អានតួអត្ថបទ
ក្វាតេម៉ាឡា

បោះឆ្នោត​នៅ​ក្វាតេម៉ាឡា ​ក្រោម​កំដៅ​តវ៉ា​របស់​ប្រជាជន

ថ្ងៃ​អាទិត្យ​ ទី​៦​កញ្ញា​នេះ ​ជា​ថ្ងៃ​ដែល​ប្រជាជន​ប្រទេស​ក្វាតេម៉ាឡា​ ត្រូវ​ចូល​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​​ថ្មី ​បន្ទាប់​ពី​ប្រជាជន​ប្រទេស ​អាមេរិក​កណ្តាល​មួយ​នេះ ​បាន​ងើប​ប្រឆាំង​តវ៉ា​ ទម្លាក់​អតីត​ប្រធានាធិបតី​ ចេញ​ពី​តំណែង ​ដោយសារ​តែ​អំពើ​ពុក​រលួយ ​កាល​ពី​ដើម​សប្តាហ៍​នេះ។ ទោះ​បី​ជា​យ៉ាង​ណា ប្រជាជន​ក្វាតេម៉ាឡា ​ភាគ​ច្រើន ​មិន​គាំទ្រ​ការ​បោះឆ្នោត​ដោយ​តក់​ក្រហល់​បែប​នេះ​ទេ ​ព្រោះ​ពួក​គេ​ ​បាន​ទាមទារ​នូវ ​ការ​កែ​ទម្រង់​ចាំបាច់ ​ជាច្រើន​ចំណុច​ ជាមុន​សិន ​ដូច​ជា​ប្រព័ន្ធ​បោះឆ្នោត​ និង​ការ​គ្រប់គ្រង​គណបក្ស​នយោបាយ​ជាដើម។

ក្បូន​បាតុកម្ម​អហឹង្សា​របស់​ប្រជាជន​ក្វាតេម៉ាឡា ថ្ងៃទី​៣​ កញ្ញា​ បាន​បណ្តេញ​ប្រធានាធិបតី ពុករលួយ​ Otto Perez
ក្បូន​បាតុកម្ម​អហឹង្សា​របស់​ប្រជាជន​ក្វាតេម៉ាឡា ថ្ងៃទី​៣​ កញ្ញា​ បាន​បណ្តេញ​ប្រធានាធិបតី ពុករលួយ​ Otto Perez Reuters
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​ក្វាតេម៉ាឡា​ យ៉ាង​ហោច​ណាស់ ​៧លាន​ ៥សែន​ នាក់ ​ដែល​ត្រូវ​ជ្រលក់​ម្រាម​ដៃ ​ក្នុង​ទឹក​ខ្មៅ ​នៅ​ថ្ងៃ​អាទិត្យ​ទី ​៦ ​កញ្ញា ​នេះ ​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។ ព្រម​គ្នា​នេះ​ដែរ​ នេះ​គឺ​ជា​ការ​បោះឆ្នោត​ ដោយ​កញ្ចប់ ​ដោយ​បូក​រួម​ទាំង​ការ​ជ្រើសរើស​តំណាងរាស្ត្រ​ និង​ប្រធាន​ឃុំ​សង្កាត់។

បាតុកម្ម​អហឹង្សា បណ្តេញ​ប្រធានាធីបតី​ពុក​រលួយ​ ​ពី​តំណែង៖
សូម​រំលឹក​ថា ​កាល​ពី​ដើម​សប្តាហ៍​នេះ ​ប្រជាជន​ប្រទេស​អាមេរិក​កណ្តាល ​ដ៏​ក្រីក្រ​មួយ​នេះ ​បាន​ងើប​បះបោរ​បណ្តេញ​លោក​ប្រធានាធិបតី ​Otto Perez ​ដែល​ពួកគេ​បាន​ចោទ​ថា​បាន​ដឹកនាំ​ប្រទេស ​ឲ្យ​ធ្លាក់​កប់​ទៅ​ក្នុង​អំពើ​ពុក​រលួយ​ស៊ីរូង​ ទន្ទឹម​ពេល​ដែល​ជីវភាព​ប្រជាជន​ក្រីក្រ ​កាន់​តែ​លំបាក​ទៅៗ។ ប្រជាជន​ក្វាតេម៉ាឡា ​បាន​ជួបជុំ​ធ្វើ​បាតុកម្ម​អហឹង្សា​ ជា​រៀងរាល់​ថ្ងៃសៅរ៍​ ចាប់​តាំង​ពី​ខែ​មេសា​មក​ម្លេះ ​ដើម្បី​បរិហារ​ ពី​សកម្មភាព​ពុក​រលួយ ​របស់​មន្ត្រី​ដឹកនាំ​ប្រទេស ​ហើយ​ពួក​គេ​ទាមទារ ​​ឲ្យមាន​ការ​ផ្លាស់ប្តូរ។

លោកស្រី​ Rigoberta Menchu ​ជ័យ​លាភី​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩២ ​បាន​អបអរ​ចំពោះ​ជ័យ​ជំនះ​ របស់​ប្រជាជន​ក្វាតេម៉ាឡា ​ដែល​លោកស្រី​បាន​ចាត់​ទុក​ថា ​វា​គឺ​ជា​គម្រូ ​ឲ្យ​ដល់​ប្រជាជន​ដទៃ​ទៀត​ ដែល​មិន​ទាន់​មាន​សេចក្តី​ក្លាហាន ​ហ៊ាន​ងើប​ប្រឆាំង ​នឹង​របប​ផ្តាច់​ការ​ពុក​រលួយ។

ក្រៅ​ពីការ​ទាមទារ​ឲ្យ​ប្រធានាធីបតី​ Otto Perez ​ចុះ​ចេញ​ពី​តំណែង​ ប្រជាជន​ក្វាតេម៉ាឡា​ បាន​ទាមទារ​នូវ​កំណែ​ទម្រង់​ជា​ច្រើន​ចំណុច ​ដោយ​ផ្តើម​ចេញ​ពី ​ការ​រៀបចំ​ប្រព័ន្ធ​បោះឆ្នោត​ថ្មី ​ដើម្បី​ធានា​ឲ្យបាន​ការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​ពេញ​​លេញ។ ក្រៅ​ពី​នេះ ​នៅ​មាន​ការ​កែប្រែ​ច្បាប់​គ្រប់គ្រង​គណបក្ស​នយោបាយ ​ព្រម​ទាំង​ច្បាប់​គ្រប់គ្រង​មុខងារ​សាធារណៈ​​ផង​ដែរ ​ដើម្បី​ឈាន​ទៅ​លប់​បំបាត់​ អំពើ​ពុក​រលួយ ​តាម​ស្ថាប័ន​រដ្ឋ។

បោះឆ្នោត​តក់ក្រហល់ ជា​ឆាកល្ខោន​របស់​គណបក្ស​កាន់​អំណាច៖
ប្រជាជន​ក៏ដូច​ជា ​គណបក្ស​នយោបាយ​តូចៗ​ជាច្រើន ​បាន​ទាមទារ​ឲ្យ​ពន្យារ​ពេល​បោះឆ្នោត ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ចាំបាច់ ​លើ​ច្បាប់​បោះឆ្នោត​ ព្រោះ​ក្នុង​លក្ខខណ្ឌ​បច្ចុប្បន្ន​នេះ ​បើ​បោះឆ្នោត​ទៅ​ ​គឺ​ប្រព័ន្ធ​ចាស់​ដដែល ​ដូច្នេះ​ បោះ​ដូចជា​មិន​បោះ​អញ្ចឹង។​ ប៉ុន្តែ​ការ​ទាមទារ​នេះ ​ត្រូវ​បាន​តុលាការ​ចាត់ចែង​ កិច្ចការ​បោះ​ឆ្នោត​បដិសេធ។

កាល​ពី​ថ្ងៃ​សៅរ៍ ​ទី៥​កញ្ញា​​ ក្បួន​បាតុករ​ស្លៀកខ្មៅ​ពាក់​ខ្មៅ ​បាន​ដើរ​តវ៉ា​ពេញ​ទី​ក្រុង ​ដោយ​បិរហារ​ថា ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ ​គ្រាន់​តែ​​ជា​ឆាក​ល្ខោន ​ព្រោះ​អ្វីៗ ​ស្ថិត​ក្នុង​ប្រពន្ធ័​ចាស់ ​ក្នុង​កណ្តាប់​ដៃ​របស់​គណបក្ស​ប្រធានាធិបតី​ពុក​រលួយ​ដដែល។

លោក ​បាន គីមូន​ បាន​អំពាវ​នាវ ​ឲ្យ​ប្រជាជន​ក្វាតេម៉ាឡា ​រក្សា​ការ​ស្ងៀមស្ងាត់​ ឲ្យ​ចូលរួម​បោះឆ្នោត​ដោយ​ សន្តិវិធី។ ការ​ចូលរួម​បោះឆ្នោត ​ឲ្យ​បាន​ច្រើន​កុះករ​ និង​ដោយ​សេរី​យុត្តិធម៌​ គឺ​ជា​អាវុធ​តែ​មួយ​គត់ ​ក្នុង​ការ​ប្រយុទ្ធ ​ដើម្បី​ផ្លាស់ប្តូរ​របប​ដឹកនាំ។ គួរ​បញ្ជាក់​ដែរ​ថា ​ប្រជាជន​ក្វាតេម៉ាឡា ​ដែល​ក្រីក្រ ​អាច​នឹង​ត្រូវ​គេ​អូស​ទាញ ​ឲ្យ​លក់​សន្លឹក​ឆ្នោត ​បាន​យ៉ាង​ងាយ។

ក្រៅ​ពី​បេក្ខជន​ប្រធានាធិបតី​ចំនួន​ ១៤​រូប ​ប្រជាជន​ក៏​ត្រូវ​ជ្រើសរើស​ផង​ដែរ​ តំណាងរាស្រ្ត ​១៥៨​រូប ​និង​​តំណាង​ឃុំ​សង្កាត់​មូលដ្ឋាន​ ៣៣៨​រូប។ ការ​បោះឆ្នោត​ជុំ​ទី​ពីរ​ នឹង​ត្រូវ​ប្រព្រឹត្តិ​ទៅ ​នៅ​ថ្ងៃ​ទី​ ២៥​ តុលា ​ខាង​មុខ។ ចំណែក​លោក ​អតីត​ប្រធានាធិបតី ​Otto Perez ​ដែល​ត្រូវ​បង្ខំ​ចិត្ត​ចុះ​ចេញ​ពី​ដំណែង​ដោយ​អាម៉ាស​ កំពុង​តែ​រងចាំ​ស្តាប់​លទ្ធផល​​បោះឆ្នោត ​ពី​មន្ទីរ​ឃុំ​ឃាំង ​ដែល​លោក​ត្រូវ​បាន​គេ​ឃុំ​ទុក ​រហូត​ដល់​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ