អានតួអត្ថបទ
ស៊ីរី-អ.ស.ប

ស៊ីរី៖​ក្រុមប្រឹក្សាសន្តិសុខ​បរាជ័យ​ក្នុង​ការ​ស្វែង​រក​បទឈប់បាញ់​មួយ​ដើម្បី​ជំនួយ​មនុស្សធម៌

នៅ​ក្នុង​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខ​ដែល​បាន​រួម​ប្រជុំ​បិទទ្វារ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៨ កុម្ភៈ​បាន​ទទួល​បរាជ័យ​ក្នុង​ការ​ស្វែង​រក​បទឈប់បាញ់​បណ្តោះអាសន្ន​មួយ​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​កាន់​តំបន់​រងគ្រោះ។ ភាគី​រុស្ស៊ី​ជា​អ្នក​ដែល​បាន​បោះឆ្នោត​ប្រឆាំង​លើ​បទឈប់បាញ់​បណ្តោះអាសន្ន​ដោយ​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា ពួក​ភេរវជន​នឹង​មិន​ទទួល​យក​បទ​ឈប់​បាញ់​នោះ​ទេ។ គួរ​ជម្រាប​ជូន​ថា កំណើន​អំពើហិង្សា​នៅ​ស៊ីរី​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ២០០នាក់​ដែល​ភាគច្រើន​ជា​ជនស៊ីវិល។

​ក្រុមប្រឹក្សាសន្តិសុខ​បរាជ័យ​ក្នុង​ការ​ស្វែង​រក​បទឈប់បាញ់​មួយ​ដើម្បី​ជំនួយ​មនុស្សធម៌​នៅ​ស៊ីរី
​ក្រុមប្រឹក្សាសន្តិសុខ​បរាជ័យ​ក្នុង​ការ​ស្វែង​រក​បទឈប់បាញ់​មួយ​ដើម្បី​ជំនួយ​មនុស្សធម៌​នៅ​ស៊ីរី REUTERS/ Bassam Khabieh
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​បិទទ្វារ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​បាន​រៀបចំ​នេះ​ជា​សំណើ​របស់​ប្រទេស​ស៊ុយអែត និង​ប្រទេស​គុយវ៉ែត​តាម​ការ​ទាមទារ​របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ជា​ច្រើន​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ទឹកដី​ស៊ីរី។ អ្វី​ដែល​ពួក​គេ​ទទូច​ចង់​បាន គឺ​ចង់​ឲ្យ​មាន​បទឈប់បាញ់​រយៈពេល ១ខែ​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​រៀបចំ​បញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ជនស៊ីវិល​ដែល​កំពុង​ជាប់កុន​នៅ​ក្នុង​ការ​វាយប្រហារ​គ្នា​រវាង​ពួក​ភេរវជន និង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី រួម​ដៃ​ជា​កម្លាំងទ័ព​រុស្ស៊ី។ ការ​វាយប្រហារ​ដែល​ក្នុង​រយៈពេល ៥ថ្ងៃ​កន្លង​ទៅ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ២០០នាក់។

លោក Vassili Nebenzia ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​លើក​យក​ហេតុផល​គ្រោះថ្នាក់​ភេរវនិយម​ជា​សំអាង​ដើម្បី​បញ្ជាក់​ពី​មូលហេតុ​ដែល​រុស្ស៊ី​បាន​បោះឆ្នោត​ប្រឆាំង​នឹង​បទឈប់បាញ់។ តាម​លោក Vassili រុស្ស៊ី​ចង់​ឲ្យ​មាន​បទ​ឈប់​បាញ់​ខ្លាំង​ណាស់ តែ​គេ​មិន​ប្រាកដ​ថា​ពួក​ភេរវជន​ទទួល​យក​ទេ។ យ៉ាង​ណា​ក៏​ដោយ លោក Mark Lowcock ប្រធាន​ផ្នែក​ប្រតិបត្តិការ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​វត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ​មិន​ញញើត​នឹង​ដំឡើង​សម្លេង​ខ្លាំងៗ​ដោយ​លើកឡើង​ពី​ស្ថានការណ៍​ដ៏​អាក្រក់​គិត​តាំង​ពី​ឆ្នាំ ២០១៥។

សូម​ជម្រាប​ជូន​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ទីក្រុង​ហ៊្គូតាខាងកើត និង​ទីក្រុង​អ៊ីលីប​ដែល​ជា​ទីតាំង​របស់​ក្រុមប្រឆាំង​ស៊ីរី​បាន​ស្ថិត​ក្រោម​ការ​វាយប្រហារ​ផ្លូវអាកាស​ពី​ទ័ពរដ្ឋាភិបាល​ស៊ីរី រួម​ជាមួយ​ទ័ពរុស្ស៊ី។ ព្រឹត្តិការណ៍​មួយ​នេះ​ត្រូវ​បាន​លោក François Delattre ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​យល់​ឃើញ​ថា ជា​ការ​វិល​ក្រោយ​នៃ​ស្ថានភាព​ដ៏​អាក្រក់​របស់​ស៊ីរី​ដែល​គេ​ធ្លាប់​បាន​ឃើញ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ ទន្ទឹម​គ្នា​នេះ លោក Delattre ក៏​បាន​រម្លឹក​ដៃគូ​រុស្ស៊ី​ជា​ថ្មី​ថា ស្ថានការណ៍​នៅ​លើ​សមរភូមិ​ពេល​នេះ​មិន​អាច​កាត់​ផ្តាច់​ពី​ការ​ខិតខំ​ប្រឹងប្រែង​ផ្លូវនយោបាយ​របស់​រុស្ស៊ី​ខ្លួន​ឯង​ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង​សន្តិភាព​ឲ្យ​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ