rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីរ៉ង់ យេម៉ែន អង្គការ​សហប្រជាជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

យេម៉ែន៖​របាយការណ៍​របស់​អ.ស.ប.​ចោទ​អ៊ីរ៉ង់​ពី​បទ​រំលោភ​លើ​ទណ្ឌកម្ម​អន្តរជាតិ​ស្តីពី​អាវុធ

media
ក្រុម​កម្លាំង​យោធា និង​សន្តិសុខ​ក្នុង​ប្រទេស​យេម៉ែន STRINGER / AFP

ក្រុម​អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ​បាន​បញ្ជូន​របាយការណ៍​មួយ​ដែល​ចោទ​អ៊ីរ៉ង់​ពី​បទ​បាន​រំលោភ​លើ​ទណ្ឌកម្ម​អន្តរជាតិ​ស្តីពី​អាវុធ​នៅ​ក្នុង​ប្រទេស​យេម៉ែន។ តាម​របាយការណ៍ ទីក្រុង​តេហេរ៉ង់​បាន​បំពាន​លើ​ទណ្ឌកម្ម​អន្តរជាតិ​អនុម័ត​ក្នុង​ឆ្នាំ ២០១៥ ដោយ​បិទភ្នែក​ទុកបណ្តោយ​ឲ្យ​ពួក​ឧទ្ទាម​ហ៊ូទី​ទទួល​បាន​ដ្រូន និង​គ្រាប់មីស៊ីលបាលីស្ទិក។


នៅ​ក្នុង​របាយការណ៍​កម្រាស់ ៧៩ទំព័រ​ផ្ញើ​ទៅ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​កាល​ពី​ថ្ងៃ​សុក្រ ទី១២ មករា ក្រុម​អ្នក​ជំនាញ​របស់​អង្គការសហប្រជាជាតិ​ដែល​មាន​ភារកិច្ច​ជា​អ្នក​ឃ្លាំ​មើល​ការ​អនុវត្តន៍​ទណ្ឌកម្ម​បាន​រក​ឃើញ​អត្តសញ្ញាណ​នៃ​បំណែក​គ្រាប់មីស៊ីល​ដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​គ្រឿង​បរិក្ខារយោធា និង​ដ្រូន​មាន​ប្រភព​ពី​ប្រទេស​អ៊ីរ៉ង់។ តាម​ក្រុម​អ្នកជំនាញ​ដដែល គ្រឿង​បរិក្ខារ​យោធា និង​ដ្រូន​ទាំង​អស់​នោះ​បាន​នាំ​ចូល​ប្រទេស​យេម៉ែន ក្រោយ​ពី​ក្រុម​ប្រឹក្សាសន្តិសុខ​បាន​អនុម័ត​លើ​ទណ្ឌកម្ម​ហាម​នាំ​អាវុធ​ចូល​យេម៉ែន​ក្នុង​ឆ្នាំ ២០១៥។

នៅ​ត្រង់​ចំណុច​នេះ ក្រុម​អ្នកជំនាញ​បាន​ចោទ​អ៊ីរ៉ង់​ត្រង់ៗ​ពី​បទ​បាន​បិទភ្នែក​ដោយ​ទុក​បណ្តោយ​ឲ្យ​ក្រុម​ឧទ្ទាម​ហ៊ូទី​ទទួល​បាន​ដ្រូន និង​គ្រាប់មីស៊ីល​បាលីស្ទិក​ក្នុង​គោលដៅ​វាយប្រហារ​លើ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​ជា​គូប្រជែង​ស៊ីសាច់​ហុតឈាម​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់។ ក្រុម​អ្នកជំនាញ​ដដែល​បាន​បញ្ជាក់​ថា ធ្លាប់​បាន​សុំ​អ៊ីរ៉ង់​ឲ្យ​បំភ្លឺ​លើ​ព័ត៌មាន​ទាំង​អស់​នោះ តែ​រដ្ឋអំណាច​ទីក្រុង​តេហេរ៉ង់​មិន​បាន​ផ្តល់​ការ​ពន្យល់​ឲ្យ​បាន​ច្បាស់លាស់​ទេ។ ម្យ៉ាង​ទៀត ទីក្រុង​តេហេរ៉ង់​ក៏​មិន​បាន​ចាត់​វិធានការ​ចាំ​បាច់​ក្នុង​ការ​លក់ ឬ​ការ​បញ្ជូន​គ្រាប់មីស៊ីល​ទៅ​ពួក​ឧទ្ទាម​ហ៊ូទី​ដែរ។

យ៉ាង​ណា​ក៏​ដោយ របាយការណ៍​របស់​ក្រុម​អ្នកជំនាញ​បាន​បញ្ជាក់​បន្ថែម​លើ​ព័ត៌មាន​របស់​អាមេរិក​នា​ដំណាច់​ឆ្នាំ ២០១៧ ដែល​ចោទ​អ៊ីរ៉ង់​ពី​បទ​បាន​រំលោភ​លើ​ទណ្ឌកម្ម​អន្តរជាតិ​ហាម​លក់ ឬ​នាំ​អាវុធ​ទៅ​ឲ្យ​ពួក​ឧទ្ទាម​ហ៊ូទី​នៅ​យេម៉ែន។ តែ​ការ​ចោទ​របស់​ទីក្រុង​វ៉ាស៊ីនតោន​កាល​ណោះ​ត្រូវ​បាន​ទីក្រុង​តេហេរ៉ង់​បដិសេធ​យ៉ាង​ដាច់​អហង្ការ និង​ឆ្លើយ​បក​វិញ​ថា អ៊ីរ៉ង់​បាន​គាំទ្រ​ពួក​ហ៊ូទី​តែ​ផ្លូវ​នយោបាយ​មួយ​គត់។ សូម​រម្លឹក​ជូន​ថា ទណ្ឌកម្ម​អាវុធ​របស់​អង្គការ​សហប្រជាជាតិ​អនុម័ត​ក្នុង​ឆ្នាំ ២០១៥ សំដៅ​តែ​លើ​ពួក​ឧទ្ទាម​ហ៊ូទី​ប៉ុណ្ណោះ ពោល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រទេស​សមាជិក​នៅ​ក្នុង​កម្លាំង​សម្ព័ន្ធអារ៉ាប់​ដឹក​នាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​យេម៉ែន​ទេ៕