អានតួអត្ថបទ
ធនាគារពិភពលោក

ធនាគារពិភពលោក៖​ការ​បញ្ជូន​លុយ​ទៅ​កាន់​ប្រទេសក្រីក្រ​នឹង​កើន​ឡើង​ក្នុង​ឆ្នាំ ២០១៧

នៅ​ថ្ងៃ​អង្គារ ទី៣ តុលា ធនាគារ​ពិភពលោក​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ទំហំ​លុកកាក់​ដែល​ប្រជាជន​រស់នៅ​បរទេស​បាន​ផ្ញើ​ទៅ​ឲ្យ​ក្រុមគ្រួសារ​របស់​ពួក​គេ​រស់​នៅ​ក្នុង​ប្រទេស​កំណើត ពិសេស​ក្នុង​ប្រទេស​ក្រីក្រ​ដែល​ប្រាក់បៀវត្ស​មាន​កម្រិត​ទាប និង​មធ្យម។ តាម​របាយការណ៍ ការ​ផ្ទេរប្រាក់​ដែល​ជា​ប្រភព​ចំណូល​យ៉ាង​សំខាន់​សម្រាប់​ប្រទេស​ក្រីក្រ​នឹង​មាន​ការ​កើន​ឡើង​ក្នុង​ឆ្នាំ ២០១៧ នេះ បន្ទាប់​ពី​មាន​ការ​ធ្លាក់​ចុះ​រយៈពេល ២ឆ្នាំ​ជាប់ៗ​គ្នា​កន្លង​មក។

អាគារធនាគារពិភពលោក​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក
អាគារធនាគារពិភពលោក​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក Wikipedia
ផ្សាយពាណិជ្ជកម្ម

តាម​របាយការណ៍​របស់​ធនាគារពិភពលោក ចំនួន​ទឹកប្រាក់​ដែល​បញ្ជូន​ទៅ​កាន់​ប្រទេស​ក្រីក្រ​សម្រាប់​ឆ្នាំ ២០១៧ នឹង​មាន​ការ​កើន​ឡើង ៤,៨% ពោល​នឹង​មាន​ទឹកប្រាក់​សរុប​ចំនួន ៤៥០ ០០០លានដុល្លារ។ ស្ថានភាព​សេដ្ឋកិច្ច​ល្អ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ក្នុង​ប្រទេស​អឺរ៉ុប ឬ​មួយ​នៅ​អាមេរិក​ឆ្នាំ ២០១៧ នេះ​បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​រស់នៅ​ក្នុង​ប្រទេស​ទាំង​នេះ​អាច​បញ្ជូន​លុយ​បន្ថែម​ទៀត​ទៅ​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួក​គេ​រស់ក្នុង​ប្រទេស​កំណើត ពិសេស​នៅ​អាហ្រ្វិក​ស៊ុបសាហារ៉ា អាស៊ីកណ្តាល អាមេរិកឡាទីន និង​នៅ​ក្នុង​បណ្តា​ប្រទេស​អឺរ៉ុប​ក្រីក្រ​មួយ​ចំនួន។

ដោយឡែក ការ​ធ្លាក់​ថ្លៃ​តម្លៃ​ប្រេងឆៅ​នៅ​ក្នុង​បណ្តា​ប្រទេស​ជង្រុក​ប្រេងឆៅ​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​បាន​ធ្វើ​ឲ្យ​រដ្ឋអំណាច​ក្នុង​ប្រទេស​ទាំង​នោះ​ផ្អាក​ទទួល​យក​ពលករ​បរទេស ពិសេស​ពី​អាស៊ីអាគ្នេយ៍។ ការ​ផ្អាក​នេះ​បាន​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ជា​ស្វ័យប្រវត្តិ​នូវ​បរិមាណ​ទឹកប្រាក់​ដែល​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍។ លោក​ឌីលីប រ៉ាត្ថា អ្នក​រៀបចំ​របាយការណ៍​របស់​ធនាគារពិភពលោក​បាន​អះអាង​ថា ការ​បញ្ជូន​លុយ​របស់​អ្នក​នៅ​បរទេស​ទៅ​កាន់​ប្រទេស​កំណើត​ជា​ប្រភព​ចំណូល​យ៉ាង​សំខាន់​សម្រាប់​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍។

តែ​អ្វី​ដែល​លោក​ឌីលីប រ៉ាត្ថា​មាន​ការ​សោកស្តាយ​ខ្លាំង​នោះ គឺ​តម្លៃ​សេវា​ផ្ទេរប្រាក់​ដែល​នៅ​មាន​កម្រិត​ថេរ តែ​ដូច​ជា​ខ្ពស់​បន្តិច។ ឧទាហរណ៍ អ្នក​ផ្ទេរ​លុយ​ចំនួន ២០០ដុល្លារ​ត្រូវ​បង់​ថ្លៃ​សេវា​ផ្ទេរ​ដល់​ទៅ ជិត ១៥ដុល្លារ។ នៅ​ក្នុង​ន័យ​នេះ លោក​ឌីលីប​បាន​អំពាវនាវ​ដល់​ប្រទេស​ពាក់ព័ន្ធ​​ឲ្យ​បញ្ចុះ​តម្លៃ​សេវា​ផ្ទេរ​លុយ​ទៅ​កាន់​ប្រទេស​ក្រីក្រ។ តាម​របាយការណ៍​ដដែល ឥណ្ឌា​ជា​ប្រទេស​ដែល​ទទួល​បាន​លុយ​ពី​ពលរដ្ឋ​ខ្លួន​នៅ​បរទេស​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ ២០១៧ នេះ ពោល​មាន​ទឹកប្រាក់​ដល់​ទៅ ៦៥ ០០០លានដុល្លារ។

បន្ទាប់​មក​ចិន​មាន​ចំនួន ៦១ ០០០លានដុល្លារ ហ្វីលីពីន​ចំនួន ៣៣ ០០០លានដុល្លារ និង​ម៉ិចស៊ិក​ចំនួន ៣១ ០០០លានដុល្លារ។ ធនាគារពិភពលោក​ប្រមើលមើល​ថា ការ​ផ្ទេរ​លុយ​ទៅ​កាន់​ប្រទេស​ក្រីក្រ​នឹង​បន្ត​កើន​ឡើង​នៅ​ឆ្នាំ ២០១៨ ក្នុង​កម្រិត ៣,៥% ពោល​នឹង​មាន ៤៦៦ ០០០លានដុល្លារ។ តែ​បើ​បូក​រួម​ទាំង​ការ​ផ្ទេរ​លុយ​ទៅ​កាន់​បរទេស គិត​ទាំង​ប្រទេស​ក្រីក្រ និង​ប្រទេស​អ្នក​មាន​នឹង​អាច​កើន​ពី ៥៩៦ ០០០លានដុល្លារ​ក្នុង​ឆ្នាំ ២០១៧ ទៅ ៦១៦ ០០០លានដុល្លារ​នៅ​ឆ្នាំ ២០១៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ