អានតួអត្ថបទ
ហ្សកដានី-អាមេរិក

មហាក្សត្ស​ហ្សកដានី​ប្រាប់​អនុប្រធានាធិបតី​អាមេរិក​ពី​ក្តីបារម្ភ​​របស់​ព្រះអង្គ​ក្នុង​រឿង​ហ្សេរុយសាឡិម

អនុប្រធានាធិបតី​អាមេរិក​លោក Mike Pence កំពុង​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​តំបន់​ដើមបូព៌ា។ បន្ទាប់​ពី​ប្រទេស​អេហ្ស៊ីប លោក Pence បាន​ទៅ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ហ្សកដានី​នា​ថ្ងៃ​អាទិត្យ ទី២១ មករា។ នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​អនុប្រធានាធិបតី​អាមេរិក មហាក្សត្រ​ហ្សកដានី​អាប់ដាឡា​បាន​ប្រាប់​លោក Pence ពី​ក្តីបារម្ភ​របស់​ព្រះអង្គ​ទាក់ទង​នឹង​ទីក្រុង​ហ្សេរុយសាឡិម​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​មិន​គួរ​សម្រេច​ចិត្ត​ជា​ឯកតោភាគី​ទេ។

កិច្ចសន្ទនា​រវាង​លោក​អនុប្រធានាធិបតី​អាមេរិក Mike Pence និង​មហាក្សត្រ​ហ្សកដានី អាប់ដាឡា ថ្ងៃទី២១ មករា ២០១៨
កិច្ចសន្ទនា​រវាង​លោក​អនុប្រធានាធិបតី​អាមេរិក Mike Pence និង​មហាក្សត្រ​ហ្សកដានី អាប់ដាឡា ថ្ងៃទី២១ មករា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

វត្តមាន​របស់​លោក​អនុប្រធានាធិបតី​អាមេរិក Mike Pence នៅ​ក្នុង​តំបន់​ដើមបូព៌ា​ពេល​នេះ​បាន​ធ្វើ​ឡើង នៅ​ក្នុង​បរិបទ​នៃ​ភាព​តានតឹង​បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ទទួល​ស្គាល់​ហ្សេរុយសាឡិម​ជា​ទីក្រុង​ផ្តាច់មុខ​របស់​ប្រទេស​អ៊ីស្រាអែល។ « ហ្សេរុយសាឡិម ជា​ទីក្រុង​ដ៏​សំខាន់​សម្រាប់​អ្នក​កាន់​សាសនា​អ៊ីស្លាម និង​អ្នក​កាន់​សាសនាគ្រិស្ត ក៏​ដូច​ជា​សម្រាប់​ជនជាតិ​ជ្វីហ្វ​ដែរ » នេះ​ជា​ការ​រម្លឹក​របស់​មហាក្សត្រ​ហ្សកដានី​អាប់ដាឡា​នៅ​ក្នុង​ជំនួប​ជាមួយ​លោក Mike Pence។

សម្រាប់​ព្រះអង្គម្ចាស់​អាប់ដាឡា ហ្សេរុយសាឡិម​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​សន្តិភាព​នៅ​ក្នុង​តំបន់ និង​សម្រាប់​អនុញ្ញាត​ឲ្យ​អ្នក​កាន់សាសនា​អ៊ីស្លាម​តស៊ូ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ទល់​នឹង​បុព្វហេតុ​និយមជ្រុល​មួយ​ចំនួន។ មហាក្សត្រ​ហ្សកដានី​បាន​បញ្ជាក់​ប្រាប់​លោក​អនុប្រធានាធិបតី​អាមេរិក Mike Pence ត្រង់ៗ​ថា ព្រះអង្គ​ធ្លាប់​បាន​សម្តែង​ក្តីបារម្ភ​ច្រើន​ដង​ក្នុង​ឆ្នាំ ២០១៧ ទាក់ទង​នឹង​សេចក្តីសម្រេចចិត្ត​របស់​លោក​ដូណាល់ ត្រាំ​ដែល​ប្រកាស​ទទួល​ស្គាល់​ហ្សេរុយសាឡិម​ជា​ទីក្រុង​ផ្តាច់មុខ​របស់​អ៊ីស្រាអែល។

គួរ​បញ្ជាក់​ជូន​ថា លក្ខន្តិក​នៃ​ទីក្រុង​ហ្សេរុយសាឡិម​នៅ​បន្ត​ជា​ឧបសគ្គ​មួយ​ក្នុង​ចំណោម​ឧបសគ្គ​ដទៃ​ទៀត​នៅ​ក្នុង​ដំណើរការ​ចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដែល​បាន​ជាប់គាំង​តាំង​ពី​ឆ្នាំ ២០១៤។ ប្រជាជន​ប៉ាឡេស្ទីន​ចង់​បាន​ហ្សេរុយសាឡិម​ប៉ែកខាងកើត​ធ្វើ​ជា​ទីក្រុង​របស់​ខ្លួន។ តែ​តំបន់​មួយ​នេះ​ដែល​ត្រួតត្រា​ដោយ​អ៊ីស្រាអែល​តាំង​ពី​ឆ្នាំ ១៩៦៧ ត្រូវ​បាន​អ៊ីស្រាអែល​ក្រសោប​យក​ផ្តាច់​មុខ​ដែល​អង្គការ​សហប្រជាជាតិ​ចាត់​ទុក​ជា​រឿង​ខុសច្បាប់។

យ៉ាង​ណា​ក៏​ដោយ វត្តមាន​របស់​អនុប្រធានាធិបតី​អាមេរិក​លោក Mike Pence នៅ​ក្នុង​តំបន់​ពេល​នេះ​មាន​គោលដៅ​ស្វែង​រក​សេចក្តី​ទុកចិត្ត​ឡើង​វិញ។ សេចក្តី​ទុកចិត្ត​ដែល​មហាក្សត្រ​ហ្សកដានី​សង្ឃឹម​ថា នឹង​ជួយ​បង្កើត​ឲ្យ​មាន​រដ្ឋ​ពីរ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​រស់ក្បែរ​គ្នា​ដោយ​សុខ​សន្តិភាព និង​ដោយ​យក​ហ្សេរុយសាឡិមប៉ែកខាងកើត​ធ្វើ​ជា​ទីក្រុង​របស់​ប្រជាជន​ប៉ាឡេស្ទីន។ ចំណែក​លោក Mike Pence បាន​រម្លឹក​ពី​ការ​សន្យា​របស់​អាមេរិក​ក្នុង​ការ​បន្ត​គោរព​តួនាទី​របស់​ហ្សកដានី​ជា​ឆ្មាំ​ការពារ​ទីកន្លែង​សក្ការៈ​ក៏​ដូច​ជា​បាន​បន្ត​គាំទ្រ​ដំណោះស្រាយ​រដ្ឋ​ពីរ​ដែរ។

សូម​ជម្រាប​ជូន​ថា ហ្សកដានី និង​អេហ្ស៊ីប​ដែល​លោក Mike Pence បាន​ទៅ​ទស្សនកិច្ច​ជា​ប្រទេស​អារ៉ាប់​តែ​ពីរ​គត់​ដែល​បាន​ចុះ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​អ៊ីស្រាអែល និង​ដែល​អាច​ដើរ​តួនាទី​ស្នូល​នៅ​ក្នុង​ដំណើរ​ស្វែង​រក​សន្តិភាព​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ