អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ្វី​ទៅ​ជា​ដើមចម​នៃ​អំពើហិង្សា​ស្លាប់​មនុស្ស​នៅ Charlottesville នៃ​រដ្ឋ Virginia សហរដ្ឋអាមេរិក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ទីក្រុង Charlottesville នៃ​រដ្ឋ Virginia សហរដ្ឋអាមេរិក អំពើហិង្សា​កើត​ចេញ​ពី​ការ​ប៉ះទង្គិច​រវាង​ក្រុម​ស្តាំនិយមជ្រុល និង​ក្រុម​បាតុករ​ប្រឆាំង​នឹង​ពួក​នេះ​នា​ថ្ងៃ​សៅរ៍ ទី១២ កក្កដា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ៣នាក់ និង​របួស ៣៥នាក់​ផ្សេង​ទៀត។ ហេតុការណ៍​មួយ​នេះ​បាន​ជំរុញ​ឲ្យ​ចៅហ្វាយ​ក្រុង Charlottesville ប្រកាស​ភាព​អាសន្ន ហើយ​ប៉ូលិស​បាន​ហាម​មិន​ឲ្យ​រៀបចំ​ក្បួន​បាតុកម្ម ឬ​ការ​ជួបជុំ​ផ្សេង​ទៀត។ ហេតុការណ៍​មួយ​នេះ​កំពុង​បង្ក​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ផុសផុល​ពី​អ្នកនយោបាយ​គ្រប់ជាន់​ថ្នាក់ ពិសេស​ប្រតិកម្ម​​រិះគន់​លើ​លោក​ដូណាល់ ត្រាំ។ ទន្ទឹម​គ្នា​នេះ ប៉ូលិស​សហព័ន្ធ FBI បាន​បើក​ការ​ស៊ើបអង្កេត​មួយ។

អ្វី​ទៅ​ជា​ដើមចម​នៃ​អំពើហិង្សា​ស្លាប់​មនុស្ស​នៅ Charlottesville នៃ​រដ្ឋ Virginia សហរដ្ឋអាមេរិក?
អ្វី​ទៅ​ជា​ដើមចម​នៃ​អំពើហិង្សា​ស្លាប់​មនុស្ស​នៅ Charlottesville នៃ​រដ្ឋ Virginia សហរដ្ឋអាមេរិក? REUTERS/Joshua Roberts
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​ចាប់​ផ្តើម​ដំបូង​ដោយ​ការ​ជួបជុំ​របស់​សកម្មជន​នៃ​ចលនា​ស្តាំនិយមជ្រុល​ដែល​គេ​អាច​ហៅ​ជា​ក្រុម​ណាហ្ស៊ីសម័យ​ថ្មី ឬ​ក្រុម​ប្រកាន់​ពូជសាសន៍។ ការ​ហ៊ាន​និយាយ​យ៉ាង​ដូច្នេះ​ព្រោះ​ពួក​នេះ​បាន​ដើរ​ដង្ហែ​ក្បួន​ដោយ​មាន​កាន់​ទង់ជាតិ​បង្កប់​ដោយ​និមិត្ត​សញ្ញា​ខ្វែង​របស់​ពួក​ណាហ្ស៊ី និង​ខ្លះ​តែង​ខ្លួន​ជា​ពួក​ណាហ្ស៊ី។ តែ​ទន្ទឹម​គ្នា​នឹង​ការ​ជួបជុំ​របស់​ពួក​ស្តាំនិយមជ្រុល ក៏​គេ​ឃើញ​មាន​ការ​ជួបជុំ​របស់​ពួក​បាតុករ​ដែល​ចេញ​មុខ​ប្រឆាំង​នឹង​ពួក​បាតុករ​ស្តាំនិយម​ជ្រុល​នេះ។ នៅ​ពេល​នោះ ភាព​តានតឹង និង​ការ​ឌឺដង​សម្តី​ដាក់​គ្នា​រវាង​ក្រុម​ទាំង​ពីរ​បាន​ចាប់​ផ្តើម ហើយ​ភាព​ប្រទូស្រ្តាយ​គ្នា​ក៏​បាន​ផ្ទុះ​ឡើង​ភ្លាម​យ៉ាង​ហិង្សា​នៅ​ពី​មុខ​វត្តមាន​កម្លាំង​ប៉ូលិស​ប្រឆាំង​កុបកម្ម និង​ឆ្មាំជាតិ​ជា​ច្រើន​រយ​នាក់។

នៅ​ក្នុង​ការ​ប្រទូស្រ្តាយ​នោះ ពួក​បាតុករ​ពី​ក្រុម​ទាំង​ពីរ​បាន​ប្រើ​ដំបង​វាយគ្នា ប្រើ​ដបសាំង​ដុតឆេះ​គប់​ដាក់​គ្នា​ទៅ​វិញ ទៅ​មក និង​ការ​ប្រើ​កាំភ្លើង​យ៉ាង​អនាធិបតេយ្យ។ ប្រឈម​នឹង​អំពើហិង្សា​នេះ ចៅហ្វាយ​ក្រុង Charlottesville ក៏​បាន​ប្រកាស​ភាព​អាសន្ន ហើយ​ប៉ូលិស​ក៏​បាន​ហាម​មិន​ឲ្យ​ការ​រៀបចំ​ក្បួន​បាតុកម្ម ឬ​ការ​ជួបជុំ​ដែល​បាន​គ្រោង​ទុក។ ដោយឡែក​នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ ក៏​ស្រាប់​តែ​មាន​បុរស​ម្នាក់​បាន​បើក​រថយន្ត​តម្រង់​ចូល​ក្នុង​ហ្វូង​បាតុករ​ដែល​ប្រឆាំង​នឹង​ពួក​បាតុករ​ស្តាំនិយមជ្រុល​បណ្តាល​ឲ្យ​ស្លាប់​ស្រ្តី​ម្នាក់​អាយុ ៣២ឆ្នាំ។ ក្នុង​ថ្ងៃ​ដដែល មាន​ស្លាប់​ប៉ូលិស ២នាក់​នា​ពេល​ធ្លាក់​ឧទ្ធម្ភាគចក្រ​ក្បែរ​ក្រុង Charlottesville។ តាម​រដ្ឋអំណាច រឿង​ធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ​មិន​មាន​ជាប់​ទាក់ទង​នឹង​អំពើហិង្សា​នោះ​ទេ។

តែ​ចៅហ្វាយ​ក្រុង Charlottesville បាន​សន្និដ្ឋាន​ថា ព្រឹត្តិការណ៍​នៅ​ក្រុង Charlottesville នា​ថ្ងៃ​សៅរ៍ ទី១២ សីហា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣នាក់ និង​របួស ៣៥នាក់​ផ្សេង​ទៀត។

កម្មវត្ថុ​នៃ​ការ​ជួបជុំ​របស់​ក្រុមស្តាំនិយមជ្រុល

កម្មវត្ថុ​នៃ​ការ​ជួបជុំ​របស់​ពួក​ស្តាំនិយមជ្រុល គឺ​ដើម្បី​ប្រឆាំង​នឹង​សេចក្តីសម្រេចចិត្ត​របស់​ចៅហ្វាយ​ក្រុង Charlottesville ដែល​សម្រេច​យក​រូបសំណាក​ឧត្តមសេនីយ​ម្នាក់​ឈ្មោះ Robert E. Lee ចេញ​ពី​សួនច្បារ​ក្នុង​ក្រុង​ទៅ​ដាក់​តាំង​នៅ​កន្លែង​ផ្សេង។ ឧត្តមសេនីយ Robert E. Lee ដែល​មាន​ដើមកំណើត​ជា​អ្នក​ក្រុង Charlottesville គឺ​ជា​មេទ័ព​នៅ​ភូមិភាគ​ខាងត្បូង​ក្នុង​សម័យ​សង្រ្គាមស៊ីវិល​រវាង​ខាង​ជើង និង​ខាង​ត្បូង​ពី​ឆ្នាំ ១៨៦១ ដល់​ឆ្នាំ ១៨៦៥។ នៅ​ឆ្នាំ ១៨៨៤ ពោល​ជិត ២០ឆ្នាំ​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាម​ស៊ីវិល រូបសំណាក​របស់​ឧត្តមសេនីយ Lee ដែល​ពួក​ខាងត្បូង​ចាត់​ទុក​ជា​វីរជន​ត្រូវ​បាន​កសាង និង​ដាក់​តាំង​ក្នុង​ទីធ្លា​សួនច្បារ​សាធារណៈ​នៅ​ក្នុង​ក្រុង។

តាម​ពិត រឿងអាស្រូវ​ទាក់ទង​នឹង​ឧត្តមសនីយ Lee មាន​ជាប់​ពាក់ព័ន្ធ​ខ្លាំង​នឹង​រឿង​អតីតកាល ពិសេស​ក្នុង​របប​ទាសភាព​ដែល​ឧត្តមសេនីយ Lee មិន​យល់ព្រម​ឲ្យ​ពួក​ទាសករ​មាន​សិទ្ធិបោះឆ្នោត ទោះ​បី​ជា​លោក​សុខចិត្ត​ឲ្យ​លប់​ចោល​របប​ទាសភាព​ក៏​ដោយ។ សូម​ជម្រាប​ជូន​ថា រឿង​រ៉ាវ​រក្សា​ទុក​រូបសំណាក​ឧត្តមសេនីយ Lee ក្នុង​ទីធ្លា​សួនច្បារ​សាធារណៈ​ក្នុង​ក្រុង ឬ​មួយ​ក៏​ប្តូរ​ទៅ​ដាក់​កន្លែង​ផ្សេង​បាន​កើត​មាន​អស់​ជា​ច្រើន​ខែ​កន្លង​មក។ ក្បួន​បាតុកម្ម​របស់​ពួក​ស្តាំនិយមជ្រុល​ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​របស់​ចៅហ្វាយ​ក្រុង Charlottesville ធ្លាប់​បាន​កាល​ពី​ខែ​កក្កដា​ថ្មីៗ​កន្លង​ទៅ និង​បាន​ទទួល​រងការ​ចាប់​ខ្លួន​ពី​ប៉ូលិស​ចំនួន ២៣នាក់។

មតិរិះគន់​លើ​ប្រតិកម្ម​របស់លោក​ដូណាល់ ត្រាំ

នៅ​ក្រោយ​ព្រឹត្តិការណ៍​ហិង្សា ប្រតិកម្ម​ថ្កោលទោស​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់​ពី​សំណាក់​អ្នក​នយោបាយ​មក​ពី​គណបក្ស​សាធារណរដ្ឋ​ដែល​កំពុង​កាន់​អំណាច និង​គណបក្សប្រជាធិបតេយ្យ។ ពី​ទីកន្លែង​សម្រាក​លំហែកាយ លោក​ដូណាល់ ត្រាំ​បាន​បញ្ចេញ​ប្រតិកម្ម​តាម​បណ្តាញ​សង្គម​ផ្លូវការ Twitter ដោយ​បាន​ធ្វើ​ការ​ថ្កោលទោស​លើ​អំពើ​ហិង្សា​ជា​លក្ខណៈ​ទូទៅ​ដោយ​មិន​សំដៅ​លើ​ក្រុម​ណា​មួយ​ឡើយ។ គឺ​ប្រតិកម្ម​របៀប​នេះ​ហើយ​ដែល​លោក​ត្រាំ​បាន​ទទួល​ការ​រិះគន់ ទិតៀន​យ៉ាង​ចាស់ដៃ ពិសេស​ពី​ក្រុម​អ្នកប្រជាធិបតេយ្យ​មាន​ទាំង​ពី​លោក​អតីត​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា និង​ពី​លោកស្រី​ហ៊ីឡារី គ្លីនតុន​ផង។

ដោយ​មិន​និយាយ​ចំ​ឈ្មោះ​លោក​ត្រាំ លោកស្រី​គ្លីនតុន​បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម Twitter ថា ការ​ដែល​សង្គម​អាមេរិក​មិន​ចាត់​វិធានការ និង​ទុក​បណ្តោយ​ឲ្យ​មាន​អំពើ​បែប​នេះ ពិត​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់ និង​ជា​រឿង​គ្រោះថ្នាក់​ដល់​តម្លៃ​របស់​អាមេរិក។ ចំណែក​លោក​អូបាម៉ា​បាន​លើក​យក​ឃ្លា​របស់​លោក​អតីត​ប្រធានាធិបតី​អាហ្រ្វិកខាងត្បូង Nelson Mandela ដែល​និយាយ​ថា គ្មាន​មនុស្ស​ណា​កើត​មក​ដោយ​ស្អប់​គ្នា​ដោយសារ​តែ​មាន​ព័ណ៌សម្បុរ មាន​ដើមកំណើត​ខុសគ្នា ឬ​មួយ​ក៏​មាន​សាសនា​ខុស​គ្នា​នោះ​ទេ។

ចូរ​កុំ​ភ្លេច​ថា រូប​ភាព​នៃ​ការ​ប្រទូស្រ្តាយ​យ៉ាង​ហិង្សា​រវាង​ក្រុម​ស្តាំនិយមជ្រុល និង​ក្រុមបាតុករ​ផ្សេង​ទៀត​នៅ​ក្រុង Chalottesville នា​ថ្ងៃ​សៅរ៍ ទី១២ សីហា គឺ​ប្រៀប​បាន​នឹង​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​បាតុករ​ប្រកាន់​ពូជសាសន៍ និង​ក្រុម​បាតុករ​ប្រឆាំង​ការ​ប្រកាន់​ពូជសាសន៍។ ទង់ជាតិ​សហព័ន្ធ​ដែល​ក្រុមបាតុករ​ស្តាំនិយមជ្រុល​បាន​កាន់​នៅ​ក្នុង​ក្បួនបាតុកម្ម​ត្រូវ​បាន​ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​ចាត់​ទុក​ជា​សញ្ញា​ប្រកាន់​ពូជសាសន៍ និង​ដែល​មាន​បាតុករ​ខ្លះ​តែង​ខ្លួន​ជា​រូប​ណាហ្ស៊ី​ផង។ ចំណែក​នៅ​ខាង​ក្រុម​បាតុករ​ប្រឆាំង​នឹង​ពួក​ស្តាំនិយមជ្រុល ពួក​គេ​បាន​នាំ​គ្នា​ប្រើ​ទង់ជាតិ​នៃ​ចលនា Black Lives Matter។ ទង់ជាតិ​មួយ​នេះ​ច្រើន​ប្រើ​នៅ​ក្នុង​ក្បួន​បាតុកម្ម​ប្រឆាំង​នឹង​ការ​ស្លាប់​របស់​ពួក​ស្បែក​ខ្មៅ​ក្រោយ​ការ​វាយប្រហារ​របស់​ប៉ូលិស​ស្បែក ស។

ការ​ដែល​លោក​ត្រាំ​មិន​ហ៊ាន​ថ្កោលទោស ឬ​ស្តីបន្ទោស​លើ​ក្រុម​ស្តាំនិយមជ្រុល​ចំៗ​មក​ពី​ក្រុម​នេះ​បាន​គាំទ្រ និង​បោះឆ្នោត​ឲ្យ​លោក​នា​សម័យ​បោះឆ្នោត​ប្រធានាធិបតី។ ដូច្នេះ​តិច ឬ​ច្រើន លោក​ត្រាំ​ពិត​ជា​មាន​សមានចិត្ត​ចំពោះ​ក្រុម​នេះ។ គឺ​ប្រតិកម្ម​ដោយ​គ្មាន​ចង្អុល​មុខ​លើ​ក្រុម​ណា​មួយ​នេះ​ហើយ​ដែល​លោក​ត្រាំ​បាន​ទទួល​រង​ការ​រិះគន់ ទិតៀន​ខ្លាំង​ពី​សំណាក់​អ្នកនយោបាយ​ទូទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ