អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកអាស្តុន កាទ័រ៖​អាមេរិក​ត្រៀម​ខ្លួន​ធ្វើ​ទំនើបកម្ម​គ្រាប់មីស៊ីល​អន្តរទ្វីប​មាន​ផ្ទុក​គ្រាប់ក្បាល​នុយក្លេអ៊ែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាស្តុន កាទ័រ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី២៦ កញ្ញា​ថា អាមេរិក​បាន​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ទំនើបកម្ម​គ្រាប់មីស៊ីល​អន្តរទ្វីប​មាន​ផ្ទុកក្បាល​គ្រាប់នុយក្លេអ៊ែរ។ លោក​កាទ័រ​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់ Minot ស្ថិត​ក្នុង​រដ្ឋ​ដាកូតាខាងជើង។ តំបន់ Minot ជា​តំបន់​មួយ​ក្នុង​ចំណោម ៣ទៀត​ដែល​អាមេរិក​គ្រោង​នឹង​ដាក់​ពង្រាយ​គ្រាប់មីស៊ីល​អន្តរទ្វីប​មាន​ផ្ទុក​ក្បាលគ្រាប់នុយក្លេអ៊ែរ​របស់​អាមេរិក​ចំនួន ៤០០ដើម។ ការ​ថ្លែង​របស់​លោក​កាទ័រ​ហាក់​ដូច​ជា​ផ្ទុយ​នឹង​ឆន្ទៈ​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​ដែល​ចង់​បាន និង​ចង់​ឃើញ​ពិភពលោក​គ្មាន​អាវុធ​នុយក្លេអ៊ែរ។

លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​អាស្តុន កាទ័រ
លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​អាស្តុន កាទ័រ Reuters
ផ្សាយពាណិជ្ជកម្ម

ទន្ទឹម​នឹង​ការ​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ធ្វើ​ទំនើបកម្ម​គ្រាប់មីស៊ីល​អន្តរទ្វីប​មាន​ផ្ទុកក្បាល​គ្រាប់នុយក្លេអ៊ែរ​ទាំង ៤០០ដើម​ដែល​អាមេរិក​មាន​សព្វថ្ងៃ លោក​អាស្តុន កាទ័រ​ក៏​បាន​រម្លឹក​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ពី​គម្រោង​ធ្វើ​ទំនើបកម្ម​គ្រាប់បែកនុយក្លេអ៊ែរ B-៦១ ព្រម​ទាំង​មាន​គម្រោង​សាងសង់​នាវាមុជទឹក រួម​ទាំង​គ្រាប់មីស៊ីល​ថ្មីៗ​បន្ថែម​ទៀត​នៅ​ឆ្នាំ​ខាង​មុខ។ លោក​រដ្ឋមន្រ្តី​ការពារ​អាមេរិក​រូប​នេះ​ដដែល​បាន​បញ្ជាក់​ច្បាស់ៗ​ថា អាមេរិក​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ចំពោះ​រឿង​នុយក្លេអ៊ែរ ហើយ​ក៏​មិន​ចង់​កាត់​បន្ថយ​វា​ដែរ។

លោក​អាស្តុន កាទ័រ​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​យ៉ាង​សាមញ្ញ​ថា មិនមែន​អាមេរិក​ជា​ប្រទេស​ល្មោភ​នុយក្លេអ៊ែរ ឬ​មួយ​ក៏​ចង់​ប្រើ​អាវុធ​នុយក្លែអ៊ែរ​ដើម្បី​គំរាមកំហែង​ពិភពលោក​ទេ។ តែ​បញ្ហា​នៅ​ត្រង់​ថា នៅ​ពេល​ដែល​អាមេរិក​កំពុង​ព្យាយាម​កាត់​បន្ថយ និង​ឈប់​ធ្វើ​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​នោះ ស្រាប់​តែ​មាន​ប្រទេស​សត្រូវ និង​គូប្រជែង​របស់​អាមេរិក​ជា​ច្រើន​បែរ​ជា​កំពុង​បន្ត​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ​យ៉ាង​គគ្រឹកគគ្រេង​ទៅ​វិញ។

លោក​កាទ័រ​បាន​អះអាង​ថា​ក្នុង​រយៈពេល ២៥ឆ្នាំ​ចុងក្រោយ​នេះ អាមេរិក​មិន​បាន​បង្កើត​អ្វី​ថ្មី​ទាំង​អស់ តែ​ស្រប​ពេល​គ្នា​ហ្នឹង ប្រទេស​ផ្សេង​បាន​ធ្វើ​ច្រើន​ណាស់។ នៅ​ត្រង់​ចំណុច​នេះ លោក​កាទ័រ​បាន​លើក​ចំ​ឈ្មោះ​ប្រទេស​រុស្ស៊ី កូរ៉េខាងជើង ចិន ឥណ្ឌា ប៉ាគីស្ថាន និង​ប្រទេស​អ៊ីរ៉ង់។ នេះ​ជា​ហេតុផល​មួយ រីឯ​ហេតុផល​មួយ​ទៀត​លើក​ឡើង​ដោយ​លោក​កាទ័រ គឺ​មក​ពី​គ្រាប់មីស៊ីល​ដែល​អាមេរិក​មាន​សព្វថ្ងៃ មាន​ភាគច្រើន​ជា​គ្រាប់មីស៊ីល​ចាស់ៗ​ផលិត​តាំង​ពី​ក្នុង​ទសវត្ស​ឆ្នាំ ៦០ ដែល​គ្មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ដូច​សព្វថ្ងៃ​នេះ​ទេ។

ស្ថានការណ៍​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ច្រើន​ក្នុង​រយៈពេល ៧ឆ្នាំ​កន្លង​ទៅ

អ្វី​ដែល​លោក​រដ្ឋមន្រ្តី​ការពារ​អាមេរិក​អាស្តុន កាទ័រ​ថ្លែង​ពេល​នេះ ហាក់​ដូច​ជា​ផ្ទុយ​នឹង​សុន្ទរកថា​របស់​លោក​អូបាម៉ា​ដែល​បាន​ថ្លែង​កាល​ពី​ឆ្នាំ ២០០៩។ គឺ​ជា​សុន្ទរកថា​មួយ​ដែល​លោក​អូបាម៉ា​បាន​ថ្លែង​នៅ​ក្នុង​ទីក្រុង​ប្រាក ប្រទេស​ឆែក​កាល​ពី​ថ្ងៃទី៥ មេសា ឆ្នាំ ២០០៩ នា​ឱកាស​ជំនួបកំពូល​អឺរ៉ុប និង​អាមេរិក។ សុន្ទរកថា​របស់​លោក​អូបាម៉ា​កាលណោះ​បាន​ទទួល​ការ​សាទរ​នៅ​ទូទាំង​ពិភពលោក ព្រោះ​វា​បាន​បង្កប់​ដោយ​អត្ថន័យ និង​ខ្លឹមសារ​ជា​ច្រើន​ចំពោះ​មនុស្សជាតិ។ អត្ថន័យ និង​ខ្លឹមសារ​ដែល​គ្រប់​គ្នា​មិន​អាច​ភ្លេច​បាន​នោះ គឺ​ការ​សន្យា​របស់​លោក​អូបាម៉ា​ក្នុង​ការ​ស្វែង​រក​សន្តិភាព និង​សន្តិសុខ​ឲ្យ​ពិភពលោក​មួយ​គ្មាន​អាវុធ​នុយក្លេអ៊ែរ។

នៅ​ក្នុង​សុន្ទរកថា​ដដែល​នោះ លោក​អូបាម៉ា​បាន​បញ្ជាក់​ច្បាស់ៗ​ថា សង្រ្គាមត្រជាក់​បាន​បិទបញ្ចប់​មែន ហើយ​ការ​គំរាមកំហែង​សង្រ្គាម​នុយក្លេអ៊ែរ​ក៏​បាន​កាត់​បន្ថយ​ដែរ តែ​ហានិភ័យ​នៃ​ការ​វាយប្រហារ​នុយក្លេអ៊ែរ​មាន​ការ​កើន​ឡើង ព្រោះ​បរិមាណ​នៃ​សំណល់​អាវុធនុយក្លេអ៊ែរ​នៅ​បន្ត​មាន​ច្រើន​ណាស់​នៅ​ក្នុង​លោក។ ជា​ការ​ពិត អ្វី​ដែល​លោក​អូបាម៉ា​បាន​លើកឡើង​កាល​ពី ៧ឆ្នាំ​មុន​មិន​ខុស​ទេ តែ​បញ្ហា​នៅ​ត្រង់​ថា ៧ឆ្នាំ​ក្រោយ​មក ស្ថានការណ៍​ក្នុង​លោក​មាន​ការ​ប្រែប្រួល​ច្រើន​ណាស់ រួម​មាន ការ​ផ្ទុះ​បដិវត្តន៍​អារ៉ាប់ ការ​បន្ត​សាកល្បង​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​របស់​កូរ៉េខាងជើង ឬ​មួយ​ក៏​ការ​ទន្ទ្រាន​យក​ទឹកដី​ប្រទេស​ផ្សេង ដូច​ករណី​រុស្ស៊ី​ក្រសោប​យក​ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន​ជា​ដើម។

លោក​អាស្តុន កាទ័រ​ទិតៀន​រុស្ស៊ី តែ​​សរសើរ​ចិន

លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​អាស្តុន កាទ័រ​បាន​រិះគន់ ទិតៀន​រុស្ស៊ី​ខ្លាំងៗ និង​បាន​លើក​សរសើរ​ប្រទេស​ចិន។ តាម​លោក​កាទ័រ រុស្ស៊ី​សម័យ​ថ្មី​ដែល​កំពុង​គ្រប់គ្រង​ដោយ​លោក​ប្រធានាធិបតី​ពូទីន​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ព្រួយបារម្ភ​ខ្លាំង​ជាង​សម័យ​សហភាព​សូវៀត​ក្នុង​សង្រ្គាមត្រជាក់​ទៅ​ទៀត​ទាក់ទង​នឹង​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ។ លោក​កាទ័រ​ចង់​និយាយ​ថា នៅ​ក្នុង​សម័យ​សហភាព​សូវៀត ថ្នាក់ដឹកនាំ​ជំនាន់​នោះ​ហាក់​ដូច​ជា​មាន​ការ​អត់ធ្មត់​ច្រើន យល់ដឹង​ច្រើន និង​មាន​ការ​ពិចារណា​ខ្ពស់។ តែ​ចំពោះ​ថ្នាក់ដឹក​នាំ​រុស្ស៊ី​សម័យ​ថ្មី​នេះ​វិញ គឺ​មានះ​ចង់​ធ្វើ​អ្វី​តាម​តែ​កំហឹង​ដោយ​គ្មាន​ការ​ពិចារណា​រក​ហេតុផល និង​ផលវិបាក។

លោក​កាទ័រ​បាន​គូសបញ្ជាក់​ថា​នៅ​ក្រោយ​ការ​ច្បាម​យក​ដែនដី​គ្រីមេ​របស់​អ៊ុយក្រែន​ពី​រុស្ស៊ី លោក​ពូទីន​បាន​ថ្លែង​ជា​សាធារណៈ​ថា លោក​បាន​ត្រៀម​ខ្លួន​នឹង​ប្រើ​អាវុធនុយក្លេអ៊ែរ​ជា​ស្រេច​នៅ​ក្នុង​ប្រតិបត្តិការ​វាយ​យក​តំបន់​គ្រីមេ​កាល​ណោះ។ ដោយឡែក ទន្ទឹម​នឹង​ការ​រិះគន់ ទិតៀន​រុស្ស៊ី​របស់​លោក​ពូទីន លោក​កាទ័រ​បាន​ឆ្លៀត​សរសើរ​ចិន​ដែល​លោក​យល់​ថា ជា​ប្រទេស​ដែល​បាន​ប្រកាន់​ឥរិយាបទ​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ នោះ​បើ​ទោះ​បី​ជា​ចិន​កំពុង​មាន​អាវុធនុយក្លេអ៊ែរ​ច្រើន និង​គុណភាព​ខ្ពស់​ក៏​ដោយ។

តើ​ការ​ដែល​លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​ប្រកាស​ធ្វើ​ទំនើបកម្ម​គ្រាប់មីស៊ីល និង​ការ​អភិវឌ្ឍ​ថ្មី​បន្ថែម​ពេល​នេះ មិនមែន​ជា​ការ​ប្រកាស​ឲ្យ​ពិភពលោក​ផ្តើម​ប្រកួតប្រជែង​គ្រឿង​សព្វាវុធ​ជា​ថ្មី​ឡើង​វិញ​ទេ​ឬ​យ៉ាង​ណា?។ លោក​កាទ័រ​ឆ្លើយ​ថា អត់ទេ តែ​ដើម្បី​ដើរ​ឲ្យ​ទាន់​អ្នក​ផ្សេង​ក្នុង​គោលដៅ​ការពារ​ខ្លួន និង​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ