អានតួអត្ថបទ
អ៊ីរ៉ាក់

អ៊ីរ៉ាក់៖​កងទ័ព​អាមេរិក​បាន​ចាត់​ទុក​ការ​ស្លាប់​ជនស៊ីវិល​នៅ​ក្រុង​មូស៊ូល​ជា « សោកនាដកម្មដ៏រន្ធត់ »

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ កម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​បាន​ទទួល​ស្គាល់​ពី​ការ​ស្លាប់​ជនស៊ីវិល​នៅ​ក្នុង​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​ប្រឆាំង​ពួក​ជីហាត​អង្គការ​អ៊ីស្លាម​ក្នុង​ទីក្រុង​មូស៊ូល​កាល​ពី​ថ្ងៃទី១៧ មីនា​កន្លង​ទៅ។ មេបញ្ជាការ​ទ័ពអាមេរិក​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា​លោក​ឧត្តមសេនីយ Joe Votel បាន​ចាត់​ទុក​ការ​ស្លាប់​ជនស៊ីវិល​នៅ​ក្រុង​មូស៊ូល​ជា « សោកនាដកម្ម​ដ៏​រន្ធត់ » និង​សន្យា​បើក​ការ​ស៊ើបអង្កេត​ដើម្បី​ស្វែង​រក​ការ​ពិត។

Un sauveteur irakien désigne les corps d'habitants du quartier d'Al Jadida à Mossoul, après des frappes aériennes contre le groupe Etat islamique.
Un sauveteur irakien désigne les corps d'habitants du quartier d'Al Jadida à Mossoul, après des frappes aériennes contre le groupe Etat islamique. AHMAD AL-RUBAYE / AFP
ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​អាទិត្យ ទី២៦ មីនា​ដែល​លោក​ឧត្តមសេនីយ Joe Votel បាន​ចាត់​ទុក​ការ​ស្លាប់​ជនស៊ីវិល​នៅ​ក្រុង​មូស៊ូល​ជា « សោកនាដកម្ម​ដ៏​រន្ធត់ »។ តែ​លោក Votel មិន​បាន​បញ្ជាក់​ជា​ផ្លូវការ​ពី​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​ទម្លាក់​គ្រាប់បែក​សម្លាប់​ជនស៊ីវិល​ក្នុង​ទីក្រុង​មូស៊ូល​នោះ​ទេ។ អ្វី​ដែល​លោក Votel បាន​សន្យា គឺ​ការ​បើក​ការ​ស៊ើបអង្កេត​មួយ​ដើម្បី​ស្វែង​រក​ការ​ពិត និង​បន្ត​ចាត់​វិធានការ​ពិសេស​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​ព្រឹត្តិការណ៍​របៀប​នេះ​កើត​មាន​ជា​ថ្មី​ម្តង​ទៀត។ យោង​តាម​ក្រុម​អ្នក​ទទួល​ខុសត្រូវ​អ៊ីរ៉ាក់ និង​ក្រុម​សាក្សី ប្រតិបត្តិការ​ផ្លូវ​អាកាស​លើ​ទីក្រុង​មូស៊ូល​នា​រយៈពេល​ចុង​ក្រោយ​នេះ​បាន​បណ្តាល​ឲ្យ​ស្លាប់​ជនស៊ីវិល​ជា​ច្រើន​នាក់។

មាន​ការ​លើកឡើង​ថា មាន​ស្លាប់​រហូត​ដល់​រយនាក់ តែ​គេ​គ្មាន​តួលេខ​ផ្លូវការ​ណា​មួយ​ដែល​បញ្ជាក់​ពី​ចំនួន​អ្នកស្លាប់​ពិត​ប្រាកដ ហើយ​ក៏​គេ​គ្មាន​ប្រភព​អ្វី​ដើម្បី​ផ្ទៀងផ្ទាត់​ដែរ។ សូម​ជម្រាប​ជូន​ថា កម្លាំងសម្ព័ន្ធមិត្ត​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​បាន​បន្ត​វាយប្រហារ​ផ្លូវអាកាស​តំបន់​មួយ​នៅ​ទីក្រុង​មូស៊ូល​ដែល​កំពុង​កាន់កាប់​ដោយ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម តែ​ក៏​កំពុង​មាន​ពលរដ្ឋ​​រស់នៅ​ទីនោះ​ប្រមាណ​ជា ៦០០ ០០០នាក់​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​ពលរដ្ឋ​ទាំង​នោះ​មាន​អារម្មណ៍​ថា ពួក​គេ​ត្រូវ​បាន​គេ​ទុក​ចោល​មិន​យក​ចិត្ត​ទុក​ដាក់ និង​មិនស្រាល​ចំពោះ​ជីវិត​របស់​ពួក​គេ។

ម្យ៉ាង​ទៀត មាន​ជនស៊ីវិល​ទាំង​គ្រួសារៗ​ត្រូវ​បាន​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ប្រើ​ជា​របាំង​ដើម្បី​បញ្ជៀស​ការ​ទម្លាក់​គ្រាប់បែក​ពី​កម្លាំងសម្ព័ន្ធមិត្ត។ ពួក​គេ​នឹង​ត្រូវ​ពួកជីហាត​សម្លាប់​ចោល បើ​ហ៊ាន​រត់​ចេញ​ពី​លំនៅដ្ឋាន​ដែល​ពួក​ជីហាត​កំពុង​ជ្រកកោណ​ជាមួយ។ ជា​ទូទៅ និង​ដើម្បី​ក្របួច ក ពួកជីហាត​ដែល​យក​ជនស៊ីវិល​ធ្វើ​ជា​របាំង ទ័ពអ៊ីរ៉ាក់​បាន​អំពាវនាវ​រក​ជំនួយ​ផ្លូវអាកាស​ពី​កម្លាំងសម្ព័ន្ធមិត្ត​អន្តរជាតិ។ លោកស្រី Belkis Wille អ្នក​ស្រាវជ្រាវ​ប្រទេស​អ៊ីរ៉ាក់​បាន​បរិហារ​លើ​យុទ្ធសាស្រ្ត​មួយ​នេះ​ដោយ​ចាត់​ទុក​ជា​យុទ្ធសាស្រ្ត​មិន​គិត​ពី​សន្តិសុខ​ជនស៊ីវិល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ