អានតួអត្ថបទ
សហភាពអឺរ៉ុប-កេនយ៉ា

ទស្សនកិច្ច​លោក​អូបាម៉ា នៅ​ប្រទេស​កេនយ៉ា ស្រុក​កំណើត​របស់​ឪពុក​លោក

វា​ជា​លើក​ទីមួយ​សម្រាប់​លោក ​បារ៉ាក់ អូបាម៉ា ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ ​បំពេញ​ទស្សនកិច្ច ​នៅ​ប្រទេស​កេនយ៉ា ​ក្នុង​នាម​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ លោក អូបាម៉ា ​ដែល​ឪពុក​លោក ​មាន​ស្រុក​កំណើត​ នៅ​ប្រទេស​កេនយ៉ា​ បាន​អះអាង​ថា ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នេះ ​គឺ លោក​ធ្វើ​ឡើង​ដើម្បី​ពង្រីក​ទំហំ​ទំនាក់ទំនង​ រវាង​សហរដ្ឋ​អាមេរិក ​និង​ទ្វីប​អាហ្វ្រិក​ទាំងមូល។

តាម​ផ្លូវ​ក្នុង​ក្រុង​ ណៃរ៉ូប៊ី ផ្លាកសញ្ញាពាណីជ្ជកម្ម មានដាក់រូមលោក អូបាម៉ា ដើម្បី​អបអរដំណើរ​មកដល់​របស់លោក​
តាម​ផ្លូវ​ក្នុង​ក្រុង​ ណៃរ៉ូប៊ី ផ្លាកសញ្ញាពាណីជ្ជកម្ម មានដាក់រូមលោក អូបាម៉ា ដើម្បី​អបអរដំណើរ​មកដល់​របស់លោក​ REUTERS/Thomas Mukoya TPX IMAGES OF THE DAY
ផ្សាយពាណិជ្ជកម្ម

មុន​នឹង​ឡើង​យន្តហោះ ​ទៅ​កាន់​កេនយ៉ា កាល​ពី​ថ្ងៃពុធ ​លោក​បារ៉ាក់​ អូបាម៉ា ​បាន​អញ្ជើញ​មន្ត្រី​ទូត ​ និង​តំណាង​អង្គការ​នានា ​ដែល​មាន​បេសកកម្ម​នៅ​ទ្វីប​អាហ្វ្រិក ​ដើម្បី​ជួប​ពិភាក្សា​គ្នា​ នៅ​សេតវិមាន ​ក្រុង​វ៉ាស៊ីនតោន។

 
ថ្លែង​ក្នុង​ឱកាស​នោះ ​លោក​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​ទ្វីប​អាហ្វ្រិក ​គឺ​ជា​ទ្វីប​ដែល​កំពុង​តែ​មាន​សន្ទុះ​រីកចំរើន​ មិន​គួរ​ឲ្យ​ចង់​ជឿ ​ហើយ​ជា​​ទី​ផ្សារ​ដ៏​ធំ​សម្រាប់​កំណើន​សេដ្ឋកិច្ច​ ពិភពលោក​ទាំង​មូល។ ហេតុ​ដូច្នេះ​ហើយ ​ បាន​ជា​ក្នុង​នាម​លោក​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក​នឹង​ខិតខំ​ធ្វើ​យ៉ាងណា ​ដើម្បី​ពង្រីក​វិសាលភាព​ នៃ​ទំនាក់ទំនង​ រវាង​សហរដ្ឋ​អាមេរិក ​និង​ទ្វីប​អាហ្វ្រិក ​ឲ្យ​បាន​កាន់តែ​ទូលំ​ទូលាយ។ វិសាលភាព​ដែល​លោក​អូបាម៉ា​ចង់​សំដៅ​នេះ​ គឺ​កម្រិត​នៃ​ការ​នាំចេញ​ របស់​សហរដ្ឋ​អាមេរិក​ ទៅ​ទ្វីប​អាហ្វ្រិក។

ជា​ការ​ពិត​ណាស់​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាមេរិក ​នៅ​ប្រទេស​កេនយ៉ា ​ថ្ងៃ​នេះ ​គឺ​ផ្តោត​សំខាន់​ តែ​ទៅ​លើ​វិស័យ​ពាណិជ្ជកម្ម ​ដែល​លោក​អូបាម៉ា ​នឹង​ធ្វើ​ការ​ដឹកនាំ​វេទិកា​សេដ្ឋកិច្ច​មួយ​ ជាមួយ​នឹង​ភាគី ​កេនយ៉ា។ ក្រៅ​ពី​នេះ ​គេ​មិន​ប្រាកដ​ទេ ​ថា ​លោក​បារ៉ាក់​អូបាម៉ា ​និង​ពិភាក្សា​ពី​បញ្ហា​សន្តិភាព​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​ របស់​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​នៅ​អាហ្វ្រិក។ អំពើ​ភេរវកម្ម​ ដែល​ស្ថានទូត​អាមេរិក​ ប្រចាំ​នៅ ​រដ្ឋធានី​កេនយ៉ា​ ខ្លួនឯងផ្ទាល់​​ធ្លាប់​បាន​ទទួល​រង ​កាល​ពី​ឆ្នាំ១៩៩៨ ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​២០០​នាក់ ​ក្នុង​នោះ​ មាន​ជនជាតិ​អាមេរិក​១២ ​នាក់​ផង​ដែរ។

ដោយឡែក​ កម្មវិធី​លំអិត ​ស្តីពី​ម៉ោង​ពេល​ទៅ​ដល់ ​និង​ដំណើរ​ទស្សនកិច្ច​នេះ ​ត្រូវ​បាន​អាជ្ញាធរ​កេនយ៉ា ​ប្រកាស​ឲ្យ​គេ​ឯង​ដឹងឮ ​ទូរទាំង​ពិភពលោក ​ដែល​នេះ​ វា​ជា​ការ​ធ្វេស​ប្រហែល​មួយ​ធំ​ណាស់ ​សម្រាប់​សន្តិសុខ​ របស់​ប្រធានាធិបតី​អាមេរិក។ ទោះ​បី​ជា​យ៉ាង​ណា ​ក៏​ដោយ ​ អ្នក​នាំពាក្យ​សេតវិមាន​ បាន​បញ្ជាក់​ថា ​វា​នឹង​មិន​មាន​ការ​ផ្លាស់ប្តូរ​ណា​មួយ​ទេ ​ទាក់ទិន​នឹង​កម្មវិធី​ទស្សនកិច្ច​នេះ ​បើ​ទោះ​បី​ជា​ត្រូវ​ បាន​គេ​ប្រកាស​អស់​ហើយ​ក្តី។ អ្នក​នាំ​ពាក្យ​បន្ត​ថា ​លោក​អូបាម៉ា ​ទៅ​កេនយ៉ា ​មិន​មែន​ទៅ​អ៊ីរ៉ាក់​ រឺ​អាហ្វហ្កានីស្ថាន​ឯណា​ ដូច្នេះ​គ្មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​ជ្រុល​ហួសហេតុ​នោះ​ទេ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ