អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក ត្រាំ​ចង់​លុបដាន​លោកអូបាម៉ា ជាមួយ​ក្រឹត្យ​ប្រឆាំង​Obamacare

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​បាន​ស្បថ​ចូល​កាន់តំណែង​ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃ​សុក្រ​ទី ២០មករា លោក​ដូណាល់ ត្រាំ ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​ប្រឆាំង​ច្បាប់ធានារ៉ាប់រង​សុខភាព ឬ​ច្បាប់ Obamacare។ ច្បាប់​សុខភាព ហើយ​និង​បរិស្ថាន​បាន​រងគ្រោះ​មុនគេ ដោយ​ដៃ​ប្រធានាធិបតី​អាមេរិក​ថ្មី។ នៅក្នុង​វិបសៃតិ៍​ថ្មី​របស់​សេតវិមាន លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ​បាន​សន្យា​ផងដែរ​នឹង​លុប​ចោល​នយោបាយ​មួយចំនួន​ទាក់ទង​ខាងផ្នែក​បរិស្ថាន ​ដែល​រដ្ឋបាល​របស់លោក​ចាត់ទុក​ថា មិន​សំខាន់ និង​បាន​ប៉ះពាល់​សេដ្ឋកិច្ច​អាមេរិក។

ប្រធានាធិបតី​ដូណាល់ ត្រាំ អម​ដោយ​កូនប្រសារ Jared Kushner(ឆ្វេងបំផុត) ដែល​ជា​ទីប្រឹក្សា​ជាន់ខ្ពស់ និង​លោកអនុប្រធានាធិបតីMike Pence (កណ្តាល)
ប្រធានាធិបតី​ដូណាល់ ត្រាំ អម​ដោយ​កូនប្រសារ Jared Kushner(ឆ្វេងបំផុត) ដែល​ជា​ទីប្រឹក្សា​ជាន់ខ្ពស់ និង​លោកអនុប្រធានាធិបតីMike Pence (កណ្តាល) © REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

គ្រាន់តែបាន​ចូល​អង្គុយ​កៅអី​ប្រធានាធិបតី​ភ្លាម លោក​ដូណាល់ ត្រាំ ចុះ​ហត្ថលេខា​ភ្លាម លើ​ក្រឹត្យ ប្រឆាំង​ច្បាប់​Obamacare ឬ​ច្បាប់​ធានារ៉ាប់រង​សុខភាព ដែល​លោកអូបាម៉ា​បាន​ខំប្រឹង​អស់ពេល​២​អាណត្តិ​ដើម្បី​ធ្វើ​ឲ្យ​ចេញ​រូបរាងឡើង។

 
ក្រឹត្យ​ប្រធានាធិបតី​ដែល​លោក​ដូណាល់ ត្រាំ​បាន​ចុះ​ហត្ថលេខា​ម្សិលមិញ មិន​បាន​និយាយ​ពី​ការលុបចោល​ច្បាប់​សុខភាព​របស់​លោកអូបាម៉ា​ទេ។ ទៅតាមអនុក្រឹត្យ ​លោក​ដូណាល់ ត្រាំ បាន​បញ្ជា​ឲ្យ​គ្រប់​ស្ថាប័ន​រដ្ឋាភិបាល ប្រើ​គ្រប់​មធ្យោបាយ ដើម្បី ពន្យារពេល ឬ​អនុគ្រោះលើកលែង មិន​អនុវត្ត វិធានការ​ទាំងឡាយ​ដែល​ទាក់ទង​នឹងច្បាប់​Obamacare ក្នុង​ពេល​រង់ចាំ​ឲ្យ​មាន​ច្បាប់​ថ្មី​ចូល​មកជំនួស។ លោក​ដូណាល់ ត្រាំ​បាន​បញ្ជា​ផងដែរ​ឲ្យ​ទីភ្នាក់ងារ​សុខភាព​របស់​រដ្ឋាភិបាល ផ្តល់​អំណាច​ច្រើន​មុន ដល់​រដ្ឋសហព័ន្ធ ដើម្បី អាច​មាន​សិទ្ធិ​អភិវឌ្ឍ​បើកទូលាយ ទីផ្សារ​សេរី ដើម្បី​ផ្តល់ ផ្គត់ផ្គង់​សេវាធានារ៉ាប់រង​សុខភាព​ដល់​ប្រជាជន​អាមេរិក។

តាម​អ្នកជំនាញ បើទោះបី​ជា​ក្រឹត្យ​របស់​លោក​ដូណាល់ ត្រាំ​មិន​បាន​សំដៅ លុបចោល​ច្បាប់​​Obamacare ប៉ុន្តែ វា​កំពុង​តែ​ទៅ​កែប្រែ​អត្ថន័យ​សំខាន់​មួយចំនួន រហូត​ធ្វើ​ឲ្យ​ច្បាប់ សុខភាព​របស់​លោក​អូបាម៉ា​អាច​ក្លាយ​ទៅ​ជា​ទីងម៉ោង លែង​មាន​ន័យ​តែម្តង។ គេជឿថា តាមក្រឹត្យ​របស់​ត្រាំ គឺក្រុមហ៊ុន​ដែល​មាន​បុគ្គលិក​ច្រើន ជាង ៥០នាក់ នឹង​លែង​ជាប់​កាតព្វកិច្ច​ថា ត្រូវ​តែ​មាន​កញ្ចប់​ធានារ៉ាប់រង​សុខភាព​សម្រាប់​បុគ្គលិក​ដូចមុន។ គេ​បារម្ភដែរ​ថា បើសិន​លោកដូណាល់ ត្រាំ បញ្ជា​ឲ្យ​រដ្ឋ​កាត់បន្ថយ​ចំណាយ​សម្រាប់​សេវា​សុខភាព នោះផ្នែក​គាំពារ​មាតា និងទារក រួម​ទាំង​ការព្យាបាល​ជម្ងឺ​ផ្លូវចិត្តផង នឹង​ត្រូវ​ស្ថិតនៅ​ក្នុង​បញ្ជី​រងគ្រោះ​មុនគេ។

កម្ចាត់ចោល ច្បាប់​ធានារ៉ាប់រងសុខភាព ឬ​ហៅថា ច្បាប់​Obamacare​ដែល​ជា​កេរ្តិ៍ដំណែល​សំខាន់​មួយ​របស់​លោកអូបាម៉ា គឺ​ជា​បំណង​ធំបំផុត​របស់​លោក​ដូណាល់ ត្រាំ តាំង​ពី​នៅក្នុង​ពេល​ឃោសនា​បោះឆ្នោត។ បើទោះ​ជា​លោក​ដូណាល់ ត្រាំ ធ្លាប់​បាន​និយាយ​ថា លោក​នឹង​រក្សា​ផ្នែកខ្លះ របស់​ច្បាប់​Obamacare នៅក្រោយ​ពេល​លោក​បាន​ជួប​លោកអូបាម៉ា នៅក្រោយពេល​លោក​ទើបឈ្នះឆ្នោត។ ប៉ុន្តែ ក្រោយមកទៀត លោក​ក៏​នៅ​តែ​រិះគន់​ខ្លាំងៗ​ដដែល​ថា ច្បាប់​សុខភាព​របស់​លោកអូបាម៉ា ថា ជា​ច្បាប់​ដ៏​អាក្រក់​បំផុត និង​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ប្រាក់​យ៉ាងច្រើន។

រដ្ឋចំណាយ​លុយ​ច្រើន​មែន ប៉ុន្តែ គិត​មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ​អាមេរិក​ជាង ២០លាននាក់​បាន​ទទួល​សេវា​ធានា​រ៉ាប់រង  Obamacare ដោយ​មាន​ជំនួយ​ពី​រដ្ឋ​ជា​លើកទី១ នៅ​ក្នុង​ជីវិត​របស់​ពួក​គេ។ ច្បាប់​Obamacare បានជួយ​ធ្វើ​ឲ្យ​ប្រជាជនអាមេរិក​ដែល​គ្មាន​សេវា​ធានារ៉ាប់រង​សុខភាព​ទាល់តែសោះ បាន​ថយចុះ​ពាក់កណ្តាល ពី ១៦មក នៅ​៨,៩%នៅ​ឆ្នាំ ២០១៦។

លោក​ដូណាល់ ត្រាំ កាត់ផ្តាច់​ទាំងស្រុង​ពី​នយោបាយ​របស់​ប្រធានាធិបតី​មុន
លោកដូណាល់ ត្រាំ​មិនត្រឹមតែ​រុះរើ​ច្បាប់​សុខភាព​របស់​លោកអូបាម៉ាទេ សូម្បី​ខ្លឹមសារ​របស់​វិបសៃតិ៍​សេតវិមាន​ក៏ត្រូវ​កែប្រែ​ទាំងស្រុងដែរ។ នៅក្នុង​វិបសៃតិ៍​របស់​សេតវិមាន ចាប់​ពី​ថ្ងៃ​សុក្រ គ្មានទៀតទេ ប្រធានបទ​និយាយ​ពី​បរិស្ថាន ឬ​សិទ្ធិ​របស់​មនុស្ស​ស្រឡាញ់​ភេទដូចគ្នា។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​ដែល​លោក​អូបាម៉ា​នៅ​ជា​ប្រធានាធិបតី​អាមេរិក​នៅឡើយ ប្រធានបទ​ដែល​និយាយ​ផែនការ​សកម្មភាព​ស្តីពី​អាកាសធាតុ ដែល​លោក​អូបាម៉ា​បាន​បង្កើត​ឡើង​នៅ​អាណត្តិ​ទី​២​របស់លោក នៅ​មាន​នៅឡើយ នៅ​លើ​វិបសៃតិ៍ របស់​សេតវិមាន។ ប៉ុន្តែ នៅ​ថ្ងៃ​សុក្រ​ផែនការ​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​ដែល​បំពុល​បរិស្ថាន របស់​លោកអូបាម៉ា ត្រូវ​បាន​ជំនួសមកវិញ​ដោយ​ប្រធាន ”ថាមពល”​របស់​លោក​ដូណាល់ ត្រាំ។

នៅក្នុង​សុន្ទរកថា ជាតិនិយម និង​ប្រជានិយម លោក​ដូណាល់ ត្រាំ បាន​និយាយ​ថា រដ្ឋាភិបាល​របស់លោក​នឹង​ផ្តល់​អាទិភាព​ដំបូងបង្អស់​ទៅលើ​ប្រជាជន​អាមេរិក។ បង្កើត ផ្តល់​ការងារ​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិកាំង។

ដូច្នេះ លោក​ដូណាល់ ត្រាំ​បាន​សន្យា​លុបចោល នយោបាយ ដែល​មិន​សំខាន់ និង​ដែលជា​ឧបសគ្គ​បំផ្លាញ​សកម្មភាព​ធ្វើ​អាជីវកម្ម ក្នុង​ផ្នែក​អាកាសធាតុ និង​ទឹក។ តាម​សេតវិមាន ដោយ​លុប​ចោល​ច្បាប់​រឹតបន្តឹង​ទៅលើ​ការធ្វើ​អាជីវកម្ម​ផ្នែក​ថាមពល គេ​អាច​បង្កើតការងារ និង​បង្កើន​ប្រាក់ខែ​ឲ្យ​ពល​រដ្ឋអាមេរិកាំង ដែល​មិនធ្លាប់​ទេ​ពីមុនមក។

នៅថ្ងៃ​សុក្រ សេតវិមាន​បាន​ប្រកាស ថា ការជីកខួង អណ្តូងប្រេង និង​ឧស្ម័ន​នឹង​ចាប់ផ្តើម​មាន​ឡើងវិញ នៅក្នុង​អាណត្តិ​របស់​លោក​ដូណាល់ ត្រាំ។ តាម​សេតវិមាន រដ្ឋបាល​ត្រាំ នឹង​បង្កើត​បដិវត្តន៍​ប្រេង និង​ឧស្ម័ន​ដើម្បី​បង្កើតការងារ ហើយ​នឹង​នាំ​ភាពចំរើនរុងរឿង​ដល់​ប្រជាជន​អាមេរិកាំង​រាប់លាន​នាក់។

ដោយ​បើកដៃ​ឲ្យ​មាន​ការធ្វើ​អាជីវកម្ម​លើ​ប្រេង និង​ឧស្ម័ន ដែល​ជាប្រភព​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ គេ​នៅ​មិនទាន់​ដឹងទេ​ថា លោក​ដូណាល់ ត្រាំ នឹង​អាច​ធ្វើដូច​ការសន្យា​ដែរឬទេ ​ដែល​ថា នឹង​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ ស្តី ពី​អាកាសធាតុ នៅទីក្រុង​ប៉ារីសនោះ។ ប៉ុន្តែ​កន្លងមក លោក​ត្រាំ​ធ្លាប់​បាន​និយាយ​ហើយថា កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ ក្រុង​ប៉ារីស ជា​អន្ទាក់​របស់​ចិន ដែល​ចង់​ឲ្យ​ សេដ្ឋកិច្ច​អាមេរិក​ខាតបង់។

លោក​ដូណាល់ ត្រាំ​ចង់​ចរចា​ឡើងវិញ ជាមួយ កាណាដា និង​ម៉ិចស៊ិក លើ​កិច្ចព្រមព្រៀង​ដោះដូរ​សេរី ប្រទេស​ខាងជើង

រដ្ឋបាល​លោកត្រាំ​បាន​អះអាង​ថា នឹង​ដើរ​ចេញ​ពី​កិច្ចព្រមព្រៀង​ដោះដូរ​សេរី ភាគខាងជើង ដែលអាមេរិក​បាន​ចុះហត្ថលេខាជាមួយ​កាណាដា និង​ម៉ិចស៊ិក ក្នុង​ករណី​ដែល​ប្រទេស​ដៃគូ​ទាំងពីរ​មិន​ព្រម​ចុះចារ​ឡើងវិញ​ជាមួយ​អាមេរិក។ សម្រាប់​លោកដូណាល់ ត្រាំ កិច្ចព្រមព្រៀង​ដោះដូរ​សេរី​ជាមួយ​ម៉ិចស៊ិក​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​គ្មាន​ការងារ ដោយសារ​តែ​រោងចក្រ​ត្រូវ​បិទទ្វារ ឬ​ផ្លាស់ទីតាំង​ទៅនៅ​ម៉ិចស៊ិក។ គេ​នឹង​រង់ចាំ​មើលផងដែរ តើ​លោក​ត្រាំ នឹង​សើរើ​ដែរឬទេ កិច្ចព្រមព្រៀង ដោះដូសេរី អន្តរប៉ាស៊ីហ្វិក​ដែល​អាមេរិក​បានចុះ​ជាមួយ​ប្រទេស ចំនួន ១១ និង​ដែល​កំពុង​រង់ចាំ​ការផ្តល់សច្ចាប័ន​ពី​ព្រឹទ្ធសភា​នោះ។

រដ្ឋបាល​ថ្មី​របស់​លោក​ដូណាល់ ត្រាំ អាច​សើរើ រុះរើ​គ្រប់​គោលនយោបាយ​របស់​លោក​អូបាម៉ា។ តាម​អ្នកនាំពាក្យ​របស់​សេតវិមាន ក្រឹត្យ​ផ្សេងទៀត​នឹង​ត្រូវ​លោក​ប្រធានាធិបតីដូណាល់ ​ត្រាំ ចុះ​បន្ត នៅ​ថ្ងៃ​ចន្ទ ដែល​នៅក្នុង​នោះ​អាច​មាន​និយាយ​ផងដែរ​ពី​ប្រធានបទ​ដ៏ចម្រូងចម្រាស ដូចជា អន្តោប្រវេសន៍ ឬ​ការកសាង​ជញ្ជាំង​នៅ​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិចស៊ិក ជាដើម។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ