អានតួអត្ថបទ
អ៊ីរ៉ង់

ប្រធានាធិបតី អ៊ីរ៉ង់៖ ទោះ​ដូណាល់ ត្រាំ ១០នាក់ ក៏​មិន​អាច​ប្រែក្រឡាស់​កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ

ប្រធានាធិបតី អ៊ីរ៉ង់ លោកហាសាន់ រ៉ូហានី នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ បាន​ចេញមុខ​ការពារ​កិច្ចព្រមព្រៀង អន្តរជាតិ​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​ប្រទេស​មហាអំណាច​សម្រេច​ចុះបាន​ជាមួយ​អ៊ីរ៉ង់ កាលពី​ឆ្នាំ ២០១៥។ ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ​ធ្លាប់​បាន​គំរាម ចង់​ប្តូរ​ជំហរ​របស់​អាមេរិក ទៅ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ប៉ុន្តែ នៅ​ថ្ងៃ​ម្សិលមិញ លោក​ហាសាន់ រ៉ូហានី បាន​វាយតម្លៃថា ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​មិន​អាច​លុប បំផ្លាញ​ចោល​កិច្ចព្រមព្រៀង​បាន​នោះ​ទេ។

ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ហាសាន់ រ៉ូហានី នៅថ្ងៃទី ២២ ខែកញ្ញា ២០១៧
ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ហាសាន់ រ៉ូហានី នៅថ្ងៃទី ២២ ខែកញ្ញា ២០១៧ ©President.ir/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

“ទោះមាន​ដូណាល់ ត្រាំ ១០​នាក់​ផ្សេងទៀត នៅក្នុង​លោក ក៏​គេ​មិនអាច​ត្រលប់​ទៅ​កែប្រែ​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បានដែរ។” នេះ​ជា​ប្រសាសន៍​របស់​ប្រធានាធិបតី​អ៊ីរ៉ង់ នៅក្នុង​ពិធីជួបជុំ​នៅក្នុង​សកលវិទ្យាល័យ មួយ ក្នុងទីក្រុង​តេហេរ៉ង់។

តាម​លោក​ប្រធានាធិបតី ហាសាន់ រ៉ូហានី ទាំង​ក្នុង​ពេល​ចរចា និង​នៅក្នុង​កិច្ចព្រមព្រៀង គ្រប់ភាគី​បាន​យល់ស្រប​គ្នា​រួចហើយ លើ​ចំណុច និង​ផលប្រយោជន៍ ដែល​គេ​មិន​អាច​សើរើ កែប្រែ​ក្រឡាស់​បាន។ ដូច្នេះ សម្រាប់​ប្រធានាធិបតី​អ៊ីរ៉ង់ ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ មិនអាច​ទៅ​បំផ្លាញ​ចោល​កិច្ច​ព្រមព្រៀង​បាន​នោះ​ទេ។

លោកហាសាន់ រ៉ូហានី​បាន​លើកឡើង​យ៉ាងដូច្នេះ នៅក្រោយ ដំណឹង​លេចលឺ​ដែល​ថា លោកដូណាល់ ត្រាំ នឹង​ប្រកាស​លែង​ទទួល​ស្គាល់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​លោកដូណាល់ ត្រាំ រិះគន់​ថា ជា​កិច្ចព្រមព្រៀង​ដ៏​អាក្រក់​បំផុត បន្សល់ទុក​ដោយ​អាណត្តិ​លោក​អូបាម៉ា។ ពីពេលនេះ​រហូត​ដល់​ថ្ងៃទី ១៥​តុលា​លោកដូណាល់ ត្រាំ ត្រូវ​ប្រកាស​ឲ្យ​គេ​ដឹង​ពី​ជំហរ​របស់លោក ទៅលើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ តាម​ការចុះផ្សាយ​របស់​កាសែត​អាមេរិកាំង លោកដូណាល់ ត្រាំ ត្រៀម​ខ្លួន​រួចហើយ​ដើម្បី​ប្រកាស​ថា អ៊ីរ៉ង់​មិន​គោរព​កិច្ចព្រមព្រៀង។ ជំហរ​របស់​លោកដូណាល់ ត្រាំ ខុសផ្ទុយ ពី​ទីភ្នាក់ងារ​អន្តរជាតិ​ផ្នែក​ថាមពល​នុយក្លេអ៊ែរ AIEA ដែល​បាន​បញ្ជាក់​ថា អ៊ីរ៉ង់ បាន​គោរព​ធ្វើ​តាម​កិច្ចព្រមព្រៀង។

ការបរិហារ​របស់​លោកដូណាល់ ត្រាំ នឹង​បើកផ្លូវ​ឲ្យ​សភា​អាមេរិក (ក្នុង​រយៈពេល ៦០​ឆ្នាំ) មាន​សិទ្ធិ​បោះឆ្នោត ដើម្បី​សម្រេច​ដាក់​ឡើងវិញ ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​អ៊ីរ៉ង់ ដែល អាមេរិក​បាន​ដក​ចេញ នៅក្រោយ​រកឃើញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ នៅ​ឆ្នាំ ២០១៥។ ជំហរ​ផ្លាស់ប្តូរ​របស់​រដ្ឋបាល​អាមេរិក​ទៅ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កំពុង​ធ្វើ​ឲ្យ​ប្រទេស​មហាអំណាច​ផ្សេងទៀត ដែល​ចូលរួម នៅក្នុង​ការចរចា នៅទីក្រុង​វីយ៉ែន កើត​ក្តី​ព្រួយបារម្ភ។ ការចង់​ត្រលប់​ទៅដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ មិនត្រឹម​តែ​ប៉ះពាល់​ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច ដែល​បាន​មក​ពី​កិច្ចព្រមព្រៀង តែប៉ុណ្ណោះទេ ប៉ុន្តែ វា​នឹង​លើក​ទឹកចិត្ត ផងដែរ ឲ្យ​អ៊ីរ៉ង់​ត្រូវ​ត្រលប់​ទៅ​ជំរុញ​កម្មវិធី​នុយក្លេអ៊ែរ​យោធា ដើម្បី​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ មួយទៀត ដូច​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ