អានតួអត្ថបទ
សហរដ្ឋអាមេរិក

អតីត​ប្រធាន​FBIចោទ​រដ្ឋបាល​លោក​ដូណាល់​ត្រាំ​បាន​កុហក​ និង​បង្ខូច​កេរ្តិ៍ឈ្មោះ

ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃ​ព្រហស្បតិ៍​ទី ៨​មិថុនា ​បាន​រង​ការចោទ​ប្រកាន់​ខ្លាំងៗ​ពី​លោក​ជេមស៍ ខមី អតីត​មេដឹកនាំ​ប៉ូលិស​សហព័ន្ធ FBI ដែល​លោក​ដូណាល់ ត្រាំ​បាន​ដកហូត​ចេញ​ពីតំណែង​យ៉ាង​ទាន់ហន់ កាលពី​ថ្ងៃ​ទី​៩​ឧសភា​កន្លងទៅ។ នៅក្នុង​សវនការ​សួរដេញដោល​របស់​គណៈកម្មការ​ស៊ើបអង្កេត​របស់​ព្រឹទ្ធសភា លោក​ជេមស៍ ខមី បាន​និយាយ​ថា សេតវិមាន​បាន​និយាយ​កុហក​​ពីរឿង​ប៉ូលិស​សហព័ន្ធ​FBI។

អតីត​ប្រធាន​ប៉ូលិស FBI​នៅក្នុង​ការសួរដេញដោល​នៅ​គណៈកម្មការ​ព្រឹទ្ធសភា អាមេរិក នៅថ្ងៃទី ៨​មិថុនា ២០១៧
អតីត​ប្រធាន​ប៉ូលិស FBI​នៅក្នុង​ការសួរដេញដោល​នៅ​គណៈកម្មការ​ព្រឹទ្ធសភា អាមេរិក នៅថ្ងៃទី ៨​មិថុនា ២០១៧ ©REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ជា​ថ្ងៃ​ដ៏​អាប់អួរ​បំផុត​​សម្រាប់​លោក​​​ដូណាល់ ត្រាំ។ នៅក្នុង​សវនាការ​សួរដេញដោល​របស់​គណៈកម្មការ​ស៊ើបអង្កេត​របស់​ព្រឹទ្ធសភា ​​ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ លោកជេមស៍ ខមី អតីត​មេដឹកនាំ​ប៉ូលិស​FBI បាន​ប្រើ​ពាក្យ​ខ្លាំងៗ ចោទប្រកាន់​រដ្ឋបាល​លោក​ដូណាល់ ត្រាំ​ថា​បាន​និយាយ​កុហក និង​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​លោក។ “សេតវិមាន​បាន​ជ្រើសរើស​យក​ផ្លូវ​បរិហា​កេរ្តិ៍​ឈ្មោះ​​របស់ខ្ញុំ និង​របស់ FBI។ អ្វី​ដែល​សំខាន់​គឺ​គេ​បាន​និយាយ​ថា ទីភ្នាក់ងារ​ FBI មិន​ដំណើរការ គ្មានការដឹកនាំ​ល្អ និង​ថា បុគ្គលិក​អស់​ជំនឿ​ទុកចិត្ត​លើ​ថ្នាក់ដឹកនាំ​របស់​ស្ថាប័ន​។ នេះ​គឺ​ជាការ​និយាយ​ភូតភ​រ កុហក​​សុទ្ធសាធ​”។ លោក​ជេមស៍ ខមី​បាន​និយាយ​ដូច្នេះ នៅ​មុខ​សមាជិកគណៈកម្មការ​ព្រឹទ្ធសភា​អាមេរិក។

 
តាម​ លោក​ជេមស៍ ខមី ដោយ​ខ្លាច​លោក​ដូណាល់ ត្រាំ និយាយ​កុហក ពីខ្លឹមសារ​សន្ទនា​ជាមួយ លោក ​ ទៅ​ថ្ងៃ​អនាគត លោក​ចាប់​មាន​គំនិត សរសេរ​កំណត់ត្រា រាល់​កិច្ចសន្ទនា​ដែល​លោក​មាន​ជាមួយ​លោក​ដូណាល់ ត្រាំ តាំង​ពី​ខែ​មករាមក។ អតីត​ប្រធាន​ FBI បាន​ប្រាប់គណៈកម្មការ​ព្រឹទ្ធសភា​ដែរថា លោកជឿថា ​លោក​​ដូណាល់ ត្រាំ ដកលោក​ចេញ​ពី​តំណែង​ ដោយសារ​តែ​​សំណុំរឿង​រុស្ស៊ី។

សូមបញ្ជាក់ថា នៅមុន​ដកចេញ​ពីតំណែង​ប្រធាន​ប៉ូលិស​ FBI លោក​ជេមស៍ ខមី​ធ្វើការស៊ើបអង្កេត​ទៅលើ​ការលូកដៃ​របស់​រុស្ស៊ី ទៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ហើយ​និង​ទៅ​លើ​ការជាប់​ទាក់ទង​គ្នារវាង​ក្រុមឃោសនា​របស់លោក​ដូណាល់​ត្រាំ​​ ជាមួយ​ទីក្រុង​ម៉ូស្គូ។ ប៉ុន្តែ នៅក្នុង​សវនាការ​នៅ​ថ្ងៃ​ម្សិលមិញ លោក​ខមី​បាន​បញ្ជាក់ថា លោកដូណាល់ ត្រាំ​មិន​បាន​បញ្ជារ​ឲ្យ​លោកឈប់​ស៊ើបអង្កេត​ទៅលើ​រឿង​រុស្ស៊ី​នោះទេ។ តាម​លោក​ខមី លោក​ដូណាល់ ត្រាំ​បាន​ទាមទារ​ឲ្យ​លោក​ឈប់​ស៊ើបអង្កេត​ទៅលើ​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិរបស់លោកគឺ Michael Flynn ដែល​​ជាប់សង្ស័យថា បាន​ទាក់ទង​ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី នៅ​ញូវយ៉ក។ នៅក្នុង​សវនាការ លោក​ខមី​បាន​បដិសេធ​មិន​និយាយ​អារកាត់ទេ ថា លោក​ដូណាល់ ត្រាំ បាន​លូកដៃ រារាំង​ដល់​ការងារ​ស៊ើបអង្កេត​របស់​តុលាការ។ លោកជេមស៍ ​ខមី ​ជឿថា រដ្ឋអាជ្ញា​ពិសេស Robert Mueller ដែល​ក្រសួង​យុត្តិធម៌​ទើប​តែងតាំង​នៅ​ពេល​ថ្មីៗនេះ កំពុង​ពិនិត្យ​មើល​ថា តើ​លោក​ដូណាល់ ត្រាំ​កំពុង​រារាំង​ដំណើរការ​រតុលាការ​ដែរឬទេ។

នៅក្នុង​សនវការ​រយៈពេល ៣ម៉ោង​កន្លះ លោក​ជេម ខមី​បាន​ទទួល​ស្គាល់​ដែរថា លោក​ជា​អ្នកបញ្ចេញ​ព័ត៌មាន​ស្តីពី​កំណត់ត្រា​នៃ​កិច្ចសន្ទនា​រវាង​លោក និង​លោកប្រធានាធិបតី​ទៅ​អ្នកកាសែត។ គោលដៅ​គឺ​ដើម្បី​ជំរុញ​ឲ្យ​គេ​បង្កើត​ទីប្រឹក្សា​ស៊ើបអង្កេត​ឯករាជ្យ​មួយ។ រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller អតីត​ប្រធាន​ FBI គឺ​ជា​តំណែង​ដែល​ក្រសួង​យុត្តិធម៌​បាន​បង្កើតឡើង នៅក្រោយ​លេចធ្លាយ​ព័ត៌មាន​ដែលថា លោក​ដូណាល់ ត្រាំ​បាន​សុំ​ឲ្យ​​​ប្រធាន​ FBI ជេមស៍​ ខមី ឈប់​ស៊ើបអង្កេត​លើ​មនុស្ស​របស់​លោក គឺ​Michael Flynn។

នៅ​ថ្ងៃ​ម្សិលមិញ លោក​ដូណាល់ ​ត្រាំមិន​បានបញ្ចេញ​ប្រតិកម្ម​ដោយ​ខ្លួន​លោក​ផ្ទាល់​ទៅនឹង​ការនិយាយ​ដាក់​បន្ទុក​របស់អតីត​មេដឹកនាំ​ FBI។ ប៉ុន្តែ មេធាវី​ផ្ទាល់ខ្លួន​របស់លោក​ដូណាល់ ត្រាំ​បាន​សរសេរ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ទាត់ចោល ការចោទប្រកាន់​លោក​ខមី ដែលថា លោក​ដូណាល់ ត្រាំ បាន​សុំ​ឲ្យ​ខមី​ស្មោះស្ម័គ្រ​នឹង​លោក។ មេធាវី​របស់លោក​ដូណាល់ ត្រាំ គ្រោងផងដែរ​​នឹង​ដាក់​ពាក្យ​ប្តឹង​លោកជេមស៍ ខមី ពីការ​ផ្តល់​កំណត់ត្រា នៃ​កិច្ច​សន្ទនា​ជាមួយ​ប្រធានាធិបតី​ទៅ​ឲ្យ​អ្នកកាសែត ដោយ​គ្មាន​សុំ​ការអនុញ្ញាតិ​។ យ៉ាងណាក៏ដោយ មេធាវី​របស់លោកដូណាល់ ត្រាំពេញចិត្ត​នឹង​ការបញ្ជាក់​របស់លោក​ជេមស៍ ខមី ដែល​បានបញ្ជាក់​ជា​សាធារណៈថា ​លោកដូណាល់​ ត្រាំ​ ​មិន​​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​របស់​ FBI ក្នុង​សំណុំរឿង​រុស្ស៊ី​នោះទេ។ លោក​ដូណាល់ ត្រាំ​មិន​ជាប់​ឈ្មោះ​ក្នុង​ដំណើរស៊ើបអង្កេត​ស្តីពី​ការលូកដៃ​របស់​រុស្ស៊ី​ក្នុង​ការបោះឆ្នោត​អាមេរិក​មែន ប៉ុន្តែ លោក​ដូណាល់ ត្រាំ​ពេលនេះ អាច​ប្រឈម​នឹង​ការចោទប្រកាន់​ពី​រដ្ឋអាជ្ញាពិសេស ដែល​ថា​លោក​​​រារាំង​ដំណើរការ​ស៊ើបអង្កេត ដែល​ជាបទល្មើស​ឧក្រិដ្ឋ និងជា​​ហេតុផលជំរុញ​ឲ្យ​មាន​ការបោះឆ្នោតទម្លាក់​ប្រធានាធិបតី​ចេញពីតំណែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ