rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

តួកគី​ទាមទារ​ឲ្យ​អាមេរិក​ដកកងទ័ព​ចេញពី​តំបន់​ភាគខាងជើង​ស៊ីរី

ដោយ ឈាង បុប្ផា

តួកគី​នៅថ្ងៃ​សៅរ៍​ទី ២៧ មករា​​បាន​ទាមទារ​ឲ្យ​អាមេរិក​ដក​កងទ័ព​ចេញ ពី​តំបន់​ប៉ែក​ខាង​ជើង​​ស៊ីរី ជាទី​ដែល​កងទ័ព​តួកគី កំពុង​បើក​ប្រតិបត្តិការ​យោធា វាយប្រហារ​ទៅលើ​ក្រុម​គួឌីស្ថាន​ស៊ីរី តាំង​ពីថ្ងៃ​ទី​២០​មករា។ នៅថ្ងៃ​សុក្រ ប្រធានាធិបតី​តួកគី លោក​រេស៊ីប អ៊ែរដូហ្កាន បាន​គំរាម​រួចហើយថា នឹង​បន្ត​សមរភូមិ​ប្រយុទ្ធ ពី​តំបន់​អាហ្វ្រាំង រហូត​ដល់​តំបន់​​មីនបេច Minbej ដែល​កងទ័ព​អាមេរិក​ប្រមាណ ៣ពាន់​នាក់​កំពុង​ជួយ​គាំទ្រ​ក្រុម​គួឌីស្ថាន​ស៊ីរី ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

រដ្ឋមន្រ្តី​ការបរទេស​តួកគី នៅ​ថ្ងៃសៅរ៍​ទី​២៧​មករា បាន​ទាមទារ​ឲ្យ​អាមេរិក​ដក​កងទ័ព​របស់ខ្លួន ចេញ​ពី​តំបន់​ Minbej ជាទី​ដែល​កងទ័ព​តួកគី គ្រោង​នឹង​បើក​សមរភូមិ​វាយប្រហារ​ទៅលើ​ក្រុមគួឌីស្ថាន​ស៊ីរី។ នៅថ្ងៃ​សុក្រ ប្រធានាធិបតី​តួកគី លោក​រេស៊ីប អ៊ែរដូហ្កាន ធ្លាប់​បាន​ប្រកាស​ប្រាប់​ឲ្យ​អាមេរិក​អាមេរិក​ដក​ទ័ព​របស់ខ្លួន​ចេញ​ពីតំបន់​ប៉ែកខាងជើង​ស៊ីរី បើសិន​មិន​ចង់​ប្រឈមមុខ​ ប្រយុទ្ធ​តទល់​ជាមួយ​កងទ័ព​តួកគី។

នៅថ្ងៃ​សៅរ៍​ម្សិលមិញ ដែរ បាតុកម្ម​គាំទ្រ ក្រុម​គួឌីស្ថាន ស៊ីរី បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​បារាំង និង​អាល្លឺម៉ង់ ដើម្បី ប្រឆាំង​នឹង​អន្តរាគម​យោធា របស់​តួកគី នៅក្នុង​ទឹកដី​ស៊ីរី ភាគខាងជើង។

បន្ទាប់​ពី​បាន​វាយឈ្នះ ចូល​គ្រប់គ្រង​សឹង​ទាំងស្រុង​តំបន់​AFrin ក្នុង​ទឹកដី​ភាគខាងជើង​ស៊ីរី ដែល​ធ្លាប់កាន់កាប់​ដោយ​ពួក​ទាហាន​គួឌីស្ថាន​ស៊ីរី ប្រមុខ​រដ្ឋាភិបាល​តួកគី​ធ្លាប់​បាន​ប្រាប់ ពី​គម្រោង​បន្ត​ឆាក​ប្រយុទ្ធ ទៅកាន់​តំបន់​កាន់កាប់​មួយទៀត របស់​ពួកគួឌីស្ថាន​ស៊ីរី នៅ​តំបន់​Minbej ភាគខាងជើង​ស៊ីរីដែរ។ បញ្ហានៅត្រង់​ថា នៅ​តំបន់​ Minbej អាមេរិក​មាន​តាំងពង្រាយ​កងទ័ព​របស់ខ្លួន ប្រមាណ ៣ពាន់​នាក់ ដើម្បី​បណ្តុះបណ្តាល ក្រុមគួឌីស្ថាន ស៊ីរី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ក្នុង​យុទ្ធនាការ​បោសសម្អាត​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅក្នុង​ទឹកដី​ស៊ីរី។

តើ​អាមេរិក​រើស​យក​មួយណា? បាតដៃ និង​ខ្នងដៃ គឺ​សាច់ដូចតែ​គ្នា

ដោយ​ប្រកាស​បើក​សមរភូមិ​ប្រយុទ្ធ វាយកម្ទេច ក្រុមគួឌីស្ថាន នៅក្នុង​តំបន់​Minbej បន្តទៀត ដែល​កំពុង​មាន​ឈរជើង​ទាហាន​អាមេរិក តួកគី​កំពុង​បង្ក​ការឈឺក្បាល​ដល់​អាមេរិក។ សម្រាប់​តួកគី អាមេរិក​ត្រូវ​តែ​សម្រេចចិត្ត​ជ្រើសរើស​យក​តួកគី ឬ​មួយ​ក៏​នៅ​បន្ត​ការពារ​ក្រុមគួឌីស្ថាន​ស៊ីរី នៅ​ក្នុង​តំបន់​ Minbej តទៅទៀត។ អាមេរិក នៅពេលនេះ គឺ​ត្រូវ​ថ្លឹងថ្លែង ខ្លាំងណាស់ ព្រោះថា ម្ខាង តួកគី ជា​សមាជិក​របស់​អង្គការ​អូតង់ ដូច​អាមេរិក ប៉ុន្តែ ម្ខាងទៀត គឺ ក្រុមគួឌីស្ថាន ស៊ីរី សម្ព័ន្ធមិត្ត​ដៃគូ ដែល​បាន​ជួយ​អាមេរិក​ច្រើនណាស់ ក្នុង​ការប្រយុទ្ធ​វាយបណ្តេញ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅក្នុង​ទឹកដី​ស៊ីរី។ ជាក់ស្តែង បើ​គ្មាន​ជំនួយ​ពី​កងកម្លាំង​ថ្មើរជើង​របស់​ក្រុមគួឌីស្ថាន ដែល​អាមេរិក​បាន​ផ្តល់​សព្វាវុធ នោះទេ នោះ សម្ព័ន្ធ​អន្តរជាតិ​ក៏​មិន​អាច​វាយដណ្តើម​យក​បាន​តំបន់​ Minbej ពី​ដៃ​របស់​ពួកជីហាតអង្គការ​រដ្ឋអ៊ីស្លាម នៅ​ឆ្នាំមុនដែរ។

អាមេរិក​អាច​ជំពាក់គុណ ក្រុមគួឌីស្ថាន ស៊ីរី ប៉ុន្តែ ដើម្បី​ជៀសវាង​ការប្រឈមមុខ ផ្នែក​យោធា ជាមួយ តួកគី ដែល​ជា​សមាជិកអូតង់ ដូចគ្នា អាមេរិក​ប្រហែល​ត្រូវ​បំភ្លេច​ចោល​គុណូបការៈ​របស់​ក្រុមគួឌីស្ថាន​ស៊ីរី​សិន​ហើយ។ អាច​ថា ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយ តួកគី ដើម្បី ភាពរឹងមាំ​របស់​អង្គការ​អូតង់ អាមេរិក​សុខចិត្ត​អារសាច់​ជូនខ្លា គឺ ​អាច​សុខចិត្ត​ដកទ័ព​ចេញ​ពី​តំបន់​ Minbej ដោយ​បោះបង់​ចោលក្រុម​គួឌីស្ថាន ស៊ីរី សម្ព័ន្ធមិត្ត​មួយរយៈ ទៅក្នុង​សមរភូមិ​វាយប្រហារ​របស់​កងទ័ព​តួកគី។ អាមេរិក​មិនមែន ជាប្រទេស​ទី១​ដែល​នឹង​អាច​លះបង់​សម្ព័ន្ធមិត្ត​ទៅក្នុង​ដៃ​តួកគី។ រុស្ស៊ី ដែល​ចាប់ដៃ​ជាមួយ ក្រុមគួឌីស្ថាន​ស៊ីរី ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមជីហាត ដែរនោះ បាន​សុខចិត្ត​ដកអ្នកជំនាញ​យោធា​របស់ខ្លួន​ចេញពី តំបន់​អាហ្វ្រាំង និង​ធ្វើ​មិនដឹង​មិន​លឺ​ពី​ជោគវាសនា​របស់​ក្រុមគួឌីស្ថានស៊ីរី ដែល​រងការវាយប្រហារ​យ៉ាងដំណំ​ពី​រថក្រោះ​តួកគី នៅ​ក្នុង​តំបន់​អាហ្វ្រាំង នៅមួយ​សប្តាហ៍​ចុងក្រោយនេះ។

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក៖ តួកគី​មានភាពស្របច្បាប់​ដើម្បី​ធ្វើ​ប្រតិបត្តិការ​យោធា វាយប្រហារ​ក្រុមភេរវនិយម ដែល​គំរាមកំហែង​សន្តិសុខ​របស់តួកគី

រដ្ឋាភិបាល​ស៊ីរី​របស់​លោក​បាស្ហាអាល់​អាសាដ ផ្ទាល់​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី បាន​ប្រកាស​ក្តែងៗ ថ្កោលទោស​អន្តរាគមន៍​យោធា​របស់​តួកគី​នៅ​ក្នុង​ទឹកដី​ភាគខាងជើង​របស់​ស៊ីរី។ កងទ័ព​ស៊ីរី​ធ្លាប់ទាំង​បាន​គំរាម​ថា នឹង​បាញ់​ទម្លាក់​យន្តហោះ​តួកគី ណា​ដែល​ហោះ​ចូល​ដែនអាកាស​របស់​ស៊ីរី។ ប៉ុន្តែ តាំង​ពី​មួយសប្តាហ៍មកនេះ តាំង​ពី​តួកគី​បើកប្រតិបត្តិការ​ទ័ព​អាកាស និង​ដីគោក វាយប្រហារ​ក្រុមគួឌីស្ថានស៊ីរី ដែល​ជា​ដៃគូ​របស់​រដ្ឋាភិបាល​ស៊ីរី គេ​មិនឃើញ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ធ្វើ​សកម្មភាព​ជាក់ស្តែង​ណាមួយ ដើម្បី​វាយប្រហារ​តបវិញ នឹង​តួកគី​នោះទេ។ រដ្ឋាភិបាល​ស៊ីរី គ្មានធ្វើ​សកម្មភាព ប្រឆាំង​តួកគី ក៏​ដោយសារ​តែ​រុស្ស៊ី គ្មាន​មាត់ក ហាមឃាត់ តួកគី​ប៉ុន្តែ ផ្ទុយទៅ​វិញ រុស្ស៊ី​ដែល​គ្រប់គ្រង​ដែនអាកាស​របស់​ស៊ីរី ភាគខាងជើង បាន​បើក​ភ្លើងខៀវ​ឲ្យ​យន្តហោះ​តួកគី ចូល​ទៅ​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​របស់​ក្រុមគួឌីស្ថាន​ស៊ីរី នៅ​តំបន់​អាហ្វ្រាំង។

សូមអាន៖ អាមេរិក​គាំទ្រ​តួកគី​ក្នុង​ការ​វាយប្រហារ​ទៅលើ​ក្រុមឧទ្ទាម​គួឌីស្ថាន ​PKK

អាមេរិក វិញ ដែល​ដឹកនាំ​សម្ព័ន្ធ​អន្តរជាតិ ធ្វើ​ប្រតិបត្តិការ​ទ័ព​នៅ​ស៊ីរី មិន​បាន​ថ្កោល​ទោស សកម្មភាព​ឈ្លានពាន​របស់​ទ័ព​តួកគីនោះទេ។ ទាំង​រដ្ឋមន្រ្តីការពារ​ជាតិ និង​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក សុទ្ធ​តែ​បាន​លើកឡើង​ពី​ភាពស្របច្បាប់​របស់​តួកគី ក្នុង​ការបើក​ប្រតិបត្តិការ​ទ័ព នៅ​ក្នុង​ទឹកដី​ស៊ីរី។ សម្រាប់​អាមេរិក អន្តរាគមន៍​ទ័ព​របស់​តួកគី នៅ​ស៊ីរី ស្របច្បាប់ ព្រោះថា តួកគី​មាន​សិទ្ធិ​បង្រ្កាប​ក្រុមភេរវជន​ដែល​ប្រើទឹកដី​ស៊ីរី ដើម្បីវាយប្រហារ​គំរាមកំហែង​សន្តិសុខ​តួកគី។ ប៉ុន្តែ ជាមួយ គ្នានោះដែរ អាមេរិក ដែល​ឃើញ​តួកគី ​វាយប្រហារ​ខ្លាំងទៅលើ​ក្រុមគួឌីស្ថាន ស៊ីរី ដែល​ជា​សម្ព័ន្ធ​របស់​អាមេរិក ក្នុង​យុទ្ធនាការ​បោសសម្អាត​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ស៊ីរី បាន ទាមទារ​ឲ្យ​រដ្ឋាភិបាល​តួកគី ធ្វើ​អន្តរាគម​យោធា ក្នុង​រយៈពេល​ខ្លី​បានហើយ ដើម្បី កុំ​ឲ្យ​ស្ថានភាព​ធ្លាក់​ធ្ងន់ធ្ងរ​ជាងនេះ។ ប៉ុន្តែ ប្រធានាធិបតី តួកគី​វិញ​បាន​សួរ បែក​ចំអក​ទៅវិញ ថា ​នៅក្នុង​សង្រ្គាម​លង់ខ្លួន នៅ​អាហ្វហ្កានីស្ថាន និង​នៅ​អ៊ីរ៉ាក់ តើ​អ្នកណា​ជា​អ្នកចាប់​ឈ្លានពាន​ចូលទៅ​មុនគេ ហើយ​តើ​វា​ចប់​ហើយឬនៅ?

រុស្ស៊ី​ស្រក់ទឹកមាត់ នៅពេល​ឃើញ​តួកគី និង​អាមេរិក សមាជិក​របស់អូតង់ អាច​ផ្ទុះអាវុធ​ដាក់គ្នា

សង្រ្គាម​ឈ្លានពាន​របស់​កងទ័ព​តួកគី​ទៅក្នុង​ទឹកដី​ស៊ីរី កំពុង​ធ្វើ​ឲ្យ​សង្រ្គាម​នៅ​ស៊ីរី ប្រែមុខមាត់​ថ្មី មួយទៀត។ ស៊ីរី​រងគ្រោះ​ដំបូងគេ​ដោយសារ​សង្រ្គាម​ស៊ីវិល ដោយសារ​ការងើបបះបោរ​របស់​ក្រុមប្រឆាំង នៅ​ឆ្នាំ ២០១១។ បន្ទាប់​មកទៀត ស៊ីរី​ធា្លក់ខ្លួន​ទៅក្នុង​សង្រ្គាម​វាយប្រហារ​របស់​ពួកភេរវនិយម ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ទើបតែ​រំដោះ​រួច​ពី​ការកាន់កាប់​របស់​ពួកជីហាត ស៊ីរី​ឥលូវ ត្រូវ​ធ្លាក់​ទៅក្នុង​សង្រ្គាម​ថ្មី​មួយទៀត ដោយសារ​អន្តរាគមន៍​យោធា​របស់​​តួកគី។ តួកគី ដែល​ជា​សត្រូវ​ប្រជែង​របស់​រដ្ឋាភិបាល​ស៊ីរី បាន​យក​លេស បង្រ្កាប​ក្រុមភេរវនិយម ដោយ​បាន​បើក​ប្រតិបត្តិការ​ទ័ព​វាយប្រហារ​ទៅលើ​ក្រុមគួឌីស្ថាន ស៊ីរី ក្នុង​ទឹកដី​ស៊ីរី។ ក្រុមគួកឌីស្ថាន ធ្លាប់​បាន​ជួយ​កងទ័ព​សម្ព័ន្ធមិត្ត ឲ្យ​ប្រយុទ្ធ​យក​ឈ្នះ លើ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​កន្លងមក។ ប៉ុន្តែ សម្រាប់​តួកគី ក្រុមគួឌីស្ថាន​ស៊ីរី ជាក្រុមភេរវកម្ម ជា​ក្រុម​មាន​ទំនាក់ទំនង​យ៉ាងស្និត ជាមួយនឹង​ក្រុមគួឌីស្ថាន នៅតួកគី(PKK)។ តួកគី​ខ្លាចក្រែង​ក្រុមទាំងពីរនេះ ព្រួតដៃគ្នា ដើម្បី វាយ​បំបែក​យក​ទឹកដី​នៅ ចន្លោះខាងជើងស៊ីរី និង​ខាងត្បូង​តួកគី។

ជាង​មួយឆ្នាំមកនេះ តួកគី​ប្រឆាំង ថ្កោលទោស អាមេរិក​ដែល​បាន​ផ្តល់​សព្វាវុធ​ដល់​ក្រុមគួឌីស្ថាន​ស៊ីរី ប៉ុន្តែ គឺ​ការប្រកាស​នាពេល​ថ្មីៗនេះ របស់​អាមេរិក ដែល​ចង់​បង្កើត​កងកម្លាំង រក្សា​សន្តិសុខ ប្រមាណ ៣ម៉ឺននាក់ ដែល​មានការចូលរួម ពី​ក្រុមគួឌីស្ថាន​ស៊ីរី នៅ​តំបន់​ភាគខាងជើង​ស៊ីរី ជាប់ព្រំដែន​ជាមួយ តួកគី ដែល​បានជំរុញ​ឲ្យ​តួកគី សម្រេចចិត្ត បើក​ប្រតិបត្តិការ​យោធា វាយប្រហារ​ទៅលើ​ក្រុម​គួឌីស្ថានស៊ីរី។

អ្នកដែល​ខាតបង់​ធ្ងន់ជាងគេ នៅក្នុង​សង្រ្គាម​ថ្មី​របស់​តួកគី គឺ​មានតែ​ប្រជាជន​ស៊ីរី និង​រដ្ឋាភិបាល​ស៊ីរីនេះឯង។ អស់​ពីបានជោគជ័យ បោសសម្អាត ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ចេញពី​ទឹកដីស៊ីរី គ្រប់ភាគី ដែល​ត្រូវ​ពាក់ព័ន្ធ​លូកដៃ​ក្នុង​ទឹកដី​ស៊ីរី ត្រូវ​មកឈឺក្បាល​ម្តងទៀត ដោយសារ​តួកគី។ ចង់ ឬ​មិន​ចង់ ស៊ីរី​ដែល​ផុងខ្លួន​ក្នុង​សង្រ្គាម តាំង​ពី​ឆ្នាំ ២០១១ រងការបំផ្លាញ​ខ្ទេចខ្ទីរ មិនថា ជីវិត មនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ នឹង​គ្មាន​ស្គាល់​ថ្ងៃ​ងើប​រួចផុត​ពី​សង្រ្គាម នៅក្នុង​ទឹកដី​របស់​ខ្លួននោះទេ។

អ្នកដែល​អាច​ចំណេញ​ពី​ការប្រែប្រួល​មុខមាត់​ថ្មី​នៃ​សង្រ្គាម​នៅ​ស៊ីរី គឺ​តួកគី​ផ្ទាល់ ដោយសារ​តែ​អាមេរិក​នឹង​មិនហ៊ាន​ជំទាស់ប្រឆាំង ដើម្បី​រក្សា​ចំណង​ក្នុង​នាម​ជាសមាជិក​ដូចគ្នា​របស់​អង្គការ​អូតង់។ ប៉ុន្តែ បើសិន​តួកគី និង​អាមេរិក ដែល​ជា​សមាជិក​របស់អូតង់ ឈ្លោះ ផ្ទុះអាវុធ​ដាក់គ្នា នោះ គឺ​រុស្ស៊ី ដែល​នឹង​កេងបាន​ចំណេញច្រើនជាងគេ។ បើសិន​កងទ័ព តួកគី ផ្ទុះអាវុធ​ជាមួយ​កងទ័ព​អាមេរិក នោះ​គឺ​ជាលើកទី១ មិនធ្លាប់​មាន ដែល​សមាជិក​របស់​អូតង់ ឈ្លោះគ្នា។ សមាជិក​អូតង់ កាន់តែ​បែកបាក់ គឺ​រុស្ស៊ី ដែល​ជាសត្រូវ​រួម​របស់​អូតង់ ដែល​នឹងត្រេកអរ គ្មានអ្វីផ្ទឹម។ អន្តរាគមន៍​យោធា​របស់​តួកគី ក៏​ជា​ក្រឡា​អុក​ដែល​រុស្ស៊ី បាន​រង់ចាំ​ជា​យូរមកហើយ ដើម្បី​បំបាក់​ក្រុមប្រទេស​លោកខាងលិច ដឹកនាំ​ដោយ​អាមេរិក៕

អាមេរិក​ថា ខ្លួន​មិន​ចង់​ក្លាយ​ជា​បងធំ​ទេ តែ​ចង់​រួមសហការណ៍​ជាមួយ​គ្រប់​ប្រទេស​នៅ​ក្នុង​តំបន់

សិង្ហបុរី៖​អាស៊ាន​ចង់​ឃើញ​សមុទ្រចិនខាងត្បូង​ក្លាយ​ជា​តំបន់​មាន​សន្តិភាព សន្តិសុខ និង​ស្ថិរភាព

សិង្ហបុរី៖​កិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី៣៣ និង​អាស៊ាន​ជាមួយ​ដៃគូ​ចាប់ផ្តើម​ដោយ​គ្មាន​វត្តមាន​លោកដូណាល់ ត្រាំ

បារាំង​ចង់​ជំរុញ​ឱ្យ​មាន​ការចរចា​បង្កើត​ក្រម​ប្រតិបត្តិ​អ៊ីនធ័រនែត

មុន​មកដល់​ប៉ារីស លោក​ដូណាល់ ត្រាំ ប្រើ​ពាក្យ​ធ្ងន់ៗ លើ​លោក​ម៉ាក្រុង

អាមេរិក៖​ហេតុអ្វី​បាន​ជា​លោក​ដូណាល់ ត្រាំ​កំចាត់​លោក Jeff Sessions ពី​តំណែង​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌?

អាមេរិក៖​លទ្ធផល​បោះឆ្នោត​ពាក់កណ្តាលអាណត្តិ​បាន​ធ្វើ​ឲ្យ​អាមេរិក​កាន់​តែ​ប្រេះឆាថែមទៀត?

អាមេរិក ៖ ហេតុផលនៃ​ចំណាប់​​អារម្មណ៍​ខ្លាំង​នឹង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ ២០១៨

លោកស៊ី ជីនពីង៖ ១៥​ឆ្នាំទៅមុខ ចិន នឹង​នាំចូល​ទំនិញ តម្លៃ ៣០ ០០០ពាន់លាន​ដុល្លារ

ទីបំផុត ពលរដ្ឋ​នូវែលកាឡេដូនី​មិន​ដាច់ចិត្ត​ផ្តាច់ខ្លួន​ចេញ​ពី​ប្រទេស​បារាំង​ទេ

លោកត្រាំ ប្រកាស​អនុវត្ត​ទណ្ឌកម្ម​ប្រេង​និង​ធនាគារ​លើ​អ៊ីរ៉ង់

៥ឆ្នាំ​​ក្រោយ​​មក ​គេ​នៅ​មិនទាន់​អាច​វែកមុខ​ឃាតករ​​ដែល​សម្លាប់​​អ្នកកាសែត RFI ២នាក់​ក្នុង​ប្រទេស​ម៉ាលី

ការ​ស្រាវជ្រាវ​ថ្មី​បង្ហាញថា ទឹក​សមុទ្រ​បាន​ស្រូប​កំដៅ ច្រើន​លើស​ពីអ្វី​ដែលគេ​ធ្លាប់​ប៉ាន់​ស្មាន

អាមេរិក អំពាវនាវឲ្យ ​ទំលាក់​អាវុធ​នៅយេម៉ែន

ផែនដី​ប្រឈម​នឹង​ការផុត​ពូជសត្វ​ទ្រង់ទ្រាយ​ធំ !

យន្តហោះដឹកអ្នកដំណើរ១៨៩នាក់ របស់ឥណ្ឌូណេស៊ីធ្លាក់ចូលសមុទ្រ

ការបោះឆ្នោតប្រេស៊ីល៖បេក្ខជនប្រធានាធិបតី​​ស្តាំនិយមជ្រុល​ឡើងកូដ ដោយសារ​បណ្តាញ​សង្គម

លោក​Mattis ថា​​ឃាតកម្ម​​លើ​​រូប​លោក​​ខាស្ហូហ្ស៊ី បាន​ធ្វើ​​ឲ្យ​ស្ថានភាព​​ដើមបូព៌ា កាន់តែ​វឹកវរ

អ្នកណា​នឹង​រងគ្រោះ នៅពេល​អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពីអាវុធ​នុយក្លេអ៊ែរ?

សង្គ្រាមពាណិជ្ជកម្ម រុញច្រាន​ឲ្យជប៉ុន​និង​ចិន​ ខិតចូល​រកគ្នា​