វ៉េណេស៊ុយអេឡាចោទលោកដូណាល់ ត្រាំថា កំពុងចង់ធ្វើឲ្យអាមេរិកឡាទីនជួបអស្ថិរភាព
សង្រ្គាមពាក្យសំដីកាន់តែផុសផុលខ្លាំងរវាងប្រធានាធិបតី អាមេរិក និងប្រមុខរដ្ឋវ៉េណេស៊ុយអេឡា។ លោកប្រធានាធិបតី វ៉េណេស៊ុយអេឡា នីកូឡា ម៉ាឌូរ៉ូ នៅល្ងាចថ្ងៃសៅរ៍ម្សិលមិញ បានចោទប្រកាន់ ថា ដោយលើកឡើងពីជម្រើសយោធា សម្រាប់វិបត្តិនៅវ៉េណេស៊ុយអេឡា លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កំពុងចង់បំផ្លាញ សន្តិភាព និងស្ថិរភាពនៅតំបន់អាមេរិកឡាទីន។ ការលើកនិយាយពីជម្រើសយោធារបស់លោកដូណាល់ ត្រាំបានបង្កផងដែរ ឲ្យមានប្រតិកម្មប្រឆាំងពីបណ្តាប្រទេសដទៃទៀត នៅអាមេរិកខាងត្បូង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤១
នៅថ្ងៃសៅរ៍ទី១២ សីហា រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានចោទប្រកាន់ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ថា កំពុងចង់រុញច្រាន តំបន់អាមេរិកឡាទីន និងប្រទេសនៅការ៉ាអ៊ីប ឲ្យធ្លាក់ក្នុងជម្លោះ ដែលនឹងបំផ្លាញ ស្ថិរភាព សន្តិភាព និងសន្តិសុខ នៅក្នុងតំបន់។
ប្រសាសន៍របស់ប្រធានាធិបតីអាមេរិក នៅថ្ងៃសុក្រ ដែលលើកឡើងពីជម្រើសយោធានៅក្នុងវិបត្តិ វ៉េណេស៊ុយអេឡា បានបណ្តាលឲ្យមានប្រតិកម្មប្រឆាំងតបវិញ មិនថា ពីរដ្ឋាភិបាល វ៉េណេស៊ុយអេឡា ឬពីក្រុមប្រទេស អាមេរិកឡាទីន ដែលមួយចំនួន កំពុងរិះគន់នយោបាយផ្តាច់ការរបស់លោកប្រធានាធិបតីនីកូឡា ម៉ាឌូរ៉ូ។
ដើម្បីថ្កោលទោស សកម្មភាពហិង្សារបស់អាជ្ញាធរវ៉េណេស៊ុយអេឡា រដ្ឋាភិបាលពេរ៉ូទើបបានបណ្តេញឯកអគ្គរដ្ឋទូតវ៉េណេស៊ុយអេឡា ចេញពីទឹកដីរបស់ខ្លួន។ ប៉ុន្តែ នៅក្រោយ ការប្រកាសរបស់លោកដូណាល់ ត្រាំ ស្តីពី ជម្រើសយោធា នៅវ៉េណេស៊ុយអេឡា ពេរ៉ូ ក៏បានចូលរួមគ្នា ជាមួយ ប្រេស៊ីល កូឡុំប៊ី ឈីលី ម៉ិចស៊ិក អេក្វាទ័រ និងនីហ្ការ៉ាហ្គ័រ ដើម្បីសំដែងសាមគ្គីភាពជាមួយ វ៉េណេស៊ុយអេឡា។
វិបត្តិនៅវ៉េណេស៊ុយអេឡា មិនអាចត្រូវដោះស្រាយ ដោយប្រើកម្លាំងយោធា ទោះពីក្នុងស្រុក ឬក្រៅស្រុកក្តី។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីការបរទេសម៉ិចស៊ិក។ ទាំងវ៉េណេស៊ុយអេឡា និងប្រទេសនៅតំបន់អាមេរិកខាងត្បូង ទាំងមូល មិនអាចទទួលយកបានទេ ប្រសាសន៍របស់ប្រធានាធិបតីអាមេរិក ដែលថា នឹងអាចមានជម្រើសយោធា នៅវ៉េណេស៊ុយអេឡា។ រឿងនេះ ធ្វើឲ្យពួកគេនឹកឃើញទៅដល់អនុស្សាវរីយ៍ ដ៏ជូរចត់ នៅអតីតកាល នៅពេលអាមេរិក បញ្ជូនទ័ព ទៅឈ្លានពាន ប្រទេសប៉ាណាម៉ា នៅឆ្នាំ ១៩៨៩ ដើម្បីផ្តួលលោកManuel Noriega ចេញពីអំណាចប្រធានាធិបតី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ