អានតួអត្ថបទ
ម៉ិចស៊ិក

រញ្ជួយដី​នៅ​ម៉ិចស៊ិក​សម្លាប់មនុស្ស​យ៉ាងតិច ២០០​នាក់

គ្រោះរញ្ជួយដី​មួយ កម្រិត ៧,១​មាត្រដ្ឋាន​រិចទែរ​បាន​កក្រើក​រញ្ជួយខ្លាំង នៅ​តំបន់​ភាគកណ្តាល​របស់​ម៉ិចស៊ិក ដោយ​បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​២០០​នាក់ ដែលនៅក្នុង​នោះ មាន​កុមារ​យ៉ាងតិច ២៧នាក់។ នៅព្រឹក​ថ្ងៃពុធនេះ ក្រុម​ជួយ​សង្រ្គោះ នៅ​បន្ត​រើកកាយ ដុំថ្ម របស់​អគារ​រលំបាក់​ដោយសារ​កម្លាំង​រញ្ជួយដី ក្នុង​ក្តីសង្ឃឹម​ស្វែងរក​អ្នករស់រាន​មាន​ជីវិត ដែល​អាច​រងសង្កត់​ដោយ​គំនរ​ថ្ម​បាក់ស្រុត​របស់​អគារ។

ក្រុមជួយសង្រ្គោះ​បន្តស្វែងរក​ជនរងគ្រោះ​នៅក្នុង​ការរំលំបាក់​អគារដោយសារ​គ្រោះរញ្ជួយដី​នៅថ្ងៃ​អង្គារ​ទី ១៩​កញ្ញា ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងតិច ២០០​នាក់
ក្រុមជួយសង្រ្គោះ​បន្តស្វែងរក​ជនរងគ្រោះ​នៅក្នុង​ការរំលំបាក់​អគារដោយសារ​គ្រោះរញ្ជួយដី​នៅថ្ងៃ​អង្គារ​ទី ១៩​កញ្ញា ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងតិច ២០០​នាក់ ©Carlos Andres Cuevas Rodriguez/Twitter/via REUTERS
ផ្សាយពាណិជ្ជកម្ម

គ្រោះ​រញ្ជួយដី​កើតមាន​នៅ​ម៉ោង​១​រសៀល ថ្ងៃ​អង្គារ​ម្សិលមិញ នៅ​ភាគ​កណ្តាល​ប្រទេស​ម៉ិចស៊ិក។ ទីក្រុង​ម៉ិចស៊ិក និង​រដ្ឋ​ចំនួន​៥​របស់​ប្រទេស​បាន​រងប៉ះពាល់ ធ្ងន់ធ្ងរ ដោយសារ​គ្រោះ​រញ្ជួយដី កម្រិត​៧,១​មាត្រដ្ឋាន​រិចទែរ ដែល​រហូតមកដល់​ពេលនេះ បាន​សម្លាប់​មនុស្ស​យ៉ាងតិច ២០០​នាក់ ដែល​នៅក្នុង​នោះ ២១នាក់​​ជា​កុមារ ដែល​ភាគច្រើន​ស្លាប់ នៅក្នុង​ការលំបាក់​អគារ​សាលារៀន។ អាជ្ញាធរ​ម៉ិចស៊ិក​បារម្ភថា តុល្យការ​បាត់បង់​ជីវិត​មនុស្ស អាច​​ធ្ងន់ធ្ងរ​ជាងនេះ ព្រោះ​ថា នៅមាន​មនុស្ស​ជាច្រើនទៀត កំពុង​​នៅ​កប់ ​ជាប់​គាំង នៅក្រោម​អគារ​រលំបាក់បែក ដោយសារ​គ្រោះរញ្ជួយដី។

នៅទីក្រុង​ម៉ិចស៊ិក អាជ្ញាធរ​បាន​រាយការណ៍​ពី​ការរលំបាក់​អគារ​ជាង​៥០​កន្លែង។ ទាហាន​ជាង​៣ពាន់​នាក់ ត្រូវ​បាន​ពង្រាយ​នៅ​តំបន់​ដែល​រងគ្រោះ​បាក់អគារ​ដើម្បី​ជាជំនួយ​បន្ថែម​ដល់​ក្រុមជួយសង្រ្គោះ និង​ប៉ូលិស ជាង ២ម៉ឺននាក់​ដែល​កំពុង​ធ្វើការ​រុករក​ជនរងគ្រោះ នៅក្រោម​គំនរបាក់បែក​របស់​អគារថ្ម។

គ្រោះ​រញ្ជួយដី​នៅថ្ងៃអង្គារ​កើតមាន នៅ​តែ​ពីសប្តាហ៍​ក្រោយ​ទឹកដី​ភាគខាងត្បូង​ម៉ិចស៊ិក​បាន​ជួប​រងគ្រោះ​ដោយសារ​ការរញ្ជួយ​ដី​កម្រិត ៨,២ មាត្រដ្ឋាន​រិចទែរ ដែល​បាន​សម្លាប់​មនុស្ស​ជាង​១០០​នាក់។ កម្រិតរញ្ជួយ​នៅ​ថ្ងៃ​អង្គារ​មានត្រឹមតែ ៧,១ មាត្រដ្ឋាន​រិចទែរ គឺ​តិច ជាង​កម្រិត​រញ្ជួយ កាលពី​ថ្ងៃទី ៧​កញ្ញា ប៉ុន្តែ វា​បាន​បង្ក​ឲ្យ​មានការខូចខាត និង​សម្លាប់​មនុស្ស​ច្រើន​ជាង កាលពី​១៣​ថ្ងៃ​មុន ព្រោះថា ចំណុច​រញ្ជួយ​លើក​នេះ​ កើតមាន​នៅ​ចម្ងាយ​តែ​១២០​គីឡូម៉ែត្រ ពី​រដ្ឋធានី​ម៉ិចស៊ិក គឺ​ជិតជាង ចំណុច​រញ្ជួយ​លើកមុន ដែល​ស្ថិតនៅ​ចម្ងាយ ៧០០​គីឡូម៉ែត្រ ពីទីក្រុង​ប្រជុំជន​របស់​ម៉ិចស៊ិក។

ប្រជាជន​ម៉ិចស៊ិក​មាន​ភ័ព្វអាក្រក់​ជាមួយ​គ្រោះរញ្ជួយដី ព្រោះថា គ្រោះរញ្ជួយ​ដី នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ កើតឡើង ចំ​នៅ​ថ្ងៃ​ដែល​ប្រជាជន​ម៉ិចស៊ិក នៅទូទាំង ​ប្រទេស កំពុង​ប្រារព្ធ​ខួប​៣២​ឆ្នាំ នៃ​សោកនាដកម្ម បង្កឡើងគ្រោះរញ្ជួយដី មហាយក្ស ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​ជាង​១ម៉ឺននាក់ នៅ​ឆ្នាំ ១៩៨៥ នៅ​ម៉ិចស៊ិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ