។ ម្តាយ​របស់​ជនរងគ្រោះ​ម្នាក់​បាន​ ស្រែក​ហៅ​ចំ​ៗឱ្យ​ប្រធានាធិបតី​អាមេរិក រិះរក​មធ្យោបាយ​ភ្លាមៗ ដើម្បី​រក្សា​សន្តិសុខ​ដល់​គ្រប់ក្មេងៗ។

លោ​កប្រធានាធិបតី ដូណាល់​​ត្រាំ ដែល​​នឹង​អញ្ជើញ​ទៅ​កាន់​កន្លែង​កើត​ដោយ​ផ្ទាល់ ដើម្បី​រំលែក​ទុក្ខ​ថា្នក់ជាតិ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​អាមេរិក​ផ្តល់ក្តី​ស្រលាញ់​​ជំនួស​ការ​ស្អប់ខ្ពើម​គ្នា។ ប៉ុន្តែ​លោក​មិន​បាន​លើក​ឡើង​សោះ​អំពី​ការ​ប្រើប្រាស់​អាវុធ ផ្ទុយ​ពី​​មតិ​សាធារណៈ​ជា​ច្រើនដែល​​បាន​ផុស​ផុល​ឡើង​ជា​ថ្មី​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​​វិធានការ​ត្រួតពិនិត្យអាវុធ។

អតីត​ប្រធានាធិបតី​អាមេរិក ជា​អ្នក​ប្រជាធិបតេយ្យ លោក​ បារ៉ាក់ អូបាម៉ា បានព្រលយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ថា​អាមេរិក​ពិត​ជាអាច​ធ្វើបាន និង​បាន​អំពាវនាវ​ឱ្យ​សភា​អាមេរិក​ភ្ញាក់​រលឹក​ឡើង។ ប៉ុន្តែ​​គេ​សង្ឃឹម​តិច​តួច​បំផុត​ថា​សភា​ដែល​ភាគ​ច្រើន​ជា​អ្នក​សាធារណរដ្ឋ​នឹង​ធ្វើ​កំណែទម្រង់​ច្បាប់គ្រប់គ្រង​អាវុធ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ