អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តម្លៃភាគហ៊ុន​នៅ​អាមេរិក​ធ្លាក់​ចុះ​បាន​ធ្វើ​ឲ្យ​ទីផ្សារភាគហ៊ុន​នៅ​ទូទាំង​ពិភពលោក​​ជ្រួលច្របល់

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំង​ពី​ថ្ងៃ​ចន្ទ​ឆ្លង​ចូល​ថ្ងៃ​អង្គារ ទី៦ កុម្ភៈ​នេះ ភាព​ជ្រួលច្របល់​កំពុង​បន្ត​កើត​មាន​នៅ​គ្រប់​ទីផ្សារភាគហ៊ុន​នៅ​ទូទាំងពិភពលោក។ ពី​ទីផ្សារភាគហ៊ុន​នៅ​អាស៊ី​ឆ្លង​ចូល​ទីផ្សារភាគហ៊ុន​នៅ​អឺរ៉ុប តម្លៃភាគហ៊ុន​បាន​ដាំក្បាល​ចុះ​យ៉ាង​គំហុក​តាំង​ពី​ពេល​បើក​ទ្វារ​រហូត​ដល់​បិទ​ទ្វារ។ ភាព​ភ័យ​ស្លន់ស្លោ​មួយ​នេះ​បាន​ឆ្លង​ចេញ​ពី​អាមេរិក​ដែល​តម្លៃភាគហ៊ុន Dow Jones បាន​ធ្លាក់​ថ្លៃ​ខ្លាំង បន្ទាប់​ពី​បាន​កើន​ឡើង​អស់​រយៈពេល​ជា​ច្រើន​ខែ​ជាប់ៗ​គ្នា​កន្លង​មក។ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ដែល​ទើប​បាន​អួត​ក្អេងក្អាង​ប្រាប់​ពិភពលោក​ពី​សុខភាព​ទីផ្សារមូលបត្រ​អាមេរិក​ល្អ​ហាក់​នៅ​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទាំង​អស់។

តម្លៃភាគហ៊ុន​នៅ​អាមេរិក​ធ្លាក់​ចុះ​បាន​ធ្វើ​ឲ្យ​ទីផ្សារភាគហ៊ុន​នៅ​ទូទាំង​ពិភពលោក​ច្រួលច្របល់
តម្លៃភាគហ៊ុន​នៅ​អាមេរិក​ធ្លាក់​ចុះ​បាន​ធ្វើ​ឲ្យ​ទីផ្សារភាគហ៊ុន​នៅ​ទូទាំង​ពិភពលោក​ច្រួលច្របល់ Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ធ្លាក់​ថ្លៃ​តម្លៃភាគហ៊ុន Dow Jones នៅ​ថ្ងៃ​ចន្ទ ទី៥ កុម្ភៈ​បាន និង​កំពុង​បន្ត​ធ្វើ​ឲ្យ​តម្លៃភាគហ៊ុន​នៅ​ទីផ្សារភាគហ៊ុន​ក្នុង​ទ្វីប​អាស៊ី និង​អឺរ៉ុប​ធ្លាក់​ថ្លៃ​គួរ​ឲ្យ​កត់សម្គាល់។ នៅ​ក្នុង​គ្រប់​ប្រទេស​អឺរ៉ុប​ទាំង​អស់ តម្លៃភាគហ៊ុន​របស់​ក្រុមហ៊ុន រោងចក្រ​សហគ្រាស​ធំៗ​បាន​ដាំក្បាល​ចុះ​តាំង​ពី​ពេល​បើក​ទ្វារ​ដំបូង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី៥ កុម្ភៈ។ ជាក់ស្តែង នៅ​ក្នុង​ទីក្រុង​ប៉ារីស តម្លៃភាគហ៊ុន​បាន​ធ្លាក់​ចុះ ៣,៤៣% ក្នុង​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស​ធ្លាក់​ចុះ ៣,៥៨% ក្នុង​ទីក្រុង​ហ្រ្វង់ហ្វ ប្រទេស​អាល្លឺម៉ង់​ធ្លាក់​ចុះ ៣,៣% ក្នុង​ទីក្រុង​ម៉ាឌ្រីត ប្រទេស​អេស្បាញ​ធ្លាក់​ចុះ ៣,៣% និង​ក្នុង​ទីក្រុង​អាំស្ទែដាំ ប្រទេស​ហូឡង់​ធ្លាក់​ចុះ ៣,៦%។

ចំណែក​នៅ​ក្នុង​ទ្វីប​អាស៊ី​ដែល​ទីផ្សារភាគហ៊ុន​ទើប​បាន​បិទទ្វារ តម្លៃភាគហ៊ុន​បាន​ធ្លាក់​ចុះ​ក្នុង​រង្វង់​ពី ៣% ទៅ​ជាង ៤%។ ជាក់ស្តែង​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន តម្លៃ​ភាគហ៊ុន Nikkei បាន​ធ្លាក់​ចុះ ៤,៧៣% នា​ពេល​បិទទ្វារ បន្ទាប់​ពី​បាន​ធ្លាក់​យ៉ាង​គំហុក​ដល់​ទៅ​ជាង ៧% នៅ​ពេល​បើក​ទ្វារ។ នៅ​ហុងកុង តម្លៃ​ភាគហ៊ុន​ធ្លាក់ ៤,៤% នៅ​ពេល​បិទទ្វារ នៅ​ទីក្រុង​ស៊ីនី ប្រទេស​អូស្រ្តាលី​ធ្លាក់ ៣,២% និង​ជាង ៣% នៅ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ជា​រួម តម្លៃភាគហ៊ុន​បាន​ធ្លាក់​ថ្លៃ​នៅ​គ្រប់​ផ្សារភាគហ៊ុន​ទាំង​អស់​នៅ​ទូទាំង​ពិភពលោក​ពេញ​មួយ​ថ្ងៃ​អង្គារ ទី៦ កុម្ភៈ​នេះ​តាំង​ពី​ពេល​បើក​ទ្វារ​រហូត​ដល់​បិទ​ទ្វារ។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ស្ថានភាព​ទីផ្សារភាគហ៊ុន​ក្នុង​លោក​នឹង​វិវត្តន៍​ទៅ​យ៉ាង​ម៉េច​ទេ​នៅ​ថ្ងៃ​ពុធ ឬ​ថ្ងៃ​ព្រហស្បតិ៍ ទី៨ កុម្ភៈ ព្រោះ​អ្វីៗ​វា​អាស្រ័យ​ទាំងស្រុង​លើ​ស្ថានភាព​ទីផ្សារភាគហ៊ុន​នៅ​អាមេរិក។

មូលេហេតុ​ដែល​ធ្វើ​ឲ្យ​ទីផ្សារភាគហ៊ុន​នៅ​អាមេរិក​ស្គាល់​ភាព​ច្របូកច្របល់

គួរ​បញ្ជាក់​ជូន​ថា ភាព​រំជើបរំជួល​នៅ​ទីផ្សារភាគហ៊ុន​អាមេរិកាំង​ពេញ​មួយ​ថ្ងៃ​ចន្ទ ទី៥ កុម្ភៈ​បាន​កើត​មាន​ឡើង ២ថ្ងៃ​បន្ទាប់​ពី​រដ្ឋបាល​អាមេរិក​បាន​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ខែ​មករា​ស្តីពី​ស្ថានភាព​ការងារ​នៅ​អាមេរិក។ របាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ស្ថានភាព​សេដ្ឋកិច្ច​អាមេរិក​ដែល​មាន​សុខភាព​ល្អ​ជាមួយ​នឹង​កំណើន​ប្រាក់បៀវត្ស​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ខែ​មករា។ គឺ​ផ្តើម​ចេញ​ពី​ព័ត៌មាន​ស្តីពី​កំណើន​ប្រាក់បៀវត្ស​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ពី​ការ​កើន​ឡើង​នូវ​អត្រា​អតិផរណា។ នេះ​ជា​កត្តា​សំខាន់​ទី១ ចំណែក​កត្តា​សំខាន់​ទី២ គឺ​កើត​ចេញ​ពី​គម្រោង​ដំឡើង​អត្រា​ការប្រាក់ការ​នាំ​មុខ​របស់​ធនាគារកណ្តាល​អាមេរិក។

គេ​អាច​និយាយ​បាន​ថា មាន​កត្តា​សំខាន់​ទាក់ទង​គ្នា​ចំនួន ៣ ដែល​បាន​ធ្វើ​ឲ្យ​ទីផ្សារភាគហ៊ុន​នៅ​អាមេរិក​ភ័យ​ស្លន់ស្លោ ទី១ កំណើន​អត្រា​ប្រាក់បៀវត្ស ទី២ កំណើន​អត្រា​អតិផរណា និង​ទី៣ កំណើន​អត្រា​ការប្រាក់​នាំមុខ​របស់​ធនាគារកណ្តាល​អាមេរិក។ គេ​នៅ​មិន​ទាន់​ច្បាស់​ថា តើ​កត្តា​ទាំង ៣ នេះ​នឹង​ផ្តល់​ផល​ល្អ ឬ​អាក្រក់​យ៉ាង​ម៉េច​ទេ តែ​ក្រុម​អ្នកវិនិយោគ​បាន​រំពឹង​ទុក​ជា​មុន​ថា បើ​ប្រាក់បៀវត្ស​កើន​ឡើង​នឹង​ធ្វើ​ឲ្យ​អត្រា​អតិផរណា​កើន​ឡើង ហើយ​បើ​អត្រា​អតិផរណា​កើន​ឡើង​នឹង​ជំរុញ​ឲ្យ​ធនាគារកណ្តាល​ដំឡើង​អត្រា​ការប្រាក់​នាំ​មុខ​របស់​ខ្លួន។

ម្យ៉ាង​ទៀត ការ​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារកណ្តាល​ក៏​អាច​​ជះ​ឥទ្ធិពល​មិន​ល្អ​ដែរ ទី១ ធ្វើ​ឲ្យ​តម្លៃប្រាក់ដុល្លារ​ឡើង​ថ្លៃ ហើយ​បើ​ប្រាក់​ដុល្លារ​ថ្លៃនឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ និង​ទី២ ជំរុញ​ឲ្យ​អ្នក​មាន​យក​លុយ​ទៅ​ទុក​ក្នុង​ធនាគារ​ដើម្បី​ស៊ីការប្រាក់​ជាជាង​យក​ទៅ​ចាយវាយ ហើយ​បើ​ការ​ចាយវាយ​របស់​ពលរដ្ឋ​ធ្លាក់​ចុះ​នឹង​ធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​ក៏​ធ្លាក់​ចុះ។ កំណត់សម្គាល់​មួយ​ទៀត​ដែល​អាច​ចាត់​ទុក​ជា​រឿង​ចៃដន្យ គឺ​ការ​ចូលកាន់​តំណែង​ជា​ប្រធាន​ធនាគារកណ្តាល​អាមេរិក​របស់​លោក Jerome Powell ដែល​គេ​នៅ​មិន​ដឹង​ពី​ជំហរ​ពិត​របស់​លោក​នៅ​ឡើយ​ទេ។

លោក​ដូណាល់ ត្រាំ​ហាក់​គ្មាន​វាចា​ថ្លែង

រហូត​មក​ទល់​ពេល​នេះ លោក​ដូណាល់ ត្រាំ​ហាក់​មិន​ទាន់​មាន​វាចា​អ្វី​ទាំង​អស់ ពោល​ខុស​ពី​ទម្លាប់​សព្វមួយ​ដង​ដែល​លោក​តែង​ប្រើ​គណនី​បណ្តាញ​សង្គម Twitter របស់​លោក​ដើម្បី​បញ្ចេញ​ប្រតិកម្ម​លើ​ព័ត៌មាន​ជាតិ ឬ​អន្តរជាតិ។ លោក​ដូណា ត្រាំ​ដែល​កំពុង​ទស្សនកិច្ច​ក្នុង​រដ្ឋ Ohio មិន​ទាន់​មាន​វាចា​អ្វី​មែន តែ​សេតវិមាន​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ចាត់​ទុក​ភាព​រំជើបរំជួល​នៅ​ទីផ្សារភាគហ៊ុន Wall Street ពេល​នេះ​ថា ជា​រឿង​មួយ​កំប៉ិចកំប៉ុក​តូចតាច​ដែល​មិន​គួរ​ឲ្យ​ភ័យខ្លាច​អ្វី​ទេ។ លោកស្រី​សារ៉ា សេនដឺ អ្នក​នាំពាក្យ​សេតវិមាន​បាន​បញ្ជាក់​ថា អ្វី​ដែល​គេ​គួរ​នាំ​គ្នា​និយាយ គឺ​អាមេរិក​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ឡើង​វិញ​ជាមួយ​នឹង​អត្រា​អ្នក​អត់​ការងារ​ធ្វើ​តិច និង​ប្រាក់បៀវត្ស​កើន​ឡើង។

អ្នក​នាំ​ពាក្យ​សេតវិមាន​ម្នាក់​ទៀត គឺ​លោក​រ៉ា ស្ហា​បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​កាសែត​ថា ភាព​ជ្រួលច្របល់​នៅ​ទីផ្សារភាគហ៊ុន Wall Street ពេល​នេះ​នឹង​មាន​រយៈពេល​ខ្លី ហើយ​អ្វីៗ​នឹង​ត្រឡប់​មក​រក​ភាព​ប្រក្រតី​ជា​ថ្មី​នា​ពេល​ឆាប់ៗ​ខាង​មុខ។ គួរ​រម្លឹក​ជូន​ថា​នៅ​ក្នុង​ឱកាស​វេទិកាសេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស​ថ្មីៗ​នេះ លោក​ដូណាល់ ត្រាំ​បាន​ថ្លែង​អួតអាង​ពី​សុខភាព​ល្អ​នៃ​ទីផ្សារភាគហ៊ុន Wall Street ដោយ​បាន​អំពាវនាវ​ឲ្យ​ក្រុម​អ្នកជំនួញ​បរទេស​ចូល​ទៅ​បោះទុន​រក​ស៊ី​នៅ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ