rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កាណាដា អាកាសចរណ៍ អង់គ្លេស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

នៅ​កាណាដា យន្តហោះ​ដឹក​អ្នកដំណើរ​បុក ប៉ះទង្គិច​គ្នា ជាលើកទី១ ជាមួយ​ដ្រូន

media
ដ្រូន​ត្រូវ​បង្ហោះ​ឡើង​នៅ​ប្រទេស​ស្វ៊ីស​នៅចំពេល​ដែល​យន្តហោះ​ដឹកអ្នកដំណើរ​កំពុង​ហោះ​នៅ លើ​មេឃ ©Fabrice COFFRINI / AFP

ដ្រូន​មួយ​គ្រឿង​បាន​បុក ជល់គ្នា​ជាមួយ យន្តហោះ​ដឹកអ្នកដំណើរ​របស់​Skyjet​ដែល​ជា​ក្រុមហ៊ុន​ហោះហើរ​ក្នុង​ស្រុក​កាណាដា។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅថ្ងៃ ព្រហស្បតិ៍ សប្តាហ៍​មុន នៅក្បែរ​ព្រលាន​យន្តហោះ​កេបិច។ ទោះបី​ជា​គ្រោះថ្នាក់ ការប៉ះទង្គិច លើកនេះ មិន​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បាត់បង់​ជីវិត ប៉ុន្តែ នេះ ជា​លើក​ទី ១ ដែល​ដ្រូន​បាន​បុកជល់គ្នា​នឹង​យន្តហោះ​ដឹក​អ្នកដំណើរ។ យន្តហោះ​ចុះចត​ដោយ​សុវត្ថិភាព ប៉ុន្តែ ហេតុការណ៍​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​កាន់តែច្បាស់​ពី​គ្រោះថ្នាក់ ដែល​អាច​បង្កឡើង​ដោយ​ការរីករាលដាល​នៃ​ដ្រូន​ស៊ីវិល។


យន្តហោះ​ពាណិជ្ជកម្ម​ដែល​បុក​ជល់​ជាមួយ​ដ្រូន នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅកាណាដា​មាន​ដឹក​អ្នកដំណើរ​៦នាក់ និង​អ្នកបើកបរ​ពីរនាក់។ នៅពេល​យន្តហោះ​ស្ថិតនៅ រយៈកំពស់ ៤៥០​ម៉ែត្រ និង​ហោះ​នៅ​ចម្ងាយ ៣គីឡូម៉ែត្រ​ពី​ព្រលាន​យន្តហោះ​កេបិច ដ្រូន​មួយគ្រឿង​បាន​បើក​បុកស្លាប​ខាងស្តាំ​របស់​យន្តហោះ​ដឹកអ្នកដំណើរ។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋមន្រ្តី​កាណាដា លោក​Marc Garneau នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

នេះ​ជា​លើក​ទី១ ដែល​យន្តហោះ​ដឹកអ្នកដំណើរ​បុក ប៉ះទង្គិច​ជាមួយ​ដ្រូន​នៅ​កាណាដា។ តាម​រដ្ឋមន្រ្តី​គមនាគមន៍​កាណាដា យន្តហោះ​ដឹកអ្នកដំណើរ​បាន​រង​ការខូចខាត តិចតួច និង​អាច​ចុះចត ដោយ​សុវត្ថិភាព។ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា គ្រោះថ្នាក់​នឹង​អាច​ធ្ងន់ធ្ងរ​ជាងនេះ បើសិន​ដ្រូន​បុក​កញ្ចក់​មុខ ឬ​ហោះ​ចូល​ក្នុង​ម៉ាស៊ីន របស់​យន្តហោះ​ដែល​ប្រុង​នឹង ចុះចត ឬ ហោះ​ឡើង​ចេញ​ពី​ព្រលាន​យន្តហោះ។

នៅក្រោយ​ឧប្បត្តិហេតុ អាជ្ញាធរ​កាណាដា​នៅមិនទាន់​រកឃើញ​ដ្រូន ឬ​អ្នកដែល​បាន​បញ្ជា​ដ្រូន ឲ្យ​បុកស្លាប​របស់​យន្តហោះ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅឡើយទេ។ នៅក្នុង​វគ្គ​ព័ត៌មាន​ជាមួយ​អ្នកកាសែត នៅថ្ងៃ​ម្សិលមិញ រដ្ឋមន្រ្តី​គមនាគមន៍ កាណាដា បាន​រំលឹក ប្រាប់​អ្នក​ដែល​មាន​ដ្រូន ពី​ទោសជាប់​ពន្ធនាគារ និង​ការពិន័យ​ជា​ប្រាក់ ប្រមាណ ១៣ ០០០​អឺរ៉ូ បើសិន​គេ​ល្មើស​មិន​គោរព​ច្បាប់ និង​គំរាមកំហែង​ដល់​សន្តិសុខ​លំហរ​អាកាស។ តាម​ច្បាប់​បច្ចប្បន្ន​របស់​កាណាដា ម្ចាស់​ដ្រូន​ស៊ីវិល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្ហោះ​ដ្រូន​របស់ខ្លួន តែ​នៅក្នុង​កំពស់​ត្រឹម​៩០ម៉ែត្រ និង​នៅ​ចម្ងាយ​៥គីឡូម៉ែត្រ​ពី​ព្រលាន​យន្តហោះ។ រដ្ឋាភិបាល​កាណាដា​កំពុង​រៀបចំ​ច្បាប់​ថ្មី ដែល​នឹង​ចូល​ជាធរមាន នៅ​ឆ្នាំ ២០១៨ ដើម្បី​គ្រប់គ្រង ដ្រូន​ស៊ីវិល។ តាម​ច្បាប់​ថ្មី រាល់​ដ្រូន​ស៊ីវិលត្រូវ​មាន​បញ្ជាក់​ឈ្មោះ​អត្តសញ្ញាណ​របស់​ម្ចាស់។ ច្បាប់​ថ្មី​របស់​កាណាដា​នឹង​កំណត់​ផងដែរ អាយុ និង​ការធ្វើតេស្ត របស់​អ្នកដែល​មាន​សិទ្ធិ​ប្រើប្រាស់​ បញ្ជា ដ្រូន។

គ្រោះថ្នាក់​បុកគ្នា​រវាង​ដ្រូន​ជាមួយ​យន្តហោះ​ដឹក​អ្នកដំណើរ​ជាកង្វល់​ធំ​របស់​អាជ្ញាធរ​កាណាដា។ តាំង​ពី​ដើម​ឆ្នាំ​២០១៧ អាកាសចរណ៍​ស៊ីវិល​កាណាដា​បាន​រាប់​ឃើញ​មាន​ឧប្បត្តិហេតុ​ពាក់ព័ន្ធ​នឹង​ដ្រូន ដល់ទៅ ជាង ១៥០០​ករណី។ ក្នុង​នោះ មាន​១៣១​ករណី ​គំរាមកំហែង​ដល់​សន្តិសុខ​ដែន​អាកាស​របស់​កាណាដា។

ការរីកសាយភាយ​នៃ​ការប្រើប្រាស់​យន្តហោះ​ដ្រូន​ស៊ីវិល នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​ការគំរាមកំហែង​ដល់​សន្តិសុខ​អាកាសចរណ៍​ស៊ីវិល។ យន្តហោះ​ដឹកអ្នកដំណើរ​របស់​បារាំង អាមេរិក​ជាដើម ធ្លាប់​ត្រូវ​បាន​បើក​បញ្ជៀស យ៉ាង​ប្រថុចញ៉ុច​បំផុត​ដើម្បី​កុំ​ឲ្យ​បុក​គ្នា​ជាមួយ​ដ្រូន​អនាមិក។ នៅឆ្នាំ​មុន នៅ អង់គ្លេស យន្តហោះ​របស់​ក្រុមហ៊ុន British Airways ដែល​ដឹក​អ្នកដំណើរ​១៣៧នាក់ ត្រូវ​បាន​បង្ខំ​ចុះចត ជាបន្ទាន់ បន្ទាប់ ពី​បុកគ្នា ជាមួយ ដ្រូន​មួយគ្រឿង​នៅ​ព្រលាន​យន្តហោះ Heathrow។ សម្រាប់​អ្នកជំនាញ​ផ្នែក​អាកាសចរណ៍​ស៊ីវិល ដ្រូន​មិនត្រឹម​តែ​អាច​លេចមុខ ហោះ​ទៅ​បុក យន្តហោះ​តែប៉ុណ្ណោះទេ សញ្ញា​របស់​វា រំខាន​ផងដែរ រលកធាតុអាកាស​ទាក់ទង រវាង​អ្នកបើកបរ​យន្តហោះ និងអាជ្ញាធរ​ត្រួតពិនិត្យ​ដែនអាកាស​របស់​ព្រលាន​យន្តហោះ៕