អានតួអត្ថបទ
អាមេិក-អ៊ីរ៉ាក់

លោក​James​ Mattis ថ្លែង​​ថា​​​"អាមេរិក​​​​​​​នៅ​​​​​​​អ៊ីរ៉ាក់​​​​ពុំមែន​​​​ដើម្បី​​​ប្លន់​​​​ប្រេង​​​​​នោះ​​ទេ​”​​

រដ្ឋមន្ត្រី​​ក្រសួង​​ការពារជាតិ​​អាមេរិក​នៅ​​ថ្ងៃ​​ចន្ទ​​ម្សិលមិញ​​នា​​ឱកាស​​​ទស្សនកិច្ច​​​ផ្លូវការ​​នៅ​​អ៊ីរ៉ាក់​ បាន​​ថ្លែង​​អះ​​អាង​​នៅ​ក្រុង​បាកដាត​​​ថា​​“អាមេរិក​​​នៅ​​​​អ៊ីរ៉ាក់​​ពុំមែន​​នៅ​​ដើម្បី​​ប្លន់​​ប្រេង​​ក្នុង​​ប្រទេស​​នេះ​​ឡើយ”​។ ការ​​ថ្លែង​​​របស់​​លោក​​James Mattis ​​នេះ​ គឺ​​ដើម្បី​​ជួយ​​សម្រាល​​ការ​​ព្រួយបារម្ភ​​របស់​ប្រជាជន​​អ៊ីរ៉ាក់​ ក្រោយពី​​សេចក្តី​​ថ្លែងការណ៍​​ដ៏​​ចម្រូងចម្រាស​​របស់​​លោក ​Donald​ Trump ​នា​​ពេល​​កន្លង​​មក​​​។​​ 

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក James Mattis ​
រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក James Mattis ​ REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

លោក Donald Trump ប្រធានាធិបតី​អាមេរិក​ថ្មី​ ជា​ច្រើន​ដង​មក​ហើយ បាន​ថ្លែង​អះអាង​ថា អាមេរិក ​ប្រហែល​ជា​បាន​លួច​ប្រេង​អ៊ីរ៉ាក់​នៅ​មុន​ពេល​​ដក​ទ័ព​របស់​ខ្លួន​​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់​នៅ​​ឆ្នាំ​២០១១។​

 
យោង​តាម​ប្រសាសន៍​លោកត្រាំ “អាមេរិក បាន​លួច​ប្រេង​អ៊ីរ៉ាក់ គឺ​ដើម្បី​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​នៅ​ក្នុង​ការ​ប្រឹងប្រែង​ធ្វើ​សង្រ្គាម​ប្រឆាំង​ទល់​នឹង​ក្រុមប្រដាប់អាវុធ​អ៊ីស្លាម​ជីហាត​នៃ​អង្គការ​រដ្ឋ​​អ៊ីស្លាម​​និង​ក៏​ដើម្បី​​កុំ​ឲ្យ​ពួក​អ៊ីស្លាមជ្រុល​និយម​នេះ មាន​ប្រភព​ដ៏​សំខាន់​​សំរាប់​ផ្គត់ផ្គង់​មូលនិធិ​របស់ពួក​វា​តទៅ​ទៀត។

ទន្ទឹមនេះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ដែល​ក៏​ជា​អតីត​ឧត្តមសេនីយ​ចូល​និវត្តន៍​និង​ធ្លាប់​បាន​ធ្វើការ​វាយ​ប្រយុទ្ធ​នៅ​អ៊ីរ៉ាក់​និង​នៅ​អាហ្វហ្កានីស្ថាននោះ បាន​ខិតខំ​និយាយ​ធានា​ដល់​ប្រជាជន​អ៊ីរ៉ាក់​ថា “អាមេរិក​ពុំមែន​មក​អ៊ីរ៉ាក់​ដើម្បី​កំទេច​ប្រេង​អ៊ីរ៉ាក់​នោះ​ឡើយ"។

​លោក James Mattis ត្រូវ​ជួប​ប្រាស្រ័យ​ជាមួយ​ថ្នាក់​ដឹកនាំ​អ៊ីរ៉ាក់ផងដរ​​ក្នុង​នោះ ក៏​មាន​​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក  Haider Al-Abadi នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​តំបូង​របស់​លោក​នៅ​អ៊ឺរ៉ាក់​ក្នុង​នាម​ជា​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក។ ​ម្យ៉ាងទៀត ដំណើរ​ទស្សនកិច្ច​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​មួយថ្ងៃ​បន្ទាប់​ពី​ការ​ចាប់​ផ្តើម​វាយលុក​ជា​ថ្មី​​ដើម្បី​រុញ​ច្រាន​ក្រុម​ប្រដាប់​អាវុធ​អង្គការ​រដ្ឋ​អ៊ីស្លាម​ ឲ្យ​​ដក​ចេញ​ពី​ដែន​អំណាច​​ដ៏​សំខាន់​របស់​ពួក​នេះ​នៅ​ ​Mossoul ​ភាគ​​ខាង​​ជើង​ប្រទេស​អ៊ឺរ៉ាក់។

គួររំលឹក​ក្រៅពីសេចក្តីថ្លែង​នៅ​លើ​បញ្ហា​បេ្រង​អ៊ីរ៉ាក់ លោក​Donald Trump ក៏​ត្រូវ​បាន​អ្នក​ដឹក​នាំ​​អ៊ីរ៉ាក់​ធ្វើការ​ទិះតៀនយ៉ាង​ខ្លាំងក្លា​ដែរ ក្រោយពី​លោកTrump ​បាន​ចេញ​ក្រឹត្យ​ហាម​ឃាត់​ជា​បណ្តោះ​អាសន្ន​មិន​ឲ្យ​ជន​បរទេស​មក​ពី៧​ប្រទេស​ក្នុង​នោះ​ក៏​មាន​អ៊ីរ៉ាក់​ដែរ ​​ចូល​​ក្នុង​ទឹកដី​​អាមេរិក។ ក៏ប៉ុន្តែ​​ក្រឹត្យ​​នោះ ​ត្រូវ​​បាន​តុលាការ​អាមេរិក​​ព្យួរទុក​ តែ​សេតវិមាន​ប្រធានាធិបតី​អាមេរិក បាន​និយាយ​ថា​នឹង​រៀប​ចំ​ក្រឹត្យ​ថ្មី​មួយ​ទៀត-ក្រឹត្យ​ថ្មី ដែល​រដ្ឋមន្ត្រី​ការពារ​ជាតិ​​អាមេរិក​ បាន​​ថ្លែង​​ប្រាប់​​ថា​​នៅ​​មិន​​ទាន់​​បាន​​ឃើញ​​ទេ​ ​ក៏​ប៉ុន្តែ​ទោះជាយ៉ាងណាក្តី ក៏​​លោក​​នៅ​​តែ​​ជឿជាក់​​ថា "ក្រឹត្យ​ថ្មី"នោះ​ ក៏​​នឹង​​មិន​​ប៉ះពាល់​​ដល់​​ប្រជាជន​អ៊ីរ៉ាក់​​ដែល​​កំពុង​តែ​​ធ្វើការ​ជា​មួយ​​នឹង​កង​កម្លាំង​អាមេរិក​នោះឡើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ