អានតួអត្ថបទ
អ.ស.ប.-សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ

សហគមន៍​អន្តរជាតិ​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

នៅ​ថ្ងៃ​សៅរ៍ ទី២៤ កញ្ញា អង្គការ​សហប្រជាជាតិ សហភាព​អាហ្រ្វិក សហភាព​អឺរ៉ុប និង​អង្គការ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​បាន​អំពាវនាវ​រួម​គ្នា​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ ឲ្យ​មាន​កិច្ចសន្ទនា​នយោបាយ និង​ការ​រៀបចំ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​តម្លាភាព​នៅ​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ។ ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​កម្តៅនយោបាយ​នៅ​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ​កំពុង​ឡើង​ដល់​កម្រិត​កំពូល​ជាមួយ​នឹង​ការ​ស្លាប់​មនុស្ស​ជា​ច្រើន​នាក់។

លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​
លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ ©REUTERS/Heinz-Peter Bader
ផ្សាយពាណិជ្ជកម្ម

សេចក្តី​អំពាវនាវ​រួម​គ្នា​របស់​អង្គការ​សហប្រជាជាតិ សហភាព​អាហ្រ្វិក សហភាព​អឺរ៉ុប និង​អង្គការ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​ទីក្រុង​ញូយ៉ក​ចំ​ពេល​ដែល​អង្គការ​សហប្រជាជាតិ​កំពុង​បន្ត​មហាសន្និបាត​ប្រចាំឆ្នាំ​លើកទី៧១ របស់​ខ្លួន។ សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ​អន្តរជាតិ​ទាំង ៤ បាន​អំពាវានាវ​ដល់​គ្រប់​ភាគី​នយោបាយ​ទាំង​អស់​ឲ្យ​មាន​ការ​អត់ធ្មត់​នៅ​ក្នុង​សកម្មភាព​នយោបាយ ក៏​ដូច​ជា​នៅ​ក្នុង​ការ​ថ្លែង​របស់​ខ្លួន ពិសេស​ជំរុញ​ក្រុម​សកម្មជន​របស់​ខ្លួន​កុំ​ឲ្យ​ប្រើប្រាស់​អំពើហិង្សា​សងសឹក​គ្នា​ទៅ​វិញ ទៅ​មក។

ទន្ទឹម​គ្នា​នេះ អង្គការ​អន្តរជាតិ​ទាំង ៤ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋអំណាច​ចូលរួម​ជួយ​ការពារ​សិទ្ធិមនុស្ស និង​គោរព​សេរីភាព​ជា​មូលដ្ឋាន រួម​ទាំង​សេរីភាព​ក្នុង​ការ​ធ្វើ​បាតុកម្ម​អហិង្សា​ផង។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ដដែល អង្គការ​អន្តរជាតិ​ទាំង ៤ បាន​គូសបញ្ជាក់​ថា ភាគី​ជម្លោះ​នីមួយៗ​មាន​ចំណែក​ទទួល​ខុស​ត្រូវ​លើ​ផលវិបាក​ទាំង​ឡាយ​ដែល​បាន​កើត​ចេញ និង​ដែល​អាច​កើត​ចេញ​ពី​ទង្វើ​ហិង្សា ការ​បំពានច្បាប់ និង​ការ​មិន​គោរព​គ្នា​ទៅ​វិញ ទៅ​មក។ ដោយ​បន្ត​គាំទ្រ និង​ជួយ​ជំរុញ​កិច្ចសន្ទនា​ដែល​កំពុង​មាន​សព្វថ្ងៃ អង្គការ​អន្តរជាតិ​បាន​អះអាង​ថា មាន​តែ​កិច្ចសន្ទនា​ទេ​ដែល​នឹង​ឈាន​ដល់​ការ​បង្កើត​ឲ្យ​មាន​បរិយាកាស​នៃ​ការ​ទុកចិត្ត​គ្នា និង​ឈាន​ដល់​ការ​រៀបចំ​បោះឆ្នោត​មួយ​ដោយសេរី យុត្តិធម៌ និង​តម្លាភាព។

ដោយឡែក និង​ក្រៅ​ពី​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ផ្ទាល់​ក្នុង​កិច្ចចរចា​នយោបាយ អង្គការ​អន្តរជាតិ​ទាំង ៤ ក៏​បាន​ស្នើ​ដល់​ភាគី​ផ្សេង​ឲ្យ​ដើរ​តួនាទី​ប្រកប​ដោយ​ក្តី​ស្ថាបនា​ដើម្បី​ជួយ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​នា​ពេល​ឆាប់ៗ​ខាង​មុខ។ ប្រតិកម្ម​របស់​អង្គការ​អន្តរជាតិ​ទាំង ៤​បាន​ធ្លាក់​មក ចំ​ពេល​ដែល​កម្តៅនយោបាយ​នៅ​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ​កំពុង​ឡើង​ខ្លាំង​នា​រយៈពេល​ចុង​ក្រោយ​នេះ។ អំពើ​ហិង្សា​នយោបាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ ទី២៣ កញ្ញា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់ ហើយ​នៅ​ពេល​នេះ កិច្ចសន្ទនា​នយោបាយ​ក៏​ត្រូវ​បាន​ផ្អាក​មួយ​រយៈ។

វិបត្តិ​នយោបាយ​ដែល​កំពុង​ទាញ​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ​ឲ្យ​ធ្លាក់​ក្នុង​ភាព​វឹកវរ​ជា​ថ្មី គឺ​ការ​ព្យាយាម​តោង​អំណាច​ប្រធានាធិបតី​របស់​លោក Joseph Kabila។ រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​បាន​ហាម​លោក Kabila ដែល​បាន​កាន់​តំណែង​តាំង​ពី​ឆ្នាំ ២០០១ មិន​ឲ្យ​ឈរ​ឈ្មោះ​ជា​ថ្មី​ទេ តែ​លោក Kabila ហាក់​ដូច​ជា​ធ្វើ​មិន​ដឹង​ដោយ​នៅ​មិន​ទាន់​បាន​បញ្ចេញ​កាយវិការ​ណា​មួយ​ដើម្បី​ចុះ​ចេញ​ពី​អំណាច​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ