អានតួអត្ថបទ
ប្រព័ន្ធផ្សព្វផ្សាយ

ហេតុអ្វី បាន​ជាគេ​ត្រូវ​ប្រយុទ្ធប្រឆាំង​នឹង “ព័ត៌មាន​មិនពិត”

អ្នកជំនាញ ហើយ​និង​ក្រុមហ៊ុន​ព័ត៌មានវិទ្យា​ធំៗ​ក្នុង​ពិភពលោក​បាន​រួមគ្នា ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត។ គេ​ជឿថា ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​បាន​កើត​មាន​ច្រើន នៅក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ហើយ​និង​អាច​ជះ​ឥទ្ធិពល​អាក្រក់​លើ​ការបោះឆ្នោត​បារាំង និង​អាល្លឺម៉ង់ ដែល​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ខែ​មេសា និង​ខែ​កញ្ញា​ឆ្នាំ ២០១៧។

ព័ត៌មាន​មិនពិត មិនត្រឹមត្រូវ កើនឡើង​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​នេះ នៅ​ប្រទេស​អង់គ្លេស ជាទី​ដែល​សមាជិក​សភា​បាន​ព្រមាន​ថា ព័ត៌មាន​មិនពិត​នឹង​អាច​គំរាម​លទ្ធិប្រជាធិបតេយ្យ​នៅ​អង់គ្លេស
ព័ត៌មាន​មិនពិត មិនត្រឹមត្រូវ កើនឡើង​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​នេះ នៅ​ប្រទេស​អង់គ្លេស ជាទី​ដែល​សមាជិក​សភា​បាន​ព្រមាន​ថា ព័ត៌មាន​មិនពិត​នឹង​អាច​គំរាម​លទ្ធិប្រជាធិបតេយ្យ​នៅ​អង់គ្លេស © Jessica Kourkounis / GETTY IMAGES NORTH AMERICA / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ សម្ព័ន្ធ​ក្រុមហ៊ុន​បច្ចេកវិទ្យា រួម​ជាមួយ​អង្គការ​ដើម្បី​ការសិក្សា បាន​បង្ហាញ​កញ្ចប់​ទឹកប្រាក់​ប្រមាណ ១៤​លាន​ដុល្លារ ដែល​ផ្តល់​ដោយ​Facebook មូលនិធិ​Ford ហើយ​និង​Mozilla សម្រាប់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​មិនពិត។ សម្រាប់​អ្នកជំនាញ​ជាច្រើន ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត គឺ​មាន​តែ​ធ្វើ​ឲ្យ​សាធារណជន យល់ ស្គាល់​ច្បាស់​ពី​សារព័ត៌មាន ហើយ​និង​ទុកចិត្ត​ឡើង​វិញ​លើ​អ្នកកាសែត​។

 
ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន​Google ដែល​ជា​ក្រុមហ៊ុន​អ៊ីនធ័រនែត​នាំមុខគេ​ក្នុង​ពិភពលោក​បានខ្នះខ្នែង​ខ្លាំង ដើម្បី​លុបបំបាត់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ដោយ​បាន​កាត់បន្ថយ​ប្រាក់​ចំណូល​ផ្សាយ​ពាណិជ្ជកម្ម របស់​វិបសៃតិ៍​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ ការស៊ើបអង្កេត​ជា​ច្រើន​បង្ហាញ​ថា ការចុច​ចូល​មើល​ព័ត៌មាន មិនត្រឹមត្រូវ ដែល​សរសេរ ប្រឌិត​ឡើង បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​វិបសៃតិ៍​ជាច្រើន​ទទួល​បាន​ប្រាក់ចំណូល​កើនឡើង។

តែ​ពី​ប្រើ​សា្លក​សញ្ញា​ទង់ជ័យ ដើម្បី​សំគាល់​ព័ត៌មាន ដែល​គេ​ជឿថា ត្រូវ​បាន​ប្រឌិត​សរសេរ​ឡើង Facebook ​នៅ​បាន​បង្កើត​គម្រោង​អ្នកកាសែត ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​សារព័ត៌មាន​វិជ្ជាជីវៈ។ លោកស្រី Campbell Brown អតីត​អ្នកកាសែត​របស់​ទូរទស្សន៍​អាមេរិកាំង NBC និង​ជា​បច្ចុប្បន្ន​ជា​អ្នកកាសែត​របស់​ទូរទស្សន៍​CNN​ត្រូវ​បាន ​ក្រុមហ៊ុន​Facebook ​អញ្ជើញ​ឲ្យ​ចូលរួម​ដឹកនាំ​ក្បាលម៉ាស៊ីន ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​មិនពិត នៅ​លើ​បណ្តាញ​សង្គម​ Facebook។ សម្រាប់​លោកស្រី Campbell Brown កង្វះ​ចំណេះដឹង​ផ្នែក​វិភាគ​ព័ត៌មាន គឺ​ជា​កង្វល់​ដ៏​ធំមួយ របស់​សាធារណជន ក្នុង​ពិភពលោក។ “វា​មាន​សារៈសំខាន់​ណាស់ ដែល​មនុស្ស​អាច​កំណត់ ​ស្គាល់​ពី​ព័ត៌មាន​បំភ័ន្ត និងយល់​ដឹង​ពី​ព័ត៌មាន​ដែល​លេច​មុខ​នៅ​តាម​បណ្តាញ​សង្គម Facebook ឬ​នៅ​លើ​វិបសៃតិ៍​ដទៃទៀត”។

ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​បាន​ចោទ​ជា​បញ្ហា នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី នៅ​អាមេរិក​នៅ​ឆ្នាំ ២០១៦។ គេរកឃើញថា ការចែកចាយ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត នៅ​លើ​បណ្តាញ​សង្គម ដើរ​តួ​យ៉ាង​សំខាន់ ធ្វើ​ឲ្យ​មាន​ការប្តូរចិត្ត ក្នុង​ចំណោម​ម្ចាស់ឆ្នោត មួយចំនួន នៅ​អាមេរិក។ ឥទ្ធិពល​អាក្រក់​នៃ​ព័ត៌មាន​មិនពិត​ទៅលើ​អ្នកបោះឆ្នោត បាន​ក្លាយ​ជា​ក្តី​បារម្ភ​ផងដែរ នៅ​អឺរ៉ុប ជាពិសេស​នៅ​បារាំង និង​អាល្លឺម៉ង់ ដែល​ត្រូវ​រៀបចំ​ការបោះឆ្នោត នៅ​ខែ មេសា និង​ខែ​កញ្ញា​ខាងមុខ។

នៅ​ខែ​កុម្ភៈ​កន្លងទៅ ក្រុមហ៊ុន​កាសែត​បារាំង និង​អន្តរជាតិ ប្រមាណ ៣៧ ដែល​គាំទ្រ​ទទួល​ជំនួយ​ពី​ក្រុមហ៊ុន​Google បាន​ផ្តើម​វិធានការ​មួយ​ឈ្នោះ Crosscheck​ដើម្បី​ត្រួតពិនិត្យ​លើ​ខ្លឹមសារ​ព័ត៌មាន និង​កំណត់​ស្វែងរក មុខ ព័ត៌មាន​មិនពិត ដែល​អាច​ជះ​ឥទ្ធិពល​អាក្រក់​ទៅលើ​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ