អានតួអត្ថបទ
អាមេរិក-រុស្ស៊ី

កូន​​ប្រសារ​​លោក Trump បាន​​​ជួប​ពិភាក្សា​​ជាមួយអ្នកតំណាង​រុស្ស៊ី​​តែ​​​បដិសេធ​​រាល់​ការឃុបឃិត​

លោក Jared Kushner ដែល​ជា​កូន​ប្រសារ​និង​ទីប្រឹក្សា​ជំនិត​របស់​ប្រធានាធិបតី​អាមេរិក Donald Trump ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​សារភាព​ទទួល​ស្គាល់​ថា​ លោក បាន​ជួប​ប្រាស្រ័យ​ជាមួយ​តំណាង​របស់​រដ្ឋាភិបាល​រុស្ស៊ី​​ចំនួន​៤​ដង​នៅ​​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ តែ​លោក​បាន​បដិសេធ​​រាល់​​ការ​ឃុបឃិត​ក្នុង​គោលដៅ​ដើម្បី​អោយ​លោក​ Donald Trump ​ឱពុក​ក្មេក​របស់​ខ្លួន​ បាន​ឈ្នះ​ឆ្នោត​នោះ​ឡើយ។

Jared Kushner​ កូនប្រសារ​របស់​លោក​ Donald Trump
Jared Kushner​ កូនប្រសារ​របស់​លោក​ Donald Trump REUTERS/Jim Bourg/File Photo
ផ្សាយពាណិជ្ជកម្ម

“ខ្ញុំ​​ពុំ​បាន​ប្រព្រឹត្ត​​ការ​​ឃុបឃិត​ដោយ​សម្ងាត់​ណា​មួយ​ឡើយ​​និង​ក៏​ពុំ​ស្គាល់​មនុស្ស​ណា​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​ដែល​បាន​ប្រព្រឹត្ត​ការ​ឃុបឃិត​ជាមួយ​នឹង​រដ្ឋាភិបាល​បរទេស​ខ្លះៗនោះ​​ឡើយ​”-នេះ​ជា​សំណេរ​របស់​លោក Jared Kushner នៅ​ក្នុង​លិខិត​ណែនាំ​មួយ​ដែល​មាន​កម្រាស់​១១​ទំព័រ ដែល​លោក​ត្រូវ​អាន​នៅ​ចំពោះ​មុខ​គណៈកម្មការ​មួយ​របស់​ព្រឹទ្ធសភា​អាមេរិក​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ។

“សំណុំរឿង​រុស្ស៊ី”នេះ បាន​ធ្វើ​ឲ្យ​​ប្រធានាធិបតី​អាមេរិក មាន​ការ​តានតឹង​ក្នុង​ចិត្ត​ជា​​​ខ្លាំង ​ចាប់តាំងពី​លោក​បាន​ឡើង​កាន់​មុខ​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​រួចមក ដោយហេតុ​តែ​មាន​ការ​សង្ស័យខ្លាំង​ថា​”សមាជិក​នៃក្រុម​របស់​លោក ​​ដែល​ភាគ​ច្រើន​​ជា​អ្នក​មាន​ឥទ្ធិពល​ បានខកខាន​​នៅ​ក្នុង​សេចក្តី​​រាយការណ៍មួយ​ ស្តីពី​​​ទំនាក់ទំនង​របស់​ពួក​គេ ​ជាមួយ​​ក្រុម​អ្នកតំណាង​នៃ​រដ្ឋាភិបាល​រុស្ស៊ី​។​ ម្យ៉ាងទៀត​ ភាព​មិន​ច្បាស់​លាស់​របស់​លោកប្រធានាធិបតី​ត្រំ​ខ្លួន​ឯង​ផ្ទាល់​នៅ​ក្នុង​សំណុំរឿង​នេះ រឹត​តែ​ជម្រុញ​ ឲ្យ កិច្ច​ការពារ​​សហការី​​របស់​​លោក ​​កាន់តែ​ធ្លាក់ចុះខ្សោយ​។

ដោយហេតុថា កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ នាយក​ថ្មី​ខាង​ផ្នែក​ទំនាក់​ទំនង ​លោក​Anthony Scaramucci បាន​គូសបញ្ជាក់​​ប្រាប់ផងដែរថា “លោក​ប្រធានាធិបតី​ត្រំ” នៅ​តែ​ពុំ​ជឿទេ ​នៅ​លើ​ការ​ជ្រៀតជ្រែក​របស់​ទីក្រុង​ម៉ូស្គូ ​នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ទោះបី​ជា​ក្រសួង​ស៊ើបការ​សម្ងាត់​របស់​អាមេរិក បាន​ពិនិត្យរក​ឃើញ​ថា​ជា​ការ​ពិត​ក្តី។

នៅ​ក្នុង​លិខិត​របស់​លោក Jared Kushner​ដែលត្រូវ​បាន​​​ចុះ​ផ្សាយ​ដោយ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​ច្រើន​​ នៅប៉ុន្មានម៉ោង​នា​មុន​ពេល​សវនាការ​ដោយ​បិទ​ទ្វារ ​នៅចំពោះមុខ​គណៈកម្មាការ​ស៊ើបការណ៍​សម្ងាត់​របស់ព្រឹទ្ធសភា លោក​ Kushner បាន​រៀបរាប់ ​អំពី​ទំនាក់​ទំនង​​របស់​ខ្លួន​ជាមួយ​លោក Serguei ¨Kisliak​ ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន ​និង ​អ្នកតំណាងរុស្ស៊ី​​ផ្សេងៗ​ទៀត​​។​ ចំពោះ​រូបលោកKushner ទំនាក់​ទំនង​ជាមួយ​អ្នកតំណាង​បរទេស​ទាំង​នេះ ​​ គឺ ​​ជា​ផ្នែក​មួយ ​នៃ​ភារៈកិច្ចជា​​ប្រចាំថ្ងៃ​​របស់​លោក នៅពេលដែលលោក​ ទទួលបន្ទុក​កាន់ការងារខាង​​ផ្នែកទំនាក់ទំនងជាមួយរដ្ឋាភិបាល​បរទេស​​​ ​ ​នៅក្នុងរង្វង់ ​នៃ​ក្រុមយុទ្ធនាការ​ឃោស​នាបោះឆ្នោត​របស់​លោក​ត្រំ៕

 

​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ