អានតួអត្ថបទ
សហរដ្ឋអាមេរិក​

ប៉ូលិស​​អាមេរិក​​ត្រៀម​ការពារ​​សន្តិសុខ​​ ​​ប្រឈម​​​បាតុកម្ម​​​​ប្រឆាំង​លោក​ត្រាំ​

ថ្ងៃសុក្រ​២០មករា​នេះ ជា​ថ្ងៃ​ដូណាល់ ត្រាំ​ ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​នៃ​សហរដ្ឋ​អាមេរិក។ ក្នុង​ឱកាស​នេះ ​ប៉ូលិស​និង​កងកម្លាំង​​សន្តិសុខ​ នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ត្រៀម​ការពារ​​សន្តិសុខ​ ដោយសារ​តែ​មាន​មនុស្ស​ប្រមាណ​៩សែននាក់ ​ដែល​មកចូលរួម​មើល​ពិធី​​ មានទាំង​ក្រុម​អ្នកមក​គាំទ្រ​លោក​ត្រាំ និង​ក្រុម​បាតុករ​ប្រឆាំង​លោក​ត្រាំ​ផងដែរ។

អាជ្ញាធរ​អាមេរិក​ត្រៀម​រួចរាល់ សម្រាប់​ពិធី​ចូលស្បថ​ចូលកាន់​តំណែង​របស់​លោក​ដូណាល់ ត្រាំ
អាជ្ញាធរ​អាមេរិក​ត្រៀម​រួចរាល់ សម្រាប់​ពិធី​ចូលស្បថ​ចូលកាន់​តំណែង​របស់​លោក​ដូណាល់ ត្រាំ REUTERS/Mike Theiler
ផ្សាយពាណិជ្ជកម្ម

ក្រុង​វ៉ាស៊ីនតោន បាន​ពង្រាយ​កម្លាំង​​ប៉ូលិស​ប្រមាណ​២ម៉ឺន៨ពាន់​នាក់ ​ដើម្បី​ត្រៀម​ការពារ​សណ្តាប់ធ្នាប់​ សន្តិសុខ ក្នុង​ឱកាសលោក​ដូណាល់ ត្រាំ ស្បថ​ចូលកាន់​អំណាច​ នៅថ្ងៃសុក្រ​២០មករា​នេះ។ ដោយសារ​តែ​មនុស្ស​ដែល​មកចូលរួម​មើលពិធី​ស្បថ​ចូល​កាន់តំណែង​របស់​លោក​ត្រាំ មានទាំង​ក្រុម​អ្នកគាំទ្រ និង​ក្រុម​ប្រឆាំង​ អាជ្ញាធរ​អាមេរិក​ខ្លាច​មា​នការប៉ះទង្គិច​ណាមួយ រវាង​ក្រុម​ទាំង២​នេះ។ ល្ងាច​ថ្ងៃព្រហស្បតិ៍​១៩មករា​នេះ​ ក្រុម​បាតុករ​ប្រឆាំង​បាន​ត្រៀម​តវ៉ា នៅ​មុខ​អគារ​ Trump Tower  នៅ​ក្រុងញូវយក​ផងដែរ ដោយ​គ្រោង​​វត្តមាន​ចូលរួម​របស់​អភិបាល​​ក្រុង​ញូវយក លោក​ បៀល ដឺប្លាស្យូ។

អាជ្ញាធរ​បា​នអនុញ្ញាត​អោយ​​សមាគម​ជាង​៣០ជួបជុំគ្នា​ គិតសម្រាប់​​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ​​ ថ្ងៃសុក្រ និង​ថ្ងៃ​សៅរ៍​ស្អែក។ ក្រុម​បាតុករ​រាប់សែននាក់ មាន​ស្ត្រី យុវជន ក្រុម​​​ការពារ​បរិស្ថាន ​ជនជាតិ​ស្បែកខ្មៅ និង​សហគមន៍​ឡាទីណូ និយាយ​ភាសា​អេស្ប៉ាញ រួមទាំង​​ក្រុម​សហជីព​ការងារផងដែរ​​​ បាន​សំដែង​ការរួបរួមគ្នា ​ត្រៀម​តវ៉ា​​ប្រឆាំង​នឹង​ប្រធានាធិបតី​ថ្មី ដូណាល់​ ត្រាំ។ គ្រូបង្រៀន​មួយចំនួន​បាន​សំដែង​ការ​គាំទ្រ​ដល់​សហគមន៍​ជនអន្តោ​ប្រវេសន៍​ក្នុងស្រុក។ ​

ថ្ងៃសៅរ៍​២១មករា​​នេះ ស្ត្រីអាមេរិក​​​​២សែននាក់​នឹង​ដង្ហែ​ក្បួនបាតុកម្ម​​ប្រឆាំង​ប្រធានាធិបតី​ត្រាំ នៅ​តាម​ដងផ្លូវ​នៅ​ក្រុងវ៉ាស៊ីនតោន​។ តែ​​គេរំពឹង​ថា មាន​មនុស្ស​ចូលរួម​ដល់ទៅ​២សែន​៥ម៉ឺន​នាក់ឯណោះ។ ស្ត្រី​អាមេរិក​​​មិនពេញចិត្ត​នឹង​លោកត្រាំ ដែល​ធ្លាប់​សំដែង​ការ​មើលងាយ​ស្ត្រីភេទ​ ក្នុង​ពេល​កន្លងមក។ ​ពួកគេ​បាន​បើក​ចំហ​អោយ​មា​នបុរស​ភេទ​ចូលរួម​បាតុកម្ម​ជាមួយពួកគេ។ ក្បួន​បាតុកម្ម​ស្រដៀងគ្នា​នេះ ក៏​នឹង​រៀបចំ​ធ្វើនៅតាម​ទីក្រុង​ផ្សេងៗ ក្នុង​ប្រទេស និង​​នៅបរទេស​​ផងដែរ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ