អានតួអត្ថបទ
អេហ្ស៊ីប-សហរដ្ឋអាមេរិក

ដំណើរ​ទស្សនកិច្ច​មួយជុំ​របស់​ប្រមុខការបរទេស​អាមេរិក​នៅ​ដើមបូព៌ា

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក​រេច ធីល័រសុន ធ្វើ​ដំណើរ​ទស្សនកិច្ច​មួយជុំ​នៅ ដើមបូព៌ា ដោយ​ចាប់​ផ្តើម​ដំបូង​នៅថ្ងៃ​ចន្ទ នេះ នៅក្នុង​ប្រទេស​អេហ្ស៊ីប។ បន្ទាប់​ពី អេហ្ស៊ីប ប្រមុខ​ការបរទេស​អាមេរិក​នឹង​ទៅ​ចូលរួម ក្នុង​កិច្ចប្រជុំ​ស្តីពីការប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម នៅក្នុង​ប្រទេស​កូវ៉ែត។ ប៉ុន្តែ គឺដំណើរ​ទៅ​កាន់​ប្រទេស​តួកគី ដែល​ជា​ដំណាក់កាល​ស្មុគស្មាញ សម្រាប់​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក នៅក្នុង​កាលៈទេសៈ ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ កាន់​តែ​តានតឹង ជាពិសេស​នៅក្នុង​សំណុំរឿង​ស៊ីរី។

រដ្ឋមន្រ្តី​ការបទេស​អាមេរិក​លោក​រេច ធីល័រសុន
រដ្ឋមន្រ្តី​ការបទេស​អាមេរិក​លោក​រេច ធីល័រសុន ©REUTERS/Jaime Saldarriaga
ផ្សាយពាណិជ្ជកម្ម

ធ្វើដំណើរ​ទៅដល់​ក្រុង​គែរ​តាំង​ពី​ថ្ងៃ​អាទិត្យ ប្រមុខការបរទេស​អាមេរិក​ត្រូវ​ចូល​ជួប ​ប្រធានាធិបតី អេហ្ស៊ីប លោកស៊ីស៊ី នៅថ្ងៃ​ចន្ទនេះ។ តាម​មន្រ្តី​ក្រសួងការបរទេស​អាមេរិក ទស្សនកិច្ច​របស់​លោកលោក​រេច ធីល័រសុន ​នៅ​អេហ្ស៊ីប នឹង​ផ្តោត​សំខាន់​ទៅលើ​ការរួមគ្នា ប្រយុទ្ធប្រឆាំង​ក្រុមភេរវនិយម បញ្ហា​នៅ​លីប៊ី និង​ស៊ីរី ដែល​ជាសំណុំរឿង​ឈឺក្បាល​រួមគ្នា​របស់​ប្រទេស​ទាំងពីរ ហើយ​និង​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន។

លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ទៅ​ទីក្រុង​គែរ លើកនេះ គឺ​នៅ​មួយខែ​ក្រោយ ទស្សនកិច្ច​របស់​អនុប្រធានាធិបតី អាមេរិក លោក​Mike Pence នៅ​អេហ្ស៊ីប ដែល​នៅពេលនោះ លោក Mike Pence បាន​និយាយ​ជាមួយ​ភាគី​អេហ្ស៊ីប ពី បញ្ហា​សន្តិសុខ ក្នុង​តំបន់ ហើយនិង​ការផ្តល់​ជំនួយ​របស់​អាមេរិក សម្រាប់​អេហ្ស៊ីប។

សូមអាន៖លោកដូណាល់ ត្រាំ​ទទួល​​ប្រធានាធិបតី​អេហ្ស៊ីប​ក្រោម​សំឡេង​រិះគន់​របស់​អង្គការ​ការពារ​​សិទ្ធិ​មនុស្ស

បន្ទាប់ពី អេហ្ស៊ីប ប្រមុខការបរទេស​អាមេរិក​នឹង​ធ្វើដំណើរ​ទៅ​ប្រទេស​កូវ៉ែត ជាទី​ដែល​លោក​នឹង​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រទេស​សម្ព័ន្ធ​អន្តរជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ក្នុង​ទឹកដី​អ៊ីរ៉ាក់ និង​ស៊ីរី។ បន្ទាប់​ពីនោះ រដ្ឋមន្រ្តី​ការបរទេស លោក​រេច ធីល័រសុន​នឹង​ចូលជួប​ព្រះចៅ​របស់​ប្រទេស​អូម៉ង់ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ជួប​ប្រធានាធិបតី​លីបង់។

លោក​រេច ធីល័រសុន​នឹង​បិទបញ្ចប់​ទស្សនកិច្ច​មួយជុំ​នៅ​ដើម​បូព៌ា នៅ​ប្រទេស​តួកគី។ គឺ ទស្សនកិច្ច​នៅ​តួកគី ដែល​ជា​ដំណាក់កាល​ស្មុគស្មាញ​សម្រាប់​ប្រមុខការបរទេស​អាមេរិក។ តាមអ្នកទទួល​ខុសត្រូវ​ម្នាក់​របស់​ក្រសួង​ការបរទេស​អាមេរិក លោក​រេច ធីល័រសុន​បាន គិត​ទុក​រួច​ហើយ​ថា ជំនួប​ពិភាក្សា​ជាមួយ​ភាគី​តួកគី នឹង​លំបាក ជា​ពិសេស​​នៅក្នុង​សំណុំរឿង​ស៊ីរី។ អាមេរិក និង​តួកគី ជា​សមាជិក​របស់​អង្គការ​អូតង់ ប៉ុន្តែ ប្រទេស​ទាំងពីរ កំពុង​ប្រឈមមុខ​ដាក់គ្នា ដោយសារ​តែ​តួកគី​បានបើក​ការវាយ​ប្រហារ​ទៅលើ​ក្រុមគួឌីស្ថាន ស៊ីរី នៅក្នុង​ទឹកដី​ស៊ីរី។

អាមេរិក​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​តួកគី​បញ្ឈប់​ប្រតិបត្តិការ​យោធា វាយប្រហារ​ទៅលើ​ក្រុម​គួឌីស្ថាន ស៊ីរី ដែល​ជា​ដៃគូ​ប្រយុទ្ធ បាន​ជួយ​អាមេរិក វាយ​យកឈ្នះ លើ​ក្រុមជីហាត​រដ្ឋអ៊ីស្លាម នៅ​ស៊ីរី។ ប៉ុន្តែ រដ្ឋាភិបាល​តួកគី​វិញ ដែល​បាន​បញ្ជូន​ទ័ព​ទៅ​វាយប្រហារ​លើ​ក្រុមគួឌីស្ថាន​ក្នុង​ទឹកដី​ស៊ីរី តាំង​ពី​ខែ​មករា បាន​និយាយ​ដាច់ណាត់ ហើយ​ថា នឹង​ពង្រីក​សមរភូមិ​ប្រយុទ្ធ ទៅ​ភាគខាងជើង​ស៊ីរី ក្បែរ​ទឹកដី​អ៊ីរ៉ាក់ និងបាន ទាមទារ​ឲ្យ​អាមេរិក​ដកកងទ័ព​ចេញពី​ស៊ីរី បើសិន​មិនចង់​ប្រឈមមុខ​នឹង​ទាហាន​តួកគី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ