អានតួអត្ថបទ
សហរដ្ឋអាមេរិក​

លោក​អូបាម៉ា​​ធ្លាប់​​ព្រមាន​​ថៅកែ​​ហ្វេសប៊ុក​​ពី​​ឥទ្ធិពល​​រុស្ស៊ី​​ក្នុង​​បណ្តាញ​​សង្គម​

សារព័ត៌មាន​ វ៉ាស៊ីនតោន ប៉ុស្តិ៍ បានចុះផ្សាយ​នៅថ្ងៃ​អាទិត្យ​ម្សិលមិញ ​ថា​អតីត​ប្រធានាធិបតី​​អាមេរិក ធ្លាប់​ប្រាប់ផ្ទាល់​មាត់ ទៅ​​លោក​Mark Zuckerberg ជា​​ថៅកែ​ហ្វេសប៊ុក អោយ​ប្រុងប្រយ័ត្ន​ពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី តាម​រយៈ​បណ្តាញ​សង្គម​ ដើម្បី​អុកឡុក​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក។ ​ការប្រាប់​​ផ្ទាល់មាត់​នេះ ធ្វើឡើងតាំងតែ​​២ខែ មុនពេល​លោក​ដូណាល់ ត្រាំ ស្បថ​ឡើងកាន់​អំណាច​ម្ល៉េះ។ ហ្វេសប៊ុក​ទើប​នឹង​យល់ព្រម​​សហការ​ជាមួយ​សភា​អាមេរិក ក្នុង​ក្របខណ្ឌ​ស៊ើបអង្កេត​ពី​ការលូកដៃ​រុស្ស៊ី​​ក្នុង​ការបោះឆ្នោត​អាមេរិក។​

លោកអូបាម៉ា និង​លោក​Mark Zuckerberg នៅទីស្នាក់ការ​​​ក្រុមហ៊ុន​ហ្វេសប៊ុក រដ្ឋ​កាលីហ្វញ៉ា ​ឆ្នាំ២០១១​
លោកអូបាម៉ា និង​លោក​Mark Zuckerberg នៅទីស្នាក់ការ​​​ក្រុមហ៊ុន​ហ្វេសប៊ុក រដ្ឋ​កាលីហ្វញ៉ា ​ឆ្នាំ២០១១​ AFP PHOTO/Mandel NGAN
ផ្សាយពាណិជ្ជកម្ម

យោងតាមការ​​ចុះផ្សាយ​របស់​កាសែត​​​វ៉ាស៊ីនតោន ប៉ុស្តិ៍ ថៅកែហ្វេសប៊ុក គឺលោក Mark Zuckerberg ធ្លាប់​ត្រូវបាន​ប្រធានាធិបតី​អូបាម៉ា អាណត្តិមុន​ ព្រមាន​ផ្ទាល់មាត់​រួចមកហើយ តាំងពី​ឆ្នាំទៅមិញ​ អោយប្រយ័ត្ន​ប្រយែងអោយមែនទែន​​ ពីការជ្រៀតជ្រែក​របស់​រុស្ស៊ី ក្នុង​ការចុះផ្សាយ​​​​ព័ត៌មានមិនពិត បំភ្លៃព័ត៌មាន​ ​​ក្នុង​បណ្តាញសង្គម ដើម្បី​អុកឡុក​ការបោះឆ្នោត​នៅ​អាមេរិក។ លោកអូបាម៉ា​ប្រាប់​ថៅកែ​ហ្វេសប៊ុកថា វាអាច​នឹងប៉ះពាល់​ការបោះឆ្នោត​លើកក្រោយទៀត។ លោកអូបាម៉ា​ព្រមាន​​​ដូច្នេះ ក៏ដោយសារ​តែ​លោក​ Zuckerberg បាន​​​​បង្ហាញ​ការមិនយល់ស្រប​ចំពោះ​​ទស្សនៈ​ដែលថា ​ព័ត៌មាន​​មិនពិត​ក្នុង​បណ្តាញសង្គម​​​ ​ដើរតួនាទី​ក្នុង​ការបោះឆ្នោត​អាមេរិក។ បើយោងតាម​កាសែត​វ៉ាស៊ីនតោន​ ប៉ុស្តិ៍ ថៅកែ​ហ្វេសប៊ុកទីបំផុត​ទៅ ​​បាន​ទទួលស្គាល់​បញ្ហា​នេះ នៅ​ចំពោះ​មុខ​លោកអូបាម៉ា ប៉ុន្តែ ​បាន​លើកឡើង​ទៅ​លោកអូបាម៉ា​វិញថា បញ្ហានេះ​ពិបាក​នឹង​ដោះស្រាយ។ ​

ប៉ុន្មានសប្តាហ៍​មកនេះ ​ហ្វេសប៊ុកជួបរឿងអាស្រូវដោយសារមានការ​​​បែកធ្លាយព័ត៌មាន​ថា មាន​គណនី​ក្នុងបណ្តាញសង្គម​​ ប្រហែល​ជាង​៤០០ ​ដែលអាច​​​មានប្រភពចេញ​មក​​ពីខាងរុស្ស៊ី បានទិញ​យក​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ ក្នុងតម្លៃ​ជិត​១សែនដុល្លារ ពីចន្លោះ​ខែមិថុនា ឆ្នាំ​២០១៥ ដល់ខែ​ឧសភា​ឆ្នាំ២០១៧។ ការទិញ​ពាណិជ្ជកម្ម​ទាំងនេះ គឺដើម្បី​ចុះផ្សាយ​ព័ត៌មាន​មិនពិត ដល់​អ្នកលេង​បណ្តាញ​សង្គម ទាក់ទង​នឹង​ការបោះឆ្នោត​អាមេរិក ជាព័ត៌មាន​ដែល​លំអៀង​ផងដែរ​​ទៅរក​លោកដូណាល់ ត្រាំ។

រុស្ស៊ី​បាន​បដិសេធ​ដាច់អហង្កា​ រឿងអាស្រូវគណនី​​​ទាំងនេះ។ ​រឿងរ៉ាវ​នេះ​​​បានក្លាយ​​ជាសម្ពាធ​រុញអោយ ​លោក Zuckerberg ព្រម​​​​​​សហការជាមួយ​សភា​អាមេរិក។ កាលពី​​ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ​លោក Zuckerberg បាន​​ប្រកាស​ថា នឹង​​​ផ្តល់ព័ត៌មាន​ទាក់ទង​នឹងគណនី​រួមទាំង​​​ខ្លឹមសារ​​ពាក់ព័ន្ធ​ទាំងអស់​នេះអោយទៅ​សភាអាមេរិក​ ក្នុងក្របខណ្ឌ​នៃ​ការស៊ើបអង្កេត​ពី​ការលូកដៃ​របស់រុស្ស៊ី ទាក់ទង​ការបោះឆ្នោត​អាមេរិក។ ជាថ្មីម្តងទៀត រុស្ស៊ី​បាន​​​​បដិសេធដាច់អហង្កា​នូវ​​ការចោទប្រកាន់ទាំងនេះ៕ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ