អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ម៉ិចស៊ិក​ដំឡើង​សំឡេង​ដាក់​អាមេរិក​ក្នុង​រឿង​លុយ​សង់​ជញ្ជាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​សមាជ​ក្រុមអភិរក្ស​និយម​របស់​គណបក្ស នៅ​ថ្ងៃ​សុក្រ ទី ២៥ កុម្ភៈ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​បាន​ថ្លែង​ថា ផែនការ​សាងសង់​ជញ្ជាំង ​នៅ​ព្រំដែន​អាមេរិក ម៉ិចស៊ិក​កំពុង​បោះ​ជំហាន​ទៅមុខ លឿន​ជាង​កាល​គ្រោងទុក។ ​រដ្ឋមន្រ្តី​ការបរទេស បាន​ព្រមាន​អាមេរិក​ថា ​នឹង​ដំឡើង​ពន្ធ​លើ​ទំនិញ​​អាមេរិក​នាំចូល​ពី​ម៉ិចស៊ិក។

លោកដូណាល់ ត្រាំ នៅ​សមាជ​ក្រុមអភិរក្ស​និយម នៅថ្ងៃទី ២៤ កុម្ភៈ ២០១៧
លោកដូណាល់ ត្រាំ នៅ​សមាជ​ក្រុមអភិរក្ស​និយម នៅថ្ងៃទី ២៤ កុម្ភៈ ២០១៧ ©REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

នៅមួយ​ថ្ងៃ​ក្រោយ​សន្និសីទ​កាសែត​រួម​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក​Rex Tillerson ប្រមុខការបរទេស​ម៉ិចស៊ិក នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​បញ្ជាក់​ថា និយាយ​តាម​វិទ្យុ​ថា ម៉ិចស៊ិក​នឹង​ចាត់វិធានការ​សងសឹក​វិញ បើសិន​ជា​អាមេរិក រករឿង​ដំឡើង​ពន្ធ​លើ​ទំនិញ នាំចូល​ពី​ម៉ិចស៊ិក ដើម្បី​យក​លុយ​ទៅ​សង់​ជញ្ជាំង។

 
នៅ​ក្នុង​សន្និសីទ​កាសែត  នៅ ថ្ងៃ​ព្រហស្បតិ៍​ភាគី​អាមេរិក និង​ម៉ិចស៊ិក មិន​បាន​និយាយ​ពី​រឿង​សាងសង់​ជញ្ជាំង នៅ​ព្រំដែន​ម៉ិចស៊ិក ហើយ​និង​រឿងអន្តោប្រវេសន៍ ដែល​ជា​ប្រធានបទ​រសើប នោះទេ។

លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​ដែល​ជា​មេគំនិត បញ្ជា​ឲ្យ​សង់ជញ្ជាំង​នៅ​ព្រំដែន​ម៉ិចស៊ិក បាន​ទាមទារ​ឲ្យ​ម៉ិចស៊ិកជាអ្នក​ចេញ​លុយ​សង់​ជញ្ជាំង។ ម៉ិចស៊ិក​បាន​បដិសេធមិន​ចេញ​លុយ​សង់ជញ្ជាំង និង​រិះគន់​ប្រឆាំង​នយោបាយ​របស់​ប្រធានាធិបតី​អាមេរិក។ ប៉ុន្តែ លោកដូណាល់ ត្រាំ បានលើក​ស្នើ​ឲ្យ​គេ​ដំឡើង​ពន្ធ​២០ភាគរយ​លើ​ទំនិញ​នាំចូល​ពី​ម៉ិចស៊ិក ដើម្បី​យក​ទៅ​លុយ​សាងសង់​ជញ្ជាំង។ តាម​អ្នកនាំពាក្យ​របស់​សេតវិមាន លោក​Sean Spicer ដំឡើង​ពន្ធ​ប្រមាណ ២០​ភាគរយ​លើ​ទំនិញ នាំចូល​ពី​ម៉ិចស៊ិក នឹង​អាច​ធ្វើ​ឲ្យ​អាមេរិក រកបាន​ចំណូល ១០ពាន់​លាន​ដុល្លារ សម្រាប់​យក​ទៅ​បង្រ្គប់​ការសាងសង់​ជញ្ជាំង។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ នៅថ្ងៃ​ម្សិលមិញ រដ្ឋមន្រ្តី​ការបរទេស​លោក Luis Videgaray បាននិយាយ​ថា គេ​មិនអាច​ឈរឱបដៃ ទុក​ឲ្យ​អាមេរិក​សម្រេច​តែ​ម្នាក់​ទៀតទេ។ ប្រជាជន​ម៉ិចស៊ិក​ហាក់​ឆ្អែតឆ្អន់ ដែល​ត្រូវ​អាមេរិករបស់ លោកដូណាល់ ត្រាំ ប្រមាថ មើលងាយ ជាពិសេស នៅក្នុង​រឿង​ចង់​សាងសង់​ជញ្ជាំង​បិទព្រំដែន​ជាមួយ​ម៉ិចស៊ិកនេះ​តែម្តង។

តាម​ការចុះផ្សាយ​របស់​កាសែត​ម៉ិចស៊ិក រដ្ឋមន្រ្តី​ការបទេស​ម៉ិចស៊ិក​បាន​កំណត់​មុខ​រួចហើយ បណ្តា​រដ្ឋ​អាមេរិក ដូចជា​Iowa Winsconsin និង​Texas​ដែល​នឹង​ត្រូវ​ប្រឈម​នឹង​ការដំឡើងពន្ធ​នាំចូល​ក្នុង​ទឹកដី​ម៉ិចស៊ិក។

បើសិន​ម៉ិចស៊ិក​ចង់​ដំឡើង​ពន្ធ មែន នោះ គឺ​ក្រុមហ៊ុន​អាមេរិក​ដែលនឹង​រង​ប៉ះពាល់ ខាតប្រយោជន៍ ព្រោះថា បើតាម​នាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក ម៉ិចស៊ិក​ជា​ទិសដៅ​នាំចូល ដ៏សំខាន់​សម្រាប់​ទំនិញ​មក​ពី​រដ្ឋតិចសាស់។ នៅ​ឆ្នាំ ២០១៥ ទំនិញ​អាមេរិក នាំចូល​ពី​រដ្ឋតិចសាស់ ទៅ​ម៉ិចស៊ិក មាន​តម្លៃ​ប្រមាណ ៩២​ពាន់​លាន​ដុល្លារ។

សម្រាប់​រដ្ឋមន្រ្តី​ការបទេស​ម៉ិចស៊ិក រដ្ឋាភិបាល​នឹង​ជ្រើសរើស​លើ​មុខទំនិញ​អាមេរិក​មួយចំនួន ដែល​នឹង​ត្រូវ​ដំឡើងពន្ធ គឺ​មិន​ទាំង​អស់នោះទេ។ ធ្វើដូច្នេះ គឺ​ដើម្បី​ជៀសវាង មិន​ដាក់​ទណ្ឌកម្ម ពិន័យ​លើ​អ្នកប្រើប្រាស់​ក្នុង​ទឹកដី​ម៉ិចស៊ិក។

លោកដូណាល់ ត្រាំ​ផែនការ​សង់ជញ្ជាំង​លឿន​ជាង​កាលកំណត់
នៅក្នុង​សមាជ​ដែល​ប្រមូល​ផ្តុំ​សុទ្ធ​តែ​ក្រុមអ្នកគាំទ្រ​អភិរក្ស​និយម នៅថ្ងៃ​សុក្រ​ម្សិលមិញ លោកដូណាល់ ត្រាំ​បានអះអាង ថា ផែនការ​សាងសង់ជញ្ជាំង​របស់លោក​បាន​រំកិលទៅមុខ លឿន​ជាង​ពេល​គ្រោងទុក។

តាម​ទីភ្នាក់ងារ​ពន្ធ និងការការពារ​ព្រំដែន​របស់​រដ្ឋាភិបាល​អាមេរិក គេ​នឹង​ចាប់បើក​ឲ្យ​ក្រុមហ៊ុន​ដាក់ពាក្យ​សុំ​សាងសង់​ជញ្ជាំង ចាប់​តាំង​ពី​ខែ​មីនា។ នៅ​ថ្ងៃទី ២០​មីនា បេក្ខជន​ក្រុមហ៊ុន​ដែល​គេ​ជ្រើសរើស នឹង​ត្រូវ​បញ្ជាក់​លម្អិត​ពី​តម្លៃទឹកប្រាក់ ដែល​គេ​ត្រូវការ​សម្រាប់​សង់​ជញ្ជាំង។

អាមេរិក​ចង់​សាងសង់​ជញ្ជាំង​លើ​បណ្តោយ​ព្រំដែន​ម៉ិចស៊ិក និង​អាមេរិក​ដែល​មាន​ប្រវែង​ប្រមាណជាង ៣ពាន់​គីឡូម៉ែត្រ។ លោកដូណាល់ ត្រាំ​ធ្លាប់​និយាយ​ថា លោក​នឹង​ចំណាយ​លុយ​តិចបំផុត​សម្រាប់​សាងសង់​ជញ្ជាំង ដែល​អាច​ការពារ​កុំ​ឲ្យ​មានការលួចឆ្លង​ខុសច្បាប់​របស់​ជនបរទេស​ចូល​ទឹកដី​អាមេរិក។ លោកដូណាល់ ត្រាំ​វាយតម្លៃ​ថា ជញ្ជាំង​របស់លោក​នឹង​មាន​តម្លៃ​ប្រមាណ ១២ពាន់​លាន​ដុល្លារ​អាមេរិក។

ប៉ុន្តែ របាយការណ៍​របស់​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ដែល​ទីភ្នាក់ងារ​ព័ត៌មាន​Reuters ទទួល​បាន បាន​បង្ហាញ​ថា គេ​ត្រូវការ​ថវិកា​ប្រមាណ ២០​ពាន់​លាន​ដុល្លារ គឺ​ច្រើន​ជាង​ការវាយតម្លៃ​របស់​លោកដូណាល់ត្រាំ ហើយ​និង​ត្រូវការ​ពេលវេលា ៣​ឆ្នាំ ដើម្បី​សង់​ជញ្ជាំង។

ម៉ិចស៊ិក​មិនទទួល​ជនអន្តោប្រវេសន៍​ដែល​អាមេរិក​បញ្ជូនចេញ​នោះទេ
នៅ​ថ្ងៃ​សុក្រ ម្សិលមិញ រដ្ឋមន្រ្តី​មហាផ្ទៃ​ម៉ិចស៊ិក​វិញ ក៏​បាន​ចេញ​មុខ​ព្រមាន​អាមេរិក​ពី​រឿង​ចាប់បញ្ជូន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ពី​ទឹកដី​អាមេរិក។ រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​ជាតិ​អាមេរិក នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​បញ្ជាក់​ទៅ​សមភាគី​ម៉ិចស៊ិក​ថា នឹង​គ្មាន​ការចាប់បញ្ជូន​ចេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់ ទាំង​កម្រោល និង​ក្នុង​ចំនួន​ច្រើននោះទេ។

រដ្ឋមន្រ្តី​ម៉ិចស៊ិក​តវ៉ា ព្រោះ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ គឺ​ក្រសួង​សន្តិសុខជាតិ​អាមេរិក ផ្ទាល់​ដែល​បានចេញ​បទបញ្ជា​ឲ្យ​ចាប់​បញ្ជូន​ជនឆ្លងដែន​ខុសច្បាប់ ទៅ​ប្រទេស​ដែល​ពួកគេ​បាន​ប្រើ​ឆ្លងចូល​អាមេរិក។ តាមន័យនេះ គឺ​អាជ្ញាធរ​អាមេរិក​អាច​ចាប់បញ្ជូន​ រាល់ជនអន្តោប្រវេសន៍ ដោយ​មិន​គិត​ពី​សញ្ជាតិ ឲ្យ​ទៅ​នៅក្នុង​ទឹកដី​ម៉ិចស៊ិក។

សម្រាប់​រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ​ម៉ិចស៊ិក ម៉ិចស៊ិក​មិនអាច​ទទួល​យក​ជនជាតិ​ប្រទេស​ដទៃ  ដែល​អាមេរិក​ចាប់បញ្ជូន​ចេញ​ពី​ទឹកដី​អាមេរិក​នោះទេ នោះ​បើទោះបី​ជា​ជនជាតិ​ទាំង​នោះ​បាន​ប្រើ​ទឹកដី​ម៉ិចស៊ិក​ដើម្បី​ឆ្លងចូល​ទៅ​អាមេរិកក៏ដោយ។ លើសពីនោះ ម៉ិចស៊ិក​ក៏មិនអាច​ធ្វើ​តាម​សំណើ​របស់​អាមេរិក​ដែល​ចង់​ប្រើ​ទឹកដី​ម៉ិចស៊ិក ដើម្បី​ចាប់​ដាក់ឃុំ​បណ្តោះអាសន្ន ជនឆ្លងដែន​ខុសច្បាប់ ដែល​ត្រូវ​រង់ចាំ​ការសម្រេចបញ្ជូនចេញ​របស់​តុលាការ​អាមេរិកដែរ។ បច្ចុប្បន្ននេះ មានជនអន្តោប្រវេសន៍​រស់នៅ​ខុសច្បាប់​ប្រមាណ ១១​លាន​នាក់ នៅ​អាមេរិក ដែលនៅក្នុង​នោះ​ពាក់កណ្តាល​ជាជនជាតិ​ម៉ិចស៊ិក។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ