អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហរដ្ឋអាមេរិក​និង​តួកគីប្រកាស​សង្គ្រាម​ទិដ្ឋាការ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋ​អាមេរិក និង​តួកគី ដែល​ជា​សមាជិក​សម្ព័ន្ធ​​អូតង់ កំពុង​ចុះ​ដុនដាប​ខ្លាំងឡើងៗ​។ ជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ទេ ! នៅល្ងាច​ថ្ងៃ​អាទិត្យ ប្រទេស​ទាំង​ពីរ​បាន​ប្រកាស​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ ដល់​គ្នា​ទៅ​វិញ​ទៅមក ដោយ​គ្មាន​ពេល​កំណត់។ ភាព​តាន​តឹង​ការ​ទូត​នេះ បាន​ធ្វើ​ឱ្យ​ទីផ្សារ​ភាគហ៊ុន​តួកគី​ដាំ​ក្បាល​ចុះយ៉ាង​ខ្លាំង។ ហើយ​លុយ​តួកគី​ក៏​បាន​បន្ត​បាត់​បង់​តម្លៃ​ឥត​ឈប់ ជាហេតុ​ធ្វើ​ឱ្យ​​អាជ្ញាធរ​តួកគី​ព្រួយ​បារម្ភ​ខ្លាំង និង​បាន​អំពាវនាវ​ឱ្យ​អាមេរិក​លុប​វិធានការ​នេះ​ចោល​វិញ។

អាមេរិក​ និង​តួកគី បាន​ប្រកាស​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក
អាមេរិក​ និង​តួកគី បាន​ប្រកាស​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ©AFP
ផ្សាយពាណិជ្ជកម្ម

ស្ថានទូត​អាមេរិក​ប្រចាំទីក្រុង​អង់ការ៉ា ជា​អ្នក​ផ្តើម​មុន នៅ​យប់​មិញ ដោយ​បាន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ គ្រប់​ប្រភេទ​ទាំ​ងអស់​ ដល់​​តួកគី​ លើក​លែង​តែ​ទិដ្ឋាការ​សម្រាប់​ជន​អន្តោប្រវេសន៍ ដែល​សុំ​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍ នៅ​អាមេរិក ឬដែល​កំពុង​សុំ​សញ្ជាតិអាមេរិក​​។ មាន​ន័យ​ថា​អាមេរិក​លែង​ផ្តល់​​ទិដ្ឋាការ សម្រាប់​រាល់​គ្រប់​ការ​ស្នើ​សុំ​ទៅ​អាមេរិក​ ក្នុង​ក្របខ័ណ្ឌ​ ទេសចរណ៍ ការងារ​ ជំនួញ​ សិក្សា ឬ​ព្យាបាលជំងឺ ... ។ល។ និង​។ល។

ការ​ផ្អាក​ផ្តល់​ទិដ្ឋាការ​នេះ ដើម្បី​កាត់​បន្ថយ​ចំនួន​អ្នក​សុំ​ចូល​ស្ថានទូត​អាមេរិក នៅទូទាំង​ប្រទេស​តួកគី ត្រូវ​ចូល​ជា​ធរមាន​ភ្លាម​តែ​ម្តង និង​សម្រាប់​រយៈ​កាល​មួយ​ដោយ​គ្មាន​ការ​កំណត់ ដើម្បី​ទុក​ពេល​ឱ្យ​រដ្ឋាបាល​អាមេរិក មាន​ពេល​​ពិចារណា​ឡើង​វិញ​សិន។

​សេចក្តីថ្លែងការណ៍​តបដូច​គ្នា​បេះ​ដាក់

គ្រាន់​បាន​ឮ​និង​ឃើញ​សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​ ប្រមាណ​តែ​ប៉ុន្មាន​ម៉ោង​ ស្ថានទូត​​តួកគីប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​ដែរ ប្រកាស​ផ្អាក​​សេវាកម្ម​​ផ្តល់​ទិដ្ឋាការ​ គ្រប់​ប្រភេទ​ដល់​ពលរដ្ឋ​អាមេរិក​ រាប់​ទាំង​ទិដ្ឋាការ​សុំ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត និង​សុំ​នៅ​តាម​ព្រំដែន។​

​ក្នុង​ន័យ​ចំអក តួកគី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ពីរបន្តបន្ទាប់​គ្នា ! ​ក្នុង​ទម្រង់ខ្លឹមសារ​​ ដូច​គ្នា​ស្ទើរ​បេះបិទ នឹង​សេចក្តី​ថ្លែងការណ៍​អាមេរិក ​ដោយគ្រាន់តែ​​ប្តូរ​ឈ្មោះ​ប្រទេស។ និងទីពីរ​ ក្នុង​អត្ថន័យ​លម្អិត​វិធានការ​ដែល​មាន​លក្ខណៈ​តឹង​តែង​ជាង​ចំណាត់ការ​របស់​​អាមេរិក​ទៅ​ទៀត ៖ ពោល​គឺ​ មិនមែន​តែ​ស្ថានកុងស៊ុល​នៅ​អាមេរិក​ទេ​ដែល​លែង​ផ្តល់​ទិដ្ឋាការ​នោះ តួកគី​បាន​សម្រេច​ផ្អាក​សុពលភាព​នៃ​​ទិដ្ឋាការ​ ដែល​គេ​ចេញ​ឱ្យ​បិទ​លើ​លិខិត​ឆ្លង​ដែន ទិដ្ឋាការ​អេឡិចត្រូនិក និង​ទិដ្ឋាការ​សុំ​បាន​នៅ​តាម​ច្រក​ព្រំដែន​គោក នៅ​តួកគី​ដោយ​ផ្ទាល់​ទៀត។

ការ​ចាប់​ខ្លួន​​ជា​ដើម​ហេតុ

​អាមេរិក​បាន​ពន្យល់​អំពី​មូលហេតុ​នៃ​ការ​ផ្អាក​ទិដ្ឋាការ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា “​ហេតុការណ៍​​ដែល​ទើប​កើត​ឡើង​នាពេល​ថ្មីៗ​នេះ​ បានបង្ខំ​​ឱ្យ​រដ្ឋាភិបាល​អាមេរិកពិនិត្យ​ឡើងវិញ​អំពី​សកម្មភាព​របស់​រដ្ឋាភិបាល​តួកគី​ ក្នុង​ការ​ការពារ​សន្តិសុខ​នៃ​បេសកកម្មទូត និង​សន្តិសុខ​របស់​បុគ្គលិក​អាមេរិក លើ​ទឹកដី​តួកគី”។

ប៉ុន្តែ​មូលហេតុ​ពិត​អាច​មាន​វែង​ឆ្ងាយ ! សេចក្តី​សម្រេច​ផ្អាក​ទិដ្ឋាការ​នេះ កើត​ឡើង​ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​​​ឃុំឃាំង​ជា​បណ្តោះ​អាសន្ន​ ​ បុគ្គលិក​ស្ថានកុងស៊ុល​អាមេរិក​ប្រចាំ​ទីក្រុង​អ៊ីស្តង់ប៊ូលម្នាក់ កាលពី​ថ្ងៃពុធ ក្រោម​សេចក្តី​សម្រេច​របស់​តុលាការ​អ៊ីស្តង់ប៊ូល ពីបទ​សង្ស័យ​ មាន​ជាប់​ពាក់ព័ន្ធ ជាមួយ​នឹង​ប្រមុខ​សាសនា Fethullah Gülen។ និទេសខ្លួន​នៅ​សហរដ្ឋ​អាមេរិកប្រមុខ​សាសនារូប​នេះ ត្រូវ​បាន​អាជ្ញាធរ​តួកគី​ ចាត់​ទុក​ជា​មេ​ក្លោង​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​មិន​សម្រេច​កាលពី​ខែ​កក្កដា​២០១៦។ រដ្ឋប្រហារ​ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​២៤​០​នាក់ ចាប់​ខ្លួន​ជាង​៥ម៉ឺ​ន​នាក់ និង​១៥​ម៉ឺន​នាក់ព្យួរ​​ការងារ។​

សេចក្តី​សម្រេច​​របស់​តុលាការ​តួកគី​​ចាប់​ខ្លួន​មន្ត្រី​ទូតអាមេរិក​ដើម​កំណើត​តួកគី​ ត្រូវ​បាន​វ៉ាស៊ីនតោន​​​ ធ្វើ​ការ​ថ្កោល​ទោស​ និង​ចាត់​ទុក​ជា​សេចក្តី​សម្រេច​ដែល​គ្មាន​មូលដ្ឋាន​ និង​ដែល​បង្ក​ការ​ខូច​ខាត​ខ្លាំង​ដល់​ប្រទេស​ទាំង​ពីរ ក្នុង​នាម​ជា​សមាជិក​សម្ព័ន្ធ​អូតង់​តែ​មួយ។

គម្លាត​កាន់​តែ​ឆ្ងាយ​រវាង​អាមេរិក​និង​តួកគី

ឯ​ខាង​តួកគី​វិញ ក៏​ពន្យល់​ដូច​គ្នា​ ដោយ​ស្រង់​ឃ្លារបស់​អាមេរិក​មក​ទាំង​ស្រុង​​ គ្រាន់​តែ​ប្តូរ​ឈ្មោះ​ប្រទេសប៉ុណ្ណោះ។ តែ​តាមការ​ពិត​ តួកគី​ខឹង​សម្បារ​ខ្លាំង​នឹង​សហរដ្ឋ​អាមេរិក។ តាំង​ពី​លោក​ត្រាំ ឡើង​កាន់​តំណែង​មក រដ្ឋាភិបាល​អង់ការ៉ា សង្ឃឹមថា​ទំនាក់ទំនង​តួកគី​អាមេរិក​និង​បាន​ប្រសើរ។ តួកគី​បាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​វ៉ាស៊ីនតោន ដើម្បី​ធ្វើ​បច្ចាប័ន​ ប្រមុខ​សាសនា​Gülen ពីរដ្ឋ​ប៉ែនស៊ីវ៉ានី​មកតួកគីវិញ ជា​ថ្នូរ​នឹង​ការ​ដោះលែង​គ្រូគង្វាល​សាសនា​អាមេរិក​ម្នាក់​ចាប់​ខ្លួន​នៅ​តួកគី​កាលពី​ខែ​តុលា​២០១៦។ ប៉ុន្តែ​គ្មាន​ចម្លើយ​វិជ្ជមាន​ហើយ ​អាមេរិក​បាន​គាំទ្រ​ពួក​គួដឌីស្ថាន​នៅ​ស៊ីរី​ ដែល​អង់ការ៉ា​ចាត់​ទុក​ជា​បណ្តាញ​ភេរវនិយមទៀត។ ជា​ចុងក្រោយ និង​កាន់​តែ​ងំ​ខ្លាំង​ទៀត​សម្រាប់​ប្រធានាធិបតី​តួកគី គឺអាមេរិកទើប​​បាន​ធ្វើការ​ចោទ​ប្រកាន់​អង្គរក្ស​របស់​លោក ពីបទ​បាន​​​ប្រើ​អំពើ​ហិង្សា​លើ​បាតុករ​ នា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​អ៊ែរដូហ្កាន​នៅ​សហរដ្ឋ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ