អានតួអត្ថបទ
សមុទ្រ​ការ៉ាអ៊ីប

ព្យុះ​អ៊ូរ៉ាហ្កង់ Irma ​សម្លាប់​មនុស្ស​យ៉ាងតិច ៩នាក់ នៅ​សមុទ្រ​ការ៉ាអ៊ីប

ខ្យល់ព្យុះ អ៊ូរ៉ាហ្កង់ អៀរម៉ា កំពុង​បក់​បំផ្លាញ យ៉ាងធ្ងន់ធ្ងរ បណ្តា​កោះ​នៅ សមុទ្រ​ការ៉ាអ៊ីប។ ខ្យល់ព្យុះ​សង្ឃរា​ដែល​មាន​កម្លាំង​ខ្លាំង មិនធ្លាប់​មាន នៅក្នុង​ប្រវត្តិ​ខ្យល់ព្យុះ នៅ​មហាសមុទ្រ​អាត្លង់ទិក បាន​សម្លាប់​ជីវិត​មនុស្ស​យ៉ាងតិច ៩នាក់ និង​របួស ២១នាក់ នៅ​លើ​កោះ​ពីរ​របស់​បារាំង និង​នៅលើ​ប្រទេស​កោះ Barbuda នៅថ្ងៃ​ពុធ​ម្សិលមិញ។ អៀរម៉ា ស្ថិតនៅ​ចំណាត់ថ្នាក់ ​លេខ​៥ ដែល​ជា​កម្រិតខ្ពស់ និងខ្លាំង​បំផុត​នៃ​ខ្យល់ព្យុះ ក្នុង​មហាសមុទ្រ​អាត្លង់ទិក កំពុង​បក់​សំដៅ​ទៅរក​សាធារណរដ្ឋ​ដូមីនីក និង​ហៃទី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ខ្យល់​អ៊ូរ៉ាហ្កង់ អៀរម៉ាសម្លាប់​មនុស្ស​យ៉ាង​តិច​៨នាក់ នៅ​លើកោះដែនដី​របស់​បារាំង នៅថ្ងៃទី ៦ កញ្ញា ២០១៧
ខ្យល់​អ៊ូរ៉ាហ្កង់ អៀរម៉ាសម្លាប់​មនុស្ស​យ៉ាង​តិច​៨នាក់ នៅ​លើកោះដែនដី​របស់​បារាំង នៅថ្ងៃទី ៦ កញ្ញា ២០១៧ REUTERS/Ricardo Rojas
ផ្សាយពាណិជ្ជកម្ម

អៀរម៉ា ខ្យល់ព្យុះ​សង្ឃរា កម្លាំង​មហិមា បាន​បក់​កម្ចាយ បណ្តាកោះ ដែល​ស្ថិតនៅ​លើ​ផ្លូវ​បក់កាត់​របស់​វា នៅ​សមុទ្រ​ការ៉ាអ៊ីប។ អាជ្ញាធរ​បារាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​លើកឡើង​ពី​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ទាំង​អាយុជីវិត ហើយ​និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅលើ​កោះ របស់​បារាំង​ចំនួន ពីរ គឺ សាំង ​បាតេឡេមី​ កោះ​សាំង ម៉ាកតាំង។

តាម​លោក​Daniel Gibbs ប្រធាន​ក្រុមប្រឹក្សា​តំបន់របស់​បារាំង អ៊ូរ៉ាហ្កង់ អៀរម៉ា បាន​សម្លាប់​ជីវិត​ មនុស្ស​៨នាក់​នៅលើ​កោះ​ពីរ​របស់​បារាំង នៅក្នុង​ពេល​ដែល​ផ្ទះសម្បែង​នៅ​កោះ សាំង ម៉ាកតាំង ប្រមាណ ៩៥ភាគរយ ត្រូវ​បាន​បំផ្លាញ ខ្ទេចខ្ទីរ​ដោយសារ​កម្លាំង​វាយបក់​ខ្លាំង របស់​ខ្យល់ព្យុះ។ អាជ្ញាធរ​បារាំង​នៅ​បាន​ព្រមាន​ពី​ចំនួន​កើនឡើង​នៃ​ជនរងគ្រោះ ដែល​ស្លាប់​ ដោយសារ​ព្យុះអ៊ូរ៉ាហ្កង់​អៀរម៉ា។

នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្រ្តី​មហាផ្ទៃ បារាំង លោក​ហ្សេរ៉ា កូឡុំ បាន​និយាយ​ប្រាប់​វិទ្យុ​បារាំងថា សាលាក្រុង​នៅលើ​កោះ សាំង ម៉ាកតាំង ​ត្រូវ​បំផ្លាញ​ទាំងស្រុង ដំបូល​មន្ទីរពេទ្យ ត្រូវ​ខ្យល់បក់​ប៉ើងទៅបាត់ ចំណែក​ជនទុច្ចរិត​បាន​ធ្វើ​សកម្មភាព ចូលគាស់ លួច​ទ្រព្យសម្បត្តិ​របស់​ផ្ទះ​ដែល​គ្មានមនុស្សនៅ។

រដ្ឋមន្រ្តី​បារាំង​ទទួល​បន្ទុក ដែនដី​បារាំង​នា​នាយសមុទ្រ លោកស្រី Annick Girardin បាន​ចេញដំណើរ តាំង​ពី​យប់​ថ្ងៃ​ពុធ សំដៅ​កោះ​ទាំងពីរ​របស់​បារាំង ដោយ​នាំ​ទៅ​ជាមួយ នូវ​ទាហាន គ្រូពេទ្យ និង​អ្នកជួយសង្រ្គោះ ​សរុប ១២០​នាក់។ វិមាន​ប្រធានាធិបតី​បារាំង​វិញ បាន​ប្រកាសថា លោក​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង​នឹង​ធ្វើដំណើរ​ទៅកាន់​តំបន់​ដែល​រងគ្រោះ ដោយសារ​មហន្តរាយ​ខ្យល់ព្យុះ អ៊ូរ៉ាហ្កង់ អៀរម៉ា ប៉ុន្តែ នៅក្នុង​កាលៈទេសៈ​ដែល​អាកាសធាតុ​អំណោយផល​ជាងនេះ។

នៅ​ថ្ងៃព្រហស្បតិ៍នេះ បន្ទាប់​ពីបក់​បំផ្លាញ​កោះ​ពីរ​របស់​បារាំង និងប្រទេស​កោះ Barbuda អ៊ូរ៉ាហ្កង់ អៀរម៉ា ដែល​មិន​បន្ថយ​ឥទ្ធិពល​របស់ខ្លួន (បក់​ក្នុង​ល្បឿន ២៩៥​គីឡូម៉ែត្រ ក្នុង​មួយម៉ោង ព្យុះអៀរម៉ា ជា​ខ្យល់​ព្យុះ កំណាច ​លេខ ៥ ដែល​ជា​កម្រិត​ខ្ពស់​បំផុត នៃ​ខ្យល់​ព្យុះ​ប្រភេទនេះ ​នៅ​មហាសមុទ្រ​អាត្លង់ទិក) បក់សំដៅ​ប្រទេស​កោះ សាធារណរដ្ឋ​ដូមីនិក ហើយ​និង​ហៃទី។

តាមការព្យាករណ៍​របស់​អ្នកឧតុនិយម​អាមេរិកាំង ព្យុះអូរ៉ាហ្កង់​នឹង​ដល់​ប្រទេស​គុយបា បន្ទាប់​មក គឺ​រដ្ឋ​Florida នៅថ្ងៃ​សុក្រស្អែក។ ទាំងនៅ​គុយបា និង​នៅ​រដ្ឋ Florida របស់​អាមេរិក ប្រជាជន​បាន​ចាប់ផ្តើម​ទិញស្តុកទុក អាហារ ទឹក​ហើយ​និង​ប្រេង ចំណែក អ្នកទេសចរ​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​តំបន់​ដែល​ព្យុះ អៀរម៉ា​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់។

បន្ទាប់​ពី​ព្យុះ​អូរ៉ាហ្កង់ អៀរម៉ា អាមេរិក​ខាងជើង នឹង​ត្រូវ​ប្រឈម​នឹង​ខ្យល់ព្យុះ​ត្រូពិក​ពីរទៀត គឺ Jose និង​កាទ្រីណា ដែល​កំពុង​បង្កើន​កម្លាំង​របស់វា តាំង​ពី​ថ្ងៃ ពុធ​ម្សិលមិញ។ អៀរម៉ា​ជា​ខ្យល់ព្យុះ​ដែល​មាន​កម្លាំង​ខ្លាំងជាង​ព្យុះ​ហាវេ ដែល​បាន​សម្លាប់​មនុស្ស ៣៣នាក់ នៅ​រដ្ឋតិចសាស់។ ប៉ុន្តែ គេ​នៅ​ចងចាំ មិន​ភ្លេច ខ្យល់ព្យុះ ដ៏​សាហាវ កាទ្រីណា​ដែល​ធ្លាប់​បាន​សម្លាប់​ជនជាតិ​អាមេរិកាំង ដល់ទៅ ១៨០០​នាក់ កាល​ពី​ឆ្នាំ ២០០៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ