rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក ប្រេងកាត បរិស្ថាន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោកដូណាល់ ត្រាំ បើក​ភ្លើងខៀវ​ឲ្យ​គេ​ជីក ធ្វើ​អាជីវកម្ម​ប្រេង​នៅសមុទ្រ​អាមេរិក

media
ប្រធានាធិបតី​ដូណាល់ ត្រាំ ថ្លែង​នៅក្រសួង​ថាមពល​អាមេរិក នៅ​ខែ មិថុនា ឆ្នាំ ២០១៧ ©REUTERS/Carlos Barria/File Photo

រដ្ឋបាល​អាមេរិក នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ចេតនា​បើក​ផ្លូវ ឲ្យ​មាន​ការជីកខួង ធ្វើ​អាជីវកម្ម​បូមប្រេង និង​ឧស្ម័ន នៅក្នុង​សមុទ្រ ក្បែរ​ទឹកដី​អាមេរិក។ នយោបាយ​បើកភ្លើងខៀវ ឲ្យ​គេធ្វើ​អាជីវកម្ម បូមប្រេង សូម្បី នៅ​តាម​តំបន់​ឆ្នេរ​ទេសចរ​របស់​អាមេរិក​បាន​បង្ក​ឲ្យ​មាន​ការតវ៉ា មិនថា ពីក្រុមអ្នកការពារ​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន។


រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​បំផ្លាញចោល វិធានការ​ការពារ​បរិស្ថាន របស់​លោក​ប្រធានាធិបតី​អាណត្តិមុន ដោយ​បាន​ដាក់​អនុវត្ត​កម្មវិធី ធ្វើ​ឲ្យ​អាមេរិក​ក្លាយ​ជា​ប្រទេស​នាំមុខ​គេ​ផ្នែក​ថាមពល។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ រដ្ឋមន្រ្តី​ក្រសួង​ធនធាន​ធម្មជាតិ​អាមេរិក បាន​បង្ហាញគេឃើញ ​ជាសាធារណៈ ផែនការ​ធ្វើ​អាជីវកម្ម​លើ​៩០ភាគរយ នៃ​ផ្ទៃសមុទ្រ​របស់​អាមេរិក ដើម្បី​ជីក​អណ្តូងប្រេង និង​ឧស្ម័ន។

ផែនការ​ដែល​មាន​រយៈពេល​៥ឆ្នាំ និង​ដែល​ចាប់អនុវត្ត​ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២៤ នឹង​បើកភ្លើង​ខៀវ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ជីកខួង បូមយក​ប្រេង​ចំនួន ៤៧​កន្លែង នៅ​ក្នុង ដែនទឹក សឹង​ទាំងអស់​របស់​អាមេរិក ដែល​មាន នៅ​ក្នុង​មហាសមុទ្រ​អាត្លង់ទិក ប៉ាស៊ីហ្វិក និងក្បែរអាក់ទិក។ ៤៧​កន្លែង នៅក្នុង​រយៈពេល​៥ឆ្នាំ គឺ​ច្រើនណាស់ ព្រោះថា នៅក្នុង​អាណត្តិ រយៈពេល ៨ឆ្នាំ លោក​អូបាម៉ា បាន​អនុញ្ញាត ឲ្យមាន​អាជីវកម្ម បូម​យកប្រេង​តែ ចំនួន​១១​កន្លែង​តែប៉ុណ្ណោះ។

រដ្ឋមន្រ្តី​ធនធាន​ធម្មជាតិ​របស់​អាមេរិក លោក​Ryan Zinke បាន​និយាយ​ការពារ​កម្មវិធី​ធ្វើ​អាជីវកម្ម​ប្រេង​របស់លោកដូណាល់ ត្រាំ ដែល​ថា នឹង​ជួយ​ឲ្យ​អាមេរិក​អាច​ប្រើ​យក​ប្រយោជន៍​ពេញទី ពី​ធនធានប្រេង និង​ឧស្ម័ន គឺ​លែង ឲ្យ​បរទេស​កេងយក​ប្រយោជន៍​ដូចមុន​ទៀតហើយ។

នយោបាយ​ធ្វើ​ឲ្យ​អាមេរិក​មាន​ថាមពល​នាំមុខ​គេ​របស់លោកដូណាល់ ត្រាំ បាន​រងការរិះគន់ ប្រឆាំង​មិនថា ពីក្រុម​ការពារ​បរិស្ថាន ហើយ​និង​អភិបាល​រដ្ឋ ដែល​នៅ​ជាប់ឆ្នេរ​សមុទ្រ ដូចជា Florida ការូលីន​ខាងជើង ញូវជេស៊ី​ជាដើម។ ជាក់ស្តែង អភិបាល​រដ្ឋ​Florida មក​ពីគណបក្ស​សាធារណរដ្ឋ​ដូច​លោកដូណាល់ ត្រាំ បាន​អំពាវនាវ​ឲ្យ​ប្រធានាធិបតី​ដក​រដ្ឋ​របស់លោក​ចេញពី​ផែនការ​ធ្វើ​អាជីវកម្ម​បូមយក​ប្រេង ព្រោះថា ការជីក​បូមប្រេង នៅក្នុង​សមុទ្រ ក្បែរ​ឆ្នេរ​របស់ Florida មិនត្រឹមតែ​ជះឥទ្ធិពល​អាក្រក់​ដល់​បរិស្ថាន ប៉ុន្តែ វា​នឹង​ ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ដែល​ជាខ្យល់ដង្ហើម​សំខាន់​របស់​រដ្ឋ Florida៕​