អានតួអត្ថបទ
សរដ្ឋអាមេរិក

ក្រុម​ប្រទេស​ក្នុង​សម្ព័ន្ធ​ប្រឆាំង​នឹង​​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​ រួម​​ប្រជុំគ្នា​នៅ​វ៉ាស៊ីនតោន​​​

 ក្រុម​ប្រទេស​ក្នុង​សម្ព័ន្ធ​​ប្រឆាំង​ទល់​នឹង​រដ្ឋអ៊ីស្លាម រួមប្រជុំគ្នា​ទៅ​នៅ​វ៉ាស៊ីនតោន​នា​ថ្ងៃ​ពុធ​នេះ។​ ជា​កិច្ច​ប្រជុំថ្នាក់ខ្ពស់​និង​​​​​​លើក​ទីមួយ​ដែរ​ចាប់តាំង​ពី​ឆ្នាំ​២០១៤ មក  និង​​​​​​ក៏​​​​​ជា​ឱកាស​​មួយ​ ​ដើម្បី​​​​វាយតម្លៃ​ឲ្យ​​បាន​ច្បាស់លាស់​​នៅ​លើ​ការ​​ប្រយុទ្ធប្រឆាំង​​​​នៅ​​ស៊ីរី​​​និង​​អ៊ីរ៉ាក់​​ ​ក៏​ព្រម​ទាំង​​​នៅ​​លើ​​​ជំហរ​​របស់​​​​​​រដ្ឋបាល​​ថ្មី​​​​​​​អាមេរិក​ផង​​ដែរ។​​ 

លោក Donald Trump ​ប្រធានាធិបតីអាមេរិក​
លោក Donald Trump ​ប្រធានាធិបតីអាមេរិក​ REUTERS/Joshua Roberts
ផ្សាយពាណិជ្ជកម្ម

 

ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​អន្តរៈជាតិ​ដែល​ធ្វើការ​ប្រយុទ្ធ​ទល់​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ចំនួន​​៦៨​ប្រទេស​និង​តំណាង​ដោយ​បណ្តា​រដ្ឋមន្ត្រី​ការបរទេស​របស់​ខ្លួន ​​រួម​ប្រជុំ​គ្នា​នៅ​​វ៉ាស៊ីនតោន​នា​ថ្ងៃ​ពុធ​នេះ។ ការ​រួម​ប្រជុំ​ក្នុង​កម្រិត​ថ្នាក់​ការទូត​​នេះ ​ក៏​ជា​លើក​ទី​មួយ​ដែរ​ចាប់​តាំងពី​ឆ្នាំ ២០១៤​និង​ក៏​ជា​ឱកាស​ដើម្បី​វាយតម្លៃ​នៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ពួក​អ៊ីស្លាម​ជីហាត​នៅ​ស៊ីរី​និង​នៅ​អីរ៉ាក់ ជាពិសេស​នៅ​លើ​ជំហរ​នៃ​ការ​ចូលរួម​​របស់​រដ្ឋបាល​ថ្មី​អាមេរិក​ដែរ។​

នៅ​លើ​ការ​​ប្រយុទ្ធ​នៅ Mossoul ​នៅ ​Irak កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់​​ដែល​មាន​ជំនួយ​ពី​កង​ទ័ព​សម្ព័ន្ធមិត្ត​​ បាន​វាយ​រុល​ទៅ​មុខ​ជាលំដាប់។ ក៏ប៉ុន្តែ អង្គការ​រដ្ឋអ៊ីស្លាម​នៅ​តែ​តស៊ូ​ក្រាញ​ននាល​ជានិច្ច​ដែល​​ជំរុញ​ឲ្យ​ការ​ប្រយុទ្ធ​គ្នា​នេះ​ អាច​អូស​បន្លាយ​យូរ​​ជា​ច្រើនខែ​ទៅមុខទៀត​មុន​នឹង​រំដោះ​​ទីក្រុង​ទី​ពីរ​បាន​ ។

នៅ​ស៊ីរី​ កងទ័ព​អន្តរជាតិ​ដែល​ជួយ​ប្រយុទ្ធ​ខាង​ចលនា​ឧទ្ទាម​ស៊ីរី​(FDS) និង​ក្រុម​យុទ្ធជន​គួដ បាន​ប៉ុនប៉ង​ចង់​វាយ​ដណ្តើម​យក​ទីក្រុង Raqqa ​ដែន​អំណាច​ត្រួតត្រា​​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម។ ប៉ន្តែ​ស្ថានការណ៍​នៅ​ក្នុង​តំបន់​ មាន​ភាព​ស្មុកស្មាញ​ដោយសារតែ​មាន​​ក្រុម​ពីរ​ផ្សេង​ទៀត​ចង់​វាយ​ដណ្តើម​កាន់​កាប់​ទីក្រុង Raqqa  គឹ​របប​ស៊ីរី​​គាំទ្រ​ដោយ​រុស្ស៊ី​និង​ចលនាឧទ្ទាម​អារ៉ាប​គាំទ្រ​ដោយ​តួកគី។

នៅ​ក្នុង​បរិបថ​នេះ​ហើយ ទើប​មាន​សំណួរ​ដ៏​ធំ​មួយ​​ចោទ​ឡើង​ គឺ​នៅ​លើ​កម្រិត​នៃ​ការ​ចូលរួម​របស់​អាមេរិក​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​អង្គការ​រដ្ឋអ៊ីស្លាម។ ដោយ​អាមេរិក​គឺ​ជា​ប្រទេស​នាំ​មុខ​កងទ័ព​សម្ព័ន្ធ ក៏ប៉ុន្តែ​​រដ្ឋបាល​របស់​លោក Trump​​នៅ​តែ​ពុំទាន់​កំណត់​គោល​នយោបាយ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ លោក Trump ដែល​គ្រាន់តែ​បញ្ចាក់​ពី​ការ​សន្យា​របស់​ខ្លួន​​នៅ​ក្នុង​ការ​កំចាត់​សត្រូវ​ឲ្យ​រលាយ​សាបសូន្យ​តែប៉ុណ្ណោះ។

ក្នុង​ន័យ​នេះ​ដែរ​ទើប​​វិមាន​ប្រធានាធិបតី​អាមេរិក បាន​ស្នើ​បង្កើន​ថវិកា​ចំនួន ១០%​​នៅ​លើ​កិច្ច ការពារ ​ជាតិ​ដោយ​កាត់​បន្ថយ​លើ​​ការ​ចំណាយ​កិច្ចការទូត​​ចំនួន​ដល់ទៅ​​៣០%។

នៅ​លើ​សំណុំរឿង​ទទួល​ជន​ភៀសខ្លួន​និង​ការ​រឹត​បន្តឹង​ទិដ្ឋាការ​​ដែល​លោក Trump ទាមទារ​ ក៏​នៅ​ពុំ​ទាន់​មាន​​ចុះ​នៅ​ក្នុង​កម្មវិធី​ផ្លូវការណ៍​ដែរ​ រួម​ទាំង​ច្បាប់​ថ្មី​ដែល​ហាម​​អ្នក​ដំណើរ​មក​ពី​ប្រទេស​អារ៉ាប់​ចំនួន​៨ ប្រទេស​​សម្ព័ន្ធមិត្ត​អាមេរិក ​មិន​អោយ​យក​កុព្យុទ័រ​ដាក់​ជាប់​ជា​មួយ​នឹង​ខ្លួន​​។​​

សូមបញ្ជាក់ថា សម័យ​ប្រជុំ​នៅ​វ៉ាស៊ីនតោន​នា​ថ្ងៃ​ពុធ​នេះ ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​មុន​ថ្ងៃ​នៃ​កិច្ច ចរចា​ថ្មីៗ​​ទៀត​​​នៅ​ទីក្រុង​Genève រវាង​រដ្ឋអំណាច​ស៊ីរី​និង​ចលនា​ឱទ្ទាម​ស៊ីរី៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ