rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អាមេរិក​កាត់​ជំនួយ​ពាក់កណ្តាល​ពី​ទីភ្នាក់ងារ​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​ជនភៀសខ្លួន​ប៉ាឡេស្ទីន

ដោយ គួច គន្ធារ៉ា

នៅ​ថ្ងៃ​អង្គារ ទី១៦ មករា រដ្ឋបាល​អាមេរិក​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​សម្រេច​កាត់​ជំនួយ​ពាក់​កណ្តាល​ពី​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជួយ​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ហៅកាត់​ថា UNRWA។ នៅ​ក្នុង​ប្រាក់ជំនួយ​ស្ម័គ្រចិត្ត​សរុប ១២៥លានដុល្លារ អាមេរិក​បាន​ប្រគល់​ឲ្យ UNRWA តែ ៦០លានដុល្លារ​ប៉ុណ្ណោះ។

អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​ក្រសួង​ការបរទេស​អាមេរិក​បាន​អំពាវនាវ​ដល់​ទីភ្នាក់ងារ UNRWA ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ដំណើរការ និង​ការ​ចាយវាយ​របស់​ខ្លួន រួច​ថា ការ​សម្រេចចិត្ត​របស់​អាមេរិក​នេះ​គ្រាន់​តែ​បណ្តោះអាសន្ន​ប៉ុណ្ណោះ។ អ្នក​ទទួល​ខុស​ត្រូវ​ទីភ្នាក់ងារ UNRWA បាន​អះអាង​ថា ការ​កាត់​ជំនួយ​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ដំណើរការ​របស់ UNRWA។

ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ប៉ាឡេស្ទីន​បាន​បង្កើត​ក្នុង​ថ្ងៃទី៨ ធ្នូ ឆ្នាំ ១៩៤៩ និង​មាន​ទីស្នាក់ការកណ្តាល​នៅ​ក្នុង​ទីក្រុង​អាម៉ាន់ ប្រទេស​ហ្សកដានី។ បច្ចុប្បន្ន​នេះ ទីភ្នាក់ងារ UNRWA បាន​ជួយ​ទំនុកបម្រុង​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ប្រមាណ​ជា ៥លាននាក់​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ហើយ​អាមេរិក​ជា​ប្រទេស​ដែល​បាន​ផ្តល់​វិភាគទាន​ច្រើន​ជាង​គេ។ គិត​តាំង​ពី​ឆ្នាំ ១៩៥០ មក ទីក្រុង​វ៉ាស៊ីនតោន​បាន​ផ្តល់​លុយ​ឲ្យ​ទីភ្នាក់ងារ UNRWA ចំនួន ៥ ៦០០លានដុល្លារ ហើយ​បើ​គិត​ជា​មធ្យម​តាំង​ពី​ឆ្នាំ ២០០៧ អាមេរិក​បាន​ផ្តល់​ឲ្យ ២៥០លានដុល្លារ​ក្នុង​១ឆ្នាំៗ។

ក្រៅ​ពី​ផ្តល់​ជំនួយ​ទៅ​ឲ្យ​ទីភ្នាក់ងារ UNRWA អាមេរិក​ក៏​បាន​ផ្តល់​ជំនួយ​ផ្ទាល់​ទៅ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​តាម​រយៈ​ទីភ្នាក់ងារ USAID និង​តាម​រយៈ​កម្មវិធី​របស់​អង្គការ​សហប្រជាជាតិ​ចំពោះ​ដែនដី​ប៉ាឡេស្ទីន។ តួលេខ​ក្នុង​ឆ្នាំ ២០១៦ ឲ្យ​ដឹង​ថា ទីភ្នាក់ងារ USAID បាន​ឧបត្ថម្ភ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ចំនួន ៣១៩លានដុល្លារ និង​៣០៤លានដុល្លារ​ផ្សេង​ទៀត​តាម​រយៈ​កម្មវិធី​របស់​អង្គការ​សហប្រជាជាតិ​ចំពោះ​ដែនដី​ប៉ាឡេស្ទីន។ ក្នុង​១ឆ្នាំៗ អាមេរិក​បាន​ចូលរួម​ជួយ​ប្រជាជន​ប៉ាឡេស្ទីន​ច្រើន​ណាស់ ហើយ​ជួយ​តាំង​ពី​ជាង​កន្លះ​សតវត្ស​មក​ហើយ។

ហេតុអ្វី​បាន​ជា​អាមេរិក​ទើប​សើរើ​ពេល​នេះ?

មាន​ហេតុផល​ចំនួន​ពីរ​ដែល​គេ​អាច​បញ្ជាក់​ពី​ការ​សម្រេច​ចិត្ត​របស់​អាមេរិក​ក្នុង​ការ​កាត់​ជំនួយ​ដល់​ទីភ្នាក់ងារ UNRWA ទី១ គឺ​នយោបាយ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​ទី២ នយោបាយ​របស់​លោក​ត្រាំ​នៅ​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ តាំង​ពី​ចូល​កាន់​តំណែង លោក​ដូណាល់ ត្រាំ​បាន​សើរើ​ឡើង​វិញ​ទាំង​អស់​នូវ​ជំនួយ​ដែល​អាមេរិក​កំពុង​ជួយ​ប្រទេស​ផ្សេង ទឹកប្រាក់​ដែល​អាមេរិក​បាន​បង់វិភាគទាន​ឲ្យ​ស្ថាប័ន​អន្តរជាតិ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ ទំនាកំទង​រវាង​អាមេរិក និង​ប្រទេស​ផ្សេង និង​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​អាមេរិក​បាន​ចុះ​ហត្ថលេខា។

លោក​ត្រាំ​ធ្លាប់​បាន​ព្រមាន និង​និយាយ​ច្រើន​ដង​ថា អាមេរិក​បាន​ចំណាយ​លុយ​ច្រើន​ណាស់​សម្រាប់​អ្នក​ផ្សេង និង​បាន​គិតគូរ​អ្នក​ដទៃ​ច្រើន​ជាង​ពលរដ្ឋ​អាមេរិក​ខ្លួន​ឯង​ទៅ​ទៀត។ ទាក់ទង​នឹង​ទីភ្នាក់ងារ UNRWA លោក​ត្រាំ​បាន​ថ្លែង​កាល​ពី​ថ្ងៃទី២ មករា​ថា អាមេរិក​បាន​បញ្ជូន​លុយ​ឲ្យ​ប៉ាឡេស្ទីន​រាប់សិប​លាន​ដុល្លារ តែ​អាមេរិក​មិន​ដែល​ទទួល​បាន​ការ​អរគុណ និង​ការ​គោរព​ពី​ប៉ាឡេស្ទីន​ទេ។ លោក​ត្រាំ​បាន​បន្ថែម​ដោយ​ចោទ​ជា​សំណួរ​ថា បើ​ប្រជាជន​ប៉ាឡេស្ទីន​លែង​ចង់​និយាយ​ពី​សន្តិភាព រឿង​អី​ដែល​អាមេរិក​បន្ត​ឲ្យ​លុយ​ដ៏​ច្រើន​សម្បើម​ទៀត?។

បើ​មើល​មួយ​ភ្លែត​ទៅ លោក​ត្រាំ​ស្តី​បន្ទោស​ប៉ាឡេស្ទីន​ដែល​មិន​ព្រម​ចរចា​សន្តិភាព​ជាមួយ​អ៊ីស្រាអែល។ តែ​អ្វី​ដែល​លោក​ត្រាំ​ភ្លេច​ខ្លួន​នោះ​គឺ​ថា រូប​លោក​ជា​អ្នក​ផ្តើម​បង្ក​ឲ្យ​មាន​បរិយាកាស​អាប់អួរ តានតឹង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ជាក់ស្តែង លោក​ត្រាំ​បាន​ទទួល​ស្គាល់​ហ្សេរុយសាឡិម​ជា​ទីក្រុង​ផ្តាច់មុខ​របស់​អ៊ីស្រាអែល។ រដ្ឋអំណាច​ប៉ាឡេស្ទីន រួម​ទាំង​សហគមន៍​អន្តរជាតិ​បាន​ថ្កោលទោស​លើ​ទង្វើ​របស់​លោក​ត្រាំ។ ជា​ការ​ឆ្លើយ​បក​វិញ ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​អាបាស់​បាន​សម្រេច​លែង​ចាត់​ទុក​តួនាទី​ប្រពៃណី​របស់​អាមេរិក​ជា​អន្តរការី​នៅ​ក្នុង​ដំណើរការ​ចរចា​សន្តិភាព​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

ផលវិបាក​ចំពោះ​ដំណើរការ​របស់​ទីភ្នាក់ងារ UNRWA

នៅ​ក្នុង​ខ្ទង់ចំណាយ​ប្រចាំឆ្នាំ​របស់​ទីភ្នាក់ងារ UNRWA ដែល​មាន ១ ៣០០លានដុល្លារ អាមេរិក​តែ​ម្នាក់​ឯង​បាន​ចូលរួម​ដល់​ទៅ ៣០%។ ដូច្នេះ​ការ​ដែល​អាមេរិក​បាន​កាត់​ជំនួយ​របស់​ខ្លួន​ពាក់កណ្តាល​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ដំណើរការ​របស់​ទីភ្នាក់ងារ UNRWA។ អ្នក​ដែល​កំពុង​ព្រួយបារម្ភ​ខ្លាំង​ជាង​គេ គឺ​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ដែល​ជា​ជនរងគ្រោះ​ផ្ទាល់។ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Gutteres បាន​សម្តែង​ក្តីបារម្ភ និង​បាន​រម្លឹក​ប្រាប់​អាមេរិក​ថា ទីភ្នាក់ងារ UNRWA បាន​ជួយ​ជនភៀសខ្លួន​ប៉ាឡេស្ទីន​គ្រប់រូប ទោះ​នៅ​ក្នុង​ប្រទេស​ហ្សកដានី ស៊ីរី លីបង់ ឬ​នៅ​ដែនដី​ប៉ាឡេស្ទីន​កាន់កាប់​ដោយ​អ៊ីស្រាអែល​ក៏​ដោយ។

ផលវិបាក​ដែល​គ្រប់​គ្នា​បារម្ភ គឺ​ផលវិបាក​មនុស្សធម៌​ចំពោះ​ជនភៀសខ្លួន​ប៉ាឡេស្ទីន។ ចំណែក​ប្រតិកម្ម​ខ្លះ​ទៀត​បាន​មើល​ឃើញ​សេចក្តីសម្រេច​របស់​អាមេរិក​ថា​មាន​លក្ខណៈ​នយោបាយ​កាន់​ជើង​អ៊ីស្រាអែល។ នេះ​ក៏​ដោយសារ​ថា អ៊ីស្រាអែល​ជា​អ្នក​ដែល​បាន​តាម​រក​រឿង​ទីភ្នាក់ងារ UNRWA តាំង​ពី​យូរ​មក​ហើយ​ដោយ​បាន​ចោទ​ទីភ្នាក់ងារ​អន្តរជាតិ​មួយ​នេះ​ពី​បទ​បាន​អនុញ្ញាត​ឲ្យ​ចលនាប្រដាប់អាវុធ​ប៉ាឡេស្ទីន​ហាម៉ាស់​ប្រើ​ទីស្នាក់ការ​ខ្លួន​ដើម្បី​បាញ់គ្រាប់រ៉ូកែត​លើ​ទឹកដី​អ៊ីស្រាអែល។ ទោះ​ជា​យ៉ាង​នេះ​ក្តី អាមេរិក​ក៏​យល់​ពី​មហន្តរាយ​មនុស្សធម៌​ដែល​អាច​កើត​មាន​ចំពោះ​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ដែរ និង​បាន​បញ្ជាក់​ថា ការ​កាត់​ជំនួយ​នេះ​គ្រាន់​ជា​បណ្តោះអាសន្ន​ប៉ុណ្ណោះ។ ទន្ទឹម​គ្នា​នេះ អាមេរិក​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ពី​បំណង​ចង់​ផ្ទេរ​វិភាគទាន​ពី​ទីភ្នាក់ងារ UNRWA ទៅ​ឲ្យ​ស្ថានប័ន​អន្តរជាតិ​ផ្សេង​វិញ៕

ហេតុអ្វី អាមេរិក​ប្រឆាំង​គម្រោង​បង្កើត​តំបន់​គ្មាន​ការហោះហើរ នៅលើ​ព្រំដែន​កូរ៉េទាំងពីរ?

នៅក្រោយ​ការរិះគន់ អូស្ត្រាលី​ប្តូរជំហរ​ពីរឿង​ចង់​ផ្ទេរ​ស្ថានទូត​ទៅ​នៅហ្ស៊េរុយសាឡិម

តើ​លោក​អាន់វ៉ា អ៊ីប្រាហ៊ីមកំពុង​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី?

អារ៉ាប៊ីសាអូឌីត ថាមិន​ដែល​មាន​បំណង​សម្លាប់​លោក Jamal Khashoggi ទេ!

ហេតុអ្វី​អាមេរិក​រឹតបន្តឹង​ការនាំចេញ​នុយក្លេអ៊ែរ​ទៅប្រទេស​​ចិន?

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​សុំ​លាលែងពី​​តំណែង

IMF៖​កំណើនសេដ្ឋកិច្ច​ក្នុង​លោក​សម្រាប់​ឆ្នាំ ២០១៨ និង ២០១៩ មាន​តិច​ជាង​ការ​ប្រមើលទុក

ចិនចោទ​ប្រធាន​អាំងទែរប៉ូល​ដែលបាត់ខ្លួន ពីបទ​​ពុករលួយ

ប្រេស៊ីល៖​ការបោះឆ្នោត​ប្រធានាធិបតី​បង្កប់​ដោយ​ភាព​ប្រេះឆា​ក្នុង​សង្គម និងកំណើន​​សម្លេង​របស់​គណបក្ស​ស្តាំនិយមជ្រុល

តើអ្វី​ខ្លះ​ជា​កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់​លោក​ ប៉ុមប៉េអូ នៅតូក្យូ ព្យុងយ៉ាង សេអ៊ូល ?

ណូបែល​សន្តិភាព​ឆ្នាំ​២០១៨ បាន​ទៅ​​លើ​សកម្មជន​ប្រយុទ្ធ​ប្រឆាំង នឹង​អំពើ​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​

ហេតុអ្វីបាន​ជា​ឥណ្ឌា​នៅតែ​ផ្គើន​ចង់ទិញ​ប្រព័ន្ធ​ខែល​មីស៊ីល​រុស្ស៊ី S-400?

បារាំង​ចោទ​អ៊ីរ៉ង់​ពី​បទ​នៅ​ពី​ក្រោយ​គម្រោង​ធ្វើ​ភេរវកម្ម​នៅ​ជាយ​ក្រុង​ប៉ារីស​

របាយការណ៍៖ កំដៅផែនដី​នឹង​កើនឡើង ១,៥អង្សាសេ នៅឆ្នាំ ២០៤០

អាមេរិក​រកឃើញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​កាណាដា និង​ម៉ិចស៊ិក

ហេតុអ្វី​ សារTwitter​តែ​ប៉ុន្មានម៉ាត់​ធ្វើ​ឲ្យ​លោក​Musk ខ្ទាតចេញ​ពីតំណែង​ប្រធាន​ក្រុមហ៊ុន​Tesla?

ចោរ​បន្លំ​ចូល​ក្នុង​គណនី ​Facebook ​របស់​អ្នក​ប្រើ ​មិន​តិច​ជាង​៥០​លាន​គណនី

តើ​ព្រឹទ្ធសភាអាមេរិក​នឹងតែងតាំង បេក្ខជន​ចៅក្រម​តុលាការ​កំពូល ដែល​រងចោទប្រកាន់​ពីរឿងអាស្រូវផ្លូវភេទ?

តើ​ទស្សនកិច្ច​របស់​លោកអ៊ែរដូហ្កាន​នៅ​អាល្លឺម៉ង់​អាច​ជួយ​ស្តារ​ទំនាក់ទំនង​តានតឹង​រវាង​តួកគី និង​អាល្លឺម៉ង់​បាន​ដែរ​ឬទេ?

អ៊ីរ៉ង់ ក្លាយជា​សំណុំរឿង​ស្នូល​នៃ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.