អានតួអត្ថបទ
សហរដ្ឋអាមេរិក

កាសែត៖ លោកដូណាល់ ត្រាំ ជាប់សំណាញ់​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស

តើ ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ រារាំង​ដំណើរការ​ស៊ើបអង្កេត​របស់​តុលាការ?  តាម​​កាសែត​អាមេរិកាំង Washington Postចុះផ្សាយ​ថ្ងៃពុធ​ទី ១៤​មិថុនា  រដ្ឋអាជ្ញាពិសេស លោក​Robert Mueller កំពុង​ស៊ើប​អង្កេត​លើ​លោក​ដូណាល់ ត្រាំ ដែល​គេ​សង្ស័យ​ថា បាន​រារាំង​ដំណើរការ​ស៊ើបអង្កេត។

ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ នៅ​ព្រលាន​យន្តហោះ​New Jerseyថ្ងៃទី ៩​មិថុនា ២០១៧
ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ នៅ​ព្រលាន​យន្តហោះ​New Jerseyថ្ងៃទី ៩​មិថុនា ២០១៧ ©REUTERS/Yuri Gripas/File Photo
ផ្សាយពាណិជ្ជកម្ម

រដ្ឋអាជ្ញាពិសេស លោក​Robert Mueller ដែល​ត្រូវ​តែង​នា​ពេល​ថ្មីៗ​នេះ ​ដើម្បី​ស៊ើបអង្កេត​ទៅលើ​ការលូកដៃ​របស់​រុស្ស៊ី នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ហើយ​និង​ការជាប់​ពាក់ព័ន្ធ​របស់​ក្រុមឃោសនា​របស់​លោក​ដូណាល់ ត្រាំ ជាមួយ​ទីក្រុង​ម៉ូស្គូ កំពុង​បើក​ស៊ើប អង្កេត​ទៅលើ​លោក​ដូណាល់ ត្រាំ។

 

នៅក្នុង​សនវការ​សួរដេញដោល​របស់​គណៈកម្មការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា នៅ​សប្តាហ៍មុន លោក​ជេមស៍ ខមី ដែល​ត្រូវ​លោក​ដូណាល់ ត្រាំ ដក​ចេញ​ពី​តំណែង មេដឹកនាំ​ប៉ូលិស FBI បាននិយាយ​ថា លោក​បាន​បញ្ជាក់​ទៅ​ដូណាល់ ត្រាំថា លោក​ដូណាល់ ត្រាំ មិន​​ស្ថិតនៅក្នុង​ការស៊ើបអង្កេត​របស់​ FBI ដែល​ស៊ើបអង្កេត​ទៅលើ​ការជាប់ពាក់ព័ន្ធ​របស់​រុស្ស៊ី នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នោះទេ។

 

ប៉ុន្តែ ស្ថានការណ៍​​បាន​វិវឌ្ឍ និង​ផ្លាស់ប្តូរ យ៉ាងឆាប់​រហ័ស បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ បាន​ដក​លោក​ជេមស៍ ខមី ពី​តំណែង​ប្រធាន​ FBI​យ៉ាងទាន់ហន់នៅ​ដើម​ខែ​ឧសភា។ តាម​ការចុះផ្សាយ​របស់​កាសែតWashington Post លោក​ដូណាល់ ត្រាំ នៅពេលនេះ បាន​ធ្លាក់​មែនទែន ក្នុង​ការស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា​ពិសេស ដែល​សង្ស័យ​ថា លោក​ដូណាល់ ត្រាំ​បាន​រារាំង​ដំណើរការ​ស៊ើបអង្កេត​របស់​តុលាការ។

 

តាម​កាសែត ការ​ស៊ើបអង្កេត​ទៅលើ​ការលូកដៃ​ របស់​លោកដូណាល់ ត្រាំ ក្នុង​ការស៊ើប អង្កេត​របស់​តុលាការ ត្រូវ​បាន​បើក​ធ្វើ តាំង​តែ​ពី​ប៉ុន្មាន​ថ្ងៃ​ក្រោយ លោក​ជេមស៍ ខមី ត្រូវ​បាន​លោក​ដូណាល់ ត្រាំ បណ្តេញ​ចេញ​ពី​តំណែង FBI ម្ល៉េះ។

 

លោកRobert Mueller អតីត ប្រធាន​ FBI ដែល​ទើប​ត្រូវ​តែងតាំង ជា​រដ្ឋអាជ្ញាពិសេស​បាន​សម្រេច​បន្ត​ការស៊ើបអង្កេតទៅលើ​លោក​ដូណាល់ ត្រាំ បន្ទាប់​ពី​ការផ្តល់​សក្ខីកម្ម បែប​ដាក់​បន្ទុក​របស់​អតីត​ប្រធាន​FBI ទៅលើ​លោក​ដូណាល់ ត្រាំ នៅ​សប្តាហ៍​មុន។

 

Robert Mueller ត្រូវ​បាន​តែងតាំង​ជារដ្ឋអាជ្ញាពិសេស ដើម្បី ស៊ើបអង្កេតទៅលើ​ការជាប់​ពាក់ព័ន្ធ​រវាង​ក្រុមឃោសនា​របស់​លោក​ដូណាល់ ត្រាំ ជាមួយ​រុស្ស​រុស្ស៊ី
Robert Mueller ត្រូវ​បាន​តែងតាំង​ជារដ្ឋអាជ្ញាពិសេស ដើម្បី ស៊ើបអង្កេតទៅលើ​ការជាប់​ពាក់ព័ន្ធ​រវាង​ក្រុមឃោសនា​របស់​លោក​ដូណាល់ ត្រាំ ជាមួយ​រុស្ស​រុស្ស៊ី REUTERS/Jason Reed

មន្រ្តីជាន់ខ្ពស់​៥រូប​ត្រូវ​ឆ្លើយសំណួរ​របស់​រដ្ឋអាជ្ញាពិសេស​នៅ​សប្តាហ៍នេះ

តាមការចុះផ្សាយ​របស់​កាសែត Washington Post រដ្ឋអាជ្ញា​ពិសេស លោក​Robert Mueller នឹង​កោះហៅ សាកសួរ​មន្រ្តី​ជាន់ខ្ពស់​ផ្នែក​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក​ចំនួន ៥រូបនៅ​ក្នុង​សប្តាហ៍នេះ។ មនុស្ស​បីរូប ដូចជា​ប្រធាន​ស៊ើបការណ៍​សម្ងាត់​ជាតិ លោក Dan Coats ប្រធាន​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ លោក​Mike Roger ហើយ​និងអតីត អនុប្រធាន​របស់​ស្ថាប័ន​នេះ ​បាន​ឆ្លើយ​យល់ព្រម​ទៅ​បង្ហាញ​ខ្លួន​ចំពោះមុខ​រដ្ឋអាជា្ញពិសេស។

 

រដ្ឋអាជ្ញា​ពិសេស Robert Mueller បាន​កសាង​សំណុំរឿង​ស៊ើបអង្កេត​ប្រឆាំង​លោក​ដូណាល់ ត្រាំ ដោយ​ផ្អែក​ទៅលើ​កំណត់ត្រា ដែល​អតីត​មេប៉ូលិស FBI លោក​ជេមស៍ ខមី បាន​កត់ទុក នៅក្រោយពេល​សន្ទនា​ជាមួយ​លោក​ដូណាល់ ត្រាំ។ សារTwitter​បែបកំហឹង​របស់​លោក​ដូណាល់​ត្រាំ ហើយ​និង​លទ្ធផល​នៃ​ការស៊ើបសួរ​ជាមួ​យ​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​អាមេរិក គឺ​ជា​វត្ថុតាង​ដែល​រដ្ឋអាជ្ញា​ប្រើ​សម្រាប់​ដាក់បន្ទុក​លោក​ដូណាល់ ត្រាំ។

 

លើសពីនោះ រដ្ឋអាជ្ញាពិសេស​ចង់​ផ្តោត​សំខាន់​ទៅលើ​កំណត់ត្រា របស់​អតីត​អនុប្រធាន​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ លោក​Richard Ledgett ដែល​បាន​សរសេរ​ថា លោក​ដូណាល់ ត្រាំ បាន​​និយាយ​ប្រាប់​​ប្រធាន​សន្តិសុខ​ជាតិ លោក​Mike Roger​ឲ្យ​អន្តរាគមន៍ ធ្វើយ៉ាងណា​ឲ្យ​ប្រធាន​FBI លោក​ជេមស៍ ខមី ឈប់​ស៊ើបអង្កេត​ទៅលើ​Michael Flynn អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់ដូណាល់ ត្រាំ តទៅទៀត។ គឺ​សំណុំរឿង​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោកដូណាល់ ត្រាំ ដែល​ជា​ដើមចម ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ ធ្លាក់​មក​ជាប់​សំណាញ់​ស៊ើបអង្កេត នៅ​ទីបំផុត​របស់​រដ្ឋាអាជ្ញាពិសេស។

 

តាម​កាសែត Washington Post រដ្ឋអាជ្ញា​ពិសេស​កំពុង​ស៊ើប​អង្កេតថា តើ​លោក​ដូណាល់ ត្រាំ មាន​បាន​រារាំង​ដំណើរការ​ស៊ើបអង្កេត​របស់​តុលាការ​ តាមរយៈ​ការទទូច​សុំ​ ឲ្យ​អតីត​មេដឹកនាំ​ប៉ូលិស​FBIឈប់​ស៊ើបអង្កេត​ទៅលើ​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ដែល​ជា​មនុស្ស​ជំនិត​នឹង​លោក ដែរឬទេ។ លើស​ពី​នោះ ការដកហូត​តំណែង​ដោយ​ទាន់ហន់​របស់លោក​ជេមស៍ ខមី ពី​​តំណែង​មេដឹកនាំFBI ក៏​អាច​ជា​ហេតុផលមួយ​ដែរ ដែល​រដ្ឋអាជ្ញា​យក​ទៅ​សិក្សា ដើម្បី​បញ្ជាក់ថា លោក​ដូណាល់ ត្រាំ បាន​លូកដៃ ក្នុង​កិច្ចការ​ស៊ើបអង្កេត​របស់​តុលាការ។

 

ការរារាំង​ដំណើរការ​ស៊ើបអង្កេត​ត្រូវ​គេ​ចាត់ទុក​ជា​បទល្មើស​ឧក្រិដ្ឋ ប៉ុន្តែ លោក​ដូណាល់ ត្រាំ ដែល​ការពារ​ដោយ​អភ័យឯកសិទ្ធិ​ប្រធានាធិបតី អាច​ជៀសផុត​ពីការចោទប្រកាន់​របស់​តុលាការ។ យ៉ាងណាក៏ដោយ លទ្ធផល​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា​ពិសេស ដែល​អាច​បង្ហាញថា លោក​ដូណាល់ ត្រាំ​បានលូកដៃ​ក្នុង​ដំណើរការ​ស៊ើបអង្កេត​របស់​តុលាការ​នឹង​អាច​ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ ត្រូវ​ប្រឈម​នឹង​ការបោះឆ្នោត សភា ដើម្បី ទម្លាក់​លោក​ចេញ​ពីតំណែង ប្រធានាធិបតី៕

 

លោក​Robert Mueller (ឆ្វេង) នៅពេល​ផ្ទេរ​តំណែង​ប្រធាន​FBI ទៅ​ឲ្យ​លោក​ James Comey tại Nhà នៅ​ខែ​មិថុនា ឆ្នាំ ២០១៣
លោក​Robert Mueller (ឆ្វេង) នៅពេល​ផ្ទេរ​តំណែង​ប្រធាន​FBI ទៅ​ឲ្យ​លោក​ James Comey tại Nhà នៅ​ខែ​មិថុនា ឆ្នាំ ២០១៣ REUTERS/Jason Reed

អ្នកគាំទ្រ​លោក​ដូណាល់​ត្រាំ ទាមទារ​ឲ្យ​ប្រធានាធិបតី ដក​លោក​Robert Mueller

នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ​ក្រុម​អ្នកគាំទ្រ​លោក​ដូណាល់ ត្រាំ បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​រិះគន់ ចោទ​ប្រកាន់​លោក​Mueller​ថា មិន​អព្យាក្រិត្យ។ មិត្តភក្តិ​ស្និទ្ធ​នឹង​លោក​ដូណាល់ ត្រាំ លោក Chris Ruddy  ដែល​បាន​ចូល​ទៅ​សេតវិមាន នៅ​សប្តាហ៍នេះ បាន​និយាយ​ថា លោក​ដូណាល់ ត្រាំ បាន​ពិចារណា​ដក​លោក​Robert Mueller ចេញ​តំណែង​រដ្ឋអាជ្ញាពិសេស។

 

សេតវិមាន​វិញ បាន​បដិសេធ​ទាត់ចោល ព័ត៌មាន​ដែល​ថា លោកដូណាល់ ត្រាំ កំពុង​ពិចារណា​ដក​លោក​Robert Mueller ចេញពី​តំណែង​រដ្ឋអាជ្ញា។ តាម​អ្នកនាំពាក្យ​របស់​សេតវិមាន លោក​Sean Spicer​មាន​តែ​ប្រធានាធិបតី និង​ទីប្រឹក្សា​ច្បាប់​របស់​លោក​តែប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​និយាយ​ពីរឿងនេះ។

 

អ្នកគាំទ្រ​លោក​ដូណាល់ ត្រាំ​ជាច្រើន​ដែល​នៅក្នុង​មាន​ផងដែរ សមាជិក​សភា មក​ពី​ខាង​អភិរក្ស​និយម បាន​ទាមទារ​លោក​ដូណាល់ ត្រាំ ដក​លោក​Robert Mueller ចេញ ពី​តំណែង​រដ្ឋអាជ្ញា​ពិសេស។ អ្នកទាំងនោះ​បាន​ចោទប្រកាន់​ថា លោក​ Robert Mueller​លំអៀង ដោយសារ​តែ អ្នកធ្វើការ អមព័ទ្ធ​លោក គឺ​ជា​មនុស្ស​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​គណបក្ស​ប្រឆាំង​នឹង​លោក​ដូណាល់ ត្រាំ។ មួយវិញទៀត គេ​យល់​ឃើញថា លោក​ Robert Mueller ធ្លាប់​ធ្វើ​ជា​មេដឹកនាំ ប៉ូលិស FBI​មុន​លោក​ជេមស៍ ខមី ពិត​ជា​គាំទ្រ​លោក​ជេមស៍ ខមី មួយភាគរយ។ លោក​ជេមស៍ ខមី ដែល​ទើប​ចេញមុខ​ធ្វើសក្ខីកម្ម ដាក់​បន្ទុក ចោទ​លោក​ដូណាល់ ត្រាំ បាន​បណ្តេញ​រូបលោក ដោយសារ​តែ​សំណុំរឿង​ស៊ើបអង្កេត​លើ​រុស្ស៊ី។ តាម​កាសែត​Washington post លោក​ដូណាល់ ត្រាំ បាន​ទទួល​ដំណឹង​រួចហើយ​លោក​កំពុង​ត្រូវ​រដ្ឋអាជ្ញា​ពិសេស​ស៊ើបអង្កេត។

 

ដក​លោក​Robert Mueller ចេញ​ពី​តំណែង​រដ្ឋអាជ្ញាពិសេស គឺ​ជា​កំហុស​ដ៏ធ្ងន់ធ្ងរ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​គេ​នឹក​ទៅដល់​សំណុំរឿង Watergate នៅ​ទសវត្សរ៍ ឆ្នាំ ១៩៧៤ ដែលនៅក្នុង​នោះ ​រដ្ឋសភា​អាមេរិក​បាន​រៀបចំ​បោះឆ្នោត ទម្លាក់​ប្រធានាធិបតី Richard Nixon ដែល​គេ​ចោទប្រកាន់​ថា បាន​រារាំង​ដំណើរការ​ស៊ើបអង្កេត​របស់​តុលាការ ដោយ​បាន​ដក​លោកArchibald Cox ​ចេញ​ពី​តំណែង​រដ្ឋអាជ្ញា​ពិសេស៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ