អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​​បិទ​បញ្ចប់​ការ​ផ្តល់​​សិទ្ធិជ្រកកោន​នយោបាយ​ដល់អន្តោប្រវេសន៍​គុយបា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជាពលរដ្ឋ​គុយបា ដែលរត់ភៀស​ខ្លួន​មក​សហរដ្ឋ​អាមេរិក មិន​អាច​ទទួល​បាន​សិទ្ធិជ្រកកោន​នយោបាយ​ជា​ស្វ័យប្រវត្តិ​ដូច​ពេល​មុន​ទៀត​ឡើយ។ រដ្ឋបាល​អាមេរិក​និង​គុយបា ទើប​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​​លើ​សំណុំ​រឿងអន្តោប្រវេសន៍​ខុស​ច្បាប់​។ នៅ​មួយ​សប្តាហ៍​មុន​ផុត​អាណត្តិ ​លោក​ អូបាម៉ា បាន​ប្រកាស​លុប​ចោល​សិទ្ធិ​ពិសេស​សម្រាប់​អន្តោប្រវេសន៍​មក​ពី​គុយបា។ ប៉ុន្តែ​វិធានការ​ចុងក្រោយ​នេះ​ អាច​នឹង​បង្ក​បង្កើត​ឱ្យ​មាន​ប្រតិកម្ម​ពី​សំណាក់​តំណាងរាស្ត្រ​ដែល​ប្រឆាំង​នឹង​ការ​ភ្ជាប់​ទំនាក់ទំនង​ជា​ធម្មតា​ឡើង​វិញ​ជាមួយ​គុយបា។

លោក​អូបាម៉ា​ប្រកាស​បញ្ចប់​សិទ្ធិពិសេស​សម្រាប់​អន្តោប្រវេសន៍​គុយបា
លោក​អូបាម៉ា​ប្រកាស​បញ្ចប់​សិទ្ធិពិសេស​សម្រាប់​អន្តោប្រវេសន៍​គុយបា REUTERS/Kevin Lamarque TPX IMAGES OF THE DAY Edit status: Updat
ផ្សាយពាណិជ្ជកម្ម

​ប្រជាពលរដ្ឋ​គុយបា បាន​ទទួល​សិទ្ធិ​ពិសេស ពី​សហរដ្ឋ​អាមេរិក រាប់​ទសវត្សរ៍​មក​ហើយ។ ពោល​គឺ​ចាប់​ពី  នៅ​ឆ្នាំ​១៩៦៦ ក្នុង​ពេល​កំពុង​មាន​សង្គ្រាម​ត្រជាក់ សហរដ្ឋ​អាមេរិក​បាន​បង្កើត​ច្បាប់អន្តោប្រវេសន៍​​មួយ ចូល​ជាធរមាន អនុគ្រោះ និង​សម្រួល​ដល់​ប្រជាពលរដ្ឋ​គុយបា​ភៀស​ខ្លួន​ឱ្យ​បាន​ស្នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​មាន​លទ្ធភាព​បាន​ទទួល​សិទ្ធិស្នាក់នៅ​ជា​អចិន្ត្រៃយ៍ ក្នុង​រង្វង់​ពេល​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ ប៉ុន្តែចាប់​ពីឆ្នាំ​១៩៩៥​មក អាមេរិក​បាន​អនុវត្ត​គោលការណ៍​មួយ​ “ជើងសើម ជើងស្ងួត” ដោយ ចាប់​បញ្ជូន​អន្តោប្រវេសន៍​ខុសច្បាប់ ចាប់​បាន​ក្នុង​ដែន​ទឹក ​ ​ឱ្យ​គុយបា​ជា​ស្វ័យប្រវត្តិ និង​ទទួល​យក ព្រមទាំង​ផ្តល់​សិទ្ធិពិសេស​ ឱ្យ​ជ្រកកោន​នយោបាយ តែ​ពលរដ្ឋ​គុយបាណា ដែលបាន​ឆ្លង​ចូល​ជាន់​ដី​អាមេរិក​តែ​ប៉ុណ្ណោះ។ 

“ច្បាប់​ជើងសើម ជើងស្ងួត”

បដិវត្ត​កាស្ត្រូ ​ឆ្នាំ​១៩៥៩​ បាន​រុញ​ច្រាន​ឱ្យ​មាន​រលក​ចំណាក​​ស្រុក​ជា​លើក​ដំបូង ​ ដោយ​មាន​ពលរដ្ឋ​គុយបា យ៉ាង​ហោច​ណាស់ ៣០​ម៉ឺននាក់ ដែល​ភាគ​ច្រើន​ជា​អ្នក​គាំទ្រ​មេដឹកនាំ​ចាស់ បាននាំ​គ្នា​រត់​គេច​ចេញ​ពី​កោះ ក្នុង​ទម្រង់​​ជា​អន្តោប្រវេសន៍​នយោបាយ បន្ទាប់​មក​ជា​អន្តោប្រវេសន៍​សេដ្ឋកិច្ច ក្រោយ​ពី​​គុយបា​បាន​អនុវត្ត​ប្រព័ន្ធ​សេដ្ឋកិច្ច​ផែនការ​កុម្មុយនីស្ត ឱ្យ​ប្រជាពលរដ្ឋ​ត្រដរ​រស់។

មិន​យូរ​ប៉ុន្មាន​ វិបត្តិ​អន្តោប្រវេសន៍​មក​ពី​គុយបា បាន​ផ្ទុះ​ឡើងខ្លាំង។ នៅ​ឆ្នាំ​១៩៨០ លោក​ ហ្វីដែល កាស្ត្រូ ជាអតីត​ប្រធានាធិបតី​គុយបាសម័យ​នោះ ​បាន​បើក​​កំពង់​ផែ​​មួយ ទទួល​ទូក​មកពី​Florida ដោយ​​ធ្មេញ​ភ្នែក​បណ្តោយ​ឱ្យ​អ្នកទោស ឬ​អ្នក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ឆ្កួត អាច​រត់​ឆ្លង​ទៅ​អាមេរិក។ តែ​នៅ​ពេល​អាមេរិក​ចាប់​បញ្ជូន​មក​វិញ គុយបា​មិន​ទទួល​យក​ពលរដ្ឋ​ខ្លួនឯងវិញ​ទេ ប្រសិន​បើ​ជន​នោះ​មាន​ប្រវត្តិ​ឧក្រិដ្ឋ​។ ចរន្ត​រត់​ភៀស​ខ្លួន​តាម​ទូក ដ៏រខេករខាក​ ក៏​បាន​ចាប់​ផ្តើម​ឡើង  និង​ជា​ដំណាក់​សោកដកម្ម​ដ៏​ធំធេង ដោយ​មាន​ស្លាប់​ក៏​ច្រើន បាត់​ខ្លួន​ក៏​ច្រើន ព្រម​ទាំង​គួរ​ឱ្យ​កត់​សម្គាល់​បំផុត​នៅ​ឆ្នាំ​ ១៩៩៤។

​ប្រឈម​នឹង​ស្ថានភាព​បែប​នេះ នៅ​ឆ្នាំ​១៩៩៥ អាមេរិកក្នុង​សម័យ​ប្រធានាធិបតី​ ប៊ីល គ្លីនតុន​ បាន​កែសម្រួល​ច្បាប់អន្តោប្រវេសន៍ អនុគ្រោះ​និង​រក្សា​សិទ្ធិ​ពិសេស​សម្រាប់​គុយបាដដែល តែចំពោះ​​​​បើជនណាដែល​​អាច​​ឆ្លង​ដែន​ចូល​ជាន់​ដីអាមេរិកបាន។ ​

​​​រលក​​និរទេសក្រោយ​ការ​ភ្ជាប់​ទំនាក់ទំនងជា​ធម្មតា​​ជាមួយ​អាមេរិក
ចរន្ត​អន្តោប្រវេសន៍​រត់​មក​អាមេរិក មិន​បាន​ស្ងប់​ស្ងាត់​ទេ ! គេ​សង្កេត​ឃើញ​ថា​មួយ​រយៈ​ចុងក្រោយ​នេះ និង​ក្រោយ​ពីអាជ្ញាធរ​ក្រុង​ឡាហាវ៉ាន បាន​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​ធ្វើ​ដំណើរ​ ប្រជា​ពលរដ្ឋ​គុយបា បាន​នាំគ្នា​ប្រើ​ប្រាស់ប្រទេស​ទីបី ដើម្បី​ជា​ឈ្នាន់​សម្រាប់​លួច​ចូល​អាមេរិក​តាម​ដី​គោក។

នៅ​ចុងឆ្នាំ​២០១៤ ក្រោយ​ពី​សហរដ្ឋ​អាមេរិក និង​គុយបា បាន​ប្រកាសជា​ប្រវត្តិសាស្ត្រ​​​ភ្ជាប់​ទំនាក់ទំនង​គ្នា​ឡើង​វិញក្តី ក៏​ចរន្ត​អន្តោប្រវេសន៍​មិន​ធូរថយ​ឡើយ។ បើតាម​វិទ្យាស្ថាន​ស្រាវជ្រាវ​អាមេរិក ចំនួន​អន្តោប្រវេសន៍​ រត់​ទៅ​ដល់​ជាន់​ទឹក​ដី​អាមេរិក បានកើនឡើង​ជាង​ទ្វេដង ពី ជាង​ពីរ​ម៉ឺន​នាក់ នៅ​ឆ្នាំ​២០១៤ ទៅ ជាង​បួនម៉ឺន​នាក់ នៅ​ឆ្នាំ​២០១៥ និង​ ជិត​៥​ម៉ឺន​នាក់​ នៅ​ឆ្នាំ​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦។ ​ពលរដ្ឋ​គុយបាបន្ត​និរទេស​ខ្លួន ដោយ​ខ្លាច​មាន​ការ​ប្រែប្រួល​​ច្បាប់​​នៅ​ពេល​ប្រទេស​បើក​ចំហ។ ការ​ព្រួយ​បារម្ភ​ដែល​មិន​ខុស​មែន ! ព្រោះ​ឥលូវ​គេ​បាន​បាត់​បង់​អភ័យឯកសិទ្ធិ​អន្តោប្រវេសន៍​ ដែល​គ្មាន​ប្រទេស​ណា​ក្នុង​លោក​ធ្លាប់​បាន​ទទួល​ដូច​គុយបា​ឡើយ​។ ចាប់ពីពេល​នេះ​ទៅ ពលរដ្ឋ​គុយបា​ណា​ដែល​ចូល​អាមេរិក​ដោយ​ខុស​ច្បាប់​នឹង​ត្រូវ​ចាប់​បញ្ជូន​ទៅ​វិញ មិន​ថា​មកតាម​ផ្លូវទឹក ឬ​ផ្លូវគោកឡើយ។

ក្នុង​រយៈពេល​កន្លះ​សតវត្សរ៍​នេះ ក្នុង​ចំណោម​ពលរដ្ឋ​សរុប ១១,២លាន​នាក់ មាន​​ជាង​ពីរ​លាន​នាក់ បាន​និរទេស​ខ្លួន​ចេញ​ពី​ប្រទេស​ ក្នុង​នោះ ៨០%​រស់​នៅ​សហរដ្ឋ​អាមេរិក ឬ​និយាយ​ឱ្យ​ចំ​នៅ​រដ្ឋ​Florida។

​ក្រុង​ឡាហាវ៉ាន​សប្បាយ​ចិត្ត

ច្បាប់​អន្តោប្រវេសន៍អាមេរិក​ ​ដែល​ផ្តល់​សិទ្ធិពិសេស​ដល់​ពលរដ្ឋ​គុយបានេះ ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​កុម្មុយនិស្ត​គុយបា បរិហារ​ជា​ញយ​ដង​ថា ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យមាន​​ការ​រត់​ភៀស​ខ្លួន​ និង​រត់​ពន្ធមនុស្ស​ខុស​ច្បាប់។ ក្រុង​ឡាហាវ៉ាន តែង​​តែបង្ហាញ​ចេតនាចង់​ឃើញ​​វ៉ាស៊ីនតោន​លុប​សិទ្ធិពិសេស​នេះ​ចេញ ដោយ​ចាត់ទុក​ថា ជា​ញុះញង់​ឱ្យ​មាន​អន្តោប្រវេសន៍​សេដ្ឋកិច្ច។

សម្រាប់​ឡាហាវ៉ាន សិទ្ធិ​ពិសេស​នេះ​ពិត​ជា​មិន​សក្តិសម​និង​ត្រឹម​ត្រូវ​ទេ ប្រសិនបើ​ប្រទេស​ទាំងពីរ​ គុយបា និងសហរដ្ឋ​អាមេរិក ភ្ជាប់​ទំនាក់ទំនង ស្ទើរ​ជា​ធម្មតា​នឹង​គ្នា​ទៅ​ហើយ​នោះ។
ប៉ុន្តែបើតាម​កិច្ចចរចា​ស្ងាត់​រហូត​សម្រេច​បាន​​លទ្ធផល​ថ្ងៃ​នេះ អាមេរិក​សុខ​ចិត្ត​លុប​សិទ្ធិពិសេស​សម្រាប់អន្តោប្រវេសន៍​ខុស​ច្បាប់​គុយបាចេញ តែ​ឡាហាវ៉ាន​​ត្រូវ​សុខ​ចិត្ត​ទទួល​ពលរដ្ឋ​ដែល​អាជ្ញាធរ​អាមេរិក​ចាប់​បញ្ជូន​ទៅ​វិញ ​មិន​អាច​បដិសេធ ដូច​អ្វី​ដែល​ឡាហាវ៉ាន​ធ្លាប់​ធ្វើ​រហូត​មក​ឡើយ។

ចំពោះ​លោក ត្រាំ ដែល​នឹង​ត្រូវ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី ចាប់​ពី​ថ្ងៃទី ២០​មករា សប្តាហ៍​ក្រោយ​នេះ​ទៅ​វិញ ធ្លាប់​បាន​បង្ហើរ​ជំហរ​មិន​ច្បាស់​លាស់​ក្នុង​សំណុំ​រឿង​គុយបា​។ លោក​បាន​បង្ហោះ​សារ​ក្នុង​ប្រព័ន្ធ​សង្គម​ ថា​នឹង​បិទ​បញ្ចប់​ភាប​ត្រូវរ៉ូវ​ជាមួយ​គុយបា ប្រសិន​បើ​ប្រទេស​កោះ​មួយ​នេះ​មិន​ព្រម​ប្រឹងប្រែង​ផ្នែក​​​សិទ្ធិមនុស្ស​ និង​បើក​ទូលាយ​ទីផ្សារ​៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ