អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖​ព្រឹទ្ធសភា​​អនុម័ត​លើ​ច្បាប់​ស្តីពី​កំណែទម្រង់​​វិស័យ​សារពើពន្ធ​របស់​លោក​ដូណាល់ ត្រាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក ព្រឹទ្ធសភា​បាន​អនុម័ត​លើ​ច្បាប់​ស្តីពី​កំណែទម្រង់​ក្នុង​វិស័យ​សារពើពន្ធ។ បន្ទាប់​ពី​ការ​អនុម័ត​របស់​ព្រឹទ្ធសភា​នា​ថ្ងៃ​អង្គារ ទី១៩ ធ្នូ ច្បាប់​ដដែល​នេះ​នឹង​បញ្ជូន​ទៅ​ឲ្យ​សភា​បោះឆ្នោត​ជា​ថ្មី​នៅ​ថ្ងៃ​ពុធ ទី២០ ធ្នូ​នេះ។ សូម​ជម្រាប​ជូន​ថា កំណែទ្រង់​លើ​វិស័យ​សារពើពន្ធ​នេះ​ជា​ប្រធានបទ​អាទិភាព​មួយ​សន្យា​ដោយ​លោក​ដូណាល់ ត្រាំ​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត។ តែ​ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​ថា កំណែទម្រង់​មួយ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​រដ្ឋបាល​អាមេរិក​ប្រឈម​នឹង​កំណើន​ប្រាក់បំណុល​ខ្ពស់។

លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

គេ​អាច​និយាយ​បាន​ទេ​ថា ការ​ដែល​ព្រឹទ្ធសភា​បាន​អនុម័ត​លើ​ច្បាប់​ស្តីពី​កំណែទម្រង់​ក្នុង​វិស័យ​សារពើពន្ធ​ពេល​នេះ ជា​មហាកាដូ​មួយ​ដែល​លោក​ដូណាល់ ត្រាំ​បាន​ទន្ទឹង​រង់ចាំ​អស់​មួយ​ឆ្នាំ​មក​ហើយ។ ចូរ​កុំ​ភ្លេច​ថា ក្រោយ​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ជិត ១ឆ្នាំ​មក នេះ​ជា​លើកទី១ ដែល​កំណែទម្រង់​អាទិភាព​មួយ​របស់​លោក​បាន​លេច​ចេញ​ជា​រូបរាង​ឡើង។ គួរ​បញ្ជាក់​ជូន​បន្តិច​ថា ក្រោយ​ការ​បោះឆ្នោត​អនុម័ត​របស់​ព្រឹទ្ធសភា​នា​ថ្ងៃ​អង្គារ ទី១៩ ធ្នូ​មក ច្បាប់​ស្តីពី​កំណែទ្រង់​ក្នុង​វិស័យ​សារពើពន្ធ​ដែល​មាន​កម្រាស់ ១០៩៧ទំព័រ​មួយ​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​សភា​បោះឆ្នោត​អនុម័ត​ជា​ថ្មី​នៅ​ថ្ងៃ​ពុធ ទី២០ ធ្នូ។ បើ​គ្មាន​ឧបសគ្គ​អ្វី​រារាំង​ទេ ច្បាប់​នោះ​នៅ​ខ្វះ​តែ​ហត្ថលេខី​របស់​លោក​ដូណាល់ ត្រាំ​ប៉ុណ្ណោះ មុន​នឹង​ដាក់​ឲ្យ​អនុវត្តន៍​ជា​ផ្លូវការ។

ជា​កាដូ​ណូអែល​សម្រាប់​លោក​ដូណាល់ ត្រាំ​ពិត​ជា​រឿង​មួយ​ដែល​មិន​អាច​ប្រកែក​បាន​ទេ តែ​អ្នក​ដែល​នឹង​ទទួល​បាន​ផលចំណេញ​ផ្ទាល់​ពី​កំណែទម្រង់​ក្នុង​វិស័យ​សារពើពន្ធ​នេះ គឺ​ពលរដ្ឋ​អាមេរិកាំង និង​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ក្នុង​ស្រុក​គ្រប់​ខ្នាត​ទាំង​អស់។ គោលដៅ​របស់​លោក​ដូណាល់ ត្រាំ​នៅ​ក្នុង​កំណែទម្រង់​នេះ គឺ​កាត់​បន្ថយ​ការ​បង់ពន្ធ​របស់​ពលរដ្ឋ និង​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ចាប់​ពី​ឆ្នាំ ២០១៨ ទៅ។ បើ​តាម​ការ​គន់គូរ​របស់​សភា​អាមេរិក​សម្រាប់​ឆ្នាំ ២០១៩ អត្រាពន្ធ​នឹង​ថយ​ចុះ​ជា​មធ្យម​ចំនួន ៨% ដែល​គិត​ជា​ទឹកប្រាក់​សរុប​មាន​ ២៦០ ០០០លានដុល្លារ។ គេ​អាច​និយាយ​បាន រដ្ឋ​នឹង​បាត់បង់​ចំណូល​ពី​ការ​យក​ពន្ធ​ចំនួន ២៦០ ០០០លានដុល្លារ​សម្រាប់​ឆ្នាំ ២០១៩។

សន្ទុះ​កំណើន​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ថ្មី

លទ្ធផល​ដែល​លោក​ដូណាល់ ត្រាំ​កំពុង​រង់ចាំ​ពី​កំណែទម្រង់​ក្នុង​វិស័យ​សារពើពន្ធ គឺ​សន្ទុះ​កំណើន​សេដ្ឋកិច្ច និង​ការ​បង្កើត​ការងារ​បន្ថែម​ជូន​ពលរដ្ឋ​អាមេរិកាំង។ ចូរ​កុំ​ភ្លេច​ថា កំណែទម្រង់​ក្នុង​វិស័យ​សារពើពន្ធ​ដែល​លោក​ដូណាល់ ត្រាំ​ចង់​បាន​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋបាល​អាមេរិក​បាត់បង់​ចំណូល​ច្រើន​ណាស់។ ជាមួយ​នឹង​កំណែទម្រង់​នេះ លោក​ដូណាល់ ត្រាំ​ចង់​ជួយ​បង្កើន​ការ​ចាយវាយ​របស់​ពលរដ្ឋ និង​ជួយ​ជំរុញ​ការ​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន រោងចក្រ​សហគ្រាស​ក្នុង​ស្រុក។ លោក​ត្រាំ​សង្ឃឹម​ថា ការ​ចាយវាយ​បន្ថែម​របស់​ពលរដ្ឋ​នឹង​ជួយ​ផ្តល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ឲ្យ​លើស​ពី ៣% ដែល​​អាមេរិក​កំពុង​មាន​សព្វថ្ងៃ ពិសេស​បង្កើត​ការងារ​បន្ថែម​ឲ្យ​ពលរដ្ឋ។

នៅ​ក្នុង​ន័យ​នេះ លោក​ដូណាល់ ត្រាំ​បាន​សរសេរ​ដោយ​អំណួត​ថា តម្លៃភាគហ៊ុន​នៅ​ផ្សារ​ភាគហ៊ុន និង​សេដ្ឋកិច្ច​នឹង​ស្គាល់​ភាព​រុងរឿង​​ខ្លាំង​នៅ​ពេល​ណា​ដែល​ច្បាប់​កំណែទម្រង់​មួយ​នេះ​ត្រូវ​បាន​អនុវត្តន៍ ១០០%។ តែ​ក្រុម​អ្នកវិភាគ​ហាក់​មិន​បាន​យល់​ឃើញ​ដូច​លោក​ដូណាល់ ត្រាំ​ទេ។ សំណួរ​ដែល​ពួក​គេ​បាន​ចោទ​សួរ​ឡើង​ពេល​នេះ​គឺ​ថា តើ​លោក​ត្រាំ​នឹង​យក​លុយ​ពី​ណា​ដើម្បី​បំពេញ​លើ​ចំណូល​ដែល​រដ្ឋ​បាន​បាត់បង់​ពី​ការ​យក​ពន្ធ​ពី​ពលរដ្ឋ និង​ពី​រោងចក្រ សហគ្រាស?។ នៅ​ក្នុង​ន័យ​នេះ ក្រុម​អ្នកវិភាគ​បាន​ទាញ​សញ្ញា​អាសន្ន​ថា បើ​លោក​ត្រាំ​គ្មាន​យុទ្ធសាស្រ្ត ឬ​ផែនការ​អ្វី​ច្បាស់លាស់​ទេ នោះ​កំណែទម្រង់​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​បំណុល​អាមេរិក​ឡើង​កាន់​តែ​ខ្លាំង​ថែម​ទៀត។

ក្រុម​អ្នកវិភាគ​ព្រមាន​ពី​កំណើន​ប្រាក់បំណុល

កន្លង​មក ប្រធានាធិបតី​អាមេរិក​មុនៗ​ក៏​បាន​ធ្វើ​កំណែទម្រង់​ក្នុង​វិស័យ​សារពើពន្ធ​នេះ​ដែរ​ដោយ​បាន​អះអាង​ដូច​គ្នា​ថា ដើម្បី​ចូលរួម​ផ្តល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច និង​បង្កើត​ការងារ​បន្ថែម​ឲ្យ​ពលរដ្ឋ។ នៅ​ពេល​ដែល​សេដ្ឋកិច្ច​មាន​កំណើន​បន្ថែម ហើយ​ពលរដ្ឋ​អាមេរិក​សម្បូរ​ការងារ​ធ្វើ រដ្ឋបាល​អាមេរិក​សង្ឃឹម​នឹង​យក​ផលចំណេញ​ដែល​ទទួល​បាន​នោះ​ទៅ​បំពេញ​កន្លែង​បាត់បង់​ពី​ការ​យក​ពន្ធ​ពី​ពលរដ្ឋ និង​ក្រុមហ៊ុន រោងចក្រ​សហគ្រាស។ តែ​គេ​សង្កេត​ឃើញ​ជា​រួម​ថា លទ្ធផល​ជាក់ស្តែង​ដែល​ទទួល​បាន​មិនដូច​ជា​ការ​រង់ចាំ​ឯណា។ ចំណែក​ក្រុម​អ្នក​សេដ្ឋវិទូ​ក៏​មិន​បាន​ភ្ញាក់ផ្អើល​លើ​លទ្ធផល​គួរ​ឲ្យ​ខក​ចិត្ត​នោះ​ទេ។

មេរៀន​នៅ​ក្នុង​អតីតកាល​បាន​បង្ហាញ​រួច​ហើយ​នៅ​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​មក​ពី​បក្ស​សាធារណរដ្ឋ Ronald Reagan ដែល​ច្បាប់​ស្តីពី​កំណែទម្រង់​ក្នុង​វិស័យ​សារពើពន្ធ​របស់​គាត់​បាន​អនុម័ត​ក្នុង​ឆ្នាំ ១៩៨១ និង​ក្នុង​ជំនាន់​ប្រធានាធិបតី​មក​ពី​បក្ស​សាធារណរដ្ឋ​ម្នាក់​ទៀត គឺ​លោក George W. Bush ដែល​ច្បាប់​ស្តីពី​កំណែទម្រង់​ក្នុង​វិស័យ​សារពើពន្ធ​របស់​គាត់​បាន​អនុម័ត​ក្នុង​ឆ្នាំ ២០០១ ២០០៣។ កំណែទម្រង់​មួយ​នេះ​បាន​ជួយ​កាត់​បន្ថយ​ការ​បង់ពន្ធ​របស់​ពលរដ្ឋ និង​ក្រុមហ៊ុន រោងចក្រ​សហគ្រាស​មែន តែ​រដ្ឋ​បាន​ប្រឈម​មុខ​នឹង​កំណើន​ប្រាក់បំណុល​ខ្ពស់​កប់​ពពក​រហូត​ធ្វើ​ឲ្យ​អាមេរិក​ក្លាយ​ជា​ប្រទេស​ជាប់បំណុល​គេ​ច្រើន​ជាង​គេ​ក្នុង​លោក​ទៀត​ផង។

ទីបំផុត​នៅ​ពេល​នោះ រដ្ឋ​គ្មាន​ជម្រើស​រើស​អ្វី​នឹង​ត្រឡប់​មក​បង្កើន​ពន្ធ​លើ​ពលរដ្ឋ និង​ក្រុមហ៊ុន រោងចក្រ​សហគ្រាស​ជា​ថ្មី ហើយ​ថែម​ទាំង​បង់​លើស​ពី​ពេល​មុន និង​ធ្ងន់ ក ជាង​មុន​ទៅ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ