អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួប​​G7 ឱកាស​ចោទ​​​សួរនយោបាយ​​អាមេរិកក្នុង​សំណុំ​រឿង​ស៊ីរី

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុមប្រទេស​មហាអំណាច​កំពូល​លើ​ពិភពលោក​ទាំង៧ ហៅ​កាត់​ថា G7 ត្រូវ​បើក​ជំនួប​ប្រជុំ​របស់​ខ្លួន​នៅ​ថ្ងៃ​ចន្ទ​នេះ សម្រាប់​រយៈពេល​ពីរ​ថ្ងៃ នៅ​ប្រទេស​អ៊ីតាលី។ ​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ​​ដំបូង​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​នៃ​ភាព​តាន​តឹង​នយោបាយពិភពលោក​​​យ៉ាង​ខ្លាំង បន្ទាប់​ពី​អាមេរិក​បាន​ធ្វើ​សម្រេច​ជា​ឯកតោ​ភាគី វាយ​ប្រហារ​លើ​ប្រទេស​ស៊ីរី និង​បញ្ជូន​នាវា​ចម្បាំង​ទៅ​កូរ៉េខាង​ជើង។ ​ដូច្នេះ​ ជំនួប​លើក​នេះ ជា​ឱកាស​សម្រាប់​មហាអំណាច​​អឺរ៉ុប​និង​ជប៉ុន ត្រូវ​រួម​គ្នា​ចោទ​សួរអាមេរិក​ឱ្យ​បំភ្លឺ​នូវ​សំណួរ​ជា​ច្រើន ជាពិសេស ​និង​ដែល​សំខាន់​ជាងគេ គឺ​នយោបាយ​អាមេរិក​ ​ក្នុង​វិបត្តិ​ស៊ីរី តែ​ម្តង។

លោក Rex Tillerson រដ្ឋមន្ត្រីក្រសួងការបរទេស​អាមេរិក
លោក Rex Tillerson រដ្ឋមន្ត្រីក្រសួងការបរទេស​អាមេរិក REUTERS/Joe Skipper
ផ្សាយពាណិជ្ជកម្ម

ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម វិបត្តិ​លីប៊ី អ៊ុយក្រែន កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់... សេចក្តី​សម្រេច​របស់​អាមេរិក​បញ្ជូន​នាវា​ចម្បាំង​នៅ​បញ្ឈរ​នៅ​ក្បែរ​ឧបទ្វីប​កូរ៉េ​  អាច​ជា​ប្រធានបទ​មួយ​នៃ​ជំនួប​កំពូលG7 ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស។ ការ​កំណត់​អំពី​ទំនាក់ទំនង​របស់​បស្ចឹម​លោក ជាមួយ​រុស្ស៊ី ក៏​ទំនង​សំណុំ​រឿង​ដ៏​សំខាន់​មួយ​ដែល​ជំនួប​កំពូល​ត្រូវ​ពិចារណា ប៉ុន្តែ​ គឺ​​​វិបត្តិស៊ីរី នេះ​តែម្តង ដែល​នឹង​ត្រូវ​ក្លាយ​ជា​ប្រធានបទ​ធំ​គ្រប​ដណ្តប់​​ជំនួប​កំពូល​ហ្សេ ៧ ស្ទើរ​តែ​ទាំង​ស្រុង​។

អ៊ីតាលី​ដែល​ជា​ប្រទេស​ម្ចាស់​ផ្ទះ និង​ជា​សមាជិក​ក្រុមG7 ម្នាក់​ដែរ សង្ឃឹម​ថា​ជំនួប​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ នឹង​អាច​​សម្រេច​ចេញ​ជា​សេចក្តី​ថ្លែងការណ៍​មួយ​ ស្រប​តាម​ឆន្ទៈ​និង​ដើម្បី​គាំទ្រ​​តួនាទី​របស់​អង្គការ​សហប្រជាជាតិ​​ ក្នុង​ដំណោះស្រាយ​ឱ្យវិបត្តិ​ស៊ីរី។

 
ជំនួប​បំភ្លឺ​នយោបាយ​អាមេរិក​នៅ​ស៊ីរី

នា​ឱកាស​នេះ ប្រមុខ​ការ​ទូត ជប៉ុន អាល្លឺម៉ង់ បារាំង អង់គ្លេស អ៊ីតាលី និង​កាណាដា នៃ​ក្រុម​ប្រទេស​G7 ត្រូវ​​ជួបទល់​មុខ​គ្នា​ ជា​លើក​ដំបូង​ ជាមួយ​ប្រមុខ​ការទូត​អាមេរិក​ ដើម្បី​ពិភាក្សា​ការងារ​ផង និង​ជាពិសេស​​​ដើម្បី​យល់​កាន់​តែ​ច្បាស់​​អំពី​នយោបាយ​អាមេរិក​​ចំពោះ​វិបត្តិ​ស៊ីរី​ផង។ ព្រោះ​​ថ្វីដ្បិត​​តែ​ក្រុម​G​7 មិន​ប្រឆាំង​នឹង​ការ​ប្រតិបត្តិការ​យោធា​លើ​ស៊ីរី​មែន តែ​គ្រប់​គ្នា​សុទ្ធ​តែ​ភ្ញាក់​ផ្អើលនឹង​ទង្វើ​​​វាយប្រហារ​លើ​ស៊ីរី​ កាលពី​ថ្ងៃ​សុក្រ ជា​ឯកតោភាគី របស់​រដ្ឋាភិបាល​លោក​ត្រាំ។

គ្រប់​គ្នា​បាន​សំលៀង​មាត់​រួច​ជាស្រេច​ថា​នឹង​ចោទ​សួរ ប្រមុខ​ការទូត​អាមេរិក​ដោយ​ផ្ទាល់ នៅ​ថ្ងៃ​នេះ​។ គឺ​តើ​អាមេរិក​មាន​ជំហរ​យ៉ាងណា ? តើ​​អាមេរិក​ប្រុង​ធ្វើ​យ៉ាង​ដូចម្តេច ? ចង់​បណ្តេញ​លោក បាស្ហារ អាល់​អាសាទ​ចេញ​ពី​តំណែង​ឬ ?
ព្រោះ​ថា​ អាមេរិក​មាន​សំឡេង​បញ្ច្រាស​បណ្តោយគ្នា​ខ្លាំង​ជុំ​វិញ​នយោបាយ​​នេះ។ កាលពី​ថ្ងៃ​សៅរ៍ លោកស្រី​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំអង្គការ​សហប្រជាជាតិ​ បាន​​ប្រកាស​ថា​ការ​ផ្តួល​របប​ក្រុង​ដាម៉ាស ជា​អាទិភាព​មួយរបស់រដ្ឋបាល​លោក​ត្រាំ។ ឯ​ចំណែក​រដ្ឋមន្ត្រីការបរទេស​អាមេរិក​វិញ បាន​អះអាង​ថាអាទិភាព​របស់​អាមេរិក​គឺ​​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវនិយម​អង្គការ​រដ្ឋ​អ៊ីស្លាម។ ​

តួនាទី​រុស្ស៊ី​ក្នុង​វិបត្តិ​ស៊ីរី និង​ទំនាក់ទំនង​ជាមួយ​អាមេរិក

បើ​គ្មាន​រុស្ស៊ី គេ​ពិត​ជា​ពិបាក​ដោះស្រាយ​វិបត្តិ​ស៊ីរីនេះ​ណាស់ ព្រោះ​នរណា​ក៏​ដឹង​ថា​ម៉ូស្គូ​ការពារ​ជា​រហូត​មក​ក្រុង​ដាម៉ាស។ ដោយ​ហេតុ​តែ​វិបត្តិ​ស៊ីរី ទំនាក់ទំនង​របស់​អាមេរិក​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ក្រុង​ដាម៉ាស​ទាំង​ប៉ុន្មាន ​រាប់​ទាំង​រុស្ស៊ី​ផង សុទ្ធ​តែ​ឡើង​តាន​តឹង​​ទាំង​អស់។​ រុស្ស៊ី​និង​អ៊ីរ៉ង់ បាន​ប្រកាស​ឆន្ទៈ​ចង់​រួម​ដៃ​គ្នាបើក​កិច្ច​សហប្រតិបត្តិការ​​យោធា​ គាំទ្រ​របប​លោក​អាសាដ​រហូត​យក​ឈ្នះពួក​ភេរវនិយម។

អញ្ចឹង​ហើយ​បាន​ជា​នៅ​ក្នុង​ជំនួប​កំពូលហ្សេ​៧​នេះ ក្រុម​ប្រទេស​បស្ចឹម​លោក ក៏​​​​នឹង​ត្រូ​វ​ពិចារណារួម​​គ្នា​​ថា​តើ​​គេ​ត្រូវ​មាន​ទំនាក់​ទំនង​យ៉ាងណា ជាមួយ​​រុស្ស៊ី។ រដ្ឋមន្ត្រីការបរទេស​​អាមេរិក​បាន​ព្រលយ​មាត់​ដែរ​ កាលពីម្សិលមិញ មុន​បើក​ជំនួប​ ថា តើ​រុស្ស៊ី​ចង់​មាន​ទំនាក់ទំនង​ដូច​ម្តេច​ជាមួយ​អាមេរិក​។ ចង់​ឱ្យ​ទំនាក់ទំនង​អាមេរិក-រុស្ស៊ី ធ្លាក់​ដុនដាប​រហូត​ទៅ ឬ​ក៏​ត្រូវ​ជជែក​គ្នា ធ្វើការ​ជាមួយ​គ្នា ដើម្បី​អ្វីៗ​បាន​ប្រសើរ​ឡើង។ សម្រាប់​លោក Tillerson រុស្ស៊ី​អសមត្ថភាព មិន​អាច​​ការ​ត្រួត​ត្រា​ គ្រប់គ្រង​ស៊ីរី​ឱ្យ​បំផ្លាញ​អាវុធ​គីមី​ តាម​សន្យា​បាន។ ដូច្នេះ​រុស្ស៊ី​មិន​អាច​អួត​អាង​ការពារ​ស៊ីរី ម្នាក់ឯង​បាន​ទៀត​កទេ។

ក្រោយ​ជំនួបG​7​នេះ លោក​ប្រមុខ​ការ​ទូត​អាមេរិក ត្រូវ​បន្ត​ដំណើរ​​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ម៉ូស្គូ និង​ត្រូវជួប​ពិភាក្សា​ជាមួយ​សមភាគី​រុស្ស៊ី​ផង និង​អាច​ជាមួយ​លោក​ពូទីន​ផង។ ថ្វី​បើ​លោក Tillerson មិន​ធ្លាប់​មាន​បទ​ពិសោធន៍​ការទូត​មែន ប៉ុន្តែ​គ្រប់​គ្នា​សុទ្ធ​តែ​មើល​ឃើញ​ថា ការ​បាញ់​មីស៊ីល​លើ​មូលដ្ឋាន​ទ័ព​ស៊ីរី ដែល​បាន​វាយប្រហារ​អាវុធ​គីមី បាន​ផ្តល់​ប្រៀប​ឱ្យ​អាមេរិក​ក្នុង​ការ​ចរចា​ជាមួយ​ម៉ូស្គូ​។

ឯ​ចំណែក​ម៉ូស្គូ ក៏ទំនង​ជា​​​មើល​ប្រយោជន៍​ការ​បាញ់​មីស៊ីល​អាមេរិក​លើ​ស៊ីរី​ដែរ ព្រោះ​ថ្វី​បើ​ម៉ូស្គូ​មាន​ប្រតិកម្ម​ខ្លាំង តែ​មិន​បាន​លុប​ចោល​ទស្សនកិច្ច​របស់​ប្រមុខ​ការ​ទូត​អាមេរិក​ទេ ! នេះ​ជា​សញ្ញា​ដ៏​ល្អ បញ្ជាក់​បណ្តាញ​ការ​ទូត​នៅ​តាម​ភ្ជាប់ជា​និច្ច។ ហើយ​បើ​តាម​អ្នក​វិភាគ​អាមេរិក​ខ្លះ រុស្ស៊ី​ក៏​ទំនង​ជា​រីករាយ​នៅ​ពេល​អាមេរិក​វាយ​ស៊ីរី​មួយ​ក្តាំង ជា​ការ​ព្រមាន ព្រោះ​ម៉ូស្គូ​ក៏​ពិបាក​ដឹក​មុខ​​លោក​បាស្ហារ​អាល់អាសាដ​ឱ្យ​ចូល​អង្គុយ​តុ​ចរចា​ណាស់។ ម៉ូស្គូ​អាច​ប្រើ​សេណារីយោ ​បណ្តោយ​ឱ្យ​អាមេរិក​វាយ​​ស៊ីរី​ជា​ថ្មី សម្រាប់​សំឡុត​គំរាម​ របប​ដាម៉ាស ក្នុង​ការ​ផ្តល់​សន្ទុះ​ចរចាសន្តិភាព​ ក៏​ថា​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ